អ្នកឃ្លាំមើល​ថា សារ​រំលែក​ទុក្ខ​របស់​លោក ហ៊ុន សែន ចំពោះ​មរណភាព​ម្ដាយ លោក កឹម សុខា គ្រាន់តែ​ជា​សីលធម៌ តែ​គ្មាន​ចេតនា​ផ្ដល់​សេរីភាព​នយោបាយ​ទេ

0
122
លោក កឹម សុខា ទៅចូលរួមបុណ្យសពឪពុកលោក ហ៊ុន សែន កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
លោក កឹម សុខា ទៅចូលរួមបុណ្យសពឪពុកលោក ហ៊ុន សែន កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ក្រុម​អ្នកឃ្លាំមើល​ថា សារ​រំលែក​ទុក្ខ​របស់​ប្រធាន​ព្រឹទ្ធសភា ហ៊ុន សែន និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំពោះ​មរណភាព​ម្ដាយ​របស់ លោក កឹម សុខា គ្រាន់តែ​ជា​ការ​ធ្វើ​បំពេញ​កិច្ច​ផ្នែក​សីលធម៌​ប៉ុណ្ណោះ ប៉ុន្តែ មិន​ពាក់ព័ន្ធ​នឹង​ការ​បំពេញ តួនាទី​នយោបាយ​ដោះស្រាយ​វិបត្តិ​នយោបាយ​ជាតិ​កម្ពុជា​ទេ ពីព្រោះ លោក ហ៊ុន សែន កំពុង​ឃុំ​សេរីភាព នយោបាយ​របស់​លោក កឹម សុខា ក្នុង​ពេល​លោក កឹម សុខា បាត់បង់​ម្ដាយ​ហើយ​ប្រជាពលរដ្ឋ រង​ការគាបសង្កត់​សេរីភាព​គ្រប់​ទម្រង់។

នៅ​ក្រោយ​ម្ដាយ របស់​លោក កឹម សុខា គឺ​ឧបាសិកា សៅ ង៉ែត បាន​ទទួល​មរណភាព កាលពី​យប់​ថ្ងៃទី​៨ ខែកក្កដា សារ​រំលែក​ទុក្ខ​ជា​ហូរហែ ផ្ញើ​ជូន​ចំពោះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង ក្រុម​គ្រួសារ។ សារ​រំលែក​ទុក្ខ​ទាំងនោះ មក​ពី​មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រជាពលរដ្ឋ​ទូទៅ និង ពី​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា រួម​ទាំង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែរ។

ក្រុម​អ្នកឃ្លាំមើល ពុំ​មាន​ការសង្ស័យ​អំពី​ទឹកចិត្ត​រំលែក​ទុក្ខ​របស់​មជ្ឈដ្ឋាន​ទូទៅ នោះ​ទេ និង​ថា ពួកគេ​អាច​បង្ហាញ​សមាន​ទុក្ខ​ពិតប្រាកដ ពីព្រោះ លោក កឹម សុខា ជា​ជនរងគ្រោះ​ដ៏​ធំ​ក្នុង​នយោបាយ​កម្ពុជា ហើយ​មានទុក្ខ​បាត់បង់​ម្ដាយ​ថែមទៀត ក្នុង​ពេល​លោក​មិនទាន់​ទទួល​បាន​សេរីភាព​នយោបាយ​នៅឡើយ។ ដោយឡែក អ្នកឃ្លាំមើល​ថា សារ​រំលែក​ទុក្ខ​របស់​ប្រធាន​ព្រឹទ្ធសភា ហ៊ុន សែន និង​លោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត វិញ គ្រាន់តែ​ជា​ការ​បំពេញ​កិច្ច​សីលធម៌​ប៉ុណ្ណោះ ប៉ុន្តែ មិន​ពាក់ព័ន្ធ​នឹង​ការ​បំពេញ​តួនាទី​នយោបាយ សម្រាប់​ប្រទេសជាតិ​នោះ​ទេ ពីព្រោះ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន កំពុង​ឃុំ​សេរីភាព នយោបាយ​របស់​លោក កឹម សុខា ក្នុង​ពេល​លោក កឹម សុខា បាត់បង់​ម្ដាយ។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់​ទូរទស្សន៍​អាស៊ី សេរី នៅ​ថ្ងៃទី​៩ ខែកក្កដា ថា ការ​ផ្ញើ​សារ​រំលែក​ទុក្ខ​គ្នា​ទៅវិញទៅមក គឺជា​ទម្លាប់​ល្អ ក្នុង​វប្បធម៌​ប្រពៃណី​ខ្មែរ និង ម្យ៉ាងទៀត លោក កឹម សុខា ក៏​ធ្លាប់​ចូលរួម​ពិធីបុណ្យ សព លោក ហ៊ុន ណេង ដែល​ជា​បងប្រុស​របស់​លោក ហ៊ុន សែន ដែរ ។ យ៉ាងណា លោក ឯម សុវណ្ណារ៉ា ថា ដោយសារ​លោក ហ៊ុន សែន មាន​តួនាទី​ជា​ប្រធាន ព្រឹទ្ធសភា ដែល​ជា​ស្ថាប័ន​កំពូល​របស់​ជាតិ នោះ​សារ​រំលែក​ទុក្ខ​ពី​លោក ហ៊ុន សែន ធ្វើ​ប្រជាពលរដ្ឋ​ខ្មែរ ចង់​ដឹង ថា​តើ​បាន​ត្រឹម​តែ​ចូលរួម​រំលែក​ទុក្ខ​បាត់បង់​ម្ដាយ របស់ លោក កឹម សុខា ឬក៏​អាច​ដោះ​ទុក្ខ​នយោបាយ​ប្រធាន​គណបក្សប្រឆាំង​ដែរ?

លោក ឯម សុវណ្ណារ៉ា៖ «សា​រំលែក​ទុក្ខ​របស់​ប្រធាន​ព្រឹទ្ធសភា​នេះ ជា​តម្លៃ​មួយ​ធំ ធេង​ណាស់ ដែល​ឥទ្ធិពល​ទៅ​អ្នកនយោបាយ​ដែល​ឈរ​នៅ​ក្រៅ​រដ្ឋាភិបាល ហើយ ដែល​មាន​សិទ្ធិ​ធ្វើ​នយោបាយ​។ អ៊ីចឹង​ជា​ការ​ពញ្ញាក់​អារម្មណ៍​របស់​ពលរដ្ឋ​ខ្មែរ​ដែរ​ថា តើ​ការ​ចែករំលែក​ទុក្ខ​ហ្នឹង អាច​រំលែក​បាន​ត្រឹមតែ​ទុក្ខ​នេះ​ទេ ឬមួយ​អាច​រំលែក​ទៅ ដល់​គេ​ហៅ​ទុក្ខ​នយោបាយ​បាន​ដែរ? នេះ​ជា​ចម្ងល់​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទូទៅ»។

លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត ផ្ញើ​លិខិត​រំលែក​ទុក្ខ​ជូន​លោក កឹម សុខា នៅ​ថ្ងៃទី​៩ ខែ​កក្កដា​នេះ ដោយ​បង្ហាញ​សេចក្ដី​ក្ដុកក្ដួល និង​សោកស្តាយ​ជា ពន់ពេក បន្ទាប់ពី​បាន​ទទួល​ដំណឹង​ដ៏​ក្រៀមក្រំ ពី​មរណភាព របស់​ឧបាសិកា សៅ ង៉ែត ដែល​ត្រូវជា​ម្តាយ​បង្កើត​របស់​លោក កឹម សុខា​។ លោក ហ៊ុន សែន សរសេរ​ថា ក្នុង​ឱកាស​ប្រកបដោយ​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ លោក និង​ភរិយា សូម​ចូលរួម​រំលែក​ទុក្ខ និង​សោក​ស្តាយស្រណោះ អាឡោះអាល័យ​ជា​អនេក ជាមួយ​លោក កឹម សុខា និង ក្រុម​គ្រួសារ។

ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន ថា មរណភាព​ឧបាសិកា សៅ ង៉ែត គឺជា​ការបាត់បង់​នូវ​ពុទ្ធសាសនិក​មួយ​រូប ដែល​មាន​សទ្ធា​ជ្រះថ្លា​ក្រៃលែង ដែល​បាន បូជា​អស់​កម្លាំងកាយ​ចិត្ត ពេលវេលា និង ថវិកា ចូលរួម​ចំណែក​ក្នុង​ការ​ទ្រទ្រង់ និង​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា​នៅ​ប្រទេស​កម្ពុជា។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែន​ករុណា លើកឡើងថា ជា​ការ​ល្អ ដែល​ក្រុម​អ្នកនយោបាយ​ខ្មែរ ក្នុង​គណបក្ស​ផ្សេងគ្នា ចេះ​ចែករំលែក​ទុក្ខ​គ្នា ហើយ​សារ​របស់​លោក ហ៊ុន សែន មាន​ខ្លឹមសារ​ល្អ​។ លើស​ពី នេះ លោក ស៊ឹង សែនករុណា ថា កាន់តែ​ប្រសើរ​បំផុត ប្រសិនបើ​លោក ហ៊ុន សែន រំលែក​ទុក្ខ​វិបត្តិ​នយោបាយ​កម្ពុជា ពីព្រោះ ទាំង​លោក ហ៊ុន សែន និង លោក កឹម សុខា សុទ្ធតែ​ជា​មេដឹកនាំ​នយោបាយ​កំពូលៗ​របស់​ប្រទេស ដូច្នេះ ការ​ដោះស្រាយ​បញ្ហា​ទុក្ខសោក​របស់​ជាតិ ជា​រឿង​អាទិភាព។

លោក ស៊ឹង សែន ករុណា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​៩ ខែកក្កដា ថា ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​របស់​ជាតិ នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ មានឱកាស រួច​ចាក​ទុក្ខ ហើយ​ប្រទេសជាតិ​មាន​កិត្តិយស​លើ​ឆាក​អន្តរជាតិ ដែល​នាំ​ឲ្យ​កម្ពុជា អាច​ផ្សះផ្សា​បង្រួបបង្រួម​សាមគ្គី​គ្នា មាន​សក្ដានុពល​កសាង​សេដ្ឋកិច្ច និង ពង្រឹង វិស័យ​ការពារ​ជាតិ ដើម្បី​ថែរក្សា​ការពារ​ជាតិ​យើង​រួមគ្នា។ លោក​ថា នេះ​ជា​សេចក្ដី ប្រាថ្នា​ដ៏​ទទូច​បំផុត របស់​ប្រជាពលរដ្ឋ​ខ្មែរ ទាំង​ក្នុង និង​ក្រៅប្រទេស។

លោក ស៊ឹង សែន​ករុណា៖ «អ៊ីចឹង​បើសិនជា​ចេតនា​គាត់​ចង់​បើក​នូវ​លំហ លទ្ធិប្រជាធិបតេយ្យ គាត់​មានឱកាស​គ្រប់ពេល មិនមែន​មានតែ​ត្រឹម​ឱកាស ក្នុង ពេល​បុណ្យសព​ម្ដាយ​របស់​លោក កឹម សុខា ហើយ​យក​ពេល​នឹង​មក​ធ្វើ​ទេ ប៉ុន្តែ បើសិន​ធ្វើ​ពេល​ហ្នឹង ក៏​ជា​រឿង​មួយ ដែល​ទាំង​ប្រជាពលរដ្ឋ និង​សហគមន៍​អន្តរជាតិ​គេ​សាទរ។ ទោះបី​ក្នុង​ពេលវេលា​ណាមួយ​ក៏ដោយ ទាំង​រឿង​បើក​សិទ្ធិ​សេរីភាព លោក កឹម សុខា ធ្វើ​នយោបាយ ទាំង​រឿង​ដោះលែង​រាល់​សកម្មជន នយោបាយ ទាំងអស់​ហ្នឹង។ យើង​ឃើញ​ថា វា​ជា​រឿង​ដែល​ត្រូវធ្វើ»។

កាលពី​ថ្ងៃទី​២៥ ខែឧសភា លោក កឹម សុខា ត្រូវ​បាន​ប្រមុខ​រដ្ឋស្ដីទី លោក ហ៊ុន សែន លើកលែងទោស ឲ្យ​រួច​ផុត​ពី​ការ​ជាប់​ពន្ធនាគារ និង ការ​ជាប់ឃុំ​ក្នុងផ្ទះ ប៉ុន្តែ បន្ត​បំបិទ​សិទ្ធិ​នយោបាយ បន្ទាប់ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជាប់ឃុំ​ឃាំង​បាត់ សេរីភាព​ទាំងស្រុង អស់​រយៈពេល​ជិត ១០​ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០១៧​មក​។ លោក កឹម សុខា កាលនោះ ត្រូវ​បាន​លោក ហ៊ុន សែន ដោះលែង​ជាប់​លក្ខខណ្ឌ​បែបនេះ បន្ទាប់ពី​លោក កឹម សុខា បង្ហាញ​ពី​ភាព​ក្ដុកក្ដួល​ប្រាថ្នា​ទៅ​មើល​ថែទាំ​ម្ដាយ ដែល ជរា​សម្រាន្ត​លើ​កន្ទេល និង​មាន​សុខភាព​មិនល្អ។

អ្នកឃ្លាំមើល និង​ប្រជាពលរដ្ឋ​ខ្មែរ នៅតែ​ចង់​ឃើញ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ផ្ដល់​សេរីភាព​ពេញលេញ ដល់​លោក កឹម សុខា អ្នក​ទោស​នយោបាយ និង​អ្នកទោស​មនសិការ​ទាំង​អស់ ដើម្បី​បើកផ្លូវ​ឲ្យ​មានការ​ស្ដារ​ស្ថានភាព​នយោបាយ កម្ពុជា ឲ្យ​ប្រសើរ​ឡើងវិញ ឆ្ពោះ​ទៅ​រក​ការផ្សះផ្សា​ជាតិ ស្ដារ​ប្រជាធិបតេយ្យ និង កែ​លម្អ​ការគោរព​សិទ្ធិមនុស្ស ឲ្យ​ប្រទេស​កម្ពុជា​មាន​កិត្តិយស​លើ​ឆាក​អន្តរជាតិ និង កសាង​កម្លាំង​ជាតិ​រួម​ឲ្យ​ខ្លាំង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ