

មន្ត្រីបក្សប្រឆាំងជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវវែកមុខឃាតករយកមកផ្ដន្ទាទោសចំពោះមុខច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ ដល់ជនរងគ្រោះ ក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកសម្លាប់មនុស្សអស់១៦នាក់ និងជាង២០០នាក់រងរបួសធ្ងន់ កាលពីឆ្នាំ១៩៩៧។ ពួកគាត់ថា ប្រសិនបើរដ្ឋាភិបាលមិនប្រឹងប្រែងរកយុត្តិធម៌ជូនពលរដ្ឋទេ មានន័យថា រដ្ឋាភិបាល ពុំមានឆន្ទៈលុបបំបាត់ អំពើនិទ្ទណ្ឌភាពនៅកម្ពុជា នោះឡើយ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៣០ ខែមីនាថា ជារឿងគួរឱ្យសោកស្ដាយដែលជិត៣០ឆ្នាំហើយ អាជ្ញាធរពាក់ព័ន្ធ នៅតែមិនទាន់ចាប់ជនដៃដល់ និងអ្នកនៅពីក្រោយខ្នង ដែលបានគប់គ្រាប់បែកមកលើហ្វូងបាតុករអហិង្សា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅម្ដុំសួនច្បារវត្តបទុមវតី ទីក្រុងភ្នំពេញ យកមកផ្ដន្ទាទោសនៅឡើយ។
លោកថា រដ្ឋាភិបាលគួរតែពន្លឿនក្នុងការស៊ើបអង្កេតរកជនដៃដល់ទាំងនោះមកផ្ដន្ទាទោសចំពោះមុខច្បាប់ ព្រោះថាការធ្វើបែបនេះ ដើម្បីបង្ហាញថា រដ្ឋាភិបាលពិតជាមានឆន្ទៈក្នុងការលុបបំបាត់អំពើនិទ្ទណ្ឌភាព ឱ្យមានប្រសិទ្ធភាព។ ទន្ទឹមគ្នានោះ លោកបារម្ភថា ប្រសិនបើរដ្ឋាភិបាល មិនអើពើទប់ស្កាត់ឱ្យបានត្រឹមត្រូវទេ កម្ពុជានឹងបន្តរងការរិះគន់ពីអន្តរជាតិថាជាប្រទេសសម្បូរនូវអំពើ«និទ្ទណ្ឌភាព» ហើយជនរងគ្រោះជាច្រើន ដូចជា អ្នកនយោបាយ សកម្មជនសិទ្ធិមនុស្សសកម្មជនព្រៃឈើ អ្នកវិភាគនយោបាយ និង សហជីព ជាដើម គឺនៅតែមិនទទួលបានយុត្តិធម៌។
លោក រ៉ុង ឈុន៖ «លុបបំបាត់នូវនិទ្ទណ្ឌភាពនៅកម្ពុជាកុំឱ្យបន្តកើតមាន វាអត់មានចំណេញដល់កម្ពុជាទេ។ បើបន្តនៅមាននិទ្ទណ្ឌភាពកម្ពុជាយើង មិនអាចរកយុត្តិធម៌ជូនជនរងគ្រោះជូនប្រជាពលរដ្ឋ ហើយធ្វើឱ្យប្រជាពលរដ្ឋនឹងបាត់បង់ នូវជំងឺទុកចិត្តលើប្រព័ន្ធច្បាប់របស់កម្ពុជា»។
ការលើកឡើងនេះ គឺស្របពេលដែលមន្ត្រីសង្គមស៊ីវិល សហជីព អ្នកនយោបាយបក្សប្រឆាំង រួមនិង ក្រុមគ្រួសារជនរងគ្រោះ ជាច្រើននាក់បានជួបជុំគ្នា នៅព្រឹកថ្ងៃទី៣០ ខែមីនា ធ្វើពិធីបង្សុកូល នៅក្បែរវត្តបទុមវតី រាជធានីភ្នំពេញដើម្បីរំឭកវិញ្ញាណក្ខន្ធ និងទាមទាររកយុត្តិធម៌ជូនជនរងគ្រោះ ។ ពិធីបង្សុកូលនេះ គេឃើញមានតំណាងគណបក្សនយោបាយមួយចំនួនមកពីគណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ បាននាំយកនូវកម្រងផ្កា និងការឡើងថ្លែងសារដើម្បី ផ្ញើទៅកាន់តែរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ឱ្យជំរុញដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវបើកការស៊ើបអង្កេតឡើងវិញ និង ចាប់ជនដៃ ដល់ មកផ្ដន្ទាទោសចំពោះមុខច្បាប់។
អនុប្រធានគណបក្សឆន្ទៈលោក សុន ឆ័យ យល់ឃើញថាព្រឹត្តិការណ៍គប់គ្រាប់បែកកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ គឺជាសោកនាដកម្មដ៏ធំសម្រាប់ពលរដ្ឋកម្ពុជា។ លោកថា រឿងនេះគួរតែរដ្ឋាភិបាលត្រូវ យកចិត្តទុកដាក់ខ្ពស់ក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ដើម្បីផ្ដល់ជាគំរូភាពដល់សាធារណជន។ លោកថា ករណីដែលរដ្ឋាភិបាលបក្សកាន់អំណាចពុំសូវអើពើរកយុត្តិធម៌ជូនពលរដ្ឋនេះហើយ បានធ្វើឱ្យអំពើឃាតកម្ម និងរឿងអយុត្តិធម៌ជាច្រើនបន្តកើតមាន។
លោក សុន ឆ័យ៖ «មិនត្រូវបានយកមកផ្ដន្ទាទោសទេនោះ ធ្វើឱ្យប្រជាពលរដ្ឋ ពុំមានការជឿទុកចិត្ត និងធានានូវសុវត្ថិភាពនៃជីវិតរស់នៅបច្ចុប្បន្នទេ។ ដូច្នេះហើយបានថា ការតស៊ូមតិការទាមទារឱ្យរកយុត្តិធម៌នៅតែជាបញ្ហាចម្បង។ ការយល់ឃើញរបស់ប្រជាពលរដ្ឋនៅតែ យល់ថា ដរាបណាយុត្តិធម៌មិនត្រូវបានរកឃើញរដ្ឋាភិបាល គឺជាអ្នកទទួលខុសត្រូវចំពោះអ្វីដែលបានកើតមានកាលពីជិត៣០ឆ្នាំនោះ»។
កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ប្រធានគណបក្សជាតិខ្មែរ លោក សម រង្ស៊ី បានដឹកនាំ ហ្វូងបាតុកររាប់រយនាក់ ទៅប្រមូលម្ដុំនៅមុខវិមានរដ្ឋសភាចាស់ ក្នុងទីក្រុងភ្នំពេញ ដើម្បីទាមទារឱ្យរដ្ឋាភិបាល លោក ហ៊ុន សែន ធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងប្រឆាំងនឹងអំពើពុករលួយនៅក្នុងតុលាការ។ ភ្លាមៗនោះ ស្រាប់តែមានការវាយប្រហារ ដោយគ្រាប់បែកដៃ ចំនួន៤គ្រាប់ បោះសំដៅមកលើហ្វូងបាតុកម្ម បណ្ដាលឱ្យបាតុករចំនួន ១៦នាក់ស្លាប់ ក្នុងនោះមានជនជាតិអាមេរិកម្នាក់ និងបាតុករ ជាង២០០នាក់ បានរងរបួសធ្ងន់ រួមនឹងលោក សម រង្ស៊ី ផងដែរ។
ក្រោយមកទៀត ជនសង្ស័យដែលពាក់ព័ន្ធនឹងអំពើឃាតកម្មនេះ ត្រូវបានក្រុមស៊ើបអង្កេតFBI របស់សហរដ្ឋអាមេរិកនិង តុលាការប្រទេសបារាំង បានធ្វើការស៊ើបអង្កេត និងសន្និដ្ឋានថា ជាក្រុមអង្គរក្សរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន គឺអតីតមេបញ្ជាការកងអង្គរក្ស លោក ហ៊ុយ ពិសិដ្ឋ និង អតីតមេបញ្ជាការរង លោក ហ៊ីង ប៊ុនហៀង ដែលបច្ចុប្បន្ន មានតួនាទីជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ គឺជាអ្នកដែលពាក់ព័ន្ធ ក្នុងឃាតកម្មដ៏ធំនេះ។ ប៉ុន្តែបើទោះបី ជាមានភស្តុតាង មួយចំនួន ដៅមកលើអ្នកទាំងពីរនាក់នេះក្ដី គេហាក់ពុំឃើញមាន អាជ្ញាធរកម្ពុជា បើកការស៊ើប និងនាំខ្លួន អ្នកទាំងនោះមកផ្ដន្ទាទោសនោះឡើយ។
ទូរទស្សន៍អាស៊ីសេរី ពុំអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និង អ្នកនាំពាក្យ សាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង ដើម្បីឆ្លើយតប ជុំវិញរឿងនេះបានទេនៅ ថ្ងៃទី៣០ ខែ មីនា ដោយហៅទូរស័ព្ទចូល តែគ្មានអ្នកទទួល។
ទាក់ទិនរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការលីកាដូ លោក អំ សំអាត យល់ឃើញថា ករណីគប់គ្រាប់បែកសម្លាប់ហ្វូងបាតុករនេះ មិនគួរអូសបន្លាយយូរក្នុងការស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ យូរបែបនេះទេ ព្រោះនេះ ផ្ដល់នូវគំរូភាព មិនល្អដល់សង្គមជាតិ។ លោកទទូចឱ្យអាជ្ញាធរពាក់ព័ន្ធគួរតែ បើកការស៊ើបអង្កេត ឡើងវិញ ប្រកបដោយយុត្តិធម៌ ដើម្បីលុបបំបាត់នូវអំពើនិទ្ទណ្ឌភាព ព្រោះការអូសបន្លាយយូរ ពុំផ្ដល់ផលចំណេញនោះឡើយ។
លោក អំ សំអាត៖ «យើងជាអង្គការសង្គមស៊ីវិលនៅតែទទូចរដ្ឋាភិបាលឱ្យបន្ត ស៊ើបអង្កេតដោយម៉ត់ចត់ និងតម្លាភាពដើម្បីស្វែងរកជនដែលពាក់ព័ន្ធយកទៅអនុវត្តតាមផ្លូវចិត្ត។ទី១ គឺជាយុត្តិធម៌សម្រាប់ជនរងគ្រោះ ទី២ដើម្បីទប់ស្កាត់កុំឱ្យមានអំពើទាំងអស់នេះដែលអាចកើតឡើងនៅពេលក្រោយទៀត»។
ជុំវិញរឿងនេះដែរ ជនរងគ្រោះម្នាក់ដ៏សំខាន់ក្នុងហេតុការណ៍នេះគឺ លោក សម រង្សី ដែលបច្ចុប្បន្នមានតួនាទីជាប្រមុខដឹកនាំរដ្ឋាភិបាលក្រៅប្រទេស២៣តុលា បានបង្ហោះសារនៅថ្ងៃទី២៩ ខែមីនា ដោយចោទចំៗថា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នេះហើយ គឺជាមេខ្លោងនៃឃាតកម្មនៅក្នុងព្រឹត្តិការណ៍ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៨។ កន្លងមក លោក ធ្លាប់បានអះអាងថា ការគប់គ្រាប់បែកនេះ គឺធ្វើឡើង ក្នុងគោលដៅដើម្បីសម្លាប់លោក ក៏ប៉ុន្តែត្រូវបានអង្គរក្សរបស់លោករត់មករងជំនួស បណ្ដាលឱ្យស្លាប់ ខណៈលោកគ្រាន់តែ រងបួសធ្ងន់ធ្ងរ ប៉ុណ្ណោះ។ទោះជាយ៉ាងណា មន្ត្រីបក្សប្រឆាំងជំរុញឱ្យរដ្ឋាភិបាលបញ្ឈប់វប្បធម៌និទ្ទណ្ឌភាព ហើយងាកមករួមរួប សាមគ្គីជាតិ ឡើងវិញ ខណៈ ដែល ប្រទេសជាតិកំពុងតែរងការឈ្លានពានទឹកដីពីយោធាថៃ៕









