សាធារណជន​បង្ហាញ​ក្តី​អាណិត​ដល់​លោក យីម លាងហ៊ី ដែល​មិន​បាន​ជួប​មុខ​ម្តាយ​ជា​លើក​ចុង​ក្រោយ

0
67
សកម្មជនមាតាធម្មជាតិ​លោក យីម លាងហ៊ី (ស្ដាំ) និងអ្នកស្រី លីម ផិចហុង ជា​ម្ដាយ។ រូប៖ ហ្វេសប៊ុកមាតាធម្មជាតិ
សកម្មជនមាតាធម្មជាតិ​លោក យីម លាងហ៊ី (ស្ដាំ) និងអ្នកស្រី លីម ផិចហុង ជា​ម្ដាយ។ រូប៖ ហ្វេសប៊ុកមាតាធម្មជាតិ

ពលរដ្ឋ​មួយចំនួន រួម​ទាំង​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ បាន​បង្ហាញ​ក្តី​អាណិតអាសូរ​ដល់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ដែល​កំពុង​ជាប់ឃុំ​គឺ​លោក យីម លាងហ៊ី ដែល​មិនបាន​ជួប​មុខ​ម្តាយ​ជា​លើក​ចុង​ក្រោយ​។ ពួកគាត់​កោតសរសើរ​ចំពោះ​ការ​លះបង់​ដ៏​ធំធេង​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​រូប​នេះ និង​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​រូប​គាត់​និង​សកម្មជន​ដទៃទៀត។

យុវជន​ចលនា​មាតា​ធម្មជាតិ​មួយ​រូប​គឺ​លោក យីម លាងហ៊ី ដែល​កំពុង​ជាប់​ឃុំឃាំង​នៅក្នុង​បន្ទប់​ដ៏​តូច​ចង្អៀត​នៅ​ឯ​ខេត្តកំពង់ស្ពឺ ប្រហែល​តែងតែ​ស្រមៃ​ថា នៅ​ថ្ងៃ​ណាមួយ​ដែល​លោក​មាន​សេរីភាព​វិញ លោក​នឹង​ស្ទុះ​រត់​ទៅ​ឱប​ម្តាយ​របស់​លោក​ដោយ​ក្តី​ស្រលាញ់​និង​នឹករលឹក​ជាទីបំផុត​។ ប៉ុន្តែ​ពេលនេះ ក្តី​ប្រាថ្នា​របស់​លោក​បាន​រលាយ​សូន្យឈឹង នៅ​ពេល​ដែល​ម្តាយ​របស់​លោក​ដែល​មាន​វ័យ​៧២​ឆ្នាំ បាន​ទទួល​មរណភាព ដោយ​រោគាពាធ​កាលពី​រសៀល​ថ្ងៃទី​១៦ ឧសភា ដោយ​គ្មាន​ឱកាស​សូម្បីតែ​មើល​មុខ​គ្នា និង​លាគ្នា​ជា​លើក​ចុង​ក្រោយ។

ឪពុក​របស់​លោក យីម លាងហ៊ី គឺ​លោក ឡូយ យីម ថ្លែង​ថា គ្រួសារ​បាន​ទូរស័ព្ទ​ទៅ​មន្ត្រី​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​ឲ្យ​ជួយ​ប្រាប់​ដំណឹង​មរណភាព​ដល់​លោក យីម លាងហ៊ី ក្រោយ​ម្តាយ​ចែក​ឋាន​ភ្លាមៗ​។ លោក​បន្ត​ថា ក្រោយ​ទទួល​ដំណឹង​ពី​អ្នក​យាមគុក លោក យីម លាងហ៊ី ក៏បាន​ខ​ល​ទូរស័ព្ទ​ពី​ពន្ធនាគារ​មក​ជួប​លោក​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ដោយ​បាន​យំ​ខ្សឹកខ្សួល​ជាមួយគ្នា​និង​និយាយ​លួងលោម​ឪពុក​កុំ​ឲ្យ​ខូចចិត្ត​។ លោក​សោកស្តាយ​ដែល​តុលាការ និង​មន្ត្រី​ពន្ធនាគារ មិន​អនុញ្ញាត​ឲ្យ​កូន​របស់​លោក បាន​ជួប​មុខ​ម្តាយ​ជា​លើកចុង​ក្រោយ ឬ​អុច​ធូប​គោរព​សព​ម្តាយ។ «»

សព​ម្តាយ​របស់​លោក យីម លាងហ៊ី បាន​បញ្ចុះ​រួចហើយ និង​គ្រោង​រៀបចំ​ពិធីបុណ្យ​គម្រប់​ខួប​៧​ថ្ងៃ ចាប់ពី​រសៀល​ថ្ងៃទី​២១ រហូតដល់​វេលា​ថ្ងៃត្រង់​ថ្ងៃទី​២២ ខែ​ឧសភា ខាងមុខនេះ​នៅ​ភូមិ​ព្រែកបិ ឃុំ​កោះធំ​(​ខ​) ស្រុក​កោះធំ ខេត្តកណ្តាល។

នៅមុន​ពេល​ចែក​ឋាន ម្តាយ​របស់​លោក យីម លាងហ៊ី គឺ​លោកស្រី លីម ផិចហុង ក៏បាន​បង្ហាញ​ក្តី​នឹករលឹក​ដល់​កូន​និង​ចង់​ជួប​មុខ​កូន​ដែរ​។ ចំណែក លោក យីម លាងហ៊ី វិញ លោក​បាន​សរសេរ​សំបុត្រ​ចេញពី​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ជូន​ម្តាយ​របស់​លោក ដោយមាន​ចំណងជើង​ថា «​សំបុត្រ​លា​ទាំង​ស្រណោះ និង​ការសន្យា​ចុងក្រោយ​» ដែល​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ កាលពី​ថ្ងៃទី​១០ ខែឧសភា​។ ក្នុង​លិខិត​នោះ លោក បង្ហាញ​ក្តី​នឹករលឹក និង​ការឈឺចាប់​ដែល​មិនអាច​មានឱកាស​មើលថែ​ម្តាយ​ដែល​កំពុង​មាន​ជំងឺ។ «»

ទោះបីជា​ពេលនេះ បេះដូង​ត្រូវ​ខ្ទេចខ្ទាំ​ដោយ​ទុក្ខ​ក្រៀមក្រំ​ដ៏​ធំធេង​នេះ​ក៏ដោយ ក៏​សកម្មជន​រូប​នេះ មិនបាន​បណ្តោយ​ឲ្យ​ភាព​អស់សង្ឃឹម​គ្រប់​សង្កត់​ឡើយ​។ លិខិត​របស់​លោក យីម លាងហ៊ី បង្ហាញ​ថា ទឹកភ្នែក​ដែល​ហូរ​ស្រក់​នៅ​លើ​កម្រាល​ឥដ្ឋ​គុក បាន​ប្រែក្លាយ​ជា​ទៅជា​កម្លាំង​ដ៏​រឹងមាំ ហើយ​លោក សង្ឃឹមថា ម្តាយ​របស់​លោក បាន​ចែក​ឋាន​ទៅ​ដោយ​មោទនភាព​ចំពោះ​រូបលោក​ដែល​មិន​ព្រម​លក់​ឧត្តមគតិ​ជា​ថ្នូរ​នឹង​សេរីភាព​ក្លែងក្លាយ​ឡើយ។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ថ្លែង​ថា ជា​រឿង​សង្វេគ​បំផុត​ដែល​តុលាការ និង​អាជ្ញាធរ​រដ្ឋាភិបាល មិន​អនុញ្ញាត​ឲ្យ​លោក យីម លាងហ៊ី បាន​ទៅ​សួរសុខទុក្ខ​ម្តាយ​ក្នុងអំឡុងពេល​គាត់​កំពុង​ឈឺ​ធ្ងន់ ឬ​យ៉ាងហោចណាស់​បាន​ទៅ​ចូលរួម​ពិធី​បុណ្យសព​ម្តាយ​ជា​លើក​ចុង​ក្រោយ​។ លោក រ៉ុង ឈុន បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​យុវជន​ចលនា​មាតា​ធម្មជាតិ​ទាំង​៥​រូប និង​សកម្មជន​ផ្សេងទៀត​ឲ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​បង្ហាញ​ពី​ការផ្សះផ្សា​ជាតិ និង​រួបរួម​ជាតិ។ «»

ជាមួយ​គ្នា​នេះ សកម្មជន​ចលនា​មាតា​ធម្មជាតិ អ្នកនាង ស៊ុន រដ្ឋា ដែល​កំពុង​រស់នៅ​ប្រទេស​កាណាដា បង្ហោះ​សារ​លើ​គណនី​ហ្វេសប៊ុក​ថា នៅ​កម្ពុជា អ្នកការពារ​បរិស្ថាន និង​អ្នក​ដែល​ហ៊ាន​និយាយ​ការពិត ត្រូវ​ជាប់ពន្ធនាគារ ឃ្លាតឆ្ងាយ​គ្រួសារ និង​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់ សូម្បី​ឱកាស​ជួប​ម្ដាយ​ជា​លើក​ចុង​ក្រោយ​ក៏​មិន​មាន​។ ប៉ុន្តែ​អ្នក​មាន​អំណាច​មួយចំនួន ដូចជា​លោក កុក អាន ដែល​រង​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​អនឡាញ ការ​ជួញដូរ​មនុស្ស និង​ការ​លាង​លុយ រហូត​ត្រូវ​បាន​អន្តរជាតិ​ដាក់ទណ្ឌកម្ម បែរជា​នៅ​តែ​មាន​សេរីភាព និង​អំណាច​នៅក្នុង​សង្គម​ទៅវិញ​។ អ្នកនាង ស៊ុន រដ្ឋា ចាត់ទុកថា នេះ​គឺជា​ការអនុវត្ត​ច្បាប់​ដែល​មាន​ស្តង់ដារ​ពីរ​“​ធ្វើបាប​អ្នក​គ្មាន​អំណាច ប៉ុន្តែ​លើកស្ទួយ​អ្នកមាន​ឥទ្ធិពល។

ក្រៅ​ពី​នេះ ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​ប្រទេស​និង​ក្រៅប្រទេស រួម​ទាំង​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ផ្សេងទៀត ក៏បាន​បង្ហោះ​សារ​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់​ម្តាយ​លោក យីម លាងហ៊ី ដោយ​ក្តី​អាណិតអាសូរ ព្រមទាំង​កោតសរសើរ​ចំពោះ​សេចក្តី​ក្លាហាន និង​ការ​លះបង់​ដ៏​ធំធេង​ដើម្បី​យុត្តិធម៌​សង្គម។

ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ​សម្ភស្ស អ៊ឹម សរសេរ​ថា ការ​លះបង់​សេរីភាព​របស់​លោក យីម លាងហ៊ី និង​យុវជន​ចលនា​មាតា​ធម្មជាតិ​ទាំងអស់ គឺជា​ការ​លះបង់​ដ៏​ធំធេង​និង​មិនអាច​បំភ្លេច​បាន​ឡើយ​។ ម្ចាស់​គណនី​រូប​នេះ បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​របស់​ម្តាយ​លោក លាងហ៊ី បាន​ទៅកាន់​សុគតិភព និង​ពោរពេញ​ដោយ​មោទនភាព​ចំពោះ​វីរភាព​កូនប្រុស​ដ៏​អង់អាច​ម្នាក់​នេះ​។ ម្ចាស់​គណនី​ហ្វេសប៊ុក​ម្នាក់ទៀត​ឈ្មោះ ហេមរ៉ា អ៊ិន សរសេរ​ថា លោក​ចូលរួម​រំលែក​ទុក្ខ​ដល់​លោក យីម លាងហ៊ី និង​សោកស្តាយ​បំផុត​ដែល​ប្រទេស​ខ្មែរ​មាន​មេដឹកនាំ​មានគំនិត​គ្រួសារនិយម​ជ្រុល តែ​គ្មាន​គំនិត​ជាតិនិយម។ ទន្ទឹម​គ្នា​នេះ ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ធី ប៊ុនជ័រ សរសេរ​បន្ទោស​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ថា កំពុង​សាង​បាបកម្ម​យ៉ាង​ខ្លាំង​ដែល​ចាប់ កូន​គេ​ទាំង​គ្មាន​កំហុស ហើយ​ថ្ងៃ​ដែល​ម្តាយ​គេ​ស្លាប់ ក៏​មិន​ឲ្យ​ចូលរួម​បុណ្យសព​ទៀត​។ ចំណែក​ម្ចាស់​គណនី​ហ្វេសប៊ុក​ម្នាក់​ទៀត​ឈ្មោះ វណ្ណារិន ពុធ សរសេរ​ថា តុលាការ និង​អ្នកដឹកនាំ គួរតែ​ពិចារណា​ឡើងវិញ​ចំពោះ​ការ​ដាក់ទោស​យុវជន​សង្គម បើ​ពុំ​នោះ​ទេ ការ​សង​សឹក​រវាង​ខ្មែរ​និង​ខ្មែរ នឹង​ត្រូវ​បន្ត​រហូត។

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ផ្សេងទៀត ក៏​បង្ហាញ​អារម្មណ៍​សោកសៅ និង​ខឹង​សម្បារ​ចំពោះ​តុលាការ​និង​រដ្ឋាភិបាល​ដែល​បំបិទ​សិទ្ធិ​ម្តាយ​និង​កូន​មិន​ឲ្យ​ជួបគ្នា​គ្រា​ចុងក្រោយ​។ អ្នក​ខ្លះទៀត​តិះដៀល​របប​ដឹកនាំ​សព្វថ្ងៃ​នេះ​ដូច​របប​ខ្មែរក្រហម។

ទាក់ទង​នឹង​រឿង​នេះ​ដែរ ប្រធាន​អង្គការ​សម្ពន្ធ​ខ្មែរ ដើម្បី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែល​មាន​មូលដ្ឋាន​នៅ​អូស្ត្រាលី លោក អ៊ិន ណាត បាន​ចូលរួម​រំលែក ទុក្ខ​ដល់​លោក យីម លាង​ហ៊ី ដែល​ជា​វីរជន​ការពារ​បរិស្ថាន និង​បង្ហាញ​ការ​ហួសចិត្ត​ដែល​រដ្ឋាភិបាល​និង​តុលាការ មិន​អនុញ្ញាត​ឲ្យ​លោក​បាន​ជួប​មុខ​ម្តាយ​ជា​លើក​ចុងក្រោយ។ «»

ទន្ទឹមគ្នានេះ លោក អ៊ិន ណាត បន្ត​ថា ទោះបីជា​ការបាត់បង់​ម្តាយ​ដោយ​មិនបាន​ជួប​មុខជា​លើកចុង​ក្រោយ គឺជា​ស្នាមរបួស​ដ៏​ជ្រៅ​បំផុត​ដោយ​គ្មាន​ថ្ងៃជា​សះស្បើយ​ក្តី ប៉ុន្តែ​លោក ចាត់ទុក​ការ​លះបង់​របស់​យុវជន យីម លាងហ៊ី នេះ ថា ជា​តម្លៃ​ដ៏​ខ្ពង់ខ្ពស់ និង​ជា​ការ​លះបង់​ដ៏​អស្ចារ្យ​របស់​អ្នកតស៊ូ​មតិ ដើម្បី​យុត្តិធម៌​សង្គម​និង​បរិស្ថាន​។ លោក​យល់ថា ការ​លះបង់​នេះ ជា​គំរូ​ដ៏​ល្អ​សម្រាប់​ពលរដ្ឋ​និង​យុវជន​ខ្មែរ​ឲ្យ​មាន​សេចក្តី​ក្លាហាន​ហ៊ាន​តតាំង​មិន​ចុះ​ញ៉ម​ចំពោះ​ភាព​អយុត្តិធម៌ និង​ហ៊ាន​លះបង់​ដើម្បី​ផលប្រយោជន៍​រួម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ