

តំណាងពលរដ្ឋជិត២០០នាក់ បានប្រមូលម្ដុំ តវ៉ានៅមុខសាលាក្រុងប៉ោយប៉ែត ដើម្បីស្នើឱ្យអាជ្ញាធរ ជួយរកដំណោះស្រាយរឿងដីធ្លី ក្រោយពីពលរដ្ឋជិត៩០០គ្រួសារ បានទិញគម្រោងដីឡូត៍ពីអ្នកស្រី ពៅ វណ្ណា ដែលជាប្រពន្ធ មេឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាង៥ឆ្នាំហើយ ប៉ុន្តែមិនទទួលបានប្លង់រឹង ហើយថែមទាំងមានរឿងក្ដីក្ដាំមួយចំនួនទៀត។
ពលរដ្ឋជិត ២០០នាក់ ខ្លះ កាន់រូបថតប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន រូបភរិយាលោក ហ៊ុន សែន គឺអ្នកស្រី ប៊ុនរ៉ានី និងរូបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើរដង្ហែក្បួននៅថ្ងៃទី១៨ ឧសភា ដោយស្រែកទាមទារឱ្យប្រពន្ធមេឃុំអូរបីជាន់ អ្នកស្រី ពៅ វណ្ណា ចេញមុខមកដោះស្រាយសំណងជាថវិកា ឬ ធ្វើប្លង់រឹង ជូនពលរដ្ឋ ឱ្យបានឆាប់បំផុត។
ពលរដ្ឋបានអះអាងថា មុននឹងឈានដល់ការតវ៉ានេះ ពួកគាត់បានព្យាយាមរកដំណោះស្រាយដោយផ្ទាល់ ជាមួយក្រុមហ៊ុន អ្នកស្រី ពៅ វណ្ណា អស់ចំនួន ៥លើកមកហើយ បន្ទាប់ពីមិនទទួលបានប្លង់រឹង ឬ ឯកសារស្របច្បាប់ជាង៥ឆ្នាំមកនេះបើទោះបីជាអតិថិជនភាគច្រើន បានបង់ថវិកា ឱ្យទៅក្រុមហ៊ុនរួចហើយក្ដី។
ពួកគាត់រំលឹកថា កាលពីខែកញ្ញា ឆ្នាំ២០២៥ ពលរដ្ឋជាង៥០នាក់ បានចុះទៅវាស់វែង ធ្វើប្លង់រឹង នៅលើដីដែលបានទិញស្ថិតនៅក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ប៉ុន្តែ ខាងមន្ត្រីសុរិយោដី ខេត្តបន្ទាយមានជ័យ បានអះអាងថា មិនអាចវាស់វែង ធ្វើប្លង់រឹង បាននោះទេ ព្រោះដីទាំងនោះ ជាកម្មសិទ្ធិរបស់ឧកញ៉ា លី សាយឃាង ហើយជាដីដែលកំពុងតែមានទំនាស់រ៉ាំរ៉ៃ។
ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនរបស់អ្នកស្រី ពៅ វណ្ណា ក៏បានសន្យាថា នឹងដោះស្រាយបញ្ហា ជូនអតិថិជន ក្នុងពេលឆាប់ៗ ហើយ ប្រសិនបើមិនអាចដោះស្រាយយកដីធ្លីទាំងនោះបានមកវិញទេ ភាគីក្រុមហ៊ុនថា នឹងដូរឱ្យទៅនៅគម្រោងដីឡូត៍ ផ្សេងទៀត ឬក៏ផ្ដល់សំណង ជាថវិកាវិញ តាមកិច្ចសន្យាទិញ-លក់។ ប៉ុន្តែ បើតាមការអះអាងរបស់ពលរដ្ឋថា អ្នកស្រី ពៅ វណ្ណា តាំងពីពេលនោះមក ពុំដែលចូលខ្លួន មកដោះស្រាយ ជាមួយអតិថិជននោះទេហើយ ថែមទាំងគេចពីពលរដ្ឋ រហូតដល់ បិទលេខទូរស័ព្ទ អតិថិជន ហៅលែងចូលទៀត។
ជាមួយគ្នានោះ ពួកគាត់ក៏ធ្លាប់បាន រកកិច្ចអន្តរាគមន៍ពីប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ប្រចាំក្រុងប៉ោយប៉ែត លោក ប៉ាន់ខែម ប៊ុនថន ចំនួនពីរលើករួចមកហើយ ហើយលោក ប៉ាន់ខែម ប៊ុនថន និងភាគីក្រុមហ៊ុន ក៏បានសន្យាថា នឹងដោះស្រាយបញ្ហាទាំងនោះ ជូនពលរដ្ឋឱ្យអស់ត្រឹមខែកុម្ភៈ ឬ មុនចូលឆ្នាំខ្មែរកន្លងទៅ ដោយអះអាងថា ប្រសិនបើក្រុមហ៊ុន មិនមានដីដោះដូរ ឱ្យអតិថិជនទេ ក្រុមហ៊ុននឹងផ្ដល់សំណង ជាថវិកា។ លោក ប៉ាន់ខែម ប៊ុនថន ថែមទាំងលួងលោមកុំឱ្យពលរដ្ឋព្រួយបារម្ភ ហើយអួតថា លោក មានសិទ្ធិអំណាចដោះស្រាយបញ្ហាបាន ទូទាំង២៥ ខេត្តក្រុង ប៉ុន្តែ ជាក់ស្ដែង បែរជាគ្មានដំណោះស្រាយ ហើយការជូនដំណឹងផ្សេងៗដល់ពលរដ្ឋក៏គ្មាន។
ពលរដ្ឋរស់នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ លោក ហៃ ថុន ដែលបានចូលរួមក្នុងការតវ៉ា នៅមុខសាលាក្រុងប៉ោយប៉ែត ដែរនោះ បានប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១៨ ខែឧសភាថា គ្រួសារលោកបានទិញគម្រោងដីឡូត៍ទី១០របស់ក្រុមហ៊ុន អ្នកស្រី ពៅ វណ្ណា តាំងពីឆ្នាំ២០១៩ បានចំនួនពីរឡូត៍ គិតជា ប្រាក់អស់ចំនួន ១ម៉ឺន ៥ពាន់ ៥រយដុល្លារ។ ប៉ុន្តែក្រោយពីទិញរួចមកលោកទទួលបានត្រឹមតែប្លង់ទន់ ចំណែកប្លង់រឹង អាជ្ញាធរមិនព្រមធ្វើឱ្យនោះទេ ព្រោះដីនោះកំពុងតែមានទំនាស់។ លោកថា ការតវ៉ារបស់ពលរដ្ឋនេះ ដើម្បីទាមទារឱ្យក្រុមហ៊ុន ចេញមកដោះស្រាយ ហើយបើគ្មានដីទេ ត្រូវប្រគល់លុយ ទាំងអស់សង ត្រឡប់មកឱ្យពលរដ្ឋវិញ។
លោក ហៃ ថុន៖ «អ៊ីចឹងទេ យើងរកដំណោះស្រាយឱ្យ ចែ ពៅ វណ្ណា ឱ្យជួយដោះស្រាយឱ្យបានធ្វើប្លង់រឹង បាន។ ឥឡូវសូម្បីតែដាក់ធនាគារក៏មិនបាន លក់ដូរក៏មិនបាន ចង់ចូលទៅរស់នៅក៏មិនបាន នៅលើដីនោះ។ ដីនោះយើងបានត្រឹមតែកាន់ប្លង់ដី(ប្លង់ទន់)»។
ពលរដ្ឋអះអាងថា អតិថិជន ដែលទិញដីឡូត៍ របស់អ្នកស្រី ពៅ វណ្ណា ភាគច្រើន គឺជាពលរដ្ឋ ដែលធ្វើសំណង់ នៅប្រទេសថៃ កម្មករអូសរទេះ តាមច្រកព្រំដែនអន្តរជាតិ ក្រុងប៉ោយប៉ែត អ្នកលក់ដូរអីវ៉ាន់តាមតូបតូចៗ និង អ្នកដើររើសអេតចាយ ដែល ពួកគាត់បាន សន្សំសំចៃ ដោយត្បិតត្បៀតយកមកទិញដី តាមរយៈការបង់រំលស់ និងបង់ផ្ដាច់ខ្លះ។ អតិថិជនទាំងនោះ បានចំណាយថវិកា លើការទិញដីឡូត៍ របស់អ្នកស្រី ពៅ វណ្ណា ចន្លោះពី ៨ពាន់ ទៅ៤ម៉ឺន ដុល្លារ ដែលមានពលរដ្ឋសរុប ៨៧៥គ្រួសារ។
ពលរដ្ឋម្នាក់ទៀត លោក ឈី ឆន់ រស់នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានរៀបរាប់ថា ពលរដ្ឋភាគច្រើន សុទ្ធសឹងតែជាអ្នកខ្វះខាត ហើយមានទាំងទាហានជួរមុខផងដែរ ដែលបានទិញគម្រោងដីឡូត៍ របស់អ្នកស្រី ពៅ វណ្ណា ហើយមិនទទួលបានប្លង់រឹង។ លោកបន្តថា ប្រសិនបើអាជ្ញាធរពាក់ព័ន្ធ មិនជួយរកដំណោះស្រាយទេ ពលរដ្ឋមិនដឹងត្រូវពឹងនរណាទៀតនោះទេ។
លោក ឈី ឆន់៖ «កន្លងមកគាត់[លោក ប៉ាន់ខែម ប៊ុនថន] បានដោះស្រាយដីបាន ច្រើនណាស់។ ៨០% ទៅ ៩០% ដូច្នេះបងប្អូនគាត់ជឿជាក់លើពួកគាត់ខ្លាំងណាស់ ប៉ុន្តែ ការសន្យានោះវាយឺតយ៉ាវ។ យើងចង់បានអ្វីដែលជាក់លាក់សម្រាប់ឱ្យប្អូន យើងឃើញថាមានដំណោះស្រាយពិតប្រាកដ»។
អំឡុងពេលពលរដ្ឋ បាននាំគ្នាឈរតវ៉ានៅមុខសាលាក្រុងប៉ោយប៉ែត ជិតកន្លះម៉ោង គេឃើញមានអាជ្ញាធរក្រុង ជិត១០នាក់បានមករារាំងពួកគាត់ ហើយស្ដីបន្ទោសក្រុមបាតុករទាំងនោះថា ឡើងមកទាមទារខុសគោលដៅ ដោយអាជ្ញាធរអះអាងថា រឿងរ៉ាវដីធ្លីនេះ កើតឡើងនៅស្រុកអូរជ្រៅ បែរជាពលរដ្ឋមកតវ៉ានៅ ក្រុងប៉ោយប៉ែត។ភ្លាមៗនោះ ពលរដ្ឋក៏បាននាំគ្នា ស្រែកព្រមៗគ្នាថា ពួកគាត់បានរកដំណោះស្រាយនៅតាមស្រុក ជាច្រើនដងហើយតែគ្មានដំណោះស្រាយ ហើយអាជ្ញាធរពាក់ព័ន្ធក៏គ្មាននរណាអើពើជាមួយនោះដែរ ទើបពួកគាត់មករកជួប លោក ប៉ាន់ខែម ប៊ុនថន ដែលធ្លាប់បានសន្យានឹង ជួយរកដំណោះស្រាយរឿងនេះ។
ក្រោយពីពលរដ្ឋតវ៉ា និងទទូចសុំជួបជាមួយ លោក ប៉ាន់ខែម ប៊ុនថន យ៉ាងស្វិតស្វាញមកលោក ប៉ាន់ខែម ប៊ុនថន ក៏ព្រមចេញមកដោះស្រាយ ដោយហៅតំណាងៗពលរដ្ឋជិត៥០នាក់ឱ្យចូលបន្ទប់ប្រជុំ ហើយមានទាំងតំណាងក្រុមហ៊ុន ផងដែរ បានមកចូលរួម។ ក្នុងនោះ លោក ប៉ាន់ខែម ប៊ុនថន ព្រមានឱ្យពលរដ្ឋរក្សាភាព ស្ងៀមស្ងាត់កុំឱ្យបន្តធ្វើសកម្មភាពតវ៉ាបែបនេះទៀត ព្រោះ ធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ហើយលោកសន្យានឹងដោះស្រាយបញ្ហានេះឱ្យបានក្នុងពេលឆាប់ៗ។ ជាមួយគ្នានោះ តំណាងក្រុមហ៊ុន បានទទួលយកសំណើ ទាំងអស់របស់ពលរដ្ឋ និងសុំពេល៧ថ្ងៃ ដើម្បីរៀបចំឯកសារស្របច្បាប់ ឱ្យអតិថិជនទាំងអស់។
ទូរទស្សន៍អាស៊ីសេរី ពុំអាចទាក់ទងប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ប្រចាំក្រុងប៉ោយប៉ែត លោក ប៉ាន់ខែម ប៊ុនថន និងតំណាងក្រុមហ៊ុន អ្នកស្រី ពៅ វណ្ណា ដើម្បីឆ្លើយតបជុំវិញរឿងនេះបាន នៅថ្ងៃទី១៨ ខែឧសភា។
ជុំវិញរឿងនេះ ប្រធានការិយាល័យអង្គការលីកាដូ (LICADHO) ប្រចាំខេត្តបន្ទាយមានជ័យ និងខេត្តបាត់បង់ លោក អ៊ិន គង់ជិត លោកសង្កេតឃើញថា បញ្ហាពលរដ្ឋទិញដីមិនបានដី នៅស្រុកអូរជ្រៅ នេះ បានអូសបន្លាយចំនួន៦ឆ្នាំហើយ។ លោកថា ករណីនេះ អាជ្ញាធរពាក់ព័ន្ធគួរតែស៊ើបអង្កេតលើក្រុមហ៊ុន ហើយហៅតំណាងក្រុមហ៊ុនទាំងនោះ មកដោះស្រាយឱ្យបានឆាប់ ដើម្បីជួយសម្រាលបន្ទុកដល់ពលរដ្ឋ។ លោកថា គ្មានពលរដ្ឋណាចង់មកតវ៉ាទាំងហាលថ្ងៃ និងខាតពេលរកស៊ីនោះទេ បើមានដំណោះស្រាយសមរម្យ និងទាន់ពេលវេលា ដូច្នេះអាជ្ញាធរត្រូវពិចារណាពី ទុក្ខលំបាក របស់ពលរដ្ឋ ហើយពន្លឿនដោះស្រាយបញ្ហាឱ្យបានឆាប់បំផុត។
លោក អ៊ិន គង់ជិត៖ «យើងសង្ឃឹមថា អាជ្ញាធរក្នុងនាមអាណាព្យាបាល ដែលប្រជាពលរដ្ឋមានជំងឺជឿជាក់ លើអាជ្ញាធរ ហើយសង្ឃឹមថានឹងប្រឹងប្រែង ធ្វើការដោះស្រាយ និងសម្របសម្រួល ឱ្យបានលទ្ធផលជាក់លាក់ទៅដល់ពួកគាត់ ដើម្បីផ្ដល់នូវជំនឿទុកចិត្តទៅលើពួកគាត់វិញ ដែលពួកគាត់ជាអ្នករងគ្រោះ»។
អ្នកស្រី ពៅ វណ្ណា គឺជាម្ចាស់ក្រុមហ៊ុន អភិវឌ្ឍន៍ ដីឡូត៍ ពៅ វណ្ណា (Pov Vanna Realty) ដែលធ្វើការផ្នែកទិញលក់ និង អភិវឌ្ឍន៍ដីធ្លី។ ប្ដីលោកស្រីឈ្មោះ តុល សារិន មានតួនាទីជា មេឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ គម្រោងដីធ្លីរបស់ អ្នកស្រី ភាគច្រើន មាននៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ប៉ុន្តែ គម្រោងដីឡូត៍ទាំងនោះកំពុងតែ មានជម្លោះ ជាមួយ ក្រុមហ៊ុន អេ.អេស.ខេ (ASK.KH) របស់ឧកញ៉ា លី សាយឃាង ទើបធ្វើឱ្យដំណើរការនៃការធ្វើប្លង់រឹង បន្តជាប់គាំង។ កន្លងទៅ គេតែងតែឃើញ អ្នកស្រី និងគ្រួសារ បង្ហោះរូបភាព ភ្ជាប់ជាមួយនឹងឡានទំនើបៗ បើទោះបីជា ប្ដីលោកស្រី មានតួនាទីត្រឹមតែជាមេឃុំក្ដី។
ក្រៅតែពីបង្អួតរឿងសម្ភារៈទំនើបៗ អ្នកស្រីក៏ធ្លាប់គំរាមប្ដឹង អ្នកសារព័ត៌មានអនឡាញ កាលពីខែកុម្ភៈ ឆ្នាំ២០២៦ ឱ្យលុបព័ត៌មាន ដែលបានចុះផ្សាយ អំពីពលរដ្ឋដែលត្អូញត្អែរពីទុក្ខលំបាក ក្រោយពីទិញដីពីក្រុមហ៊ុន អ្នកស្រីហើយមិនបានដី។ ចំណែកថ្មីៗនេះទៀត ទីតាំងអគារជួលរបស់អ្នកស្រីនៅឃុំអូរបីជាន់ ត្រូវបានសមត្ថកិច្ចសម្រុកចូលទៅឆែកឆេរ រកឃើញភស្តុតាងជាច្រើនបង្ហាញថាជាកន្លែង ដែលជនបរទេសបានលួច ធ្វើប្រតិបត្តិការ ឆបោកតាមអនឡាញ៕









