

រយៈពេល១០ឆ្នាំមកនេះ ប្រជាពលរដ្ឋលែងបានឮសំឡេងវិភាគនយោបាយចំៗនិងងាយយល់ របស់លោក បណ្ឌិត កែម ឡី ទៀតហើយ។ កាលលោកនៅមានជីវិត លោកតែងតែលាតត្រដាងការពិតនិងអាថ៌កំបាំងមួយចំនួនដែលរដ្ឋាភិបាលរបស់ត្រកូល ហ៊ុន ព្យាយាមលាក់បាំង ជាពិសេស អំពើអយុត្តិធម៌សង្គម។
បណ្ឌិត កែម ឡី ធ្លាប់បានវិភាគថា លោក ហ៊ុន សែន បានប្រើអំណាចធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋ គាបសង្កត់ បិទសិទ្ធិសេរីភាព ព្រមទាំងយកស្ថាប័នរដ្ឋសំខាន់ៗ ទៅបម្រើមហិច្ឆតាអំណាចរបស់លោក និងក្រុមគ្រួសារត្រកូលហ៊ុន។
ទោះបីជាបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់អស់រយៈពេល ១០ឆ្នាំទៅហើយក្ដី ក៏ការវិភាគរបស់លោកមកទល់ពេលនេះ នៅតែឆ្លុះបញ្ចាំងអ្វីដែលកំពុងកើតឡើងនៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន។
បណ្ឌិត កែម ឡី បានព្យាករកាលពីមុនពេលលោកស្លាប់ថា ពលរដ្ឋខ្មែរមិនអាចរំពឹង រស់នៅក្រោមដំបូលសន្តិភាព ដែលដឹកនាំដោយត្រកូល ហ៊ុន មានសេចក្ដីសុខឡើយ។ លោកបន្ថែមថា លោក ហ៊ុន សែន ធ្វើអ្វីៗដើម្បីតែអំណាចក្រុមគ្រួសារ និងបក្ខពួករបស់លោកតែប៉ុណ្ណោះ។ រីឯការធ្វើកំណែទម្រង់ប្រព័ន្ធដឹកនាំរដ្ឋវិញ លោកធ្វើកំណែទម្រង់ ៥ចំណុចសំខាន់ៗ ក្នុងទិសដៅពង្រឹងអំណាចក្រុមគ្រួសារត្រកូល ហ៊ុន តែប៉ុណ្ណោះ។
បណ្ឌិត កែម ឡី៖ «ទី១ កំណែទម្រង់ការបោះឆ្នោត គោលបំណង ដើម្បីគ្រប់គ្រងនៅលើដៃខ្លួន។ ទី២ កំណែទម្រង់ គ.ជ.ប ដើម្បីឱ្យខ្លួនអាចត្រួតត្រាបាន។ ទី៣ កំណែទម្រង់ហ្នឹង ដើម្បីខ្លួនឈ្នះមិនកំណែទម្រង់ផ្សេងទេ។ ទី៤ កំណែទម្រង់ហ្នឹង ដើម្បីឱ្យខ្លួនអាចបន្តកាន់អំណាចបន្តទៅទៀត។ ទី៥ កំណែទម្រង់ ដើម្បីឱ្យប្រព័ន្ធទាំងមូលទាំងតុលាការទាំងសភា ទាំង គ.ជ.ប អាចត្រួតត្រាបាន រហូតអាចត្រួតត្រាព្រះបរមព្រះរាជវាំងទៅទៀតឯណោះ។ អ៊ីចឹង មិនមែនមានន័យថា គណបក្សប្រជាជនកម្ពុជាមានសុឆន្ទៈធ្វើកំណែទម្រង់ឱ្យមានការបោះឆ្នោតមួយសេរីយុត្តិធម៌ ដើម្បីឱ្យសាធារណជនទទួលយកបាន កុំឱ្យមានបញ្ហានៅក្រោយការបោះឆ្នោតនោះទេ»។
មិនខុសពីលោកបណ្ឌិត កែម ឡី ធ្លាប់បានអះអាងនេះឡើយ អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ទោះបីជាលោកបានផ្ទេរអំណាចតពូជរួចទៅហើយក្ដី លោកនៅតែគំរាមកំហែងពលរដ្ឋដដែល ឱ្យតែអ្នកណាធ្វើឱ្យប៉ះពាល់ដំណែងរបស់លោក។ លោក ហ៊ុន សែនបានគំរាម “ងើបមួយវៃមួយ” នៅចំពោះមុខជនភៀសសឹកកាលពីពេលថ្មីៗនេះ។
លោក ហ៊ុន សែន៖«បក្សនយោបាយទាំងអស់ហ្អែងធ្វើសកម្មភាពទៅ ប៉ុន្តែហ្អែងងើបមួយវៃមួយ ពីព្រោះអញ្ចេះ បើមិនបោសសម្អាតខាងក្រោយទេ ទប់ទល់ខាងមុខអត់បានទេ។ ត្រូវវៃខាងក្រោយឱ្យងាប់សិន»។
លោក ហ៊ុន សែន មិនត្រឹមតែគំរាមកំហែងពលរដ្ឋប៉ុណ្ណោះទេ សូម្បីតែព្រះមហាក្សត្រ ក៏លោក ហ៊ុន សែន គាបសង្កត់ដែរ។ លោកបានប្រកាសកាលពីឆ្នាំ២០១៨ ថា ទោះជាម៉ែស្ដេច ឱស្ដេចក៏លោកមិនខ្លាចដែរ។
លោក ហ៊ុន សែន៖ «ជាមួយខ្ញុំសូមកុំនិយាយឱ្យសោះម៉ែស្ដេច ឱស្ដេចក៏ខ្ញុំដាក់ដែរ កុំនិយាយអាបញ្ហាកូនអ្នកធំ ក្មួយអ្នកធំខ្ញុំយោគយល់គឺអត់ទេ»។
នេះមិនមែនជាលើកទី១ទេ ដែលលោក ហ៊ុន សែន បានប្រមាថព្រះមហាក្សត្រនោះ។ កាលពីឆ្នាំ២០០៥ លោកថែមទាំងបានគំរាមរំលាយស្ថាប័នព្រះមហាក្សត្រចោលប្រសិនបើព្រះបាទ នរោត្តម សីហមុនី មិនព្រមចុះព្រះហស្តលេខាលើសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមទ្វេភាគីជាមួយប្រទេសវៀតណាមទេនោះ។
លោក ហ៊ុន សែន៖ «ខ្ញុំនិយាយជាមួយសម្ដេចក្រុមព្រះហើយ ខ្ញុំថា ព្រះអង្គ និយាយប្រាប់ឯកឧត្តម ស៊ុន ចាន់ថុល កុល ផេង អ៊ឹង កន្ថាផាវី ស៊ីសុវត្ថិ ប៉ាណារ៉ា លើយន្តហោះតាមទូរស័ព្ទ ខ្ញុំថា ព្រះអង្គ បើលើកនេះ វាពិបាកស៊ីញេ ត្រូវពិនិត្យឡើងវិញ យើងគួរទុករាជានិយម ឬធ្វើសាធារណរដ្ឋ ឲ្យវាមានប្រធានាធិបតីតែម្ដង? ឬហោចណាស់ដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញ លើមាត្រាណាមួយ ដែលកាលណាដាក់ទៅក្នុងរង្វង់ប៉ុន្មានថ្ងៃ ត្រូវឡាយព្រះហស្តលេខា។ បើមិនឡាយព្រះហស្តលេខា ទេ គឺនឹងចូលជាធរមាន»។
ទោះបីជាលោក ហ៊ុន សែន ប្រមាថព្រះមហាក្សត្រជាច្រើនដងបែបនេះក្ដី ក៏តុលាការគ្មានចេញដីកាណាមួយចោទប្រកាន់លោក ហ៊ុន សែន ពីបទ ប្រមាថព្រះមហាក្សត្រដែរ ខុសពីក្រុមយុវជនចលនាមាតាធម្មជាតិ ដែលពលរដ្ឋសឹងតែទូទាំងប្រទេសគាំទ្រសកម្មភាពរបស់ពួកគាត់ បែរជាតុលាការចាប់ដាក់គុកទៅវិញ។
លោក ហ៊ុន សែន បានកាន់អំណាចដឹកនាំប្រទេសជិត ៤០ឆ្នាំ។ ទោះជាលោកបានផ្ទេរអំណាចឱ្យកូនជោគជ័យហើយក៏ដោយ ក៏រដ្ឋាភិបាលត្រកូលហ៊ុននេះ មិនកែប្រែរបៀបដឹកនាំដែរ ពោលគឺ របបនេះ ដូរតែមនុស្ស តែការដឹកនាំបែបគាបសង្កត់ ធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋ និងចាប់ចងអ្នករិះគន់ដាក់គុក ឥតត្រាប្រណីនៅដដែល។
កាលពីពេលបណ្ឌិត កែម ឡី នៅមានជីវិត លោកធ្លាប់ដឹកនាំពលរដ្ឋ សម្ដែងមតិបានខ្លះ នៅពេលមានបញ្ហាមិនប្រក្រតីកើតឡើង ដូចជា ថ្ងៃសុក្រពណ៌ខ្មៅជាដើម ដើម្បីសម្ដែងមតិ និងទាមទារឱ្យដោះលែងមន្ត្រីអង្គការសង្គមស៊ីវិល និងសកម្មជនដីធ្លី ដែលជាប់ពន្ធនាគារកាលណោះ។ លោក បណ្ឌិត កែម ឡី បានផ្ដែផ្ដាំទៅអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បើសិនជាធ្វើជាមេដឹកនាំខ្លាចការសម្ដែងមតិនោះ គួរតែជ្រើសរើសមុខរបរដាំដំឡូងវិញទៅប្រសើរជាង។
បណ្ឌិត កែម ឡី«ការសម្ដែងមតិការជួបជុំគ្នាដោយសន្តិវិធីរបៀបនេះ បើសិនជាខ្ញុំជារដ្ឋាភិបាល ខ្ញុំផ្ដល់ការកោតសរសើរ ហើយមិនត្រឹមតែកោតសរសើរត្រឹមរដ្ឋាភិបាលទេ ខ្ញុំស្នើទៅព្រះមហាក្សត្រ ដើម្បីកោតសរសើរទៅទៀត ពីព្រោះថា ពួកគាត់ចំណាយពេលវេលា ចំណាយលុយទិញអាវខ្មៅ គាត់ចំណាយថវិកាទៅចូលរួមសម្ដែងមតិទាំងកណ្ដាលថ្ងៃទៅទៀត ដើម្បីឱ្យយើង(រដ្ឋាភិបាល)ឮ ហើយកាលណាយើងឮ ទោះបីជាអវិជ្ជមានក្ដី វិជ្ជមានក្ដី យើងយកមកសំយោគ ដើម្បីយើងមានពន្លឺ ដើម្បីយកមកដោះស្រាយបញ្ហា ឬក៏ឫសគល់នៃបញ្ហា។ ដូចខ្ញុំសរសើរនៅក្នុងផេក(Page)របស់ខ្ញុំអ៊ីចឹង ខ្ញុំថា បើធ្វើនយោបាយ ធ្វើជាប្រធានគណបក្សនយោបាយហើយ យើងខ្លាចការសម្ដែងមតិ យើងខ្លាចការជួបជុំរបស់ពលរដ្ឋ ដែលជួបជុំគ្នា ដើម្បីសំដែងឱ្យយើងឮ យើងគួរតែជ្រើសរើសមុខរបរដាំដំឡូងទៅវិញទៅ ប្រសើរជាង»។
ទាក់ទងនឹងបញ្ហានេះ បណ្ឌិត កែម ឡី បានលើកឡើងថា លោក ហ៊ុន សែន មិនមែនជាមេដឹកនាំពូកែដោះស្រាយបញ្ហានោះទេ តែលោកជាមេដឹកនាំពូកែខាងបង្ក្រាបនិងប្រើអំពើហិង្សា។
ការបង្ក្រាបនេះបន្តរហូតមកដល់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ទៀត។ លោក ហ៊ុន ម៉ាណែត ក៏មិនអន់ជាងឪពុកដែរ រដ្ឋាភិបាលរបស់លោក ចាប់មនុស្សដាក់គុក បំបិទសិទ្ធិពលរដ្ឋ និងលាបពណ៌អ្នករិះគន់ ដូចជា ការប្រើប្រាស់តុលាការចោទ ប្រកាន់ពីបទរួមគំនិតក្បត់ ត្រូវរ៉ូវជាមួយរដ្ឋបរទេស ប្រមាថព្រះមហាក្សត្រ ឬធ្វើការបម្រើបរទេសជាដើម។
ទាក់ទងនឹងបញ្ហានេះ បណ្ឌិត កែម ឡី បញ្ជាក់ថា ការដឹកនំាយកហិង្សា ឬការចាប់ចងជាគោលនេះ ពុំមានន័យថា របបត្រកូល ហ៊ុន អាចបង្ក្រាបពលរដ្ឋឱ្យនៅស្ងៀមបានរហូតឡើយ។
បណ្ឌិត កែម ឡី៖ «ការដឹកនាំប្រទេសយើងត្រូវតែសម្លឹងឬកំណត់បញ្ហាឱ្យបាន ហើយបញ្ហានោះឫសគល់បញ្ហានោះ គឺបញ្ហាអី ហើយយើងត្រូវដោះស្រាយបញ្ហានោះ។ ខ្ញុំឧទាហរណ៍ដូចជាកូនង៉ែតនោះ វាយំ គឺនៅពេលដែលកូនង៉ែតនោះហេវ ឬកូនង៉ែតនោះស្រមោចខាំ។ អ៊ីចឹង យើងរកស្រមោចនោះ ហើយបេះស្រមោចនោះចេញ ឬយកទឹកដោះគោញាំ ទើបធ្វើឱ្យក្មេងនោះបាត់យំ។ ក៏ប៉ុន្តែយើងយកកាំភ្លើង យករំពាត់ទៅវាយក្មេង យកដៃទៅទះកំផ្លៀង សួរថា តើក្មេងនោះបាត់យំទេ?គឺមិនបាត់យំទេ។ ផ្ទុយទៅវិញការធ្វើបាតុកម្ម យើងឃើញការបង្ក្រាបបាតុកម្មនោះច្រើនណាស់ ក៏ប៉ុន្តែការធ្វើបាតុកម្មនោះកាន់តែកើនឡើងៗ។ ទី២ រឿងបញ្ហាដីធ្លី បញ្ហាសិទ្ធិលំនៅឋានសួរថា តើក្នុងរយៈពេល ៥ឆ្នាំ ១០ឆ្នាំនេះ សួរថា តើបាត់ទេ?នៅពេលដែលយើង(រដ្ឋាភិបាល)មិនបានដោះស្រាយបញ្ហា»។
ប៉ុន្តែការគំរាមកំហែង និងការបង្រ្កាបបន្តអស់រយៈពេល ១០ឆ្នាំមកនេះ ក៏មិនមានន័យថា យុវជនខ្មែរបាក់ស្បាតទាំងស្រុងឡើយ។ ផ្ទុយទៅវិញស្មារតី ភាពក្លាហាន និងមនសិការ របស់លោក បណ្ឌិត កែម ឡី ហាក់បានបន្តរីកដុះដាលក្នុងចំណោមយុវជនមួយចំនួន ដូចជាក្រុមយុវជនចលនាមាតាធម្មជាតិជាដើម។
ទោះបីជាសកម្មភាពការងាររបស់ពួកគាត់ ប្រឈម និងសេចក្ដីស្លាប់ ការជាប់គុកច្រវាក់បែបណាក្ដី ក៏ពួកគាត់មិនខ្លាចនិងរាថយដែរ ពួកគាត់សុខចិត្តឱ្យតុលាការក្រោមការគ្រប់គ្រងរបស់ត្រកូលហ៊ុន ចាប់ដាក់គុក ដើម្បីបុព្វហេតុការពារបរិស្ថាននិងហ៊ាននិយាយការពិត គឺមិនប្ដូរយកសេរីភាពក្លែងក្លាយនោះទេ។
យុវជនចលនាមាតាធម្មជាតិ កញ្ញា លាង សុវណ្ណា ធ្លាប់បានប្រកាសប្ដេជ្ញាចិត្តថា ទោះជាកញ្ញា តក់ស្លុត នៅពេលឃើញឃាតកបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី និង អាជ្ញាធរចាប់យុវជន ចលនាមាតាធម្មជាតិចំនួន៥នាក់ទាំងកំរោលក្ដី ប៉ុន្តែសកម្មភាពទាំងនេះ មិនធ្វើឱ្យកញ្ញា បាក់ស្បាតឡើយ។
កញ្ញា លាង សុវណ្ណា៖ «យ៉ាងណាក៏ដោយ យើងអត់បាក់ស្បាត ហើយក៏អត់ញញើត និងអំពើថោកទាបបែបហ្នឹងទេ ពីព្រោះយើងដឹងហើយថា អ្វីដែលជាការពិតយើងបង្ហាញ។ អ្វី ដែលពួកយើងខំប្រឹងវាយបក គឺយើងគ្រាន់តែចង់ដោះស្រាយបញ្ហាធនធានធម្មជាតិ យើងគ្រាន់តែចង់ឲ្យអ្នក ដែលគាត់កំពុងតែរងគ្រោះ គាត់បានទទួល ក៏ដូចជា ទទួលបានដំណោះស្រាយដ៏សមរម្យ»។
បណ្ឌិត កែម ឡី ខ្លួនឯងវិញ ហាក់បានត្រៀមខ្លួនរួចទៅហើយ កាលពីឆ្នំា២០១៥ នោះ ដោយលោកថ្លែងថា ការហ៊ាននិយាយការពិត និងងើបឈរ ប្រឆាំងនឹងអំណាចជិះជាន់នេះ អាចគ្រោះថ្នាក់ដល់ខ្លួនឯងវិញនៅពេលណាមួយជាមិនខាន។ បណ្ឌិត កែម ឡី បានលើកឡើងនៅពេលនោះថា លោកបានត្រៀម វីសា (Visa) ឬទិដ្ឋាការ ចំនួនបីរួចហើយទៅហើយ ក្នុងនាមលោកជាអ្នករួតវាំងននសង្គមនេះ។
បណ្ឌិត កែម ឡី៖ «ជាទូទៅ ខ្ញុំដាក់ខ្លួនថា នៅពេលយើងចាប់ផ្ដើមវិភាគ យើងត្រូវមានលិខិតឆ្លងដែនមួយ មានវីសាបី។ ទី១ បើសិនជាគេមិនសប្បាយចិត្ត គេឱ្យយើងទៅមន្ទីរពេទ្យ យើងទៅទៅ។ ទី២ បើគេមិនសប្បាយចិត្តគេឱ្យយើងទៅព្រៃស យើងទៅទៅ។ ទី៣ បើគេមិនសប្បាយចិត្ត គេឱ្យយើងទៅវត្តព្រះពុទ្ធ យើងទៅទៅ។ ប្រសិនយើងខ្លាចវីសា (Visa) ទាំងបីហ្នឹងទេ ប្រហែលជាយើងពិបាកផ្ដល់ផលដល់សង្គម»។
បណ្ឌិត កែម ឡី បានផ្ដាំឱ្យពលរដ្ឋហ៊ាននិយាយការពិត ទោះស្ថិតនៅក្នុងសង្គមរិតត្បិតបែបណាក៏ដោយ។ លោកបានបញ្ជាក់នៅមុនពេលឃាតករបាញ់សម្លាប់លោកថា នៅពេលលោក វិភាគម្ដងៗ លោកមិនដែលគិតថា លោក មានជីវិតឡើយ។
បណ្ឌិត កែម ឡី៖ «ពេលដែលខ្ញុំវិភាគម្ដងៗ ខ្ញុំមិនដែលគិតថា ខ្លួនខ្ញុំហ្នឹងមានជីវិតទេ ពីព្រោះនៅក្នុងប្រទេសមួយ ដែលមានខ្លាច្រើន មានពស់វែងច្រើន។ ប៉ុន្តែបើយើងខ្លាច នាំគ្នាខ្លាច យើងគ្មានលទ្ធភាពអ្វីផ្ដល់គំរូដល់សង្គមទេ»។
ទោះស្ថិតនៅក្នុងស្ថានភាពដ៏ប្រថុយប្រថានជីវិតបែបណាក៏ដោយ ក៏មិនធ្វើឱ្យបណ្ឌិត កែម ឡី រាថយឬភ័យខ្លាចដែរ។ លោកនៅតែមានស្មារតីមោះមុត និងរឹងមាំ ក្នុងការវិភាគនយោបាយនិងនិយាយការពិតដដែល រហូតដល់ថ្ងៃឃាតកបានបាញ់សម្លាប់ នៅចំកណ្ដាលក្រុងភ្នំពេញ គឺនៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦។
ការពលីជីវិតរបស់លោក បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោក សោកស្ដាយ និង ឈឺចាប់។ ឃាតករបាញ់សម្លាប់បណ្ឌិត កែម ឡី គឺពីរថ្ងៃបន្ទាប់ពីលោកចូលរួម ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី វិភាគអំពីអង្គការឃ្លាំមើលពិភពលោក (Global Witness) ដែលបង្ហាញពីទ្រព្យសម្បត្តិ និងបណ្តាញអាជីវកម្មដ៏ធំរបស់ក្រុមគ្រួសារត្រកូល ហ៊ុន។ នោះក៏ជាកម្មវិធីចុងក្រោយ ដែលលោកបានចូលរួមវិភាគ នៅក្នុងកម្មវិធី ផ្សាយរបស់វិទ្យុអាស៊ីសេរីដែរ។
ដប់ឆ្នាំក្រោយការបាត់បង់បណ្ឌិត កែម ឡី ជីវិតប្រជាពលរដ្ឋខ្មែរមិនបានប្រសើរឡើងដូចការរំពឹងទុកឡើយ។ ផ្ទុយទៅវិញ មនុស្សកាន់តែច្រើន បានក្លាយជាជនរងគ្រោះនៃប្រព័ន្ធដែលលោកបណ្ឌិតធ្លាប់ព្រមាន។
អ្នកខ្លះបាត់បង់ដីធ្លី។ អ្នកខ្លះបង់លុយទិញផ្ទះអស់ហើយ ប៉ុន្តែមិនបានផ្ទះនៅ។ អ្នកខ្លះត្រូវបោកប្រាស់ក្នុងការវិនិយោគ។ អ្នកខ្លះមិនអាចដកប្រាក់សន្សំរបស់ខ្លួនបាន។ អ្នកខ្លះក្លាយជាជនរងគ្រោះនៃឧក្រិដ្ឋកម្មអនឡាញ។សូម្បីអ្នកដែលមិនទាន់ជួបគ្រោះថ្នាក់ដោយផ្ទាល់ ក៏រស់នៅក្នុងភាពមិនប្រាកដប្រជា និងការភ័យខ្លាច ថាថ្ងៃណាមួយ វាអាចដល់វេនខ្លួនដែរ។
អ្វីដែលធ្វើឱ្យមនុស្សជាច្រើនឈឺចាប់បន្ថែមទៀត គឺជនរងគ្រោះ មិនត្រឹមតែមិនទទួលបានយុត្តិធម៌ទេ ប៉ុន្តែពេលខ្លះ ត្រូវរងទណ្ឌកម្មវិញ ខណៈដែល អ្នកមានអំណាច ទោះជាបានប្រព្រឹត្តបទល្មើស នៅតែរស់នៅដោយសេរី។
បញ្ហាទាំងនេះ មិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែជាលទ្ធផលនៃរចនាសម្ព័ន្ធអំណាចដឹកនាំដោយត្រកូល “ហ៊ុន” ដែលខ្វះគណនេយ្យភាព ខ្វះសីលធម៌ និងធ្វើឱ្យប្រព័ន្ធយុត្តិធម៌បាត់បង់ឯករាជ្យ។ នេះហើយជាអ្វីដែលបណ្ឌិត កែម ឡី បានព្រមានទុកជាមុន។
កាលនៅមានជីវិតបណ្ឌិត កែម ឡី អំពាវនាវឱ្យប្រជាពលរដ្ឋហ៊ានងើបឈរឡើងដើម្បីការពារសិទ្ធិនិងអនាគតរបស់ខ្លួន។ លោកបានផ្ដែផ្ដាំទុកនូវសារមួយដែលនៅតែមានអត្ថន័យរហូតមកដល់សព្វថ្ងៃនេះថា “បើអ្នកមិនធ្វើអ្វីទាល់តែសោះ ក៏គង់តែទទួលរងគ្រោះដែរ គ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ“៕









