អ្នកឃ្លាំមើល​រិះគន់​រដ្ឋាភិបាល​ដែល​អសមត្ថភាព​ទប់​ស្កាត់​ការឈ្លានពាន​របស់​យោធា​ថៃ

0
60
ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

អ្នកនាំពាក្យ​រដ្ឋាភិបាល​ក្រៅប្រទេស រិះគន់​មេដឹកនាំ​កម្ពុជា ដែល​អសមត្ថភាព ទប់ស្កាត់​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ។ លោក​អះអាង​ថា ទោះបីជា​ភាគី​ថៃ​ប្រកាស​ចង់បាន​បទ​ឈប់​បាញ់​អចិន្ត្រៃយ៍ នៅ​តាម​ព្រំដែន​ជាមួយ​កម្ពុជា​ក្តី ក៏​យោធា​ថៃ នៅតែ​បន្ត​ឈ្លានពាន យក​ទឹកដី​ខ្មែរ​ជា​បន្តបន្ទាប់ ប្រសិនបើ​គ្មាន​ការទប់ស្កាត់​ទេ​នោះ​។ មក​ទល់​ពេល​នេះ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ហាក់​យល់ព្រម​តាម​ការ​ចង់បាន​របស់​ថៃ ពីព្រោះ​លោក ហ៊ុន ម៉ាណែត បានដឹង​ខ្លួនឯង​ច្បាស់​ថា ពុំ​មាន​លទ្ធភាព​តតាំង​ជាមួយ​ប្រទេស​ថៃ ក្រោយពី​ធ្វើសង្គ្រាម​ចំនួន​ពីរ​លើក​រួច​មក។

ចាប់តាំងពី​មាន​បទ​ឈប់​បាញ់​ដែល​បាន​ចូល​ជា​ធរមាន កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥​មក កងទ័ព​ថៃ​នៅតែ​បន្ត​ចូល​មក​រាយ​បន្លា​លួស ដាក់​ទូរ​កុងតឺន័រ ទន្ទ្រាន​យក​ទឹកដី​ខ្មែរ​ជា​រៀងរាល់ថ្ងៃ ដែល​ធ្វើ​ឱ្យ​ទឹកដី​ខ្មែរ​ថៃ​ដណ្តើម​កាន់កាប់​បាន​កើនឡើង​រហូតដល់​៤៥​ទីតាំង​។ រីឯ​រដ្ឋាភិបាល លោក ហ៊ុន ម៉ា​ណែ​ត មិនបាន​ប្រើ​កម្លាំង​ទប់ស្កាត់​ទៅ​នឹង​ការ​បន្ត​ឈ្លានពាន​ទឹកដី​ពី​សំណាក់​ភាគី​ថៃ​នោះ​ទេ គឺ​បាន​ត្រឹមតែ​អង្គុយ​ធ្វើការ​ថ្កោលទោស​ថៃ តែប៉ុណ្ណោះ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ​កម្ពុជា ២៣ តុលា លោក គឹម សុខ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ ភាគី​ថៃ គឺ​ពិតជា​ចង់បាន​បទ​ឈប់​បាញ់​យូរអង្វែង​មួយ​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ ពីព្រោះ​គេ​បាន​ដណ្តើម​យក​ទឹកដី​ខ្មែរ​រាប់ម៉ឺន​ហិកតារ​រួច​ទៅ​ហើយ ប៉ុន្តែ​ថៃ​នឹង​មិន​ប្រគល់​ទឹកដី​ដែល​គេ​បាន​ទន្ទ្រាន​យក​ឲ្យ​កម្ពុជា​វិញ​ទេ។ លោក​ថា ប្រទេស​ថៃ​ក៏​ចង់​ឲ្យ​កម្ពុជា ដោះស្រាយ​ជម្លោះព្រំដែន​ទ្វេភាគី​ជានិច្ច​ដោយ​មិន​នាំគ្នា​ទៅ​ប្តឹង​តុលាការអន្តរជាតិ​រឺ​ក៏​សហគមន៍​អន្តរជាតិ​នោះ​ដែរ។

លោក គឹម សុខ បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា រដ្ឋាភិបាល​ត្រកូល ហ៊ុន នឹង​មិន​មាន​អ្វី តបត​ជាមួយ​ភាគី​ថៃ​នោះ​ទេ ដោយសារ​ខ្លាច​ភាគី​ថៃ​កកូរកកាយ​រឿង​បទល្មើស​ឆបោក​តាម​អនឡាញ ហើយ​បើ​ចង់​តតាំង​ជាមួយ​ថៃ​ដោយ​កំលាំង​ប្រដាប់​អាវុធ​ក៏​ទៅ​មិន​រួច ពីព្រោះ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន មិនដែល​ពង្រឹងកម្លាំង​កងទ័ព​ការពារ​ជាតិ​ទេ។

លោក គឹម សុខ៖ «ដូច្នេះ​ដំណើរ​សាច់រឿង​គឺ​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ហ៊ុន នៃ​លោក ហ៊ុន ម៉ាណែត ហ្នឹង សសៀរ​សម្របសម្រួល​តាម​ការ​ចង់​បាន​របស់​ថៃ​ហើយ ដែល​ខ្ញុំ​និយាយ​តាំងពី​ដើម​រៀង​មក​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​ខ្មែរ​និង​យុទ្ធជន​ខ្មែរ​មិន​នាំគ្នា​ប្តូរ​ក្រុម​គ្រួសារ​ហ៊ុន ចេញពី​អំណាច​ដឹកនាំ​កម្ពុជា​ទេ គឺជា​កំហុស​ប្រវត្តិសាស្ត្រ​ដ៏​ធំ​នៅក្នុង​កាលៈទេសៈ​នេះ»។

ការ​អះអាង​របស់​អ្នកនាំពាក្យ​រួប​នេះ បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថៃ Khaosod English កាលពី​ថ្ងៃទី​១៣ ខែមីនា​ថា ភាគី​ថៃ​ចង់បាន​បទ​ឈប់​បាញ់​យូរអង្វែង នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ ហើយ​សង្ឃឹមថានឹង​អាច​កសាង​ទំនុកចិត្ត និង​ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​កម្ពុជា​ឡើងវិញ។

សារព័ត៌មាន​ថៃ Khaosod English បាន​ស្រង់​សម្ដី លោក ស៊ីហាសាក់ ភួងកេតកែវ បន្ថែម​ទៀត​ថា លោក​បាន​កត់​សម្គាល់​ថា កម្ពុជា​បាន​លើក​បញ្ហា​ជម្លោះព្រំដែន​ជាមួយ​ថៃ នៅក្នុង​វេទិកា​អន្តរជាតិ​ជាច្រើន រួមមាន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ អង្គការ​យូណេស្កូ និង​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដូច្នេះ​ធ្វើ​ឱ្យ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​លំបាក។

ទាក់​ទៅ​នឹង​បញ្ហា​នេះ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃទី​១៤ ខែ​មីនា ថា ការ​លើកឡើង​របស់​លោក ស៊ីហាសាក់ ភួងកេតកែវ គឺ ជា​ការ​បោក​បញ្ឆោត​សហគមន៍​អន្តរជាតិ ព្រោះថា ថៃ​បាន និង​កំពុង​ធ្វើ​សកម្មភាព​បំពាន​មក​លើ​កម្ពុជា។

យោង​តាម ប្រភព​ពី​ទាហាន​ខ្មែរ បាន​អះអាង​ថា ទាហាន​ថៃ​បាន​កំពុង​ធ្វើ​សកម្មភាព​ឈ្លានពាន​ទឹកដី​កម្ពុជា​។ ជាក់ស្តែង​នៅ​តំបន់​អូរ​ស្មាច់​ពួកគេ​បាន​ទន្ទ្រាន​យក​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ ដោយ​ពួកគេ​បាន​ដាក់​ពង្រាយ​កម្លាំង​នៅ​តាម​អាគារ​កាស៊ីណូ និង​ទីតាំង​មួយចំនួន ហើយ​នៅពេល​មាន​ទាហាន ឬ​ប្រជាពលរដ្ឋ​ខ្មែរ​ដើរ​ឆ្លងកាត់ ទាហាន​ថៃ​នឹង​ស្រែក​គំរាម រហូតដល់​មានការ​បាញ់ប្រហារ​ពីលើ​អាគារ​ជាច្រើន​គ្រាប់ មក​លើ​កងកម្លាំង និង​ប្រជាពលរដ្ឋ​ខ្មែរ​ទៀត​ផង។

យ៉ាងណាក៏ដោយ គណបក្សប្រឆាំង បាន​រក​ឃើញ​ថា ក្នុង​សង្គ្រាម​២១​ថ្ងៃ​កន្លង​ទៅ គឺ​កម្ពុជា បាន​បាត់បង់​ទឹកដី​រហូតដល់​ជាង ៤៥​ទីតាំង ដែល​បណ្តាល​ឱ្យ​ប្រជាជន​ខ្មែរ​ជាង ១១​ម៉ឺន​នាក់ បាត់បង់​ដីធ្លី ទ្រព្យសម្បត្តិ និង​ផ្ទះសម្បែង ​ជាច្រើន​កន្លែង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ