កូនប្រុស​លោក ឈុត វុទ្ធី មិន​សង្ឃឹមថា​មាន​យុត្តិធម៌​សម្រាប់​ឪពុក​បើ​កម្ពុជា​មិន​មាន​មេដឹកនាំ​ថ្មី

0
126
រូបភាពទាមទារយុត្តិធម៌សម្រាប់​សកម្មជនព្រៃឈើ​លោក ឈុត វុទ្ធី។ រូប៖ ហ្វេសប៊ុក​ ឆឺយ ឧត្ដមរស្មី
រូបភាពទាមទារយុត្តិធម៌សម្រាប់​សកម្មជនព្រៃឈើ​លោក ឈុត វុទ្ធី។ រូប៖ ហ្វេសប៊ុក​ ឆឺយ ឧត្ដមរស្មី

កូនប្រុស​សកម្មជន​ព្រៃឈើ​លោក ឈុត វុទ្ធី ដែល​ត្រូវ​បាន​ឃាតករ​បាញ់សម្លាប់​កាលពី​១៤​ឆ្នាំមុន អះអាង​ថា ទាល់តែ​ប្រទេស​កម្ពុជា​មាន​មេដឹកនាំ​ថ្មី ជំនួស​គ្រួសារ​ត្រកូល​ហ៊ុន ទើប​គ្រួសារ​និង​ឪពុក​របស់​លោក​ទទួល​បាន​យុត្តិធម៌។ ចំណែក ក្រុម​អង្គការ​សង្គម​ស៊ីវិល ទាមទារ​ឲ្យ​រដ្ឋាភិបាល​បើក​ការស៊ើបអង្កេត​ឯករាជ្យ ដើម្បី​ចាប់​ជន​ដៃដល់​នៅ​ពីក្រោយ​ឃាតកម្ម​នេះ មក​ផ្ដន្ទាទោស​តាមច្បាប់។

កូនប្រុស​របស់​សកម្ម​ជន​ការពារ​ព្រៃឈើ​ដ៏​លេចធ្លោ​មួយ​រូប ដែល​ត្រូវ​ឃាតករ​បាញ់សម្លាប់​កាលពី​ឆ្នាំ​២០១២ និយាយ​ថា ទោះបីជា​រយៈពេល ១៤ ឆ្នាំ​មកនេះ យុត្តិធម៌​សម្រាប់​ឪពុក​របស់​លោក​នៅ​ឆ្ងាយ​ដូច​ជើងមេឃ​ក៏ដោយ លោក​ជឿជាក់​ថា គ្រួសារ​របស់​លោក​នឹង​ទទួល​បាន​យុត្តិធម៌ បើ​មានការ​ផ្លាស់ប្ដូរ​មេដឹកនាំ​ថ្មី​នៅ​ប្រទេស​កម្ពុជា។

អ្នកការពារ​ព្រៃឈើ​ដ៏​ល្បីល្បាញ​លោក ឈុត វុទ្ធី ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​នៅ​ស្រុក​មណ្ឌលសីមា ខេត្តកោះកុង កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១២ ពេល​លោក​ចុះ​ស៊ើបអង្កេត​និង​ថតរូប​សកម្មភាព​បទល្មើស​ព្រៃឈើ​ខុសច្បាប់ នៅ​តំបន់​ជួរ​ភ្នំក្រវាញ​ជាមួយ​អ្នកកាសែត​ពីរ​រូប​របស់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily)។

ទោះបីជា​សំណុំរឿង​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បិទ​បញ្ចប់​ហើយក៏​ដោយ ករណី​ឃាតកម្ម​នេះ​នៅតែ​ធ្វើ​ឲ្យ​មានការ​មើលឃើញ​ផ្សេងគ្នា រវាង​មន្ត្រី​រដ្ឋាភិបាល និង​អ្នកការពារ​សិទ្ធិមនុស្ស សកម្មជន​ព្រៃឈើ ព្រមទាំង​សមាជិកគ្រួសារ​ជនរងគ្រោះ អំពី​ដំណើរការ​ស្វែងរក​យុត្តិធម៌។

កូនប្រុស​លោក ឈុត វុទ្ធី គឺ​លោក ឆឺយ ឧត្តមរស្មី ប្រាប់​ទូរទស្សន៍​អាស៊ី​សេរី​នៅ​ថ្ងៃទី​២៧ ខែមេសា ថា រយៈពេល ១៤ ឆ្នាំនេះ ក្រុម​គ្រួសារ និង​អង្គការ​សង្គម​ស៊ីវិល តែងតែ​ជំរុញ​ឲ្យ​រដ្ឋាភិបាល ស្វែងរក​អ្នក​នៅ​ពីក្រោយ​ខ្នង នៃ​ឃាតកម្ម​លើ​ឪពុក​របស់​លោក ប៉ុន្តែ​រដ្ឋាភិបាល​ហាក់​មិន​អើពើ និង​មាន​ចេតនា​លាក់បាំង ឃាតកម្ម​នេះ​។ លោក​យល់ថា អ្នក​ដែល​បញ្ជា​ឲ្យ​បាញ់សម្លាប់​ឪពុក​របស់​លោក គឺជា​អ្នក​មាន​អំណាច កំពុងធ្វើការ​នៅក្នុង​ជួរ​រដ្ឋាភិបាល។

លោក ឆឺយ ឧត្តមរស្មី៖ «ខ្ញុំ​ជឿ​ថា អ្នក​ដែល​បញ្ជា​ឲ្យ​បាញ់​ហ្នឹង គឺ​សុទ្ធតែ​អ្នក​មាន​អំណាច ឬក៏​អ្នក​ដែល​កំពុងធ្វើការ​ក្នុង​ជួរ​រដ្ឋាភិបាល​។ ចំពោះ​ខ្ញុំ គឺ​ខ្ញុំ​អស់ជំនឿ​ចិត្ត​ជាមួយ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​ហ្នឹង​។ ឥឡូវ​ទោះបីជា​មានការ​ផ្លាស់ប្ដូរ​បេក្ខភាព​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឡើង​មក​ក៏ដោយ ក៏​មិន​មាន​ចេតនា​ក្នុង​ការ​រក​យុត្តិធម៌ ជូន​ពុក​ខ្ញុំ​ដែរ​។ អ៊ីចឹង​ហើយ ពួក​ខ្ញុំ​មិន​មាន​ក្ដី​សង្ឃឹម ចំពោះ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន ទេ ខ្ញុំ​សង្ឃឹមថា អនាគត​ហ្នឹង មានការ​ផ្លាស់ប្ដូរ​ក្បាលម៉ាស៊ីន ហ្នឹង​អាច​រក​យុត្តិធម៌​ជូន​ឪពុក​ខ្ញុំ​បាន»។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​សុំ​ការ​អត្ថាធិប្បាយ ជុំវិញ​រឿង​នេះ ពី​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោក ទូច សុឃៈ និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​ទេ នៅ​ថ្ងៃទី​២៧ ខែ​មេសា​។​

របាយការណ៍​របស់​កងរាជ​អាវុធហត្ថ​ខេត្ត​កោះកុង បង្ហាញថា ឃាតក​បាញ់សម្លាប់ លោក ឈុត វុទ្ធី គឺជា​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​ឈ្មោះ អ៊ិន រតនា ហើយ​នៅ​ក្រោយ​បាញ់សម្លាប់​លោក ឈុត វុទ្ធី រួចហើយ ឈ្មោះ អ៊ិន រតនា ក៏បាន​បាញ់​សម្លាប់​ខ្លួន ឯង​ចំនួន ២​គ្រាប់។

ទោះជា​យ៉ាងណា របាយការណ៍​នេះ មិន​ស៊ីសង្វាក់​គ្នា​ជាមួយ​អង្គហេតុ ក្នុង​សាលក្រម​របស់​តុលាការ ខេត្តកោះកុង ដែល​ចេញ​នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១២ ឡើយ​។ តុលាការខេត្ត​នេះ រក​ឃើញ​បុរស​ម្នាក់ទៀត គឺ​លោក រ៉ាន់ បូរ័ត្ន ជា​សន្តិសុខ​ក្រុមហ៊ុន ធីមប៊ឺ ហ្គ្រីន (Timber Green) ដែល​ត្រូវ​បាន​តុលាការ​កាត់​ឲ្យ​មានទោស​ជាប់ពន្ធនាគារ ២​ឆ្នាំ។

តុលាការ​ខេត្តកោះកុង ថា លោក រ៉ាន់ បូរ័ត្ន ជា​អ្នក​កេះកៃ​កាំភ្លើង បាញ់សម្លាប់​ប៉េអិម ឈ្មោះ អ៊ិន រតនា ដោយ​អចេតនា ក្រោយ​លោក អ៊ិន រតនា បាន​បាញ់សម្លាប់​លោក ឈុត វុទ្ធី។ សន្តិសុខ​ក្រុមហ៊ុន ធីមប៊ឺ ហ្គ្រីន លោក រ៉ាន់ បូរ័ត្ន ត្រូវ​បាន​តុលាការ​តម្រូវ​ឱ្យ​ជាប់គុក​តែ ៦​ខែ ប៉ុណ្ណោះ រួច​ដោះលែង​ឲ្យ​មាន​សេរីភាព​នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១២ ហើយ​ព្យួរទោស​ដែល​នៅ​សេសសល់។

ក្រុមហ៊ុន ធីមប៊ឺ ហ្គ្រីន នេះ ទទួល​បាន​សិទ្ធិ​កាប់​ព្រៃ​សម្អាត​បាត​អាង ដើម្បី​ធ្វើ​ទំនប់ វារីអគ្គិសនី​តាតៃ នៅក្នុង​ស្រុក​ថ្មបាំង ខេត្តកោះកុង​។ មានការ​ចុះផ្សាយ​ពី​បណ្ដាញ​ព័ត៌មាន​ខ្លះ​ថា ក្រុមហ៊ុន​នេះ ជា​របស់​អ្នកឧកញ៉ា ទ្រី ភាព​។ ប៉ុន្តែ​មាន​របាយការណ៍​ខ្លះ​ថា ក្រុមហ៊ុន​នេះ ជា​របស់​អ្នកស្រី ខៀវ សស៊ីលាភ និង​មន្ត្រី​យោធា​ឈ្មោះ ហួរ ហាប់​ ទោះបីជា​ក្រុមហ៊ុន​នេះ ជា​របស់​អ្នកណា​ក្នុងចំណោម​អ្នក​ទាំង​បី​ក៏ដោយ ក៏​បុគ្គល​ទាំងនេះ សុទ្ធតែ​ជា​មនុស្ស​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​លោក ហ៊ុន សែន។

ខួប ១៤ ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​នាំគ្នា រម្លឹក​នូវ​វីរៈភាព​របស់​លោក​នៅ​លើ​បណ្ដាញ​សង្គម ដោយ​បង្ហោះ​រូបថត និង​ភ្ជាប់​សារ​ទាមទារ​យុត្តិធម៌​ជូន​លោក ឈុត វុទ្ធី។

ពួកគេ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​បើក​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ និង​បញ្ចប់​វប្បធម៌​និទ្ទណ្ឌភាព និង​យក​អ្នក​ដែល​ទទួលខុសត្រូវ រាល់​ករណី​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ទាំងអស់ ព្រមទាំង​ករណី​អ្នកការពារ​សិទ្ធិមនុស្ស​ដូចជា​លោក ឈុត វុទ្ធី ផង​ដែរ មក​ផ្ដន្ទាទោស​តាម​ច្បាប់។

រីឯ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ក៏បាន​ចេញផ្សាយ​អត្ថបទ​ខ្លី​មួយ កាល​ពី​ថ្ងៃទី​២៦ ខែ​មេសា លើកឡើង​ថា យុត្តិធម៌ ទោះ​យូរ​ប៉ុណ្ណា ក៏​នៅតែ​រង់ចាំ។

លីកាដូ​ថា ការ​ស្លាប់​របស់ លោក វុទ្ធី និង​ការ​គំរាមកំហែង​ដល់​សកម្មជន​បរិស្ថាន​នៅតែ​បន្ត​កើតមាន​ឡើង​ជាង​មួយ​ទសវត្សរ៍​ហើយ ខណៈ​សកម្មជន​បរិស្ថាន ៥ រូប នៃ​ចលនា​មាតា​ធម្មជាតិ កំពុង​ជាប់ទោស​ក្នុង​ពន្ធនាគារ​ជាច្រើន​ឆ្នាំ ព្រោះ​សកម្មភាព​តស៊ូ​មតិ​ក្នុង​កិច្ចការ​ការពារ​បរិស្ថាន និង​សកម្មជន​មួយ​រូប​ទៀត គឺ​លោក អ៊ុក ម៉ៅ ក៏ កំពុង​ជាប់​បណ្ដឹង​ជាច្រើន​នៅ​តុលាការ ដែល​បណ្តឹង​ទាំងនោះ ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​បង្អាក់​នូវ​សកម្មភាព​ក្នុង​កិច្ចការ​ការពារ​បរិស្ថាន​របស់​លោក។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត លើកឡើង​ថា នៅក្នុង​អំពើ​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី ទោះបី​ជា​មាន​យុវជន​ម្នាក់​ឈ្មោះ រ៉ាន់ បូរ័ត្ន ត្រូវ​បាន​តុលាការ​ខេត្តកោះកុង​កាត់ទោស ពាក់ព័ន្ធ​ករណី​បាញ់សម្លាប់​យោធា​ឈ្មោះ អ៊ិន រតនា ដែល​បាន​សម្លាប់​លោក ឈុត វុទ្ធី ក៏ដោយ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ មើល​ឃើញ​ថា ការស៊ើបអង្កេត​លើ​សំណុំ​រឿង​នេះ នៅ​មិនទាន់​ច្បាស់លាស់​នៅឡើយ ពីព្រោះ​របាយការណ៍​ស៊ើបអង្កេត​នៃ​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី មានការ​ប្រែប្រួល​ច្រើន។

លោក អំ សំអាត៖ «អ៊ីចឹង​អង្គការ​សង្គម​ស៊ីវិល នៅតែ​អំពាវនាវ​ទៅដល់​អាជ្ញាធរ ក៏ដូចជា​រដ្ឋាភិបាល​បន្ត​នូវ​ការស៊ើបអង្កេត ទៅលើ​ករណី​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី នេះ ដើម្បី​រក​យុត្តិធម៌​ពេញលេញ​ជូន​លោក ឈុត វុទ្ធី និង​ក្រុម​គ្រួសារ ក៏ដូចជា​អ្នក​ពាក់ព័ន្ធ​យក​ទៅ​អនុវត្ត​តាមផ្លូវ​ច្បាប់ ដើម្បី​បំបាត់​នូវ​និទ្ទណ្ឌភាព ក៏ដូចជា បង្កើន​នៅ​ភាព​យុត្តិធម៌​សម្រាប់​លោក ឈុត វុទ្ធី និង​ក្រុម​គ្រួសារ»។

ជាមួយ​គ្នា​នេះ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​លោក សេង សុវឌ្ឍនា និយាយ​ក្នុង​អត្ថបទ​ខ្លី​ថា អាជ្ញាធរ​ត្រូវតែ​ខិតខំ​ធ្វើ​យ៉ាងណា ដើម្បី​បញ្ឈប់​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ការពារ​អ្នកការពារ​សិទ្ធិមនុស្ស​ពី​ការ​ធ្វើទុក្ខបុកម្នេញ​នានា។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​រដ្ឋាភិបាល ឬ​អាជ្ញាធរ បញ្ឈប់​ការ​រំលោភបំពាន និង​បំភិតបំភ័យ​លើ​សកម្មជន​ការពារ​បរិស្ថាន​និង​ព្រៃឈើ ព្រមទាំង​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​នៃ​ចលនា​មាតា​ធម្មជាតិ​ជាបន្ទាន់ និង​ឥត​លក្ខខណ្ឌ ដោយ​ថា កិច្ចការពារបរិស្ថាន មិនមែន​ជា​បទល្មើស​នោះ​ទេ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ