

មន្ត្រីខេត្តប៉ៃលិនបានអះអាងថា តំបន់ភូមិសាស្ត្ររាងក្រចកសេះ ស្ថិតក្នុងខេត្តប៉ៃលិន ជាប់នឹងខេត្តចន្ទបុរី របស់ថៃ ដែលជាទីតាំងដែលយោធាថៃបានប្រកាសបាត់ទង់ជាតិ គឺជាទឹកដីកម្ពុជាដែលយោធាថៃបានដណ្ដើមកាន់កាប់ក្នុងអំឡុងឆ្នាំ២០១៩។ ប្រភពបន្តថា យោធាថៃបានឈ្លានពានទឹកដីខ្មែរតាមរយៈការប្ដូរទិសដៅចរន្តទឹកហូរ ធ្វើឱ្យអូរធម្មជាតិដែលភាគីទាំងពីរបានកំណត់យកជាខ្សែបន្ទាត់ព្រំដែន បានប្ដូរទីតាំងចូលមកក្នុងទឹកដីកម្ពុជា។
ខុសពីតំបន់តាមបណ្ដោយព្រំដែនខេត្តព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ និងពោធិ៍សាត់ ដែលត្រូវយោធាថៃចូលឈ្លានពានដោយប្រើប្រាស់អាវុធ ចំណែកឯតំបន់ក្នុងព្រំដែនខេត្តប៉ៃលិន វិញ ត្រូវយោធាថៃចូលកាន់កាប់ ដោយគ្មានការផ្ទុះអាវុធសូម្បីមួយគ្រាប់នោះឡើយ។
ជាក់ស្ដែងនៅក្នុងតំបន់ជ្រលងភ្នំក្បាលដំរី ស្ថិតក្នុងភូមិបរតាំស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ដែលជាប់នឹងស្រុកពោងណាំរ៉ន (Pongnamron) ខេត្តចន្ទបុរី(Chanthaburi) របស់ថៃ យោធាថៃបានចូលឈូសឆាយ និងតាំងមូលដ្ឋានទ័ពយ៉ាងរឹងមាំ។ តំបន់នេះត្រូវយោធាថៃចូលកាន់កាប់ និងសាងសង់ដងទង់ជាតិ ដោយភាគីថៃបានសំអាងទៅលើអូរធម្មជាតិ រាងក្រចកសេះដែលភាគីកម្ពុជា និងថៃបានកំណត់យកមកធ្វើជាខ្សែព្រំដែនបណ្ដោះអាសន្ន។
ទោះជាបែបនេះក្ដី មន្ត្រីប្រចាំការនៅតំបន់ព្រំដែនខេត្តប៉ៃលិន ម្នាក់ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា តំបន់ដែលយោធាថៃចូលកាន់កាប់នេះ កាលដើមឡើយមានអូរចំនួនពីរជាន់ ដោយអូរទីមួយដែលមានសណ្ឋានត្រង់ គឺជាបន្ទាត់ព្រំដែន និងអូរទីពីរបានកើតឡើងដោយសារចរន្តទឹកធ្លាក់ពីលើភ្នំក្បាលដំរី ស្ថិតក្នុងទឹកដីកម្ពុជា។ ក៏ប៉ុន្តែ លោកបន្តថា ក្នុងអំឡុងឆ្នាំ២០១៩ ភាគីថៃបានបិទខ្ទប់អូរទីមួយ ដែលជាខ្សែបន្ទាត់ព្រំដែន ដែលធ្វើឱ្យចរន្តទឹកហូរកាត់អូរទីពីរក្នុងទឹកដីកម្ពុជា។ មន្ត្រីរូបនេះអះអាងទៀតថា ក្នុងអំឡុងមុនផ្ទុះសង្គ្រាមតាមព្រំដែនជាលើកទីពីរ យោធាថៃបានចូលមកឈូសឆាយ ជីកស្រះ និងសាងសង់ដងទង់ជាតិក្នុងតំបន់នេះ ដោយគ្មានការជំទាស់ និងរារាំងពីភាគីកម្ពុជានោះឡើយ។
ក្រោយមក នៅថ្ងៃទី១៨ ខែមេសា យោធាថៃបានប្រកាសបាត់ទង់ជាតិ នៅតំបន់ក្រចកសេះនេះ។ យោធាជើងទឹកថៃ បានយករឿងនេះមកធ្វើជាលេសឡាំប៉ា និងចោទប្រកាន់មកលើកម្ពុជា ថាជាអ្នកលួចទង់ជាតិថៃ។ យោធាថៃបានហៅមេបញ្ជាការទាហានខ្មែរមកសាកសួរ និងគំរាមឆ្លើយតបដោយកម្លាំងយោធា ប្រសិនបើរកឃើញថា កងទ័ពខ្មែរបានចូលមកលួចទង់ជាតិថៃ ក្នុងតំបន់ដែលយោធាថៃអះអាងថា ជាទឹកដីរបស់ថៃ។
ក្រោយពីចោទប្រកាន់ និងគំរាមកម្ពុជាហើយ យោធាថៃបានធ្វើសកម្មភាពរាយបន្លាលួស និងដាក់កម្លាំងការពារបន្ថែម នៅក្បែរតំបន់ជ្រលងភ្នំក្បាលដំរី ដែលយោធាថៃដណ្ដើមបានពីកម្ពុជា។ ជាមួយគ្នានេះ យោធាថៃប្រកាសអំពីការអនុវត្តយុទ្ធសាស្ត្រពង្រាយកម្លាំងយោធានេះ នៅតាមបណ្ដោយព្រំដែនកម្ពុជា ចាប់ពីតំបន់ខេត្តប៉ៃលិន រហូតដល់ខេត្តបាត់ដំបង ផងដែរ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៤ ខែមេសា។ ចំណែកទីបញ្ជាការយោធភូមិភាគទី៥ ក៏មិនបានចេញលិខិតបកស្រាយបញ្ហានេះនោះដែរ។
ក្រៅពីតំបន់រាងដូចក្រចកសេះ នៅភូមិបរតាំស៊ូ នេះ យោធាថៃបានចូលឈ្លានពាន និងកាន់កាប់ទឹកដីខ្មែរជាច្រើនទីតាំងទៀត កាលពីជាង ១០ឆ្នាំមុន ដូចជា នៅតំបន់បង្គោលកំណត់ព្រំដែនឡាក់លេខ៦៧ ក្នុងចំណុចទួលរំដេង ភ្នំឡាក់៦៧ យោធាថៃបានរំកិលព្រំដែនចូលមកក្នុងដីកម្ពុជាប្រមាណជាង ២គីឡូម៉ែត្រ។ ចំណែកនៅទីតាំងបង្គោលលេខ៦៦ និងបង្គោលឡាក់លេខ៦៧ យោធាថៃបានរំកិលចូលក្នុងទឹកដីកម្ពុជា និងរឹបអូសយកដីចម្ការរបស់ពលរដ្ឋខ្មែរ អស់រាប់ពាន់ហិកតារ។

អ្នកស្រុកនៅតំបន់ បរយ៉ាខា អះអាងថា ការណ៍ដែលយោធាថៃ អាចរំកិលព្រំដែន និងចូលកាន់កាប់ទឹកដីកម្ពុជានៅកាលនោះ គឺដោយសារកងកម្លាំងការពារព្រំដែនរបស់កម្ពុជា មានគោលជំហរទន់ជ្រាយ និងតែងតែអះអាងថា ទីតាំងទាំងនោះ គឺជាតំបន់ស ខណៈយោធាថៃ បានចាត់ទុកតំបន់ទាំងនោះ ថាជាទឹកដីរបស់ពួកគេ។
ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន ជំរុញឱ្យមេដឹកនាំកម្ពុជា ត្រូវតែសើរើតំបន់បង្គោលព្រំដែន ដែលបន្សល់ទុកពីអាណានិគមបារាំងឡើងវិញ។ លោកបន្តថា កម្ពុជាមិនអាចយកផ្លូវទឹក មកធ្វើជាខ្សែបន្ទាត់ព្រំដែនជាមួយថៃបានឡើយ ព្រោះវាគ្មានភាពច្បាស់លាស់ និងសុក្រឹតនោះឡើយ។
«មិនមែនឃើញអូរហ្នឹងហើយ កំណត់ខ្សែបន្ទាត់ព្រំដែនទៅតាមអូរហ្នឹងទេ ព្រោះវាអាចប្រែប្រួលដោយសារមនុស្សចាក់លុបបំពេញ។ ដូចជាថៃចង់ឈ្លានពាន គេលុបអូរហ្នឹងចោល ដើម្បីឈ្លានពានទឹកដីខ្មែរ។ ដូច្នេះគេមិនសំអាងទៅលើអូរហ្នឹងទាំងស្រុង សម្រាប់ការកំណត់ព្រំដែននោះទេ»
ក្នុងសង្គ្រាមនៅតាមព្រំដែនជាលើកទី២ កម្ពុជាបានបាត់បង់ទីតាំងជ័យភូមិក្នុងតំបន់ខ្ពស់ រួមទាំងប្រាសាទបុរាណជាច្រើន ទៅកាន់ភាគីថៃ។ ទោះជាយ៉ាងណា ក្រោយពីបានផ្អាកសង្គ្រាមហើយក៏ដោយ ក៏កម្ពុជានៅតែបន្តបាត់បង់ទឹកដីនៅតាមព្រំដែនជាច្រើនទីតាំងទៀត ដោយសារភាគីថៃ បានរាយបន្លាលួស និងតម្រៀបទូកុងតឺន័រព័ទ្ធយក។
យ៉ាងណាក៏ដោយចុះ ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានចាត់ទុកការបាត់បង់ទឹកដីតាមព្រំដែននេះ ប្រៀបដូចជារបួសកូនដៃមួយ ខណៈយោធាថៃ គ្រាន់តែបាត់ទង់ជាតិមួយសោះ ដល់ថ្នាក់យកកម្លាំងទ័ពមកព្រមានលើកម្ពុជាឆៅៗតែម្ដង៕







