សកម្មជន​សង្គម​លោក ធី ថន និង​សកម្មជន​នយោបាយ ២​នាក់​ទៀត​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ និង​ដោះលែង​ពួកគេ

0
44
សកម្មជន​សង្គម​លោក ធី ថន (លើកដៃនៅក្នុងរថយន្តពេលនាំមកសវនាការ) កាល​ពីថ្ងៃទី២៧ ខែ​ឧសភា ឆ្នាំ​២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
សកម្មជន​សង្គម​លោក ធី ថន (លើកដៃនៅក្នុងរថយន្តពេលនាំមកសវនាការ) កាល​ពីថ្ងៃទី២៧ ខែ​ឧសភា ឆ្នាំ​២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សកម្មជន​សង្គម​លោក ធី ថន និង​សកម្មជន​នយោបាយ ២​នាក់​ទៀត​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ និង​ដោះលែង​ពួកគាត់​ឲ្យ​មាន​សេរីភាព​វិញ ដោយ​អះអាង​ថា ពួកគាត់​មិនបាន​ប្រព្រឹត្ត​បទល្មើស​«​រួមគំនិត​ក្បត់​» ដូច​ការចោទប្រកាន់​ឡើយ​។ សង្គម​ស៊ីវិល សង្ឃឹមថា តុលាការ នឹង​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព ខណៈ​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ CLV-DTA ដែល​ជា​ដើមចម​នាំ​ឱ្យ​កើតមាន​បទ​ចោទ​នោះ រដ្ឋាភិបាល​ក៏បាន​លុបចោល​រួចហើយ​ដែរ។

មេធាវី​ការពារ​ក្ដី​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ សង្ឃឹម​ថា តុលាការ​នឹង​ពិចារណា ដោយ​លើកលែង​ការចោទប្រកាន់ និង​ដោះលែង​កូនក្ដី​ឲ្យ​មាន​សេរីភាព​វិញ។

ការ​លើកឡើង​នេះ បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២៧ ខែ​ឧសភា បាន​បើកសវនាការ​សំណុំរឿង​សកម្មជន​សង្គម លោក ធី ថន និង​សកម្មជន​នយោបាយ លោក មាន ចាន់ថុន និង​អ្នកស្រី ស៊ឹង គន្ធា ពី​បទ «​រួមគំនិត​ក្បត់​» ពាក់ព័ន្ធ នឹង​គម្រោង​តំបន់ត្រីកោណ អភិវឌ្ឍន៍​កម្ពុជា ឡាវ និង​វៀតណាម។

លោក​មេធាវី សឺន ជុំជួន ប្រាប់​អ្នកសារព័ត៌មាន បន្ទាប់ពី​បញ្ចប់​សវនាការ​ថា តុលាការ​មិន​ទាន់​កំណត់​ថ្ងៃ​ប្រកាស​សាលក្រម​នៅ​ឡើយ ដោយ​ថា នឹង​ជូន​ដំណឹង​នៅពេល​ក្រោយ។ លោក​ស្នើ​ឲ្យ តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់​ពីព្រោះ​ភស្តុតាង ដែល​ចោទប្រកាន់​កូនក្ដី​ពី​បទ​«​រួមគំនិត​ក្បត់​» គឺ​មាន​គំលាត​ឆ្ងាយ មិន​ដូច​ការចោទប្រកាន់​របស់​តំណាង​អយ្យការ​ឡើយ។

លោក​មេធាវី សឺន ជុំជួន៖ «តាម​ខ្ញុំ​ជា​មេធាវី​ដែល​យើង​ស្ដាប់​យ៉ាង​ប្រុងប្រយ័ត្ន ហើយ​មាន ការ​សួរដេញដោល​គ្នា​ទៅវិញទៅមក​ហ្នឹង ឃើញថា សកម្មភាព​ដូច​ជា​មាន​គម្លាត​ឆ្ងាយ ហើយ​ហ្នឹង ភស្តុតាង​ដែល​ទាក់ទង​នឹង​បទ​ចោទ។ អ៊ីចឹង វា​មិន​ស្ថិត​នៅ​ក្នុង​អ្វី ដែល​ជា​បទ​ចោទ​របស់​តំណាង​អយ្យការ​ទេ។ សម្រាប់​ខ្ញុំ​ជា​មេធាវី ដែល​ពិចារណា វិភាគ​ទៅលើ​សំណុំរឿង​វិភាគ​ទៅលើ​ភស្តុតាង វិភាគ​ទៅលើ​អង្គហេតុ​ជាក់ស្ដែង។ អ៊ីចឹង​ហើយ បាន​យើង​ជា​មេធាវី​ស្នើសុំ​ឲ្យ​តុលាការ​ពិចារណា ដើម្បី​ឲ្យ​ពួកគាត់​រួច ផុត​ពី​បទ​ចោទ​…​។ ប៉ុន្តែ​បើសិន​ពិចារណា អាច​ឃើញថា ពួកគាត់​អាច​ស្ថិត​នៅ​ក្នុង​បទល្មើស​អ្វី​ផ្សេង មិនមែន​ជា​បទល្មើស​រួមគំនិត​ក្បត់​ទេ សូម​ឲ្យ​ពិចារណា​ទៅលើ ចំណុច​នេះ ទី​១ ស្នើសុំ​ឲ្យ​ពិចារណា​ទៅលើ​បទ​ចោទ ទី​២ ស្នើសុំ​ឲ្យ​ពិចារណា​ទៅ លើ​ធាតុ​ផ្សំ​នៃ​បទល្មើស»។

លោក​មេធាវី សឺន ជុំជួន បន្ត​ថា កូនក្ដី​របស់​លោក​ម្នាក់ គឺ​លោកស្រី ស៊ឹង គន្ធា កំពុង​មាន​ជំងឺលើសឈាម អាច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ពីព្រោះ​អំឡុង​ពេល​សវនាការ​នៅ​ថ្ងៃ​នេះ លោកស្រី​ឈរ​ស្ទើរតែ​មិនកើត។

មេធាវី សឺន ជុំជួន៖ «កូនក្ដី​ខ្ញុំ​មាន​ម្នាក់​ឈ្មោះ ស៊ឹង គន្ធា ក៏​គាត់​មាន​វ័យ​ចំណាស់​គួរ​សម​ដែរ ហើយ​មាន​បញ្ហា​សុខភាព នៅក្នុង​សវនាការ​សឹងតែ​ឈរ​មិនបាន​ផង តុលាការ​អនុញ្ញាត​ឲ្យ​គាត់​អង្គុយ ដើម្បី​ផ្ដល់​ជា​ចម្លើយ ឬក៏​សំណូមពរ​អី​ផ្សេងៗ ដោយសារតែ​គាត់​មាន​ជំងឺលើសឈាម ។ អ៊ីចឹង​វា​ជា​ហានិភ័យ​មួយ​ដែរ បើសិនជា យើង​ទប់ស្កាត់​មិន​បានទេ វា​អាច​ហានិភ័យ​ដល់​ជីវិត​របស់​គាត់»។

ឪពុក​របស់​លោក ធី ថន គឺ​លោក មឿន ធី លើកឡើង​ថា ការ​ឃុំខ្លួន​កូនប្រុស​ជិត ២ ឆ្នាំ​មកនេះ គឺ​ដើម្បី​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព មិន​ឲ្យ​បញ្ចេញ​មតិ​តែប៉ុណ្ណោះ។

លោក មឿន ធី៖ «ការ​ស្នើសុំ​ច្រើនដង​ហើយ ឡើង​សវនាការ​ម្ដង ទៅ​ស្នើសុំ​ម្ដង អ៊ីចឹង​ទៅ​គេ​បដិសេធ ហើយ​នៅ​ឃុំ​បន្តៗ​អ៊ីចឹង​ទៅ។ អ៊ីចឹង​រឿងរ៉ាវ មិនដឹង​រឿង​អី មួយ​ឲ្យ​ពិតប្រាកដ រឿង​អី​មួយ​ដែល​កំបាំង​ក្នុង​រឿង​ហ្នឹង អត់​បាន​សម្ដែង​ថា រឿង​នេះ ខុស​បទ​នេះ ដែល​ពិតប្រាកដ​អត់​មាន​ទេ​។ អ៊ីចឹង​មានតែ​ការ​ឃុំ​ឃាំង​នេះ គ្រាន់តែ បិទ​មតិ​កុំ​ឲ្យ​តវ៉ា​តែ​ប៉ុណ្ណឹង»។

លោក ធី ថន គឺជា​ប្រធាន​ស្ដីទី នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ។ លោក​ត្រូវ​បាន​សមត្ថកិច្ច​ក្រុងភ្នំពេញ​ចាប់ខ្លួន កាលពី​ខែ​សីហា ឆ្នាំ​២០២៤ និង​ត្រូវ​បាន​ចោទ ប្រកាន់​ពី​បទ «​រួមគំនិត​ក្បត់​»​តាម​មាត្រា​៤៥៣​នៃ​ក្រមព្រហ្មទណ្ឌ ខណៈ​សកម្មជន​នយោបាយ​លោកស្រី ស៊ឹង គន្ធា និង​លោក មាន ចាន់ថុន ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន និង​បញ្ជូន​ពី​ប្រទេស​ថៃ មក​កម្ពុជា​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២៤។ ពួកគាត់ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​«​រួមគំនិត​ក្បត់​» ដោយសារ​ការ​បញ្ចេញមតិ​រិះគន់​ពី​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ​កម្ពុជា​-​ឡាវ និង​វៀតណាម CLV-DTA។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ដែល​តាមដាន​សវនាការ​នេះ លើកឡើង​ថា សវនាការ​សួរដេញដោល​ករណី​លោក ធី ថន គឺ​មិន​មាន​ភស្តុតាង​ដាក់បន្ទុក ឬ​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ឡើយ។

លោក អំ សំអាត៖ «ក្នុង​រឿង​នេះ គឺ​យើង​សង្ឃឹមថា លោក​ចៅក្រម​នឹង​ពិនិត្យ​ពិចារណា​ទៅលើ​អង្គហេតុ និង​អង្គច្បាប់ ហើយនឹង​គោលការណ៍ នៃ​ច្បាប់​អ្នក ដែល​មិនបាន​ប្រព្រឹត្ត​គឺ​ត្រូវតែ​រួចខ្លួន​។ ទាក់ទង​រឿង CLV នេះ បើ​យើង​មើលទៅ កន្លងមក គឺ​យើង​ឃើញ​មាន​មនុស្ស​ជាច្រើន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿង CLV​នេះ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ​ហើយ​បើ​យើង​និយាយ​រឿង CLV​នេះ ទាំង​រដ្ឋសភា រដ្ឋាភិបាល បានសម្រេច​ដកខ្លួន​ចេញពី CLV​នេះ​រួច ទៅ​ហើយ​។ អ៊ីចឹង អ្នក​ដែល​ពាក់ព័ន្ធ​នឹង​រឿង CLV នេះ គួរតែ​ដោះលែង​ឲ្យ​មាន​សេរីភាព​ដូចគ្នា»។

ទោះបីជា​អាជ្ញាធរ ចាប់ខ្លួន​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ ទាក់ទង​នឹង​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ​កម្ពុជា ឡាវ និង​វៀតណាម​ក៏ដោយ ក្រោយ​ការ​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ ទាំង​ក្នុង​និង​ក្រៅប្រទេស រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត បានសម្រេច លុបចោល​គម្រោង​អភិវឌ្ឍន៍​ត្រីភាគី​នេះ​វិញ ប៉ុន្តែ​តុលាការ​មិនបាន​ដោះលែង អ្នក​ដែល​រិះគន់​ពី​គម្រោង CLV ឲ្យ​មាន​សេរីភាព​វិញ​នោះ​ទេ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ