អាមេរិក​ជំរុញ​ឱ្យ​កម្ពុជា​បង្ក្រាប​អ្នក​នៅ​ពីក្រោយ​បណ្ដាញ​ឆបោក​អនឡាញ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់

0
59
សមត្ថកិច្ច​បង្ក្រាប​​ទីតាំង​ឆបោក​តាម​អនឡាញ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ កាល​ពី​ថ្ងៃ​ទី២២ ខែមេសា
សមត្ថកិច្ច​បង្ក្រាប​​ទីតាំង​ឆបោក​តាម​អនឡាញ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ កាល​ពី​ថ្ងៃ​ទី២២ ខែមេសា
សមត្ថកិច្ច​បង្ក្រាប​​ទីតាំង​ឆបោក​តាម​អនឡាញ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ កាល​ពី​ថ្ងៃ​ទី២២ ខែមេសា
សមត្ថកិច្ច​បង្ក្រាប​​ទីតាំង​ឆបោក​តាម​អនឡាញ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ កាល​ពី​ថ្ងៃ​ទី២២ ខែមេសា ២០២៦។ រូប៖ បណ្ដាញសង្គម

សហរដ្ឋអាមេរិក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ពន្លឿន​យុទ្ធនាការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ និង​ធានា​ថា មេខ្លោង ព្រមទាំង​ប្រតិបត្តិ​ការ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បាន​ចាប់ខ្លួន និង​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​។ អ្នកឃ្លាំមើល​លើកឡើង​ថា សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​លោក​សេរី​ធំៗ​នៅ​មិន​ទាន់​មាន​ទំនុកចិត្ត​លើ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នៅឡើយ ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា​គ្មាន​ឆន្ទៈ​ស៊ើបអង្កេត និង​អនុវត្ត​ច្បាប់​លើ​ក្រុម​ឧកញ៉ា និង​ឈ្មួញ​គ្រាក់ៗ ដែល​រង​ការ​ចោទប្រកាន់​ថា កាង​ពីក្រោយ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ។

កម្ពុជា និង​សហរដ្ឋអាមេរិក​បាន​ប្រកាស​ពី​ការ​ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ ដើម្បី​រុះរើ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ និង​ការ​លើកកម្ពស់​ភាពជា​ដៃគូ​រវាង​ស្ថាប័ន​អនុវត្ត​ច្បាប់​នៃ​ប្រទេស​ទាំងពីរ។

ការ​ប្ដេជ្ញា​នេះ​ធ្វើឡើង​នៅក្នុង​ជំនួប​រវាង​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា លោក ឆៃ ស៊ីណារិទ្ធ និង​ភារធារី​សហរដ្ឋអាមេរិក អ្នកស្រី អាឡិចស៍ ហ្ស៊ីតថល (Aleks Zittle) កាលពី​ថ្ងៃទី​១៥ ខែកក្កដា​។ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ឱ្យ​ដឹង​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ក្នុង​ជំនួប​នេះ​គឺ​ផ្ដោត​សំខាន់​លើ​កិច្ចពិភាក្សា ដើម្បី​ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​ក្នុង​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជាពិសេស​អំពើ​ឆបោក​អនឡាញ ដែល​ក្រុម​ជនល្មើស​កំណត់​គោលដៅ​លើ​ពលរដ្ឋ​អាមេរិក។

ក្នុង​ជំនួប​នោះ ភារធារី​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា អ្នកស្រី អាឡិចស៍ ហ្ស៊ីតថល (Aleks Zittle) បាន​ទទួល​ស្គាល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​គណៈកម្មការ​ក្នុង​ការ​បង្ក្រាប​មជ្ឈមណ្ឌល​ឆបោក​តាម​អន​ឡាញ​ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមក​។ ទន្ទឹម​គ្នា​នេះ អ្នកស្រី​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពន្លឿន​យុទ្ធនាការ​នេះ​បន្ថែម​ទៀត ដោយ​ធានា​ថា ទាំង​អ្នក​ប្រតិបត្តិការ និង​មេខ្លោង​នៅ​ពីក្រោយ​បណ្ដាញ​ឆបោក​តាម​អនឡាញ ត្រូវ​បាន​នាំ​ខ្លួន​មក​ទទួលខុសត្រូវ និង​ផ្ដន្ទាទោស​ស្របតាម​ច្បាប់។

ជា​ការ​ឆ្លើយតប ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា លោក ឆៃ ស៊ីណារិទ្ធ អះអាង​ថា រដ្ឋាភិបាល​នឹង​បន្ត​អនុវត្ត​យុទ្ធនាការ​បោសសម្អាត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ជា​បន្តបន្ទាប់ និង​ដោយ​ម៉ឺងម៉ាត់​។ លោក​បញ្ជាក់​ថា អាជ្ញាធរ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​យ៉ាង​តឹងរ៉ឹង​ចំពោះ​មេខ្លោង អ្នកសមគំនិត អ្នក​ប្រព្រឹត្ត និង​អ្នកផ្ដល់​មធ្យោបាយ ឬ​សម្របសម្រួល​ដល់​សកម្ម​ភាព​ឧក្រិដ្ឋកម្ម ស្របតាម​ច្បាប់​ជា​ធរមាន។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើង​ថា សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ នៅតែ​មិន​ទាន់​មាន​ទំនុកចិត្ត​លើ​យុទ្ធនាការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡាញ​របស់​រដ្ឋាភិបាល​កម្ពុជា​នៅឡើយ​។ លោក​យល់​ថា មូលហេតុ​សំខាន់ គឺ​ដោយសារ​ការ​បង្ក្រាប​ធ្វើឡើង​បែប «​វែក​ចក​» មិន​ចំ​មេខ្លោង​ពិតប្រាកដ ដែល​ធ្វើ​ឱ្យ​បណ្ដាញ​ឧក្រិដ្ឋជន​ផ្លាស់​ទីតាំង​ប្រតិបត្តិការ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​។ លោក​បន្ថែម​ថា រដ្ឋាភិបាល​ក៏​មិនបាន​បង្ហាញ​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ស៊ើបអង្កេត​លើ​មន្ត្រី និង​អ្នកជំនួញ​មាន​ងារ​ជា​ឧកញ៉ា​មួយចំនួន ដែល​រង​ការចោទប្រកាន់​ឈរ​កាង​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នោះ​ដែរ។

លោក ស៊ឹង សែនករុណា៖ «បើសិនជា​ការ​សហការ​ដោយ​សន្តិវិធី ចាត់វិធានការ​ទៅលើ​អ្នក​ដែល​មាន​អំណាច​នៅ​ពី​ក្រោយខ្នង​អី​ទាំង​អស់ហ្នឹង​មិនទាន់​ចាត់វិធានការ​បាន អ៊ីចឹង​សហរដ្ឋអាមេរិក​នៅតែ​មិន​មាន​ទំនុកចិត្ត​ទៅលើ​ការ​បង្ក្រាប​ឆបោក​អនឡាញ​ហ្នឹង​ដដែល​ទេ ប៉ុន្តែ​បើសិនជា​ចាត់វិធានការ​ដែល​គេ​អាច​ជឿជាក់​បាន អាហ្នឹង​ទើប​អាច​បញ្ចប់​បាន​។ ទន្ទឹម​នឹង​កិច្ច​សហប្រតិបត្តិការ​នេះ ខ្ញុំ​ជឿជាក់​ថា កម្ពុជា​ក៏​ពិបាក​ក្នុង​ការ​ដកឃ្លា​យក​លេស ឬក៏​ហេតុផល​មិន​ចាត់វិធានការ​ដែរ ពីព្រោះ​បើសិនជា​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ការ​សហការ​ធ្វើការ​ស៊ើបអង្កេត​អី​ទាំងអស់​ហ្នឹងហើយ ខ្ញុំ​មាន​ទំនុកចិត្ត​ខ្ពស់​ជាមួយ​នឹង​ខាង​សហរដ្ឋអាមេរិក ដោយសារតែ​សហរដ្ឋអាមេរិក​គេ​មាន​អ្នកជំនាញ​បច្ចេកទេស និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​កិច្ច​ការងារ​ហ្នឹង»។

សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​សម្ពន្ធមិត្ត ដូចជា​ចក្រភព​អង់គ្លេស​ជាដើម បាន​បង្ហាញ​ក្ដី​កង្វល់​ជា​បន្តបន្ទាប់​ចំពោះ​ការ​រីក​រាលដាល​នៃ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ ប្រទេស​ទាំងនេះ​លើកឡើង​ថា កម្ពុជា​បាន​ក្លាយជា​ទីតាំង​មូលដ្ឋាន​មួយ​របស់​បណ្ដាញ​ឧក្រិដ្ឋជន​ឆ្លងដែន ដែល​បាន​ធ្វើ​ប្រតិបត្តិការ​ឆបោក​លុយ​ពី​ពលរដ្ឋ​អាមេរិក និង​ជនរងគ្រោះ​នៅ​ជុំវិញ​ពិភពលោក​ក្នុង​ទំហំ​ទឹកប្រាក់​រាប់​សិប​ពាន់​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​។ តាមរយៈ​ក្ដី​កង្វល់​នេះ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​ក៏បាន​ចាត់វិធានការ​ជា​បន្តបន្ទាប់​តាមរយៈ​ការប្រកាស​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន និង​មនុស្ស​ជំនិត​នឹង​ក្រុម​គ្រួសារ​រដ្ឋាភិបាល​ត្រកូល ហ៊ុន ដែល​អាមេរិក​រក​ឃើញ​ថា ពួកគេ​បានជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ជា​អ្នក​កាង​ឧស្សាហកម្ម​ឆបោក​តាម​អន​ឡាញ​នៅ​កម្ពុជា​។ អ្នក​ទាំងនោះ​រួមមាន សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​លោក លី យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធសភា និង​ជា​ម្ចាស់​កាស៊ីណូ​ក្រោន លោក កុក អាន ទីប្រឹក្សា​លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត គឺ​ឧក្រិដ្ឋជន ចេន ហ្ស៊ី ព្រមទាំង​អ្នកជំនួញ និង​បុគ្គល​មួយ​ចំនួន​ទៀត​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​រដ្ឋាភិបាល​ត្រកូល ហ៊ុន។

ក្រៅ​ពី​នេះ សមាជិកសភា​អាមេរិក​ក៏បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​ពិចារណា​ដាក់ទណ្ឌកម្ម​លើ​មន្ត្រីជាន់ខ្ពស់​កម្ពុ​ជាមួយ​ចំនួន​ទៀត​រួមមាន លោក ស សុខា លោក ស ថេត លោក នេត សាវឿន ប្រធាន​ក្រុមហ៊ុន ហួយ​វ័ន ផេ លោក ហ៊ុន តូ ព្រមទាំង​សាច់ញាតិ និង​បក្ខពួក​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ជាង ១០​នាក់​ទៀត ដោយ​ដាក់ឈ្មោះ​ពួកគេ​ក្នុង​បញ្ជី​បុគ្គល​ដែល​ស្នើ​ឱ្យ​ទទួលរង​ទណ្ឌកម្ម​ដោយសារតែ​ពាក់ព័ន្ធ​នឹង​អំពី​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​ក​ម្ពុ​ជា​ពិតជា​ចង់​ស្ដារ​មុខមាត់ និង​កិត្តិយស​កម្ពុជា​លើ​ឆាក​អន្តរជាតិ​មែន​នោះ ត្រូវ​ហ៊ាន​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ ដោយ​បើក​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​លើ​មេខ្លោង បក្ខពួក និង​បុគ្គល​ទាំងអស់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ។ ទោះជា​យ៉ាងណា លោក​វាយតម្លៃ​ថា ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នឹង​បំផ្លាញ​កេរ្តិ៍ឈ្មោះ និង​សេដ្ឋកិច្ចជាតិ​ក្នុង​រយៈពេល​យូរអង្វែង​ទៀត ដោយសារតែ​អ្នក​ដែល​ពាក់ព័ន្ធ​ជា​មេខ្លោង​សំខាន់ៗ​សុទ្ធសឹងតែ​ជា​អ្នកធ្វើ​ជំនួញ​រកលុយ​ចិញ្ចឹម​គណបក្ស​ប្រជាជន​កម្ពុជា និង​កំពុង​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​ក្រោម​ការ​ការពារ​ដោយ​រដ្ឋាភិបាល​ត្រកូល ហ៊ុន នៅឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ