តុលាការ​ភ្នំពេញ​​បើកសវនាការ​លើ​សំណុំរឿង​​អតីត​ព្រះសង្ឃ លោក ជា វុទ្ធី

0
80
ភិក្ខុ ជា វុទ្ធី។ រូប៖ បណ្ដាញសង្គម
ភិក្ខុ ជា វុទ្ធី។ រូប៖ បណ្ដាញសង្គម

នៅ​ព្រឹក​ថ្ងៃទី​៦ ខែសីហា សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើកសវនាការ​លើ​សំណុំរឿង​លោក ជា វុទ្ធី។ ក្នុង​អំឡុង​សវនាការ ក្រឡាបញ្ជី​បាន​អាន​ចម្លើយ​របស់​សមត្ថកិច្ច។ ទោះជា​យ៉ាងណា ខ្លឹមសារ​មួយចំនួន​ដែល​ត្រូវ​បាន​អាន ត្រូវ​បាន​លើកឡើង​ថា មិន​ពាក់ព័ន្ធ​នឹង​លោក ជា វុទ្ធី ទេ ប៉ុន្តែ​ជា​អង្គ​ហេតុ​ដែល​ទាក់ទង​នឹង​លោក ធូ វ៉ាឃីម ជា​សមាជិក​ក្នុង​ក្រុម​ជជែក​ពិភាក្សា​ឯកជន ដែល​បាន​បង្ហោះ​សា​រលើ​បណ្ដាញ​សង្គម។

ចំពោះ​លោក ជា វុទ្ធី វិញ លោក​គ្រាន់តែ​ជា​សមាជិក​ក្នុង​ក្រុម​ពិភាក្សា ឯកជន​នោះ ហើយ​មិនបាន​បញ្ចេញមតិ​អ្វី​ឡើយ​។ នៅ​ចំពោះមុខ​អង្គ​សវនាការ លោក​បាន​បញ្ជាក់​ថា ភស្តុតាង​ដែល​តុលាការ​យក​មកប្រើ គឺ​ដកស្រង់​ចេញពី​ការសន្ទនា​ក្នុង​ក្រុម​ពិភាក្សា​ឯកជន ដែល​មាន​សមាជិក​ត្រឹមតែ​បី​នាក់​ប៉ុណ្ណោះ​។ ក្រុម​នេះ​មាន​អ្នកគ្រប់គ្រង (Admin) ហើយ​មានតែ​អ្នក​ដែល​ទទួល​ការអនុញ្ញាត​ប៉ុណ្ណោះ ទើប​អាច​ចូលរួម​បាន​។ លោក​អះអាង​ថា នេះ​ជា​ការ​សន្ទនា​ផ្ទៃក្នុង មិន​បើកចំហ​ជា​សាធារណៈ​ឡើយ។

បន្ទាប់ពី​សមត្ថកិច្ច​ចាប់ខ្លួន​លោក ធូ វ៉ា​ឃីម ទើប​ការសន្ទនា​ក្នុង​ក្រុម​ពិភាក្សា​នោះ​ត្រូវ​បាន​រក​ឃើញ​។ ក្នុង​ការ​សន្ទនា​នោះ មាន​ឈ្មោះ និង​រូបភាព​គណនី​របស់​លោក ជា វុទ្ធី ផង​ដែរ ប៉ុន្តែ​លោក​បាន​និយាយ​ត្រឹម​ពីរ​ប្រយោគ​ប៉ុណ្ណោះ គឺថា​៖ «​អំបិល​វា​មាន​រសជាតិ​ប្រៃ​។ បើ​រដ្ឋាភិបាល​មិន​ចង់​ពិបាក ឈឺក្បាល ឬ​វិលមុខ​ទេ ខាងកើត​កាត់​ឱ្យ​ខាងកើត​ទៅ ខាងលិច​កាត់​ឱ្យ​ខាងលិច ចប់​បាត់​ហើយ»។

លោក ជា វុទ្ធី បាន​សួរ​ទៅកាន់​អង្គ​សវនាការ​ថា តើ​លោក​បាន​ប្រព្រឹត្ត​អ្វី​ខុស​? លោក​ថា ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ លោក​ក៏​មាន​ការឈឺចាប់​ដូច​ប្រជាពលរដ្ឋ​ដទៃទៀត នៅពេល​ប្រទេស​ថៃ​ឈ្លានពាន​ទឹកដី​កម្ពុជា​។ លោក​គ្រាន់តែ​បញ្ចេញមតិ​ក្នុងនាម​ជា​ពលរដ្ឋ​ម្នាក់​ប៉ុណ្ណោះ ហើយ​យល់ថា រដ្ឋាភិបាល​គួរតែ​លើកទឹកចិត្ត​ដល់​ការ​បង្ហាញ​ទឹកចិត្ត​ស្រឡាញ់​ជាតិ មិនមែន​បង្ក្រាប​ប្រជាពលរដ្ឋ​ដែល​បង្ហាញ​ការឈឺចាប់​ចំពោះ​ការឈ្លានពាន​នោះ​ទេ​។​

នៅ​ចុងបញ្ចប់​សវនាការ លោក ជា វុទ្ធី បាន​ស្នើ​សុំ​ឱ្យ​តុលាការ​ទម្លាក់​បទចោទប្រកាន់​លើ​រូបលោក ដើម្បី​ឱ្យ​លោក​មាន​សេរីភាព បាន​ត្រឡប់​ទៅ​ជួបជុំ​ក្រុម​គ្រួសារ និង​ថែទាំ​ឪពុក​ម្តាយ​ដែល​មាន​វ័យចាស់​ជរា។

ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នេះ លោក យី សុខសាន្ត មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បាន​លើកឡើង​ថា បទចោទប្រកាន់​លើ​លោក ជា វុទ្ធី មិន​មាន​ធាតុ​ផ្សំ​នៃ​បទល្មើស​គ្រប់គ្រាន់​តាមច្បាប់​នោះ​ទេ​។ លោក​ថា មិន​មាន​មាត្រា​ច្បាប់​ណាមួយ​ចែងថា ការ​និយាយ​ក្នុង​ក្រុម Messenger ឯកជន​ជា​បទល្មើស​នោះ​ឡើយ។

លោក យី សុខសាន្ត ក៏បាន​កត់សម្គាល់​ថា សមត្ថកិច្ច​ដែល​ចូល​មក​ផ្តល់​សក្ខីកម្ម​នៅ​ថ្ងៃ​សវនាការ មិនបាន​ស្លៀកពាក់​ឯកសណ្ឋាន​ទេ ដោយ​ពាក់​តែ​អាវយឺត​ធម្មតា​។ លោក​ថា សក្ខីកម្ម​របស់​សមត្ថ​កិច្ច​មាន​លក្ខណៈ​រដិបរដុប មិន​ចាំ​ច្បាស់​ទាំង​អង្គហេតុ និង​អង្គច្បាប់ ហើយ​ហាក់ដូច​ជា​មាន​ការ​ជួយ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​។ នៅពេល​ខ្លះ ព្រះរាជអាជ្ញា​ថែមទាំង​និយាយ​កាត់ និង​សួរ​សំណួរ​ជំនួស​សមត្ថកិច្ច​ទៀត​ផង។

លោក​យល់ថា តុលាការ​គួរតែ​ជា​ស្ថាប័ន​ឯករាជ្យ​សម្រាប់​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ មិនមែន​ជា​ស្ថាប័ន​ដែល​ផ្តោត​តែ​លើ​ការចោទប្រកាន់​នោះ​ទេ​។ លោក​ក៏បាន​អំពាវនាវ​កុំឱ្យ​ពង្រីក​អង្គហេតុ ឬ​ពង្រីក​ការ​ចាប់ខ្លួន បើ​បុគ្គល​មិនមាន​ការ​ពាក់ព័ន្ធ​ពិតប្រាកដ​។ លោក​បន្ថែម​ថា ការ​យក​ការសន្ទនា​ពី​ក្រុម​ពិភាក្សា​ឯកជន​មក​ធ្វើជា​ភស្តុតាង​សម្រាប់​ការចោទប្រកាន់ អាច​ជា​ការរំលោភ​សិទ្ធិ​ឯកជន និង​ផ្ទុយ​នឹង​គោលការណ៍​ច្បាប់​។ ប្រសិនបើ​ភស្តុតាង​ត្រូវ​បាន​ទទួល​ដោយ​រំលោភសិទ្ធិ​ឯកជន ការ​កាត់សេចក្តី​បែបនេះ​នឹង​មិនអាច​ចាត់ទុកថា​មាន​យុត្តិធម៌​បាន​ឡើយ។

សាលាដំបូង​រាជធានី​ភ្នំពេញ គ្រោង​នឹង​ប្រកាស​សាលក្រម​លើ​សំណុំរឿង​លោក ជា វុទ្ធី នៅ​ថ្ងៃទី​១៩ ខែសីហា វេលា​ម៉ោង ៨:០០ ព្រឹក។

សូម​រង់ចាំ​តាន​ដាន​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​នា​រាត្រី​នេះ…

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ