អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​កម្ពុជា​ប្រើ​ភស្តុតាង​អន្តរជាតិ​ដើម្បី​កំណត់​ថា​អ្នកណា​បើក​ការ​ប្រយុទ្ធ​មុន​ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ

0
1
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ថ្លែង​នៅ​ទីក្រុង​សេប៊ូ ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ថ្លែង​នៅ​ទីក្រុង​សេប៊ូ ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត

អ្នកឃ្លាំមើល​សង្គម បាន​អំពាវនាវ​ឱ្យមាន​ការប្រើប្រាស់​ភស្តុតាង​អន្តរជាតិ រួមទាំង​រូបភាព​ផ្កាយរណប និង​ការសង្កេត​ការណ៍​របស់​អាស៊ាន ដើម្បី​កំណត់​ថា ភាគី​ណា​ជា​អ្នក​បើក​ការ​ប្រយុទ្ធ​មុន​ក្នុង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​។ ការ​អះអាង​នេះ​បន្ទាប់ពី អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា នៅ​ថ្ងៃទី​១ ខែកញ្ញា បាន​បដិសេធ​ការ​លើកឡើង​របស់ នាយក​មជ្ឈមណ្ឌល​ព័ត៌មាន​រួម​របស់​យោធា​ថៃ​លោក ប្រាប៉ាស សុនចៃឌី (Prapas Sonjaidee) ដែល​បាន​ចោទ​ថា​កម្ពុជា​ជា​អ្នក​បើក​ការ​បាញ់ប្រហារ​មុន​នៅ​ក្នុង​សង្គ្រាម​តាម​ព្រំដែន។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ការចោទប្រកាន់​គ្នា​ទៅវិញទៅមក​រវាង​កម្ពុ​ជា និង​ថៃ គួរ​ត្រូវ​បាន​ដោះស្រាយ​ដោយ​ផ្អែកលើ​ភស្តុតាង​ជាក់ស្តែង​។ លោក​ថា ក្រុម​សង្កេតការណ៍​អាស៊ាន និង​ប្រភព​រូបភាព​ផ្កាយរណប​ពី​ប្រទេស​មួយចំនួន អាច​ជួយ​បញ្ជាក់​ពី​សកម្មភាព​របស់​កង​កម្លាំង​នៅ​តាម​ព្រំដែន​អំឡុង​ពេល​មានការ​ប៉ះទង្គិច។

លោក ស៊ឹង សែនករុណា បាន​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​បង្ហាញ​ភស្តុតាង​ទាំងនោះ​ដល់​សហគមន៍​អន្តរជាតិ ដើម្បី​កំណត់​ថា តើ​អ្នកណា​ជា​អ្នក​បង្កហេតុ និង​បើក​ការ​ប្រយុទ្ធ​មុន​។ លោក ថា ប្រសិនបើ​មានការ​អះអាង​ថា​ភាគី​ណាមួយ​ជា​អ្នក​បើក​ការ​ប្រយុទ្ធ ការពិនិត្យ​ទិន្នន័យ​ពី​ផ្កាយរណប និង​របាយការណ៍​របស់​អ្នកសង្កេតការណ៍​អន្តរជាតិ​អាច​ជា​មធ្យោបាយ​មួយ​សម្រាប់​ស្វែងរក​ការពិត។

លោក ស៊ឹង សែនករុណា៖ «​សម្រាប់​ខ្ញុំ​យល់ឃើញ​ថា កម្ពុជា បើ​និយាយ​អំពី​កម្លាំង​អាវុធយុទ្ធភណ្ឌ​គ្មាន​ហេតុផល​អី​ទៅ​បង្កហេតុ ជាមួយ​និង​ភាគី សៀម​ទេ ភាគី​ថៃ​ទេ ព្រោះ​កម្លាំងប្រដាប់អាវុធ របស់​កម្ពុជា សព្វាវុធ ផ្សេងៗ គឺ​ចាញ់​ប្រៀប​ទៅលើ​ភាគី​ថៃ​ខ្លាំង​ណាស់​។ អ៊ីចឹង គ្មាន​ហេតុផល​អី​ទៅ​បង្កហេតុ ឱ្យ​មាន​បញ្ហា​មកដល់​កងទ័ព​ខ្លួន ឬក៏​ប្រទេសជាតិ​ខ្លួន​ទេ»។

ការ​លើកឡើង​របស់​លោក ស៊ឹង សែន​ករុណា កើតឡើង​បន្ទាប់ពី​ក្រសួងការពារជាតិ​កម្ពុ​ជា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​យប់​ថ្ងៃទី​១ ខែកញ្ញា ដោយ​ច្រានចោល​ការ​អះអាង​របស់​នាយ​ឧត្តមសេនីយ៍ ប្រាប៉ាស សុនចៃឌី Prapas Sonjaidee នាយក​មជ្ឈមណ្ឌល​ព័ត៌មាន​រួម​របស់​ថៃ ដែល​ថា​កម្ពុជា​ជា​អ្នក​បើក​ការ​បាញ់​ប្រហារ​មុន។

ក្រសួងការពារជាតិ​កម្ពុជា​បាន​អះអាង​ផ្ទុយទៅវិញ​ថា កងកម្លាំង​ថៃ​ជា​អ្នក​បើក​ការវាយប្រហារ​មុន ហើយ​បាន​ច្រានចោល​ការប្រើ​ការ​ការពា​រ​ខ្លួន​ជា​មូលហេតុ​សម្រាប់​សកម្មភាព​យោធា​របស់​ថៃ​។ ក្រសួង​បាន​លើកឡើង​ថា មុន​ការ​ប៉ះទង្គិច​នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២៥ ថៃ​បាន​ប្រកាស​ផែនការ​ត្រៀមលក្ខណៈ​សង្គ្រាម «​ចក្រពង្ស ភូវនាថ» “Chakrabongse Bhuvanath” ដែល​កម្ពុជា​ចាត់ទុកថា​ជា​ភស្តុតាង​នៃ​ការរៀបចំ​សកម្មភាព​យោធា​ទុកជាមុន។

ក្រសួងការពារជាតិ​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​ថៃ​អនុវត្ត​សេចក្តី​ថ្លែងការណ៍​រួម​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ឱ្យ​បាន​ពេញលេញ និង​បន្តការងារ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​តាមរយៈ​គណៈកម្មការ​ព្រំដែន​ចម្រុះ (JBC)​។ កម្ពុជា គាំទ្រ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ដោយ​ផ្អែកលើ​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ ហើយ​មិន​ទទួលយក​ការប្រើប្រាស់​កម្លាំង​ដើម្បី​កំណត់ ឬ​ផ្លាស់ប្ដូរ​ព្រំដែន​ឡើយ។

ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា កម្ពុជា​គួរតែ​បង្ហាញ​ភស្តុតាង​ដែល​អាច​ផ្ទៀងផ្ទាត់​បាន​ទៅកាន់​សហគមន៍​អន្តរជាតិ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ចោទប្រកាន់​ថា កម្ពុជា​ជា​អ្នក​បើក​ការ​បាញ់ប្រហារ​មុន​ក្នុង​ជម្លោះ​តាម​ព្រំដែន​ជាមួយ​ថៃ​។ លោក​ថា នៅពេល​មាន​ជម្លោះ ភាគី​នីមួយៗ​តែងតែមាន​ហេតុផល និង​ការ​អះអាង​របស់​ខ្លួន​។ ដូច្នេះ កម្ពុជា​គួរតែ​មាន​ជំហរ​ច្បាស់លាស់ និង​ប្រើប្រាស់​ភស្តុតាង​ដើម្បី​បញ្ជាក់​ការពិត។

លោក គឹម សុខ បន្ថែម​ថា កម្ពុជា​មិន​គួរ​ទុក​ឱ្យ​ការចោទប្រកាន់​របស់​ភាគី​ម្ខាង​ទៀត​នៅតែ​គ្មាន​ការ​ឆ្លើយតប​នោះ​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ជំហរ​របស់​កម្ពុជា​នៅ​ចំពោះមុខ​សហគមន៍​អន្តរជាតិ​។ លោក ថា កម្ពុជា​មាន​សមត្ថភាព​យោធា​តូច​ជាង​ថៃ វា​មិន​សម​ហេតុផល​សម្រាប់​កម្ពុជា​ក្នុង​ការ​ចាប់ផ្តើម​ជម្លោះ​ដោយ​ខ្លួនឯង​ឡើយ​។ កម្ពុជា​គួរ​ប្រើ​ប្រាស់​យន្តការ​ច្បាប់ និង​ការទូត​ជា​ផ្នែក​សំខាន់​ក្នុង​ការ​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន។

លោក គឹម សុខ៖ «​អ្នកណា​ផ្ទុះ​មុន អ្នកណា​ផ្ទុះ​ក្រោយ ភាគី​ណា​បាញ់​មុន ភាគី​ណា​បាញ់​ក្រោយ ខ្ញុំ​គិតថា​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត គួរតែ​បញ្ចប់រឿង​ហ្នឹង ដោយ​ការ​ស្នើ​ទៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ឬក៏​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឱ្យ​ដាក់​កម្លាំង​អន្តរជាតិ​នៅ​តំបន់​ជម្លោះ​តែម្តង​ទៅ តាមរយៈ​យន្តការ​របស់​អាស៊ាន»។

ក្រសួងការបរទេស​​កម្ពុ​ជា​បាន​អះអាង​ថា ក្នុង​អំឡុង​ប្រតិបត្តិការ​យោធា​ទ្រង់ទ្រាយ​ធំ​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ កងកម្លាំង​ថៃ​បាន​វាយប្រហារ​លើ​ទីតាំង​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។ ប្រជាពលរដ្ឋ​ខ្មែរ ៣០​នាក់​បាន​ស្លាប់ និង​ជិត ១០០​នាក់​រង​របួស ខណៈ​យុទ្ធជន​កម្ពុជា​យ៉ាងតិច ១៤០​នាក់​បាន​ស្លាប់ និង​រាប់​សិប​នាក់​ទៀត​រង​របួស​។ ប្រជាពលរដ្ឋ​ប្រមាណ ជិត​២​ម៉ឺន​នាក់ នៅតែ​មិនទាន់​អាច​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួកគេ​បាន។

យ៉ាងណាក៏ដោយ យោធា​ថៃ​បាន​អង្កន់​កាត់​ឆ្វៀល​ដី​នៅ​ភូមិ​ជោគជ័យ របស់​ពលរដ្ឋ​ខ្មែរ អស់​ជាច្រើនលើក​មក​ហើយ តាំងពី​ក្រោយ​ផ្ទុះ​សង្គ្រាម​នៅ​តាម​ព្រំដែន បន្ទាប់ពី​យោធា​ថៃ​បាន​បំពាន​បទ​ឈប់​បាញ់ ហើយ​បាន​យក​ទូ​កុងតឺន័រ និង​បន្លា​លួស​មក​ព័ទ្ធ​យក​ទឹកដី​កម្ពុជា និង​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ជោគជ័យ ព្រៃ​ចាន់ និង​តំបន់​បឹង​ត្រកួន ចេញពី​លំនៅឋាន​។ ក្រោយពី​បាន​ចូលកាន់​កាប់​បាន​មួយរយៈ យោធា​ថៃ​បាន​ឈូស​ឆាយ​កម្ទេច​សំណង់ និង​ផ្ទះ​របស់​ពលរដ្ឋ​ខ្មែរ​ចោល​គ្មាន​សល់ ហើយ​បាន​ប្រែ​ក្លាយ​តំបន់​មួយចំនួន​ទៅជា​មូលដ្ឋាន​យោធា និង​ដូរ​ឈ្មោះ​ទៅជា​ភាសា​ថៃ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ