

អ្នកឃ្លាំមើលសង្គម បានអំពាវនាវឱ្យមានការប្រើប្រាស់ភស្តុតាងអន្តរជាតិ រួមទាំងរូបភាពផ្កាយរណប និងការសង្កេតការណ៍របស់អាស៊ាន ដើម្បីកំណត់ថា ភាគីណាជាអ្នកបើកការប្រយុទ្ធមុនក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ការអះអាងនេះបន្ទាប់ពី អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១ ខែកញ្ញា បានបដិសេធការលើកឡើងរបស់ នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់យោធាថៃលោក ប្រាប៉ាស សុនចៃឌី (Prapas Sonjaidee) ដែលបានចោទថាកម្ពុជាជាអ្នកបើកការបាញ់ប្រហារមុននៅក្នុងសង្គ្រាមតាមព្រំដែន។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការចោទប្រកាន់គ្នាទៅវិញទៅមករវាងកម្ពុជា និងថៃ គួរត្រូវបានដោះស្រាយដោយផ្អែកលើភស្តុតាងជាក់ស្តែង។ លោកថា ក្រុមសង្កេតការណ៍អាស៊ាន និងប្រភពរូបភាពផ្កាយរណបពីប្រទេសមួយចំនួន អាចជួយបញ្ជាក់ពីសកម្មភាពរបស់កងកម្លាំងនៅតាមព្រំដែនអំឡុងពេលមានការប៉ះទង្គិច។
លោក ស៊ឹង សែនករុណា បានអំពាវនាវឱ្យភាគីពាក់ព័ន្ធបង្ហាញភស្តុតាងទាំងនោះដល់សហគមន៍អន្តរជាតិ ដើម្បីកំណត់ថា តើអ្នកណាជាអ្នកបង្កហេតុ និងបើកការប្រយុទ្ធមុន។ លោក ថា ប្រសិនបើមានការអះអាងថាភាគីណាមួយជាអ្នកបើកការប្រយុទ្ធ ការពិនិត្យទិន្នន័យពីផ្កាយរណប និងរបាយការណ៍របស់អ្នកសង្កេតការណ៍អន្តរជាតិអាចជាមធ្យោបាយមួយសម្រាប់ស្វែងរកការពិត។
លោក ស៊ឹង សែនករុណា៖ «សម្រាប់ខ្ញុំយល់ឃើញថា កម្ពុជា បើនិយាយអំពីកម្លាំងអាវុធយុទ្ធភណ្ឌគ្មានហេតុផលអីទៅបង្កហេតុ ជាមួយនិងភាគី សៀមទេ ភាគីថៃទេ ព្រោះកម្លាំងប្រដាប់អាវុធ របស់កម្ពុជា សព្វាវុធ ផ្សេងៗ គឺចាញ់ប្រៀបទៅលើភាគីថៃខ្លាំងណាស់។ អ៊ីចឹង គ្មានហេតុផលអីទៅបង្កហេតុ ឱ្យមានបញ្ហាមកដល់កងទ័ពខ្លួន ឬក៏ប្រទេសជាតិខ្លួនទេ»។
ការលើកឡើងរបស់លោក ស៊ឹង សែនករុណា កើតឡើងបន្ទាប់ពីក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃទី១ ខែកញ្ញា ដោយច្រានចោលការអះអាងរបស់នាយឧត្តមសេនីយ៍ ប្រាប៉ាស សុនចៃឌី Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលថាកម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន។
ក្រសួងការពារជាតិកម្ពុជាបានអះអាងផ្ទុយទៅវិញថា កងកម្លាំងថៃជាអ្នកបើកការវាយប្រហារមុន ហើយបានច្រានចោលការប្រើការការពារខ្លួនជាមូលហេតុសម្រាប់សកម្មភាពយោធារបស់ថៃ។ ក្រសួងបានលើកឡើងថា មុនការប៉ះទង្គិចនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ថៃបានប្រកាសផែនការត្រៀមលក្ខណៈសង្គ្រាម «ចក្រពង្ស ភូវនាថ» “Chakrabongse Bhuvanath” ដែលកម្ពុជាចាត់ទុកថាជាភស្តុតាងនៃការរៀបចំសកម្មភាពយោធាទុកជាមុន។
ក្រសួងការពារជាតិកម្ពុជាបានអំពាវនាវឱ្យថៃអនុវត្តសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឱ្យបានពេញលេញ និងបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនតាមរយៈគណៈកម្មការព្រំដែនចម្រុះ (JBC)។ កម្ពុជា គាំទ្រការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយមិនទទួលយកការប្រើប្រាស់កម្លាំងដើម្បីកំណត់ ឬផ្លាស់ប្ដូរព្រំដែនឡើយ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា កម្ពុជាគួរតែបង្ហាញភស្តុតាងដែលអាចផ្ទៀងផ្ទាត់បានទៅកាន់សហគមន៍អន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុនក្នុងជម្លោះតាមព្រំដែនជាមួយថៃ។ លោកថា នៅពេលមានជម្លោះ ភាគីនីមួយៗតែងតែមានហេតុផល និងការអះអាងរបស់ខ្លួន។ ដូច្នេះ កម្ពុជាគួរតែមានជំហរច្បាស់លាស់ និងប្រើប្រាស់ភស្តុតាងដើម្បីបញ្ជាក់ការពិត។
លោក គឹម សុខ បន្ថែមថា កម្ពុជាមិនគួរទុកឱ្យការចោទប្រកាន់របស់ភាគីម្ខាងទៀតនៅតែគ្មានការឆ្លើយតបនោះទេ ព្រោះវាអាចប៉ះពាល់ដល់ជំហររបស់កម្ពុជានៅចំពោះមុខសហគមន៍អន្តរជាតិ។ លោក ថា កម្ពុជាមានសមត្ថភាពយោធាតូចជាងថៃ វាមិនសមហេតុផលសម្រាប់កម្ពុជាក្នុងការចាប់ផ្តើមជម្លោះដោយខ្លួនឯងឡើយ។ កម្ពុជាគួរប្រើប្រាស់យន្តការច្បាប់ និងការទូតជាផ្នែកសំខាន់ក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន។
លោក គឹម សុខ៖ «អ្នកណាផ្ទុះមុន អ្នកណាផ្ទុះក្រោយ ភាគីណាបាញ់មុន ភាគីណាបាញ់ក្រោយ ខ្ញុំគិតថារដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គួរតែបញ្ចប់រឿងហ្នឹង ដោយការស្នើទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឬក៏សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឱ្យដាក់កម្លាំងអន្តរជាតិនៅតំបន់ជម្លោះតែម្តងទៅ តាមរយៈយន្តការរបស់អាស៊ាន»។
ក្រសួងការបរទេសកម្ពុជាបានអះអាងថា ក្នុងអំឡុងប្រតិបត្តិការយោធាទ្រង់ទ្រាយធំចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងថៃបានវាយប្រហារលើទីតាំងជាច្រើននៅក្នុងប្រទេសកម្ពុជា។ ប្រជាពលរដ្ឋខ្មែរ ៣០នាក់បានស្លាប់ និងជិត ១០០នាក់រងរបួស ខណៈយុទ្ធជនកម្ពុជាយ៉ាងតិច ១៤០នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។ ប្រជាពលរដ្ឋប្រមាណ ជិត២ម៉ឺននាក់ នៅតែមិនទាន់អាចត្រឡប់ទៅផ្ទះរបស់ពួកគេបាន។
យ៉ាងណាក៏ដោយ យោធាថៃបានអង្កន់កាត់ឆ្វៀលដីនៅភូមិជោគជ័យ របស់ពលរដ្ឋខ្មែរ អស់ជាច្រើនលើកមកហើយ តាំងពីក្រោយផ្ទុះសង្គ្រាមនៅតាមព្រំដែន បន្ទាប់ពីយោធាថៃបានបំពានបទឈប់បាញ់ ហើយបានយកទូកុងតឺន័រ និងបន្លាលួសមកព័ទ្ធយកទឹកដីកម្ពុជា និងបណ្ដេញពលរដ្ឋខ្មែរនៅភូមិជោគជ័យ ព្រៃចាន់ និងតំបន់បឹងត្រកួន ចេញពីលំនៅឋាន។ ក្រោយពីបានចូលកាន់កាប់បានមួយរយៈ យោធាថៃបានឈូសឆាយកម្ទេចសំណង់ និងផ្ទះរបស់ពលរដ្ឋខ្មែរចោលគ្មានសល់ ហើយបានប្រែក្លាយតំបន់មួយចំនួនទៅជាមូលដ្ឋានយោធា និងដូរឈ្មោះទៅជាភាសាថៃ៕








