អ្នកឃ្លាំមើល​សង្គម​ថា សភា​មិន​ដេញដោល​មន្ត្រីជាន់ខ្ពស់​រឿង​ឆបោក​អនឡាញ បង្ហាញ​ថា ស្ថាប័ន​កំពូល​របស់​ជាតិ​ស្ថិត​ក្នុង​ដៃ​បក្ស​តែមួយ​ការពារ​ឧក្រិដ្ឋជន

0
150
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន (ឆ្វេង) និងសមាជិក​ព្រឹទ្ធសភា លោក កុក អាន ដែលជាម្ចាស់អគារ​កាស៊ីណូ​ក្រោន​ នៅប៉ោយប៉ែត។ រូប៖ បណ្ដាញសង្គម
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន (ឆ្វេង) និងសមាជិក​ព្រឹទ្ធសភា លោក កុក អាន ដែលជាម្ចាស់អគារ​កាស៊ីណូ​ក្រោន​ នៅប៉ោយប៉ែត។ រូប៖ បណ្ដាញសង្គម

អ្នកឃ្លាំមើល​សង្គម អះ​អា​ថា ការដែល​សភា​កម្ពុជា​មិន​មាន​ចំណាត់ការ​កោះហៅ​មន្ត្រីជាន់ខ្ពស់​មក​ដេញដោល​ជុំវិញ​បញ្ហា​ឧស្សាហកម្ម​ឆបោក​នេះ គឺ​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពី​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន ដែល​អំណាច​ត្រូវ​បាន​ប្រមូលផ្ដុំ​នៅក្នុង​ដៃ​បក្ស​តែមួយ បាន​ធ្វើ​ឲ្យ​យន្តការ​ត្រួតពិនិត្យ​និង​តុល្យភាព​អំណាច​ដែល​ជា​បេះដូង​នៃ​លទ្ធិប្រជាធិបតេយ្យ​បាន​ចុះ​ខ្សោយ​។ ការ​អះអាង​នេះ គឺ​បន្ទាប់​ពី រដ្ឋសភា​កម្ពុជា អះអាង​ថា មិន​មាន​គម្រោង​កោះហៅ​សមាជិក​រដ្ឋាភិបាល​មក​សាកសួរ​ពី​ចំណាត់ការ​លើ​ឧក្រិដ្ឋកម្ម​ឆបោក​អន​ឡាញ​នោះ​ទេ ដោយសារតែ​រដ្ឋាភិបាល បាន​អនុវត្ត​ច្បាប់​ដោយមាន​ប្រសិទ្ធភាព​និង​ជឿទុក​ចិត្ត​បាន។

បើ​ទោះបីជា​លោក លី យ៉ុងផាត់ និង​លោក កុន អាន រង​ការ​ចោទ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក និង​អំពើ​ជួញដូរ​មនុស្ស​ប៉ុន្តែ​ពួកគេ មិន​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាត់វិធានការ​ផ្លូវច្បាប់ ឬ​ហៅ​ទៅ​សួរនាំ​នោះ​ទេ ព្រោះ​ពួកគេ​មាន​ទាំង​អំណាច​នយោបាយ និង​ទ្រព្យសម្បត្តិ​ជាច្រើន ដែល​ចាំ​ជួយ​ដល់ បក្ស​កាន់អំណាច និង​គ្រួសារ​ត្រកូល​ហ៊ុន។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​លោក សេង វណ្ណលី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា ការដែល​សភា​កម្ពុជា​មិន​មាន​ចំណាត់​ការ​កោះហៅ​មន្ត្រីជាន់ខ្ពស់​មក​ដេញដោល​ជុំវិញ​បញ្ហា​ឧស្សាហកម្ម​ឆបោក​នេះ គឺជា​ការ​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពី​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន ដែល​អំណាច​ត្រូវ​បាន​ប្រមូលផ្ដុំ​នៅក្នុង​ដៃ​បក្ស​តែមួយ នៅ​ពេល​ដែល​ស្ថាប័ន​នីតិបញ្ញត្តិ និង​ស្ថាប័ន​នីតិប្រតិបត្តិ មាន​ប្រភព​ចេញពី បក្សនយោបាយ​តែមួយ យន្តការ​ត្រួតពិនិត្យ​និង​តុល្យភាព​អំណាច​ដែល​ជា​បេះដូង​នៃ​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​បាន​ចុះ​ខ្សោយ ឬ​ស្ទើរតែ​រលាយ​បាត់​រូបរាង​តែម្តង។

លោក សេង វណ្ណលី បន្ថែម​ទៀត​ថា ក្នុង​បរិបទ​នៃ​ខ្សែស្រឡាយ​នយោបាយ​និង​អំណាច​សេដ្ឋកិច្ច​ត្រូវ​បាន​ចាក់​ស្រែះ​ចូលគ្នា​យ៉ាង​ណែន​បែបនេះ លោក​ថា វា​មិនមែន​ជា​រឿង​ភ្ញាក់ផ្អើល​ទេ​ដែល​គ្មាន​ការ​ដេញដោល ព្រោះ​តំណាងរាស្ត្រ​ដែល​ជា​អ្នក​សួរ​និង​រដ្ឋមន្ត្រី​ដែល​ត្រូវ​ឆ្លើយ សុទ្ធតែ​ស្ថិត​ក្រោម​រចនាសម្ព័ន្ធ​ដឹកនាំ​តែមួយ ដែល​ធ្វើ​ឲ្យ​ការ​បំពេញ​តួនាទី តាមដាន​គ្នា​ទៅវិញទៅមក ក្លាយជា​រឿង​ដែល​មិនអាច​ទៅរួច។

លោក សេង វណ្ណលី៖ «​វា​ជា​រឿង​ដែល​គួរ​ឲ្យ​សោកស្តាយ​ដែល​ឃើញ​ប្រព័ន្ធ​ស្ថាប័ន​កំពូល​របស់​ជាតិ​មិនអាច​បំពេញ​តួនាទី​ជា​ខ្នងបង្អែក​សម្រាប់​សេចក្ដី​សុខសាន្ត​និង​យុត្តិធម៌​សង្គម​បាន​ពេញលេញ ផ្ទុយទៅវិញ​បែរជា​បណ្តោយ​ឲ្យ​ឧក្រិដ្ឋជន​ដែល​មក ជ្រក​កោណ​បាន​យ៉ាង​ងាយស្រួល»។

លោក វណ្ណ សេងលី បន្ថែម​ទៀត​ថា ការដែល​ឧស្សាហកម្ម​ឆបោក​នៅតែ​បន្ត​មាន​វត្តមាន វា​មិន​ត្រឹមតែ​បំផ្លាញ​កេរ្តិ៍ឈ្មោះ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​សបញ្ជាក់​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ពី​វិបត្តិ​នៃ​ការរំលោភ​អំណាច និង​ការ​ចុះ​ខ្សោយ​នៃ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​នៅក្នុង​សម័យ​ឯកបក្ស។ ចំណុច​របត់​នៃ​ការបាត់បង់​តុល្យភាព​អំណាច ចាប់តាំងពី​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​កាលពី​ឆ្នាំ​២០១៧ វា​បាន​បន្សល់ទុក​នូវ​ចន្លោះ​ប្រហោង​ដ៏​ធំ​ក្នុង​ប្រព័ន្ធ​ត្រួតពិនិត្យ​ជាតិ។

ការ​អះអាង​របស់​អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​រូប​នេះ គឺ​បន្ទាប់ពី​អ្នកនាំពាក្យ​ប្រធាន​សភា លោក កែវ ពិសិដ្ឋ បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន ថា រដ្ឋសភា​មិន​មាន​គម្រោង​កោះហៅ​សមាជិក​រដ្ឋាភិបាល​មក​សាកសួរ​ពី​ចំណាត់ការ​លើ​ឧក្រិដ្ឋកម្ម​ឆបោក​អន​ឡាញ​នោះ​ទេ ដោយសារ រដ្ឋាភិបាល បាន​អនុវត្ត​ច្បាប់​លើ​បញ្ហា​ឧក្រិដ្ឋកម្ម មាន​ប្រសិទ្ធភាព និង​ទុកចិត្ត​បាន។

ផ្ទុយ​ពី​ការ​លើកឡើង​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា លោក គឹម សុខ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា ការដែល​អាជ្ញាធរ​កម្ពុជា​មិន​ហ៊ាន​បើក​ការស៊ើបអង្កេត​មក​លើ​មន្ត្រីជាន់ខ្ពស់​មួយចំនួន​របស់​រដ្ឋាភិបាល​ត្រកូល​«​ហ៊ុន​» រួម​នឹង សមាជិក​ព្រឹទ្ធសភា លោក លី យ៉ុងផាត់ និង​លោក កុក អាន ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក​អន​ឡាញ និង​ការ​ជួញដូរ​មនុស្ស ព្រោះ​អ្នក​ទាំងនោះ គឺជា​អ្នក​រកលុយ​ដ៏​ធំ​បំផុត​ជួយ​ដល់​គ្រួសារ​ត្រកូល​ហ៊ុន រួម​និង​គណបក្ស​កាន់អំណាច។

សហរដ្ឋអាមេរិក និង​សហគមន៍​អន្តរជាតិ​ចោទប្រកាន់​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន គឺ​ឧកញ៉ា លី យ៉ុងផាត់ និង​ឧកញ៉ា កុក អាន ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ និង​ការ​ជួញដូរ​មនុស្ស​លំដាប់​អន្តរជាតិ ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ គ្មាន​ស្ថាប័នរដ្ឋ​ណាមួយ​ហ៊ាន​បើក​ការស៊ើបអង្កេត​ទៅលើ​បុគ្គល​ទាំងពីរ​នាក់​នេះ​នោះ​ដែរ។

លោក លី យ៉ុងផាត់ និង​លោក កុក អាន បាន​ចេញ​អះអាង​ជា​សាធារណៈ​ថា មិន​ជាប់​ជាប់​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ ការ​លាង​លុយកខ្វក់ និង​អំពើ​ជួញដូរ​មនុស្ស​នោះ​ទេ។

កន្លង​មក​នេះ សហរដ្ឋអាមេរិក និង​សហគមន៍​អន្តរជាតិ​បាន​រក​ឃើញ​ថា មិនមែន​មានតែ​លោក លី យ៉ុងផាត់ និង លោក កុក អាន ទេ​ដែល​មាន​ជាប់​ពាក់ព័ន្ធ ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ និង​អំពើ​ជួញដូរ​មនុស្ស​នេះ សូម្បីតែ​ក្មួយ​លោក ហ៊ុន សែន គឺ លោក ហ៊ុន តូ និង​លោក នេត សាវឿន ដែល​ជា​ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​ជាតិ រួម​នឹង​មន្ត្រីជាន់ខ្ពស់​ជាច្រើន​នាក់​ទៀត ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម ឆបោក​អនឡាញ ការ​លាង​លុយកខ្វក់​និង ការ​ជួញដូរ​មនុស្ស​លំដាប់​អន្តរជាតិ​ដែរ​។ ប៉ុន្តែ អ្នក​ទាំងនោះ មិន​ត្រូវ​បាន​ស្ថាប័ន​ពាក់ព័ន្ធ​ណា​ហ៊ាន ស៊ើបអង្កេត និង​ចាត់វិធានការ​ច្បាប់​នោះ​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ