រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​ថា កម្ពុជា​គ្មាន​សង្ឃឹម​យក​ដី​ជាង ៦០​ទីតាំង​ពី​ថៃ​វិញ បើ​មិន​ប្ដឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ

0
6
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) និង​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត និង​លោក អ៊ុំ សំអាន
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) និង​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត និង​លោក អ៊ុំ សំអាន

រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា អះអាងថា កម្ពុជា​គ្មាន​សង្ឃឹមថា នឹង​ទទួល​បាន​ទឹកដី​ខ្មែរ​ជាង​៦០​ទីតាំង​ដែល​ថៃ​ទន្ទ្រាន​យក​ក្រោយ​បទ​ឈប់​បាញ់ មកវិញ​នោះ​ទេ ដោយសារតែ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន មិន​ហ៊ាន​ប្ដឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ដោយ​បារម្ភ​ខ្លាច​ថៃ ប្រើ​មធ្យោបាយ​ដើម្បី​ផ្លាស់ប្ដូរ​អំណាច​ក្រុម​គ្រួសារ​របស់​ខ្លួន មានតែ​ជម្រើស​រង់ចាំ​ថៃ​ចរចា​ទ្វេភាគី​តែប៉ុណ្ណោះ។

ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា មូលហេតុ​ដែល​លោក ហ៊ុន ម៉ាណែត មិន​ព្រម​ប្ដឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ដោយសារតែ​គាត់​ចង់​ចរចា​ទ្វេភាគី​ជាមួយ​ថៃ ឃុបឃិត​គ្នា​កាត់​ទឹកដី​ខ្មែរ​ទៅ​ឲ្យ​ថៃ ដើម្បី​ដូរ​យក​សន្តិភាព ហើយ​ទាមទារ​ទឹកដី តិចតួច​មកវិញ​។ កិច្ចព្រមព្រៀង​ក្រោម​តុ​នេះ ដូចដែល​លោក ហ៊ុន សែន បាន​ធ្វើ​ធ្វើជា​មួយ​វៀតណាម​កន្លងមក។

លោក អ៊ុំ សំអាន បន្ថែម​ទៀត​ថា អ្វី​ដែល​ប៉ះពាល់​ដល់​ការ​មិន​ប្តឹង​នេះ​ហើយ​បណ្តែតបណ្តោយ​ឲ្យ​ថៃ​ឈ្លានពាន​ទឹកដី​ខ្មែរ​ស្រេច​តែ​ចិត្ត គឺ​នឹង​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី​ខ្មែរ​ទាំង​៦២ ទីតាំង គឺ ថៃ​នឹង​យក​ទឹកដី​ទៅ​គ្រប់គ្រង​ផ្តាច់​មុខ នៅ​ពេល​ដែល​មិន​ប្រើ​យន្តការ​អន្តរជាតិ​តាមរយៈ​ការ​ប្តឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ និង​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។

លោក អ៊ុំ សំអាន៖ «​មួយរយ​ភាគរយ មិនអាច​ទាមទារ​ទឹកដី​បាន​នោះ​ទេ លើកលែង​តែ​មាន​មាន​អ្នកដឹកនាំ​ថ្មី​អាហ្នឹង​ទើប​អាច​ទាមទារ​ទឹកដី​បាន​មក​វិញ អាហ្នឹង​ដូច​ខ្ញុំ​ធ្លាប់​និយាយ​អញ្ចឹង​ថាបើ​ទាមទារ​ទឹកដី​ហ្នឹង​បាន​មកវិញ​ខ្ញុំ​ហ៊ាន​ភ្នាល់​ដាក់​ជីវិត អាហ្នឹង​បើសិនជា​លោក ហ៊ុន ម៉ា​ណែ​ត​អាច​ទាមទារ​ទឹកដី​បាន​មកវិញ​ចំនួន ៦២ ទីតាំង​ព្រោះ​ខ្ញុំ​គ្មាន​ជំនឿ​ទេ​ថា​គាត់​នឹង​ទាមទារ​ទឹកដី​បាន​មក​វិញ»។

ទាក់ទង​នឹង​ការ​ទាមទារ​ទឹកដី​ខ្មែរ​ដែល​យោធា​ថៃ​កំពុង​កាន់កាប់​ត្រូវ​បាន​លោក ហ៊ុន សែន ប្រមុខ​រដ្ឋស្តីទី បាន​ចុះ​ជួប​ជនភៀសសឹក​ខ្មែរ​ស្ថិត​ក្នុង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​៩ ខែមិថុនា ដោយ​បាន​ដាក់​សំណួរ​ទៅកាន់​ជនភៀសសឹក​ឲ្យ​ជ្រើស​រើស​យក​ជម្រើស​មួយ​ក្នុងចំណោម​ជម្រើស​ចំនួន ២ ទី​១ ការប្រើ​កម្លាំង​ទ័ព​វាយ​ដណ្តើម​មកវិញ និង​ទី​២ ការចរចា​ដោយ​សន្តិវិធី​។ សម្រាប់​លោក ហ៊ុន សែន កម្ពុជា​នឹង​មិន​ប្រើ​ជម្រើស​យោធា​ក្នុង​ការ​ទាមទារ​ទឹកដី​កម្ពុជា​មកវិញ​ទេ។

ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក គឹម សុខ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា ការដែល​លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត នៅតែ​មិន​ហ៊ាន​ប្ដឹង​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ICJ ដោយសារតែ បារម្ភ​ខ្លាច​ថៃ​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​ផ្លាស់ប្ដូរ​អំណាច ក្រុម​គ្រួសារ​ហ៊ុន ហើយ​ដាក់​ក្រុម លោក​ទៀ​បាញ់ ជំនួស​វិញ ដូច្នេះ​ទើប​សម្ងំ​ស្ងៀម សូម​ថៃ​ចរចា មិន​ហ៊ាន​ប្តឹង​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ទឹកដី​ព្រំដែន។

លោក គឹម សុខ បន្ថែម​ថា បើ​រដ្ឋាភិបាល​លោក ហ៊ុន សែន បណ្ដែតបណ្ដោយ មិន​ប្តឹង​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទេ ទឹកដី​កម្ពុជា​ដែល​ថៃ​គ្រប់គ្រង​យ៉ាងតិច ៧០​តំបន់​តូច ធំ ថៃ​គ្រប់គ្រង​រហូត​។ ហើយ​បើ​ប្រជាពលរដ្ឋ​ខ្មែរ​បណ្តោយ​ឲ្យ​ក្រុម​គ្រួសារ​ហ៊ុន នៅតែ​កាន់អំណាច​បន្ត ទឹកដី​កម្ពុជា​ទាំងមូល​នឹង ត្រូវ​ថៃ ហើយ​និង​វៀតណាម ពុះ​ច្រៀក​ចែក​គ្នា។

កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា កន្លងមក រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា បាន​ប្រកាស​ពី​ការ​ប្តឹង​ភាគី​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ចំពោះ​ការឈ្លានពាន​របស់​ភាគី​ថៃ​មក​លើ​ពលរដ្ឋ​ខ្មែរ និង​ប្រទេស​កម្ពុជា ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា​មិនបាន​យក​សំណុំរឿង​ព្រំដែន​កម្ពុជា​-​ថៃ ប្តឹង​ទៅ​កាន់​តុលាការ​អន្តរជាតិ។

អ្នកឃ្លាំមើល​បញ្ហា​សង្គម​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា គួរតែ​យក​សំណុំរឿង​ជម្លោះព្រំដែន​ជាមួយ​ថៃ ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នោះ​ទើប​ជា​រឿង​ដ៏​ប្រសើរ ក៏ប៉ុន្តែ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា នៅតែ​បន្ត​ចរចា ជម្លោះព្រំដែន​លក្ខណៈ​ទ្វេភាគី​ជាមួយ​ថៃ កម្ពុជា​មាន​តែ​ខាតបង់ ហើយ​ថៃ​ជា​អ្នកទទួល​ផល​ចំណេញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ