
រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា សម្ដែងការខកចិត្តចំពោះរបបភ្នំពេញនៃរដ្ឋាភិបាលគ្រួសារហ៊ុន ដែលផ្ដល់សេរីភាពដល់លោក កឹម សុខា ត្រឹមតែអាចបំពេញករណីក្នុងគ្រួសារ និងធ្វើកិច្ចការផ្ទាល់ខ្លួន ប៉ុន្តែ មិនផ្ដល់សិទ្ធិនយោបាយពេញលេញដល់គាត់ ដើម្បីបម្រើផលប្រយោជន៍ជាតិ ។ នេះ មានន័យថា លោក កឹម សុខា ក៏ដូចជាអ្នកទោសនយោបាយ និងអ្នកទោសមនសិការផ្សេងទៀតដែរ គឺនៅតែស្ថិតក្នុងលក្ខខណ្ឌជាអ្នកទោសនយោបាយរបស់លោក ហ៊ុន សែន ដដែល។
រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា៖ «យើងទាមទារ ឲ្យរបបភ្នំពេញនៃគ្រួសារហ៊ុន ត្រូវតែផ្តល់សិទ្ធិសេរីភាពនយោបាយពេញលេញ ជូនលោក កឹម សុខា និង ឲ្យគាត់អាចធ្វើដំណើរចេញ-ចូល ក្នុងនិងក្រៅប្រទេស ដូចពលរដ្ឋទូទៅដែរ។ នេះទើបជាការចាប់ផ្ដើមដ៏ត្រឹមត្រូវ នៃដំណើរការផ្សះផ្សា ដែលនឹងឈានដល់សាមគ្គីឯកភាពជាតិ ។ យើងសូមបញ្ជាក់ថា សាមគ្គីឯកភាពជាតិ មិនអាចកើតឡើង ពីល្ខោនបំបិទសេរីភាពបុគ្គលណាម្នាក់ក្នុងសង្គមឡើយ ប៉ុន្តែ ទាល់តែផ្ដើមចេញពីការផ្សះផ្សាដោយសុចរិត និងគោរពគោលការណ៍យុត្តិធម៌ ទើបឈានដល់សាមគ្គីឯកភាពជាតិ រឹងមាំក្នុងស្មារតីជាតិពិតប្រាកដ ។
យើងបារម្ភថា ករណីលោក កឹម សុខា នឹងក្លាយទៅជាល្បែងនយោបាយខ្វះគុណធម៌មួយ របស់អ្នកមានអំណាច ដែលប្រើជាឧបករណ៍ឃោសនាព្រោងព្រាត អំពីរបស់ដែលពួកគេបំភ័ន្តថា « សាមគ្គីឯកភាពជាតិ » ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ ។ បន្ថែមលើការមិនដោះលែងអ្នកទោសនយោបាយ/មនសិការ ប្រមាណ១០០នាក់ទៀត ធ្វើឲ្យយើងក៏បារម្ភ អំពីការបន្តយុទ្ធនាការរបស់របបភ្នំពេញ ក្នុងការបំពានសិទ្ធិមនុស្សនៅកម្ពុជា ហើយលទ្ធិប្រជាធិបតេយ្យកម្ពុជា នៅតែវិលវល់ក្នុងដែនអំណាចផ្ដាច់ការ ។ លក្ខខណ្ឌនេះ ធ្វើឲ្យកម្ពុជា បាត់សក្ដានុពលលើឆាកអន្តរជាតិ ក្នុងករណីចាំបាច់ ដើម្បីដោះស្រាយបញ្ហាអាយុជីវិតជាតិ ដូចជា ជម្លោះព្រំដែន ការឆបោកអនឡាញ និងពាណិជ្ជកម្ម។
រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា សូមជំរុញឲ្យសហគមន៍អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរ បង្ហាញបំណង និងសកម្មភាពប្រតិបត្តិទាមទារត្រង់ៗ ឲ្យរដ្ឋាភិបាលរបបភ្នំពេញ ឈប់បន្តអូសបន្លាយប្រើល្បិចក្ដោបសិទ្ធិពលរដ្ឋខ្មែរ និងអ្នកនយោបាយប្រជាធិបតេយ្យ ធ្វើជាចំណាប់ខ្លាំង នៃអំណាចផ្ដាច់ការរបស់ខ្លួនទៀត ។ ល្បែងនយោបាយបែបនេះ កាន់តែធ្វើប្រទេសជាតិវ័ណ្ឌក លង់ក្នុងវិបត្តិកាន់តែជ្រៅ និងកាន់តែខ្សោយជាលំដាប់៕








