អ្នកឃ្លាំមើល​ថា ការ​ប្រកាស​របស់​លោក ហ៊ុន ម៉ាណែត ថា ក្រុមហ៊ុន​អាមេរិក​ចង់​រកស៊ី​នៅ​កម្ពុជា គឺ​ជា​នយោបាយ​ប្រជាភិថុតិ

0
141
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (រូប​កណ្ដាល) ​ជួបគណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន (USABC) នៅ​វិមានសន្តិភាព កាលពីនៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (រូប​កណ្ដាល) ​ជួបគណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន (USABC) នៅ​វិមានសន្តិភាព កាលពីនៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

អ្នកឃ្លាំមើល​លើក​ឡើង​ថា ក្រុមហ៊ុន​ធំៗ​របស់​សហរដ្ឋអាមេរិក នឹង​មិន​អាច​បោះ​លុយ​វិនិយោគ​នៅ​កម្ពុជា​ឡើយ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា មិន​ស្ដារ​ប្រជាធិបតេយ្យ និង​លុបបំបាត់​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ (Online) ទេ​នោះ​។ ការ​លើកឡើង នេះ គឺ​បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត អះអាង​ថា ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា។

អ្នកឃ្លាំមើល​លើកឡើង​ថា ការ​ប្រកាស​របស់​លោក ហ៊ុន ម៉ាណែត ដែល​ថា ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក សម្លឹង​ឱកាស​វិនិយោគ​នៅ​ស្រុក​ខ្មែរ​គឺជា​រឿង​ល្អ​មួយ ប៉ុន្តែ​មិនអាច​ក្លាយជា​ការពិត​ឡើយ ប្រសិនបើ​កម្ពុជា នៅតែ​ញាំញី​ដោយ​អំពើពុករលួយ បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ ព្រមទាំង​ពុំ​មាន​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ត្រឹមត្រូវ។

ប្រធាន​ស្ថាប័ន​យុទ្ធសាស្ត្រ​និង​រៀបចំ​ប្រទេស​ឡើងវិញ​និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣ តុលា លោក គឹម សុខ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ចេះ​ត្រឹមតែ​អួត​ប៉ុណ្ណោះ។ លោក​យល់​ថា ដើម្បី​ឲ្យ​ក្រុមហ៊ុន​អាមេរិក បោះ​លុយ​រកស៊ី​នៅ​កម្ពុជា លុះត្រាតែ​មេដឹកនាំ​ក្រុងភ្នំពេញ ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ឲ្យ​មាន​ប្រសិទ្ធភាព។

​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣ តុលា លោក គឹម សុខ។ រូប៖ ហ្វេសប៊ុកលោក គឹម សុខ

លោក គឹម សុខ៖ «វត្តមាន​មន្ត្រីជាន់ខ្ពស់​អាមេរិក និង​អ្នក​វិនិយោគ​អាមេរិក​ទៅ​កម្ពុជា ដើម្បី​ស្ទាបស្ទង់​ស្ថានការណ៍​មួយ​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល របប​ក្រុងភ្នំពេញ ដឹកនាំ​ដោយ ហ៊ុន ម៉ាណែត នោះ ធ្វើ​រឿង​ពីរ​នៅ​ចំពោះមុខ ។ រឿង​ទី​១ គឺ​ការស្តារ​ប្រជាធិបតេយ្យ ហើយ​រឿង​ទី​២ គឺ​ចូលរួម​ជាមួយ​សហរដ្ឋ​អាមេរិក ដើម្បី​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន។ អាមេរិកាំង​មិនមែន​ចេះតែ​ដាក់​លុយ​រកស៊ី​នៅ​កម្ពុជា ពេល​ដែល​មាន​ស្នាម​ច្បាស់លាស់​អំពី​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដែល​ពាក់ព័ន្ធ​នឹង​គ្រួសារ​ហ៊ុន និង​គណបក្ស​កាន់អំណាច​ព្រមទាំង​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត»។

នៅ​ថ្ងៃទី​២ ខែធ្នូ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បង្ហោះ​សារ​ថា លោក​បាន​ជួប​ជាមួយ​គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន (USABC) ដឹកនាំ​ដោយ​អនុប្រធាន និង​ជានា​យក​គ្រប់គ្រង​ប្រចាំ​តំបន់​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន លោក ថេត អូសៀស (Ted Osius) នៅ​វិមាន​សន្តិភាព។ លោក ហ៊ុន ម៉ាណែត អះអាង​ថា ក្នុង​ជំនួប​នោះ គណៈប្រតិភូ​អាមេរិក បាន​បង្ហាញ​បំណង​ពង្រីក​ទុន​វិនិយោគ និង​ការស្វែងរក​ឱកាស​វិនិយោគ​ថ្មីៗ ក្នុង​វិស័យ​មួយចំនួន​ដូចជា​សុខាភិបាល ទេសចរណ៍​និង​សេវាកម្ម​សណ្ឋាគារ បច្ចេកវិទ្យា​ឌីជីថល ធនាគារ​និង​ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ ទីក្រុង​ឆ្លាត​វៃ យានយន្ត និង​ការធានារ៉ាប់រង​ជាដើម។ ជា​ការ​ឆ្លើយតប លោក ហ៊ុន ម៉ាណែត បាន​បង្ហាញ​ការ​ស្វាគមន៍ និង​ចាត់ទុកថា ការ​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា គឺជា​ការ​ចូលរួម​ចំណែក​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​សហរដ្ឋអាមេរិក និង​ជា​ការ​ជំរុញ​វិស័យ​ធុរកិច្ច​នៅ​កម្ពុជា។

ទោះជា​យ៉ាងណា សមាជិកសភា​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​លោក តាក់ ម៉េងហ៊ាង ថ្លែង​ថា ជាទូទៅ មុន​ពេល​ក្រុមហ៊ុន​ធំៗ សម្រេច​ដាក់​ទុន​រកស៊ី គឺ​តែង​សិក្សា​ទៅ​លើ​លទ្ធភាព និង​បរិយាកាស​នៃ​ការ​វិនិយោគ ប្រព័ន្ធ​ច្បាប់ ព្រមទាំង​ស្ថិរភាព​ពាណិជ្ជកម្ម និង​នយោបាយ​ជាដើម។

លោក តាក់ ម៉េងហ៊ាង៖ «ដូច្នេះហើយ​រដ្ឋាភិបាល និង​អាជ្ញាធរ គួរតែ​ផ្ដោត​ធំ​ទៅ លើ​ច្បាប់ពាណិជ្ជកម្ម និង​ការ​ការពារ​នៅក្នុង​ការ​ដាក់​ទុន​ទាំងអស់​នោះ បូក​បន្ថែម ពីលើ​ថា​ធ្វើ​ម៉េច​ដើម្បី​ឲ្យ​មាន​ស្ថិរភាព​ផ្នែក​ខាង​នយោបាយ ដោយមាន​ការចូលរួម សាទរ​ពី​ក្រុម​និន្នាការ​នយោបាយ​ទាំងអស់ រួម​ទាំង​មាន​សារព័ត៌មាន​ឯករាជ្យ ដែល អាច​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ជាក់ស្តែង​ដែល​ចំណុច​ទាំងអស់​នេះ គឺជា​ការ​បង្ហាញ​ក្នុង​ការ​មាន​តម្លាភាព បើកចំហ​នៅក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​មក​រក​ស៊ី​នៅ​កម្ពុជា»។

កាល​ពី​ពេល​ថ្មីៗ​នេះ វេទិកា​អាស៊ី​បូព៌ា (East Asia Forum) បាន​ចេញ​របាយការណ៍​វាយតម្លៃ​មួយ​ថា ចំនួន​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) របស់​កម្ពុជា នៅ​ឆ្នាំ​២០២៥ មាន​ចំនួន​កើនឡើង ក៏ប៉ុន្តែ​នៅ​មាន​គុណភាព​ទាប ដោយសារ​ភាព​ទន់ខ្សោយ​នៃ​ប្រព័ន្ធ​នីតិរដ្ឋ ការ​រីក​ដុះដាល​នៃ​អំពើពុករលួយ និង​កង្វះ​តម្លាភាព ដែល​កត្តា​ទាំងនេះ បាន​រារាំង​កម្ពុជា ពី​ការ​ទាក់ទាញ​ការ​វិនិយោគ​ប្រកបដោយ​គុណភាព​ខ្ពស់​ពី​បណ្ដា​ប្រទេស​លោក​សេរី៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ