

អង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា កសាងសំណុំរឿងដាក់ពាក្យបណ្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិដើម្បីដាក់សម្ពាធទៅលើភាគីថៃ ឲ្យដោះលែងទាហានខ្មែរ ១៨នាក់ ដែលថៃបានចាប់ខ្លួននៅលើទឹកដីខ្មែរ ធ្វើជាឈ្លើយសឹក។ ការជំរុញនេះ គឺបន្ទាប់ពីក្រសួងការបរទេសអះអាងថា រយៈពេល ១២៧ថ្ងៃ មកនេះ រដ្ឋាភិបាលកម្ពុជាបានប្រើមធ្យោបាយការទូតគ្រប់បែបយ៉ាងក្នុងការទាមទារឱ្យទាហានថៃដោះលែងយោធិនកម្ពុជាទាំង១៨នាក់ ស្របតាមសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ កាលពីចុងខែតុលា ឆ្នាំ២០២៥ កន្លងទៅ ប៉ុន្តែពុំទទួលបានលទ្ធផលនោះឡើយ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីលោក សឹង សែនករុណា ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា កសាងសំណុំរឿងដាក់ពាក្យបណ្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិដើម្បីដាក់សម្ពាធទៅលើភាគីថៃ។ លោកថា បើពិនិត្យអំពីទំនាក់ទំនង ឬសកម្មភាពខាងរដ្ឋាភិបាលកម្ពុជាបានធ្វើកន្លងមកដូចជាមិនមានប្រសិទ្ធភាពអ្វី ដាក់សម្ពាធទៅខាងយោធាថៃ ឬក៏រដ្ឋាភិបាលថៃឲ្យដោះលែងយោធាកម្ពុជាទាំង១៨រូបនោះឡើយ។
លោក សឹង សែនករុណា បានឲ្យដឹងបន្ថែមទៀតថា រដ្ឋាភិបាលត្រូវពិនិត្យមើលច្បាប់ និងយន្តការអន្តរជាតិជាច្រើនដែលត្រូវដាក់ពាក្យបណ្តឹងជាផ្លូវការទៅតុលការអន្តរជាតិ ក្នុងនាមជាប្រទេសដែលរងគ្រោះ ដោយសារតែថៃបានរំលោភបំពាន និងចាប់យោធាកម្ពុជា ធ្វើជាឈ្លើយសឹកដែលរំលោភច្បាប់អន្តរជាតិ។
លោក សឹង សែនករុណា៖ «យើងពិនិត្យមើលឃើញរដ្ឋាភិបាលហាក់ដូចជាមិនអនុវត្តតួនាទីនេះទេ បែរជាយើងមើលឃើញយុវជនមួយរូបនៅសហរដ្ឋអាមេរិក លោក មូន ពេជ្រ និងប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសធ្វើការដាក់បណ្តឹងរួមគ្នាទៅវិញ»។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី៣ ខែធ្នូ ថា អស់រយៈពេល ១២៧ថ្ងៃហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបន្តខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត ដើម្បីជំរុញយុទ្ធនាការទាមទារការដោះលែងយោធិនកម្ពុជាទាំង១៨នាក់ តាមគ្រប់មធ្យោបាយការទូតដែលអាចធ្វើទៅបាន។ រួមបញ្ចូលទាំងការទាក់ទងផ្ទាល់ជាមួយប្រទេសថៃ ការពិគ្រោះយោបល់ជាមួយមេដឹកនាំក្នុងតំបន់ និងអន្តរជាតិ រួមទាំងការសម្របសម្រួលជាមួយអង្គការអន្តរជាតិដែលពាក់ព័ន្ធផងដែរ។
ក្រសួងការបរទេសកម្ពុជា អះអាងទៀតថា គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ដែលរាជរដ្ឋាភិបាលបានបន្តទាក់ទងធ្វើការជាមួយយ៉ាងជិតស្និទ្ធតាំងពីដំបូងមក បានផ្តល់ការគាំទ្រតាមតួនាទីរបស់ខ្លួន ក្នុងការធានាឱ្យយោធិនទាំង១៨នាក់ដែលកំពុងស្ថិតក្នុងការឃុំខ្លួននេះ បានទទួលនូវការគោរពសិទ្ធស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។
ទាក់ទងនឹងករណីនេះដែរ កាលពីថ្ងៃទី១ ខែធ្នូ យុវជនកម្ពុជាដែលបញ្ចប់ការសិក្សាផ្នែកយោធានៅសហរដ្ឋអាមេរិក លោក មូន ពេជ្រ ក៏បានផ្ញើលិខិតទៅកាន់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បានស្នើឲ្យជួយធានាសុវត្ថិភាព សុខុមាលភាព និងការមើលថែទាំដោយក្តីមេត្តាចំពោះទាហានកម្ពុជា ស្របតាមអនុសញ្ញា ក្រុងហ្ស៉ឺណែវ លើកទី៣ ដែលសម្រេចបានកាលពីឆ្នាំ១៩៤៩ និងចំណុចដែលមានចែងក្នុងច្បាប់មនុស្សធម៌អន្តរជាតិ។
យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីថៃលោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ត្រូវកាសែតថៃ (Thai Enquirer) ស្រង់សម្ដីថា ដោយសារតែបញ្ហាគ្រាប់មីន ថៃមិនត្រឹមតែមិនដោះលែងទាហានកម្ពុជាទាំង១៨នាក់ទេ ថែមទាំងប្រកាសដើរចេញពីកិច្ចព្រមព្រៀងសន្តិភាពដែលមានប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្វើជាសាក្សី ថែមទៀត។
ជុំវិញបញ្ហាទាហានទាំង១៨នាក់ នេះ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ធ្លាប់លើកឡើងថា ភាគីថៃ ហាក់កំពុងតែចង់យកចំណាប់ខ្មាំងកម្ពុជា ទាំង១៨រូប ដើម្បីគំរាមកំហែង និងដាក់សម្ពាធមកលើកម្ពុជា ដើម្បីដោះដូរ អ្វីដែលភាគីថៃចង់បាន។ លោកបញ្ជាក់ថា តាំងពីទាហាន១៨នាក់ ត្រូវបានចាប់ខ្លួន លោកចាត់ទុកថា ពួកគេបានពលីជីវិតរួចទៅហើយ។
ក្រោយបទឈប់បាញ់ បានចូលជាធរមាន នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ទាហានខ្មែរចំនួន២១នាក់ត្រូវបានយោធាថៃចាប់ខ្លួននៅចំណុចជាំតែ ក្នុងភូមិតេជោបុស្សស្បូវ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្នុងនោះ មានទាហានខ្មែរ ១នាក់បានស្លាប់ ក្រោយពេលយោធាថៃចាប់ទៅ ហើយបានបញ្ជូនសពមកឱ្យកម្ពុជាវិញនៅថ្ងៃទី៣១ ខែកក្កដា។ ក្រោយមកទៀតនៅថ្ងៃទី១ ខែសីហា ភាគីថៃ ក៏បានប្រគល់ទាហានខ្មែរចំនួន ២នាក់ទៀត ព្រោះមានម្នាក់រងរបួសដៃ និងម្នាក់ទៀត មានបញ្ហាស្មារតី ដែលគេសង្ស័យថា អាចបណ្ដាលមកពីការធ្វើទារុណកម្ម៕









