

គណបក្សកម្លាំងជាតិស្នើសុំឲ្យក្រសួងមហាផ្ទៃទទួលស្គាល់សមាជរបស់ខ្លួន បន្ទាប់ពីសមាជគណបក្សកម្លាំងជាតិទាំងពីរលើកសុទ្ធតែត្រូវបានក្រសួងមហាផ្ទៃបដិសេធ។ ថ្នាក់ដឹកនាំកំពូលគណបក្សកម្លាំងជាតិ អះអាងថា ការសម្រេចរបស់ក្រសួងមហាផ្ទៃ មិនត្រឹមត្រូវតាមច្បាប់គណបក្សនយោបាយ និងរដ្ឋធម្មនុញ្ញ។ សង្គមស៊ីវិលថា គណបក្សកាន់អំណាចមានចេតនារាំងខ្ទប់ការ ប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ ព្រោះនៅខ្លាចស្រមោលគណបក្សសង្គ្រោះជាតិ។
គណបក្សកម្លាំងជាតិ បានរៀបចំសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែធ្នូ ដើម្បីឆ្លើយតបនឹងក្រសួងមហាផ្ទៃដែលបានបដិសេធមិនទទួលស្គាល់លទ្ធផលសមាជរបស់គណបក្សចំនួនពីរលើកនាពេលកន្លងមក។
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ប្រធានគណបក្សលោក ជា មុន្នី និងអគ្គនាយករដ្ឋបាលបក្សលោក ផុន សុភា បានរិះគន់ ស្តង់ដារអនុវត្តច្បាប់របស់ក្រសួងមហាផ្ទៃ ដែលបានច្រានចោលជាលើកទី២ នូវលទ្ធផលសមាជរបស់គណបក្សនេះ។ សមាជគណបក្សកម្លាំងជាតិពីរលើកហើយ ក្នុងរយៈពេលមួយឆ្នាំមកនេះ ដែលសមាជលើកទី២ ធ្វើនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ សុទ្ធតែត្រូវក្រសួងមហាផ្ទៃ មិនទទួលស្គាល់ទាំងអស់។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន រិះគន់ថា ក្រសួងមហាផ្ទៃប្រើពេលរហូតដល់៧ខែ ដើម្បីបញ្ជាក់អំពីលទ្ធផលសមាជរបស់គណបក្សកម្លាំងជាតិ ។ យ៉ាងណាលោកថា កាលពីថ្ងៃទី០៣ ខែធ្នូ គណបក្សកម្លាំងជាតិបានសរសេរលិខិតទៅក្រសួងមហាផ្ទៃវិញហើយ ដើម្បីស្នើឲ្យពិនិត្យឡើងវិញ នូវការសម្រេចចិត្តបដិសេធរបស់ក្រសួង។
លិខិតរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឲ្យដឹងថា លទ្ធផលសមាជ របស់គណបក្សកម្លាំងជាតិខុសបញ្ញត្តិមាត្រា ១៨ថ្មី នៃច្បាប់គណបក្សនយោបាយ ពីព្រោះឃើញមានសមាជិកគណៈកម្មាធិការនាយកមួយចំនួន កំពុងស្ថិតនៅក្នុងនីតិវិធីតុលាការនៅឡើយ។
ទោះយ៉ាងណាលោក រ៉ុង ឈុន អះអាងថា សមាជគណបក្សកម្លាំងជាតិ មិនផ្ទុយនឹងខ្លឹមសារមាត្រា ១៨ថ្មី នៃច្បាប់គណបក្សនយោបាយឡើយ។ លោកថា ក្រសួងមហាផ្ទៃគួរណាស់ ជូនដំណឹងឲ្យគណបក្សកម្លាំងជាតិកែតម្រូវលើចំណុច ដែលក្រសួងមើលឃើញខុស គឺពុំមែនទុកពេលដ៏យូរឆ្លើយតប ហើយបដិសេធបែបនេះទេ។
លោក រ៉ុង ឈុន៖ «ទាក់ទងបែបបទរដ្ឋបាលយើងមើលរយៈពេល ៧ខែយូរណាស់អ៊ីចឹងហើយក្រសួងមហាផ្ទៃគួរឆ្លើយតបក្នុងរយៈពេលសមរម្យដើម្បីឲ្យគណបក្សរៀបចំឡើងវិញ ឬក៏ក្រសួងមហាផ្ទៃសូមឲ្យគណបក្សធ្វើការកែតម្រូវ ឬដកអ្នកដែលជាប់ពាក់ព័ន្ធ»។
ជាមួយគ្នានេះ អគ្គនាយករដ្ឋបាល នៃគណបក្សកម្លាំងជាតិលោក ផុន សុភា ស្នើឲ្យក្រសួងមហាផ្ទៃទទួលស្គាល់លទ្ធផលសមាជរបស់គណបក្សកម្លាំងជាតិ។ លោកលើកហេតុផលថា មាត្រា១៨ថ្មី នៃច្បាប់គណបក្សនយោបាយ សំដៅដល់ការបាត់បង់សិទ្ធិ សមាជិកភាពនិងតួនាទីដោយស្វ័យប្រវត្តិ ពីគណបក្សនយោបាយ ចំពោះបុគ្គលដែលមានទោស ប៉ុន្តែមិនមែនសម្រាប់ខ្ទាស់សមាជរបស់គណបក្សនយោបាយទេ។
លោកពន្យល់ដែរថា នៅពេលគណបក្សកម្លាំងជាតិធ្វើសមាជសមាជិកគណបក្ស ដែលជាប់ក្ដីក្ដាំមួយចំនួន ក៏មិនទាន់ត្រូវបានតុលាការកាត់ទោសដែរ ដូច្នេះ ពួកគាត់ស្ថិតក្នុងស្ថានភាពជាបុគ្គលគ្មានទោស ដោយយោងតាមមាត្រា ៣៨នៃរដ្ឋធម្មនុញ្ញ ។ មាត្រា ៣៨នៃរដ្ឋធម្មនុញ្ញ ចែងថា «ជនជាប់ចោទណាក៏ដោយត្រូវទុក ជាមនុស្សឥតទោសដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរ»។
លោក ផុន សុភា៖ «អីចឹងបើយើងប្រៀបធៀបមាត្រា ៣៨ នៃរដ្ឋធម្មនុញ្ញនិងមាត្រា ១៨ នៃច្បាប់វិសោធនកម្មច្បាប់គណបក្សនយោបាយមើលឃើញថា សមាជិកគណៈកម្មាធិការនាយករបស់យើងដែលកំពុងជាប់ក្ដីនៅតុលាការ ឬនៅក្នុងនីតិវិធី គឺមិនទាន់មានទោសទេ ហេតុដូច្នេះហើយ ការដែលក្រសួងមហាផ្ទៃ គឺវាផ្ទៃនឹង១៨ ហើយនឹងមាត្រា៣៨នៃរដ្ឋធម្មនុញ្ញ»។
គណបក្សកម្លាំងជាតិត្រូវបានបង្កើតឡើងដោយលោក ស៊ុន ចន្ធី កាលពីខែមិថុនា ឆ្នាំ២០២៣ ដែលលោកមានតួនាទីជាប្រធានគណបក្ស។ ប្រមាណតែ ៣ខែក្រោយមក គឺនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ដដែល លោក ស៊ុន ចន្ធី ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទ«ញុះញង់បង្កឱ្យ មានភាពវឹកវរធ្ងន់ធ្ងរដល់ សន្តិសុខសង្គម» និងចាប់ដាក់ពន្ធនាគារក្នុងតំបន់ដាច់ស្រយាលមួយ ស្ថិតនៅ ជាប់ជើងភ្នំក្រវាញខេត្តពោធិ៍សាត់។
ជាង ៦ខែបន្ទាប់ គឺថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ គណបក្សកម្លាំងជាតិបានធ្វើសមាជដើម្បីរៀបចំក្បាលម៉ាស៊ីនដឹកនាំឡើងវិញ។ ក្រោយក្រសួងមហាផ្ទៃបដិសេធលទ្ធផលសមាជនេះ គណបក្សកម្លាំងជាតិនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានធ្វើសមាជមួយទៀត ដើម្បីដោះដូររចនាសម្ព័ន្ធដឹកនាំជាថ្មី ។ ប៉ុន្តែសមាជលើកទី២នេះ ក៏ត្រូវក្រសួងមហាផ្ទៃបដិសេធដែរ។
អគ្គនាយករដ្ឋបាលគណបក្សកម្លាំងជាតិ លោក ផុន សុភា និយាយថា គណបក្សកម្លាំងជាតិមានបំណងជួបតំណាងក្រសួងមហាផ្ទៃ ដើម្បីជជែកឲ្យបានច្បាស់លាស់ អំពីដំណើរការសមាជរបស់គណបក្សកន្លងមក និងចង់ដឹងថា តើក្រសួងមហាផ្ទៃចង់បានអ្វីឲ្យប្រាកដ។
លោក ផុន សុភា៖ «សូមសំណូមពរឲ្យក្រសួងមហាផ្ទៃប្រាប់ឲ្យបានច្បាស់មកបើសិនគាត់ថា មួយចំនួនតើនរណាខ្លះឈ្មោះអី គាត់មានទោសអីយើងនឹងស្រួលដកបេក្ខភាពគាត់ចេញ ហើយនេះពីរដងហើយ គាត់បញ្ជាក់ថា មាត្រាខុស ប៉ុន្តែអ្វីដែលយើងធ្វើយើងពិនិត្យទៅវាអត់មានអីខុស។ ហេតុដូច្នេះ បានជាយើងដាក់របាយការណ៍។ អ៊ីចឹងសូមឲ្យក្រសួងមហាផ្ទៃដែលជាអ្នកជំនាញហ្នឹង បញ្ជាក់ឲ្យច្បាស់មកថា ខុសកន្លែងណាប្រាប់ឲ្យច្បាប់មកយើងនឹងងាយស្រួលធ្វើការកែតម្រូវ» ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរលោក ស៊ឹង សែនករុណា ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៤ ខែធ្នូ ថា ហេតុផលរបស់ក្រសួងមហាផ្ទៃ គឺជាចេតនាបន្ទុក បង្អាក់ការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ ។ លោកថា គណបក្សកាន់អំណាចនៅខ្លាចស្រមោលគណបក្សសង្គ្រោះជាតិនៅឡើយ ដូច្នេះហើយ ប្រើគ្រប់ល្បិចកល រាំងខ្ទប់គណបក្សនយោបាយ ដែលមានកម្លាំងប្រកួតប្រជែង។
លោក ស៊ឹង សែនករុណា៖ «ដោយសារតែគណបក្សកាន់អំណាច គឺមានការភ័យខ្លាចក្នុងការបើកលំហឲ្យសេរីភាពហ្នឹង ពីព្រោះធ្លាប់ឆ្លងកាត់មក គឺប្រឈមជាមួយនឹងគណបក្សដ៏ធំមួយ គឺគណបក្សសង្គ្រោះជាតិដែលត្រូវបានគណបក្សសង្គ្រោះជាតិឈ្នះអាសនៈកាន់កាប់ប្រទេសទៅហើយ»។
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន បានថ្លែងប្រាប់អ្នកគាំទ្រថា ការបដិសេធរបស់ក្រសួងមហាផ្ទៃ មិនមែនជាឧបសគ្គនោះទេ ពីព្រោះគណបក្សកម្លាំងជាតិ ជាគណបក្សនយោបាយ ដែលក្រសួងមហាផ្ទៃទទួលស្គាល់រួចហើយ។ លោកបន្ថែមថា បើការតវ៉ាលើកនេះទាក់ទងនឹងសមាជគណបក្សនៅតែមិនបានផលវិជ្ជមានគណបក្សកម្លាំងជាតិនឹងធ្វើសមាជ ជាលើកទី៣ ដាក់ជូនក្រសួងមហាផ្ទៃជាថ្មីទៀត៕









