អ្នកឃ្លាំមើល​ថា ធនាគារជាតិ និង​ក្រុមហ៊ុន​លោក ហ៊ុន តូ ត្រូវ​ទទួលខុសត្រូវ​លើ​បញ្ហា​ប្រាក់​អតិថិជន

0
115
ទីស្នាក់ការ​កណ្ដាល​ក្រុមហ៊ុន​ទូទាត់​សាច់ប្រាក់ «ហួយ​វ័ន ផេ​» នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះនរោត្ដម រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៤ ខែ​ធ្នូ ឆ្នាំ​២០២៥។ TFA
ទីស្នាក់ការ​កណ្ដាល​ក្រុមហ៊ុន​ទូទាត់​សាច់ប្រាក់ «ហួយ​វ័ន ផេ​» នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះនរោត្ដម រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៤ ខែ​ធ្នូ ឆ្នាំ​២០២៥។ TFA

អ្នកឃ្លាំមើល​លើកឡើង​ថា ធនាគារជាតិ​នៃ​កម្ពុជា (NBC) និង​ក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់​លោក ហ៊ុន តូ គឺជា​អ្នកទទួលខុសត្រូវ​ទាំងស្រុង​លើ​បញ្ហា​ប្រឈម​របស់​អតិថិជន​ដក​ប្រាក់​មិន​បាន និង​បញ្ហា​ផ្លូវច្បាប់។ អ្នកឃ្លាំមើល​ក៏បាន​ចោទប្រកាន់​ធនាគារជាតិ​នៃ​កម្ពុជា​ថា គឺជា​អ្នក​កាង​ការពារ​ឱ្យ​ក្រុមហ៊ុន​របស់​លោក ហ៊ុន តូ ដែរ ដោយសារតែ​គ្មាន​ចំណាត់​ស៊ើបអង្កេត និង​បង្ក្រាប​អ្នក​ពាក់ព័ន្ធ​ក្រោយ​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន ហួយវ័ន ផេ។

អ្នកឃ្លាំមើល បាន​វាយតម្លៃ​ចំពោះ​ហានិភ័យ​ចរន្ត​សេដ្ឋកិច្ចជាតិ​ថា នឹង​បង្ក​លក្ខណៈ​កាន់តែ​អាក្រក់​ដោយសារតែ​ធនាគារជាតិ​នៃ​កម្ពុជា និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅតែ​បន្ត​បណ្ដែត​បណ្ដោយ​ឱ្យ​ក្រុមហ៊ុន ហួយវ័ន ផេ មាន​វត្តមាន និង​បន្ត​ប្រតិបត្តិការ​សាច់ប្រាក់​លាង​កខ្វក់​រាប់សិប​ពាន់​លាន​ដុល្លារ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន។

ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​៤ ខែ​ធ្នូ ថា ធនាគារជាតិ​នៃ​កម្ពុជា​ដែល​មាន​អ្នកដឹកនាំ​គ្រួសារ​បក្សពួកនិយម មិន​ខុសពី​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន នោះ គឺ​មិន​បាន​រួមចំណែក​ជួយ​ឱ្យ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ល្អ​ប្រសើរ និង​ពិនិត្យ​ឱ្យ​ល្អិតល្អន់​លើ​ការ​ប្រតិបត្តិការ​សាច់ប្រាក់​កខ្វក់​របស់​ក្រុមហ៊ុន ហួយវ័ន ផេ របស់​លោក ហ៊ុន តូ ឡើយ។

អ្នកស្រី មូរ សុខហួរ៖ «​ធនាគារជាតិ​នៃ​កម្ពុជា​ដឹកនាំ​ជាមួយ​ត្រកូល ហ៊ុន នេះ​នឹង​មិន​ធ្វើ​អ្វី​ជូន​ប្រទេសជាតិ​ទេ។ ពលរដ្ឋ​ត្រូវតែ​តាំងចិត្ត​យើង​ឈប់​លើកដៃ​អង្វរ​សំពះ​រក​សន្តិភាព​ក្លែងក្លាយ សន្តិភាព​ក្លែងក្លាយ​នេះ​វា​ស៊ី​ប្រព័ន្ធ​យើង​ទាំងអស់​។ គណបក្ស​ប្រជាជន​កម្ពុជា​អំណាច​របស់​លោក ហ៊ុន សែន អំណាច​នៃ​ត្រកូល​ហ៊ុន​ទាំង​អស់ហ្នឹង វា​ពាក់ព័ន្ធ​នឹង ចេន ហ្សី (Chen Zhi) និង​លុយកខ្វក់​ប្រព័ន្ធ​អនឡាញ។ មួយទៀត​ទ្រព្យសម្បត្តិ​ដែល​គេ​មាន​មហាសាល​ហ្នឹង​គេ​អត់​មានការ​អៀនខ្មាស​អី​បន្តិច ក្នុង​ការ​បញ្ចេញ​ហ៊ឺហា​ឱ្យ​ប្រជាពលរដ្ឋ​លោក​ឃើញ​ទេ»។

ប្រតិកម្ម​នេះ​ធ្វើឡើង​បន្ទាប់ពី​ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ថ្ងៃទី​៣ ខែធ្នូ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ពី​ការ​ដក​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន ហួយ​វ័ន ផេ និង​បាន​បញ្ជាក់​ពី​ការ​បំពេញ​កាតព្វកិច្ច​ជម្រះបញ្ជី​រំលាយ​គ្រឹះស្ថាន​តាម​នីតិវិធី​ច្បាប់​ជា​ស្ថាពរ​ដោយ​យោង​តាម​សេចក្ដីសម្រេច​របស់​ក្រសួងពាណិជ្ជកម្ម​កាលពី​ខែ​មិថុនា ឆ្នាំ​២០២៥​។ ក្នុង​ន័យ​នេះ ធនាគារជាតិ​នៃ​កម្ពុជា​បញ្ជាក់​ថា រាល់​កាតព្វកិច្ច​ទូទាត់​ដល់​ម្ចាស់បំណុល​ដែល​ក្នុង​នោះ​រួមមាន​អតិថិជន​ផង​របស់​គ្រឹះស្ថាន​ផ្ដល់​សេវា​ទូទាត់​សង​ប្រាក់ ហួយ​វ័ន ផេ ត្រូវ​បាន​បំពេញ​រួចរាល់​ស្របតាម​ច្បាប់។

ក្រៅ​ពី​នេះ ធនាគារជាតិ​ក៏បាន​ក្រើនរំលឹក​ដល់​សាធារណជន​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ហានិភ័យ​លើ​ការ​វិនិយោគ​ក្នុង​សេវាកម្ម​គ្រីបតូ (Crypto) ដោយសារតែ​មក​ពេលនេះ​ធនាគារជាតិ​នៃ​កម្ពុជា​អះអាង​ថា មិនបាន​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ណាមួយ​ឡើយ​នៅ​កម្ពុជា។

ធនាគារជាតិ​នៃ​កម្ពុជា​ធ្លាប់​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ចំពោះ​ការ​ដក​អាជ្ញាប័ណ្ណ​ប្រតិបត្តិ​ការ​ទូទាត់​សាច់ប្រាក់​របស់​ក្រុមហ៊ុន ហួយវ័ន ផេ របស់​លោក ហ៊ុន តូ កាលពី​ខែ​មីនា ឆ្នាំ​២០២៥ ដោយ​បញ្ជាក់​ថា ក្រុមហ៊ុន​មួយ​នេះ​មិនបាន​គោរព​តាម អនុលោម​តាម​បទប្បញ្ញត្តិ និង​អនុសាសន៍​ដែល​មាន​ស្រាប់ របស់​និយតករ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​។ ប៉ុន្តែ​ទោះជា​មាន​ការ​ដក​អាជ្ញាប័ណ្ណ​ក៏ដោយ ក្រុមហ៊ុន ហួយ​វ័ន ផេ នៅតែ​បន្ត​ប្រតិបត្តិ​ការ​ទូទាត់​សង​ប្រាក់ ឬ​ទទួល​ប្រាក់​ពី​សាធារណជន​តាម​ប្រព័ន្ធ​កម្មវិធី​ទូទាត់​នៅ​លើ​ប្រព័ន្ធ​អនឡាញ។

អ្នកស្រី មូរ សុខ​ហួរ បញ្ជាក់​ថា ធនាគារជាតិ​នៃ​កម្ពុជា គឺ​បានដឹង​ច្បាស់​ពី​ភាព​មិន​ប្រក្រតី​នៃ​ដំណើរការ​ខុសច្បាប់​របស់​ក្រុមហ៊ុន ហួយ​វ័ន ផេ របស់ លោក ហ៊ុន តូ។ អ្នកស្រី​បន្ថែម​ថា ការណ៍​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​គ្មាន​យន្តការ​ច្បាស់លាស់​ក្នុង​ការ​តាមដាន និង​បង្ក្រាប​អ្នក​ពាក់ព័ន្ធ​នៃ​ក្រុមហ៊ុន​បន្តដំណើរ​ការដែល​ខ្លួន​បាន​ដក​អាជ្ញាប័ណ្ណ​នោះ ស្មើនឹង​ការពារ​ឱ្យ​ក្រុមហ៊ុន​លោក ហ៊ុន តូ អាច​នៅតែ​បន្ត​មានដំណើរ​ប្រតិបត្តិការ​លាងលុយកខ្វក់​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​។ អ្នកស្រី មូរ សុខហួរ ពន្យល់​ថា ក្រុមហ៊ុន ហួយ​វ័ន ផេ ក៏​ជា​អ្នកទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ការប្រកាស​បិទ​សេវាកម្ម និង​ការ​បង្កក​ការ​ដក​ប្រាក់​របស់​អតិថិជន ព្រោះ​ករណីនេះ​ជា​ការ​បំពាន​លើ​កាតព្វកិច្ច​ចម្បង​របស់​ខ្លួន​ក្នុង​ការ​ធានា​ដល់​ប្រតិបត្តិការ និង​ការ​ដក​ប្រាក់​សេវាកម្ម​ក្រុមហ៊ុន។

អ្នកស្រី មូរ សុខហួរ៖ «ធនាគារជាតិ​យើង​ចាត់វិធានការ​ជាបន្ទាន់​មិន​ត្រឹមតែ​ដក​អាជ្ញាប័ណ្ណ ដក​ហើយក៏​ប៉ុន្តែ​ចាត់វិធានការ​ចូល​ដល់​តុលាការ ប្រទេសជាតិ​យើង​អត់​មាន​សង្ឃឹម​ទេ ក៏ប៉ុន្តែ​ត្រូវ​ផ្ដល់​កិច្ចសហប្រតិបត្តិការ​ជាពិសេស​ជាមួយ​ប្រទេស​សហរដ្ឋអាមេរិក ជាមួយ​អង់គ្លេស ហើយ​ត្រូវ​ឃាត់ខ្លួន​ប្រធាន​ក្រុមហ៊ុន​ហ្នឹង​ជាបន្ទាន់​គឺ​លោក ហ៊ុន តូ។ បង្ហាញ​មក​បង្ហាញ​ឱ្យ​ឃើញ​ថា លោក ហ៊ុន ម៉ាណែត មាន​សមត្ថភាព​មាន​ភាព​អង់អាច​មានការ​ទទួល​ខុសត្រូវ​នៅមុខ​ប្រទេសជាតិ​យើង»។

ទូរទស្សន៍​អាស៊ីសេរី​មិន​អាច​ទាក់ទង​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​អ្នកស្រី ជា សិរី និង​ក្មួយប្រុស​លោក ហ៊ុន សែន ដែល​ជា​សហប្រធាន​ក្រុមហ៊ុន​ហួយវ័ន ផេ គឺ​លោក ហ៊ុន តូ ដើម្បី​សុំ​ការ​ឆ្លើយតប​នឹង​ការ​ចោទប្រកាន់​នេះ​បាន​នៅ​ឡើយ​ទេ។

ក្រុមហ៊ុន ហួយ​វ័ន ផេ គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន ហួយ​វ័ន គ្រុប (Huione Group of Cambodia) មាន​កម្ម​វិធី​ទីផ្សារ និង​ភ្នាក់ងារ​ទូទាត់​លុយ​តាម​អនឡាញ និង​មាន​ក្មួយបង្កើត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ជា​សហប្រធាន​នៃ​ក្រុមហ៊ុន​នេះ។

ក្រសួង​រតនាគារ​អាមេរិក (US) កាលពី​ខែ​តុលា កន្លងទៅ​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន ហួយ​វ័ន គ្រុប ដោយ​អាមេរិក​បាន​កាត់​ចេញពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​សហរដ្ឋអាមេរិក​។ ក្រសួង​រតនាគារ​អាមេរិក​រកឃើញ​ថា ចាប់តាំងពី​ខែសីហា ឆ្នាំ​២០២១ មក​ក្រុមហ៊ុន ហួយ​វ័ន ផេ របស់​លោក ហ៊ុន តូ និង​បណ្ដាញ​ក្រុមហ៊ុន​ជា​បុត្រ​សម្ព័ន្ធ​បាន​ជួយ​លាងលុយកខ្វក់​ចំនួន​យ៉ាងតិច ៤​ពាន់​លាន​ដុល្លារ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ក្រុម​ចោរ​បច្ចេកវិទ្យា​របស់​កូរ៉េខាងជើង (North Korea) និង​ក្រុម​ឆបោក​តាម​អន​ឡាញ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ ក្រៅពី​រដ្ឋាភិបាល​អាមេរិក ចក្រភព​អង់គ្លេស (UK) និង ប្រទេស កូរ៉េខាងត្បូង (South Korea) ក៏បាន​ដាក់​ក្រុមហ៊ុន ហួយវ័ន គ្រុប និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ផ្សេងទៀត​ចូលក្នុង​បញ្ជីខ្មៅ ដោយ​បារម្ភ​អំពី​ការ​ធ្វើការ​ប្រតិបត្តិការ​លាងលុយកខ្វក់។

ក្រោយ​រង​ទណ្ឌកម្ម​អន្តរជាតិ​ជា​បន្តបន្ទាប់​នេះ ក្រុមហ៊ុន ហួយ​វ័ន ផេ បាន​ប្រកាស​កាលពី​ថ្ងៃទី​១ ខែធ្នូ ពី​ការ​ផ្អាក​សេវាកម្ម​បណ្ដោះអាសន្ន និង​ការិយាល័យ​សេវាកម្ម​ទាំងអស់​របស់​ក្រុមហ៊ុន ចាប់ពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២៥ ដល់​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ ២០២៦​។ មក​ដល់​ពេល​នេះ ក្រុមហ៊ុន ហួយ​វ័ន ផេ រុះរើ​ស្លាក់​យីហោ​នៅ​ទីស្នាក់ការ​កណ្ដាល​នៅ​រាជធានី​ភ្នំពេញ រីឯ អតិថិជន​រាប់​រយ​នាក់​ដែល​មាន​លុយរាប់​ពាន់​ដុល្លារ​ក្នុង​កម្មវិធី​ហួយ​វ័ន ផេ ក៏​ត្រូវ​បាន​ក្រុមហ៊ុន​បង្កក​ដក​មិនបាន​។ ក្រុមហ៊ុន​បាន​ពន្យល់​ពី​ការ​ទូទាត់​លុយ​ដល់​អតិថិជន​មិនអាច​ទាន់​ពេលវេ​លា ដោយសារតែ​ប្រតិបត្តិការ​ទីផ្សារ​ខាងក្រៅ​ធ្វើ​ប្រតិបត្តិ​ការពិបាក និង​បាន​ស្នើ​ឱ្យ​អតិថិជន​ដក​ប្រាក់​បន្តិច​ម្តងៗ ឬ​ដក​ប្រាក់​ក្នុង​រយៈពេល​វែង។

ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ អ្នកស្រី មូរ សុខ​ហួរ លើកឡើង​ថា ការ​បរាជ័យ​របស់​ក្រុមហ៊ុន​លោក ហ៊ុន តូ ក្នុង​ការ​គ្រប់គ្រង​លំហូរ​សាច់ប្រាក់ និង​ការ​បង្កក​ការ​ដក​ប្រាក់​របស់​អតិថិជន គឺ​បណ្ដាល​មិន​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ​ដោយសារតែ​សកម្មភាព​ប្រតិបត្តិការ​ខុសច្បាប់​របស់​ខ្លួន​។ អ្នកស្រី​ឱ្យដឹង​ទៀត​ថា ស្ថាប័ន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជាច្រើន​នៅ​ប្រទេស​អង់គ្លេស​កំពុង​មាន​កិច្ច​សហប្រតិបត្តិការ និង​ចំណាត់ការ​ម៉ឺងម៉ាត់​ជាមួយ​រដ្ឋាភិបាល ដើម្បី​បញ្ចៀស​ក្រុមហ៊ុន លោក ហ៊ុន តូ ប្រតិបត្តិការ​សាច់ប្រាក់​តាម​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ពួកគេ។ អ្នកស្រី​ក៏​លើកទឹកចិត្ត​ដល់​អ្នក​ដែល​រងគ្រោះ​ពី​ក្រុមហ៊ុន ហួយ​វ័ន ផេ ដាក់ពាក្យ​បណ្ដឹង​លក្ខណៈ​អន្តរជាតិ​នៅ​តាម​បណ្ដា​ស្ថានទូត​នៃ​ប្រទេស​ដែល​បាន​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន ហួយ​វ័ន ផេ។ អ្នកស្រី​យល់​ថា នេះ​គឺជា​មធ្យោបាយ​ក្នុង​ការ​ផ្ដល់​ភស្តុតាង​កាន់តែ​រឹងមាំ​ឱ្យ​អន្តរជាតិ​អាច​បន្ថែម​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន លោក ហ៊ុន តូ ដែល​ប្រតិបត្តិការ​អំពើ​លាងលុយកខ្វក់​ដល់​ក្រុម​ឧក្រិដ្ឋជន ហើយក៏​អាច​បង្ហាញ​ពី​ភាព​បរាជ័យ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ​មិន​មាន​ចំណាត់ការ​ផ្លូវច្បាប់​ណាមួយ​លើ​អ្នក​ដែល​ពាក់ព័ន្ធ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ