

យោធាថៃពង្រីកការវាយប្រហារលើពលរដ្ឋភូមិព្រៃចាន់ និងភូមិជោគជ័យខេត្តបន្ទាយមានជ័យ ដោយប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោល និងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃមកលើភូមិដ្ឋានជនស៊ីវិលរស់នៅ នារសៀលថ្ងៃទី៨ ធ្នូ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា។
ក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា បន្ទាប់ពីយោធាថៃបាញ់ប្រហារមកលើកងកម្លាំង និងប្រជាជនស៊ីវិលនៅទិសយោធភូមិភាគទី៤ ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ចាប់ពីព្រឹកម៉ោង៥:០៤នាទីថ្ងៃនេះមក យោធាថៃបានពង្រីកការវាយប្រហាររបស់ខ្លួនមកខេត្តបន្ទាយមានជ័យ ក្នុងភូមិសាស្ត្រយោធភូមិភាគទី៥ នៅវេលាម៉ោង ១៣:៣៦នាទីរសៀល។ ក្រសួងបន្តថា យោធាថៃបានបាញ់ប្រហារមកលើប្រជាជនស៊ីវិលនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

គិតត្រឹមរសៀលនេះ ក្រសួងការពារជាតិកម្ពុជាមិនទាន់បង្ហាញព័ត៌មានថា កម្ពុជាវាយបកទៅកាន់យោធាថៃដែលកំពុងវាយប្រហារយ៉ាងខ្លាំងមកលើកម្ពុជាដោយប្រើអាវុធគ្រប់ធន់ និងយន្តហោះចម្បាំងទម្លាក់គ្រាប់បែកបំផ្លាញផ្ទះពលរដ្ឋ និងបណ្ដាលឱ្យពលរដ្ឋរងរបួសធ្ងន់ស្រាលនោះទេ។ ក្រសួងការពារជាតិកម្ពុជា នៅតែប្រកាសថ្កោលទោស និងរក្សាភាពអត់ធ្មត់ ព្រមទាំងស្នើសហគមន៍អន្តរជាតិជួយអន្តរាគមន៍ដើម្បីឱ្យយោធាថៃបញ្ឈប់ការវាយប្រហារលើកម្ពុជា។ ក្រៅពីនេះ ក្រសួងថា ព័ត៌មានកម្ពុជាវាយប្រហារមុន គឺជាព័ត៌មានក្លែងក្លាយដែលយោធាថៃបង្កើតឡើងជាលេសវាយប្រហារកម្ពុជា។









