ក្រសួង​ព័ត៌មាន​ស្នើ​កុំឱ្យ​ផ្សព្វផ្សាយ​ការ​ចល័ត​ទ័ព ខណៈ​យោធា​ថៃ​កំពុង​វាយប្រហារ​ខ្លាំង​តាម​ព្រំដែន

0
73
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក នេត្រ ភក្ត្រា។ រូប៖ ហ្វេសប៊ុកលោក នេត្រ ភក្ត្រា
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក នេត្រ ភក្ត្រា។ រូប៖ ហ្វេសប៊ុកលោក នេត្រ ភក្ត្រា

នៅ​ព្រឹក​ថ្ងៃទី​៨ ធ្នូ ក្រសួង​ព័ត៌មាន​ស្នើ​សាជាថ្មី កុំឱ្យ​ផ្សព្វផ្សាយ និង​ចែករំលែក​ព័ត៌មាន​ពី​ទីតាំង​ឈរជើង ការ​ចល័ត​ទ័ព លេណដ្ឋាន​កងទ័ព ការប្រើប្រាស់​គ្រឿង​សព្វាវុធ យុទ្ធោបករណ៍ និង​ការសម្ងាត់​របស់​កងទ័ព ខណៈដែល​យោធា​ថៃ​កំពុង​វាយប្រហារ​ខ្លាំងក្លា​នៅតាម​បណ្ដោយ​ព្រំដែន​។​

​ក្រសួង​ថា ការផ្សព្វផ្សាយ​ការសម្ងាត់​ទាំងនេះ នឹង​ធ្វើឱ្យ​អន្តរាយ​ដល់​សន្តិសុខ​ជាតិ និង​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​បំពេញបេសកកម្ម​ជូន​ជាតិ​។​

​ក្រសួងការពារជាតិ​អះអាង​នៅ​ព្រឹក​ថ្ងៃទី​៨ ធ្នូ ថា យោធា​ថៃ​បាន​បើក​ការបាញ់ប្រហារ​មកលើ​ក​ង​កម្លាំង​កម្ពុជា នៅក្នុង​តំបន់​អានសេះ ខេត្តព្រះវិហារ បន្ទាប់មក​បាញ់​នៅ​ប្រាសាទតាមាន់ធំ ដោយ​ប្រើប្រាស់​រថក្រោះ​បាញ់​ចូល​ជាច្រើន និង​នៅ​តំបន់​ប្រាសាទព្រះវិហារ នៅ​៥​មករា និង​នៅ​ចំការចេក​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា អះអាងថា យោធា​ថៃ​ចាប់ផ្ដើម​វាយប្រហារ​តាំងពី​ម៉ោង ៥:០៤​នាទី​ព្រឹក បន្ទាប់ពី​យោធា​ថៃ​បានធ្វើ​សកម្មភាព​បង្កហេតុ​ជាច្រើន​រាប់មិនអស់​ជាច្រើន​ថ្ងៃ​មកហើយ ជាពិសេស​ឧបទ្ទវហេតុ​កាលពី​ម្សិលមិញ​នៅ​ព្រលាន​ថ្ម ក្នុង​ចេតនា​ញុះញង់​ដើម្បី​នាំ​ដល់​ការប៉ះទង្គិច​គ្នា​។​

ទោះជា​យ៉ាងណា អ្នកស្រី ម៉ាលី សុជាតា ថា​កងកម្លាំង​កម្ពុជា​មិនបាន​ធ្វើការ​បាញ់​តបត​ឡើយ និង​កំពុង​បន្ត​តាមដាន​លើ​ការវិវត្ត​នេះ​យ៉ាង​ប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ខ្ពស់បំផុត​។ អ្នកស្រី​អះអាងថា កម្ពុជា​ឈរលើ​ស្មារតី​នៃ​ការគោរព​រាល់​កិច្ចព្រមព្រៀង​ដែល​បាន​ឯកភាពគ្នា និង​ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ស្របតាម​ច្បាប់​អន្តរជាតិ ហើយ​កម្ពុជា​បាន​ជូនដំណឹង​ជា​លើក​ទី​ពីរ​ទៅ​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន (AOT) អំពី​ឧប្បត្តិ​ហេតុនេះ​រួចហើយ ព្រមទាំង​គ្រោង​នឹង​ស្នើឱ្យ AOT ចុះទៅ​ទីតាំង ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត ដើម្បី​ស្វែងរក​ការពិត និង​ធានា​ឱ្យបាន​នូវ​តម្លាភាព យុត្តិធម៌ និង​ភាពត្រឹមត្រូវ​។​

​ក្រសួងការពារជាតិ​ប្រកាស​ថ្កោលទោស​យោធា​ថៃ និង​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ការរំលោភបំពាន​សេចក្តីថ្លែងការណ៍​រួម​ស្ដីពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ និង​សកម្មភាព​ខុសច្បាប់​រប​ស់​ថៃ​ម្តង​ហើយ​ម្តងទៀត​នេះ ដោយ​ទាមទារ​ឱ្យ​ថៃ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ការរំលោភបំពាន​ដ៏​កំរោល​នេះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ