

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា ថ្លែងក្នុងសន្និសីទកាសែត។ រូប៖ ក្រសួងការពារជាតិកម្ពុជា
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានប្រកាសថា នៅថ្ងៃទី០៧ ខែធ្នូ កងទ័ពថៃបានប្រើកាំភ្លើងដៃនិងកាំភ្លើងត្បាល់ បាញ់ប្រហារមកលើទីតាំងកងទ័ពកម្ពុជាចំនួន២លើក គឺអំឡុងម៉ោង២រសៀលម្ដង និងអំឡុងម៉ោង៨យប់ម្ដង នៅតំបន់ព្រលានថ្ម និងភូមិសាស្ដ្រអូរផ្កាស្នេហ៍ នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
អ្នកស្រី ម៉ាលី សុជាតា បញ្ជាក់ថា កងទ័ពកម្ពុជាមិនបានបាញ់តបតទេ ហើយកងទ័ពថៃក៏បានបញ្ឈប់ការបាញ់របស់ខ្លួននៅម៉ោង៨និង៥០នាទីយប់។ អ្នកស្រីក៏បានច្រានចោលការចោទប្រកាន់ពីកងទ័ពថៃ ដែលអះអាងថា ទាហានកម្ពុជាបានបើកការប្រហារមុនលើកងទ័ពរបស់ខ្លួន។
អ្នកនាំពាក្យរូបនេះបន្តថា ក្រសួងការពារជាតិកម្ពុជាបានរាយការណ៍ពីករណីបង្កហេតុរបស់កងទ័ពថៃ ទៅកាន់ក្រុមអ្នកសង្កេតការណ៍អន្តរការណ៍អាស៊ាន និងបានស្នើឱ្យចុះស្រាវជ្រាវដើម្បីស្វែងរកការពិត។
ការផ្ទុះអាវុធជាថ្មីនេះ ក៏បានធ្វើឱ្យពលរដ្ឋតាមតំបន់ព្រំដែន នាំគ្នាភៀសខ្លួនជាថ្មីទៅកន្លែងសុវត្ថិភាព៕









