

អ្នកតាមដានបញ្ហាសង្គមលើកឡើងថា ជនរងគ្រោះដោយសារក្រុមហ៊ុន ព្រីនស៍ គ្រុប (Price Group) របស់លោក ចេន ហ្ស៊ី (Chen Zhi) និងក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់លោក ហ៊ុន តូ នឹងមិនអាចទទួលបានពន្លឺយុត្តិធម៌ឡើយប្រសិនបើពួកគាត់បន្តរក្សាភាពស្ងាត់ស្ងៀម។ អ្នកឃ្លាំមើលថា ជនរងគ្រោះរាប់រយនាក់ដែលនៅស្ងៀមមិនហ៊ានប្រើសិទ្ធទាមទារតវ៉ា និងរង់ចាំតែដំណោះស្រាយពីអាជ្ញាធរនោះ គឺនៅតែក្លាយជាជនរងគ្រោះមិនខុសពីអ្នកដែលចាញ់បោកគម្រោងដីខ្យល់របស់ឧកញ៉ាមួយចំនួននោះឡើយ។
ការដាក់ពាក្យប្ដឹងរបស់ជនរងគ្រោះដែលក្រុមហ៊ុន ហួយវ័ន ផេ និងព្រីនស៍បង្កកលុយ អាចនឹងពិបាកសង្ឃឹមក្នុងការទទួលបានយុត្តិធម៌ និងជំរុញឱ្យមានការចាប់ខ្លួនមេខ្លោងធំៗនៃក្រុមហ៊ុនទាំងនោះ ដោយសារតែលោក ចេន ហ្ស៊ី និងលោក ហ៊ុន តូ គឺជាទីប្រឹក្សា និងជាសាច់ញាតិក្រុមគ្រួសារត្រកូល ហ៊ុន។ ទោះជាយ៉ាងណា ក្រុមមន្ត្រីសិទ្ធិមនុស្ស និងអ្នកឃ្លាំមើលបានជំរុញឱ្យជនរងគ្រោះចេញមុខតវ៉ា និងស្វែងរកកិច្ចអន្តរាគមន៍ដោយសន្តិវិធី ដើម្បីស្វែងរកយុត្តិធម៌។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICAHDO) លោក អំ សំអាត ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៨ ខែធ្នូថា ជនរងគ្រោះដែលត្រូវបានក្រុមហ៊ុន ហួយវ័ន ផេ បង្កកលុយនោះប្រសិនបើបន្តនៅស្ងៀមស្ងាត់ និងមិនហ៊ានស្វែងរកកិច្ចអន្តរាគមន៍ដោយសន្តិវិធីណាមួយ ពួកគាត់នឹងមិនអាចទទួលបានពន្លឺយុត្តិធម៌សម្រាប់ខ្លួនឯងឡើយ។
លោក អំ សំអាត៖ «កន្លងមកក្រុមហ៊ុនមួយចំនួនឆបោកប្រជាពលរដ្ឋដូចជាក្រុមហ៊ុន ឡេង ចាន់ណា ក្រុមហ៊ុនមួយចំនួនទៀតជាដើមហ្នឹង នៅពេលដែលប្រតិកម្មពីជនរងគ្រោះទៅទើបមានការដោះស្រាយយកចិត្តទុកដាក់ និងមានវិធានការពីរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ។ អ៊ីចឹងនៅពេលដែលជនរងគ្រោះមិនបានផ្ដល់ព័ត៌មាន និងមិនបានតាំងខ្លួនជាជនរងគ្រោះទេ ព័ត៌មានហ្នឹងអាចនឹងស្ងាត់ស្ងៀមដោយមិនបានដឹង អ៊ីចឹងបង្កឱ្យជនរងគ្រោះផ្សេងទៀតអាចធ្លាក់ទៅជាជនរងគ្រោះទៅលើក្រុមហ៊ុនដដែលៗហ្នឹងដូចអ្នកត្រូវរងគ្រោះពីមុនអ៊ីចឹង។ ពួកគាត់គឺមិនគួរនៅស្ងៀមទេ គួរតែផ្ដល់ព័ត៌មាន និងស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមសុំកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល»។
ទាក់ទងនឹងរឿងនេះដែរ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា លើកឡើងថា តាមអំណាចតុលាការ និងច្បាប់កម្ពុជាអាជ្ញាធរគឺមានតួនាទីដោះស្រាយបញ្ហាជូនពលរដ្ឋដែលរងគ្រោះ។ ទោះជាយ៉ាងណា លោកថា ការស្ងៀមស្ងាត់របស់ជនរងគ្រោះអាចដោយសារតែពួកគាត់គ្មានសង្ឃឹមលើប្រព័ន្ធច្បាប់នៅកម្ពុជា ប៉ុន្តែលោកក៏នៅតែជំរុញឱ្យជនរងគ្រោះដាក់ញត្តិទៅកាន់ក្រសួងពាក់ព័ន្ធ និងស្ថានទូតនៃបណ្ដាប្រទេសប្រជាធិបតេយ្យធំៗឱ្យជួយអន្តរាគមន៍។
លោក ស៊ឹង សែនករុណា៖ «ខ្ញុំនៅតែទទូចប្រជាពលរដ្ឋ អ្នកដែលរងគ្រោះផលប៉ះពាល់ពីអំពើទាំងអស់ហ្នឹងត្រូវសិក្សាជាមួយអ្នកជំនាញ ក្នុងនីតិវិធីផ្លូវច្បាប់ ឬអង្គការសង្គមនានា ដើម្បីផ្ដល់ជាប្រឹក្សាយោបល់ និងរកដំណោះស្រាយជូនពួកគាត់ទៅតាមលទ្ធភាពធ្វើទៅបាន។ ប៉ុន្តែបើអត់មានដំណោះស្រាយណាមួយអត់អាចទទួលយកបានគឺពលរដ្ឋអាចមានសិទ្ធិក្នុងការដាក់ញតិ្តទាមទារតវ៉ាបាតុកម្មទៅតាមស្ថាប័នដែលមានអំណាច ដែលមានឥទ្ធិពលរកដំណោះស្រាយឱ្យខ្លួនហ្នឹងឯង ជាពិសេសអ្នកដែលមានឥទ្ធិពលលើជនដែលបោកប្រាស់ហ្នឹង។ អ៊ីចឹងត្រូវធ្វើការដាក់ញត្តិ ធ្វើការទាមទារតវ៉ាដោយសន្តិវិធីណាមួយ ដើម្បីជំរុញអ្នកមានឥទ្ធិពលមានអំណាចហ្នឹងប្រើវិធានការដោះស្រាយបញ្ហាជូនពួកគាត់»។
ចំណែក អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ យល់ថា ជនរងគ្រោះដែលហ៊ានដាក់ពាក្យប្ដឹងតវ៉ាតាមរយៈអ៊ីមែល (Email) ទៅកាន់ស្ថានទូតអាមេរិក និងបណ្ដាប្រទេសប្រជាធិបតេយ្យធំគឺជាសំឡេងដ៏សំខាន់ ដើម្បីទប់ស្កាត់ប្រតិបត្តិការក្រុមហ៊ុនព្រីនស៍ និងហួយវ័ន ផេ បន្តប្រតិបត្តិការអំពើឧក្រិដ្ឋកម្មនៅកម្ពុជា។ លោកយល់ថា រដ្ឋាភិបាលត្រកូល ហ៊ុន នឹងមិនអាចព្រងើយកន្តើយមិនដោះស្រាយបញ្ហាឧក្រិដ្ឋកម្មនៅកម្ពុជាបានឡើយនៅពេលដែលអន្តរជាតិបន្តដាក់ទណ្ឌកម្មកាន់តែច្រើនលើមនុស្សជំនិតរបស់ខ្លួន។
លោក គឹម សុខ៖ «បច្ចុប្បន្នបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែន ឬឧក្រិដ្ឋកម្មឆ្លងដែនហ្នឹងត្រឹមតែមានឥទ្ធិពលទេ ប៉ុន្តែទៅថ្ងៃអនាគតពួកហ្នឹងគឺជាអ្នកដឹកកម្ពុជាតែម្ដង ហើយរដ្ឋាភិបាលបច្ចុប្បន្នប្រសិនបើនៅតែបន្តក្រុមគ្រួសារ ហ៊ុន ហ្នឹងគ្រាន់ចាំតែធ្វើតាមពួកបណ្ដាញឧក្រិដ្ឋជនអន្តរជាតិតែប៉ុណ្ណោះ»។
មកដល់ពេលនេះ អតិថិជនក្រុមហ៊ុន ហួយវ័នផេ និងធនាគារ ព្រីនស៍គ្រុប នៅតែប្រឈមនឹងបញ្ហាដកលុយចេញពីគណនីមិនបាន ក្រោយសហគមន៍អន្តរជាតិជាពិសេសអាមេរិក (US) និងសម្ពន្ធមិត្ត បានដាក់ ទណ្ឌកម្មបង្កកលុយរាប់ពាន់លានដុល្លារលើក្រុមហ៊ុនទាំងនោះដោយសារតែរកឃើញពីការធ្វើជំនួញឧក្រិដ្ឋកម្មលាងលុយកខ្វក់ និងឆបោកតាមអនឡាញលក្ខណៈអន្តរជាតិ។ លើសពីនេះអតិថិជនខ្លះទៀតរបស់ធនាគារព្រីនស៍ក៏រងការគំរាមកំហែងបង្ខំឱ្យលក់ទ្រព្យសម្បត្តិ ដើម្បីសងធនាគារដែរ។
ទោះជាយ៉ាងណា ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី០៥ ខែធ្នូ បានចេញសេចក្ដីជូនដំណឹងដោយស្នើដល់ម្ចាស់បំណុល និងបុគ្គលដែលពាក់ព័ន្ធទាំងអស់មិនទាន់ទទួលបានការទូទាត់ប្រាក់ពីក្រុមហ៊ុន ហួយវ័ន ផេ យកភស្តុតាង ឬឯកសារពាក់ព័ន្ធនានាទៅធនាគារជាតិចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៩ ខែធ្នូ។
អ្នកឃ្លាំមើលលើកឡើងថា ទោះបីជាជនរងគ្រោះនៃក្រុមហ៊ុន ហួយវ័ន ផេ របស់លោក ហ៊ុន តូ និងក្រុមហ៊ុនព្រីនស៍គ្រុបរបស់លោក ចេន ហ្ស៊ី អាចនឹងពិបាកក្នុងការទទួលបានយុត្តិធម៌ក៏ដោយ ពួកគាត់ថា ជនរងគ្រោះទាំងអស់គួរប្រើសិទ្ធិស្របច្បាប់របស់ខ្លួន ដើម្បីតវ៉ាឱ្យក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធទទួលខុសត្រូវ និងចេញមុខដោះស្រាយ។ លើសពីនេះ ជនរងគ្រោះក៏អាចប្រមូលផ្តុំគ្នាតវ៉ា និងដាក់ញត្តិនៅតាមស្ថានទូតអាមេរិក និងប្រទេសប្រជាធិបតេយ្យ រួមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីអន្តរាគមន៍។
អ្នកឃ្លាំមើលយល់ថា ប្រសិនជនរងគ្រោះនៃក្រុមហ៊ុន ហួយវ័ន ផេ និងព្រីនស៍ មិនហ៊ានធ្វើសកម្មភាពអ្វីសោះក្នុងការទាមទារយុត្តិធម៌សម្រាប់ខ្លួនឯង ពួកគាត់អាចនឹងបន្តរងគ្រោះក្នុងរយៈពេលយូរអង្វែង និងថែមទាំងបើកឱកាសឱ្យក្រុមហ៊ុនកាន់តែពង្រីកបណ្ដាញឧក្រិដ្ឋកម្មអំពើលាងលុយកខ្វក់ និងឆបោកតាមអនឡាញកាន់តែធំដែលធ្វើឱ្យពលរដ្ឋកម្ពុជារងគ្រោះកាន់តែច្រើនបន្ថែមទៀត៕









