

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សរសេរសារនៅព្រឹកថ្ងៃទី១៤ ធ្នូ បង្ហាញមោទនភាពថា ពលរដ្ឋខ្មែរគ្រប់និន្នាការបង្ហាញនូវស្មារតីសាមគ្គីជាតិជាធ្លុងមួយ គាំទ្រកងកម្លាំងក្នុងការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ដែលយោធាថៃកំពុងវាយប្រហារឈ្លានពាន។ ប៉ុន្តែ អ្នកឃ្លាំមើលសង្គមមើលឃើញថា នៅតែមេដឹកនាំរដ្ឋាភិបាលខ្លួនឯងមិនដាក់ចុះនិន្នាការជាក់ស្ដែងទៅវិញ។
លោក ហ៊ុន ម៉ាណែត សរសេរថា លោកមានមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលកម្ពុជាយើងកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង។
លោកបន្តថា ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ សាសនា ទាំងក្នុងនិងក្រៅប្រទេស បានបង្ហាញនូវស្មារតីសាមគ្គីជាតិជាធ្លុងមួយ នៅពីក្រោយវីរៈកងទ័ព វីរៈនគរបាលជាតិគ្រប់រូបដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហាន ក្នុងការពារដែលអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។
លើសពីនេះលោក ហ៊ុន ម៉ាណែត ក៏អំពាវនាវឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលរឹងមាំ សម្រាប់គាំទ្រ និងផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័ព វីរៈនគរបាលជាតិកម្ពុជា បន្តបេសកកម្មក្នុងការការពារទឹកដី។ លោកអះអាងបន្តថា រាជរដ្ឋាភិបាលកម្ពុជាស្ថិតនៅជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាវីរៈកងទ័ព វីរៈនគរបាលជាតិរបស់កម្ពុជាគ្រប់ពេលវេលា។
ស្របពេលនឹងសារបង្កើនការសាមគ្គីនៅពេលនេះ អ្នកឃ្លាំមើលសង្គមលោក វ៉ន ចាន់ឡូត មើលឃើញថា ពលរដ្ឋខ្មែរបានដាក់ចុះនិន្នាការហើយ នៅតែមេដឹកនាំកម្ពុជាដែលមិនសាមគ្គី និងបង្ហាញសកម្មភាពជាក់ស្ដែងឱ្យពលរដ្ឋបានឃើញ។

សាររបស់លោក វ៉ន ចាន់ឡូត បានធ្វើឡើងដូចគ្នាលើបណ្ដាញសង្គមហ្វេសប៊ុក នៅមុនលោក ហ៊ុន ម៉ាណែត ប្រមាណ១០នាទី។ លោកសរសេរថា ពលរដ្ឋខ្មែរគ្រប់ទិសទី បានដាក់ចុះនិន្នាការនយោបាយហើយ នៅឡើយមេដឹកនាំកម្ពុជា។ លោកស្នើលោក ហ៊ុន ម៉ាណែត បង្ហាញជាសកម្មភាពជាក់ស្ដែងវិញម្ដង តាមរយៈការដោះលែងអ្នកទោសនយោបាយ និងលើកលែងការចោទប្រកាន់ទាំងអស់។
បច្ចុប្បន្នអ្នកទោសដែលត្រូវបានរដ្ឋាភិបាលចោទប្រកាន់ និងឃុំឃាំងដោយសារការប្រើសិទ្ធិរបស់ខ្លួនមានជិត ១០០នាក់។ ក្នុងនេះមានអ្នកទោសនយោបាយ ៥៥នាក់ អ្នកការពារបរិស្ថាន ៥នាក់ អ្នកសារព័ត៌មាន ១នាក់ យុវជន១នាក់ សហជីព២នាក់ និងផ្សេងទៀត ២៨នាក់។ នេះបើយោងតាមរបាយការណ៍អង្គការលីកាដូ (Licadho)។ អ្នកទោសនយោបាយមានដូចជា លោក កឹម សុខា កញ្ញា សេង រី លោក ស៊ុន ចន្ធី លោក ថាច់ សេដ្ឋា។ ចំណែកឯ អ្នកទោសមនសិការមាន កើត សារ៉ាយ លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា ជាដើម។ ក្នុងនោះមានសកម្មជនបរិស្ថាន៥នាក់ គឺលោក លី ចាន់ដារ៉ាវុត លោក យីម លាងហ៊ី លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា។ ទោះយ៉ាងណា នាពេលកន្លងទៅរដ្ឋាភិបាលតែងប្រកាន់ជំហរថា ការចាប់ខ្លួនពួកគេស្របតាមច្បាប់ ហើយបន្តមិនចរចាជាមួយគណបក្សប្រឆាំងដើម្បីកែប្រែស្ថានភាពសិទ្ធិមនុស្ស នយោបាយ និងប្រជាធិបតេយ្យឡើយ ទោះសហគមន៍អន្តរជាតិរិះគន់ចំណាត់ការនេះ និងអំពាវនាវឱ្យដោះស្រាយដោយសន្តិវិធីក្ដី៕








