អ្នកឃ្លាំមើល​ថា វា​អយុត្តិធម៌​សម្រាប់​កម្ពុជា បើ​អាមេរិក​ដំឡើង​ពន្ធគយ​​ពេល​ថៃ​ឈ្លានពាន​កម្ពុជា

0
136
(ពី​ស្ដាំ) ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ (Donald J. Trump) នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត និង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ក្នុង​ថ្ងៃ​ចូលរួម​ចុះ​ហត្ថលេខា​កិច្ច​ព្រមព្រៀង​រួម​សន្តិភាព នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី២៦ តុលា ២០២៥។ Photo Courtesy
(ពី​ស្ដាំ) ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ (Donald J. Trump) នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត និង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ក្នុង​ថ្ងៃ​ចូលរួម​ចុះ​ហត្ថលេខា​កិច្ច​ព្រមព្រៀង​រួម​សន្តិភាព នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី២៦ តុលា ២០២៥។ Photo Courtesy

អ្នកឃ្លាំមើល​លើកឡើង​ថា វា​ជា​រឿង​អយុត្តិធម៌​សម្រាប់​កម្ពុជា ប្រសិនបើ​សហរដ្ឋអាមេរិក​ដំឡើង​ពន្ធគយ​ដោយសារតែ​សង្គ្រាម​ថៃ​វាយប្រហារ​ឈ្លានពាន​ទឹកដី​កម្ពុជា​។ ការ​លើកឡើង​នេះ​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump) កាលពី​សប្ដាហ៍​មុន​បាន​ព្រមាន​ថា នឹង​ដំឡើង​ពន្ធគយ​លើ​កម្ពុជា និង​ថៃ ប្រសិនបើ​ភាគី​ទាំងពីរ​នៅតែ​បន្ត​ប្រយុទ្ធ​គ្នា។

អ្នក​តាមដាន​បញ្ហា​នយោបាយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន យក​សំណុំរឿង​ជម្លោះព្រំដែន និង​ការវាយប្រហារ​ឈ្លានពាន​របស់​ថៃ​ប្ដឹង ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ឱ្យ​បាន​ឆាប់ ដើម្បី​បញ្ជាក់​ប្រាប់​អន្តរជាតិ​ថា កម្ពុជា​ជា​អ្នករងគ្រោះ​។ ពួកគាត់​ព្រួយបារម្ភ​ថា ក្នុងករណី​កម្ពុជា​កំពុង​រង​ការឈ្លានពាន​ដោយ​ការវាយប្រហារ​ពី​កម្លាំងយោធា​ថៃ ហើយ​ប្រសិន​អាមេរិក​ដាក់ទណ្ឌកម្ម​លើ​ពន្ធគយ​ទៀត​នោះ​កម្ពុជា​នឹង​មាន​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​១៥ ខែ​ធ្នូ ថា ប្រសិន​អាមេរិក​ចាត់វិធានការ​ដំឡើង​ពន្ធគយ​លើ​កម្ពុជា និង​ថៃ ដោយសារតែ​ជម្លោះ​ប្រដាប់​អាវុធ​នៅ​តាម​ព្រំដែន​គឺជា​រឿង​អយុត្តិធម៌​ទ្វេដង​សម្រាប់​ប្រជាជន​កម្ពុជា​។ លោក​ពន្យល់​ថា ប្រសិនបើ​អាមេរិក​មាន​ចំណាត់ការ​បែបនេះ នោះ​ហាក់​ស្មើនឹង​អាមេរិក និង​សហគមន៍​អន្តរជាតិ​បោះបង់​កម្ពុជា​ចោល និង​បណ្ដោយ​ឱ្យ​ប្រទេស​ថៃ​បើក​ការវាយប្រហារ​ឈ្លានពាន​កម្ពុជា​តាម​ទំនើងចិត្ត។

លោក គឹម សុខ ស្នើ​ឱ្យ​អាមេរិក​ពិចារណា​កុំ​ដាក់ទណ្ឌកម្ម​កម្ពុជា​តាម​រយៈ​ការដំឡើង​ពន្ធគយ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​ជាមួយ​ថៃ​នៅ​តាម​ព្រំដែន ព្រោះ​លោក​ថា សង្គ្រាម​នេះ​ប្រទេស​ថៃ​គឺជា​អ្នក​វាយប្រហារ​ឈ្លានពាន​កម្ពុជា ហើយ​ថៃ​ត្រូវ​ទទួលខុសត្រូវ​លើ​ការ​សម្លាប់​ប្រជាជន កងទ័ព និង​ការបំផ្លាញ​ប្រាសាទបុរាណ​ខ្មែរ។

លោក គឹម សុខ៖ «សហគមន៍​អន្តរជាតិ​ត្រូវ​ពិចារណា​ឱ្យ​ច្បាស់​ថា ខាង​ភាគី​ថៃ​ត្រូវ​ទទួលខុសត្រូវ​លើ​ការឈ្លានពាន​ប្រទេស​កម្ពុជា បង្ក​វិនាសកម្ម​ដល់​ប្រជាពលរដ្ឋ​ខ្មែរ បំផ្លិចបំផ្លាញ​ប្រសាទ​បុរាណ​ខ្មែរ និង​សម្បត្តិ​ខ្មែរ​នៅ​លើ​ទឹកដី​នៃ​ប្រទេស​កម្ពុជា។ ចំណែក​រដ្ឋាភិបាល​ក្រុម​គ្រួសារ ហ៊ុន នៅ​ភ្នំពេញ​វិញ​ត្រូវ​ទទួលខុសត្រូវ​លើ​ការ​ពាក់ព័ន្ធ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​អន្តរជាតិ លាងលុយកខ្វក់​បែងចែក​ឱ្យ​ច្បាស់។ បើ​មិន​ដូច្នោះ​ទេ ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្នករងគ្រោះ​ពី​ការ​វាយ​របស់​ថៃ​ផង រងគ្រោះ​ពី​ឧក្រិដ្ឋកម្ម​ឆ្លងដែន​អន្តរជាតិ​របស់​រដ្ឋាភិបាល​ក្រុម​គ្រួសារ ហ៊ុន ផង»។

ចំណែក ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី​លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ការព្រមាន​ដាក់ទណ្ឌកម្ម​អាមេរិក​ដំឡើង​ពន្ធគយ​កម្ពុជា​ក្នុង​ជម្លោះ​ជាមួយ​ថៃ គឺ​មិន​សម​ហេតុផល និង​ជា​រឿង​អយុត្តិធម៌​សម្រាប់​ប្រជាជន​កម្ពុជា​។ លោក​បន្ថែម​ថា សង្គ្រាម​នៅ​តាម​ព្រំដែន​រវាង​កម្ពុជា និង​ថៃ រហូតមកដល់​ពេលនេះ​គឺ​មាន​ភស្តុតាង​ជាច្រើន​ដែល​អាមេរិក​អាច​ថ្លឹងថ្លែង និង​មិនអាច​ព្រងើយកន្តើយ​បាន​ឡើយ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម ឬ​ថ្កោលទោស​ជាក់លាក់​ចំពោះ​ភាគី​ណា​ដែល​បំពាន​ច្បាប់​អន្តរជាតិ និង​បើក​ការវាយប្រហារ​ឈ្លានពាន​មុន​។ លោក​ថា ជម្លោះ​នៅ​តាម​ព្រំដែន​នេះ​គឺជា​មហិច្ឆតា​ឈ្លានពាន​របស់​ថៃ​មក​លើ​ទឹកដី​កម្ពុជា។

លោក ស៊ឹង សែនករុណា៖ «បណ្ដា​សហគមន៍​អន្តរជាតិ​គេ​ទទូច​ឱ្យ​ថៃ​បញ្ចប់​ក្នុង​សង្គ្រាម​ហ្នឹង ប៉ុន្តែ​ថៃ​បែរជា​មិន​អើពើ​ហើយ​ទាំងអស់​នេះ​គឺជា​ចំណុច​ដែល​លោក ដូណាល់ ត្រាំ ឬ​សហរដ្ឋអាមេរិក​ត្រូវ​ទាញ​យក​មក​ពិនិត្យ​ពិចារណា និង​សម្រេច​ឱ្យ​ចំ​ទៅលើ​ប្រទេស​ដែល​ប្រើ​អំណាច ប្រើ​ឥទ្ធិពល​យោធា​របស់​ខ្លួន​បំពាន​មក​លើ​កម្ពុជា​ដែល​ទម្លាក់​គ្រាប់បែក​ធ្វើ​ឱ្យ​ប៉ះពាល់​មក​លើ​ក្មេងៗ​កុមារ​ដែល​អត់​សាលា កុមារ​ដែល​រស់នៅ​ក្នុង​ការភ័យខ្លាច ប៉ះពាល់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​បែកបាក់​គ្រួសារ ជនភៀសសឹក​រាប់​សែន​នាក់​បាន​ចាក​ចេញពី​លំនៅឋាន​។ ទាំងអស់​នេះ​គឺជា​ភស្តុតាង​យ៉ាង​ច្បាស់​ដែល​ថៃ​បាន​បំពាន​យ៉ាង​គឃ្លើន​ហើយ​មាក់ងាយ​ប្រមាថ​លើ​សហរដ្ឋអាមេរិក ក៏ដូចជា​បណ្ដា​ប្រទេស​សហគមន៍​អន្តរជាតិ​នានា​។ នេះ​គឺជា​រឿង​ពិត​សម្រេច​អារកាត់​ដាក់ទណ្ឌកម្ម​ថៃ​យ៉ាងធ្ងន់ធ្ងរ ទើប​ធ្វើ​ឱ្យ​ថៃ​មានការ​ខ្លបខ្លាច ឬក៏​បញ្ឈប់​ការ​បង្ក​សង្គ្រាម​ហ្នឹង»។

ប្រតិកម្ម​បែប​នេះ​ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ កាលពី​ចុង​សប្ដាហ៍​មុន​បាន​ផ្ដល់​បទសម្ភាសន៍​ដល់​កាសែត (The Wall Street Journal) ដោយ​បញ្ជាក់​ថា អាមេរិក​នឹង​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា និង​ថៃ​ដែល​មាន​ជាមួយ​អាមេរិក និង​ព្រមាន​ថា ដំឡើង​ពន្ធគយ​លើ​ប្រទេស​ទាំងពីរ ប្រសិន​នៅតែ​បន្ត​ប្រយុទ្ធ​នៅ​តាម​ព្រំដែន។

ទោះជា​យ៉ាងណា ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី​លោក ស៊ឹង សែនករុណា លើកឡើង​ថា ប្រសិន​អាមេរិក​ចាត់វិធានការ​ដំឡើង​ពន្ធគយ​កម្ពុជា​ដោយសារតែ​សង្គ្រាម​ថៃ​ឈ្លានពាន​ទឹកដី​ខ្មែរ នោះ​ពលរដ្ឋ​កម្ពុជា​នឹង​កាន់តែ​ជួប​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ ហើយ​អាមេរិក​ខ្លួនឯង​ក៏​អាច​រង​ការរិះគន់​ចំពោះ​ការ​ត្រួតពិនិត្យ​ព័ត៌មាន​មិនបាន​គ្រប់​ជ្រុងជ្រោយ​ក្នុង​ជម្លោះ​រវាង​កម្ពុជា និង​ថៃ​។ លោក សឹង សែនករុណា បន្ថែម​ទៀត​ថា អាមេរិក​ក្នុងនាម​ប្រទេស​មហាអំណាច​គួរ​ចេញមុខ​ហាមឃាត់​ប្រទេស​ថៃ​ឱ្យ​បញ្ឈប់​ប្រតិបត្តិការ​យន្តហោះ​ចម្បាំង F-16ដែល​បញ្ជា​ទិញ​ពី​អាមេរិក​ផ្ទាល់ ដែល​បន្ត​ដឹក​គ្រាប់បែក​យក​មក​ទម្លាក់​ក្នុង​ទឹកដី​កម្ពុជា។

ប៉ុន្តែ ទាំង​លោក ស៊ឹង សែន​ករុណា និង​លោក គឹម សុខ សាទរ​អាមេរិក​ក្នុង​ករណី​ដែល​មាន​ការ​ដាក់​ទណ្ឌកម្ម និង​សម្ពាធ​នានា​ឱ្យ​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន លុបបំបាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដោយសារតែ​បញ្ហា​នេះ​គឺ​ឆ្លុះបញ្ចាំង​ពី​ការពិត​ដែល​ប្រជាធិបតេយ្យ​កម្ពុជា​ដើរ​ថយក្រោយ ហើយ​ឧក្រិដ្ឋកម្ម​នៅ​កម្ពុជា​កំពុង​រាលដាល។

អ្នកឃ្លាំមើល​ស្នើ​ឱ្យ​ប្រធានាធិបតី​អាមេរិក​ពិចារណា និង​ពិនិត្យ​ឱ្យ​បាន​ល្អិតល្អន់ និង​ចេញមុខ​ប្រកាស​ថ្កោលទោស​ភាគី​ដែល​ឈ្លានពាន ដើម្បី​បញ្ចៀស​ការ​ដាក់​ទណ្ឌកម្ម​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​រងគ្រោះ និង​អយុត្តិធម៌​បន្ថែម​ពី​ការវាយប្រហារ​ឈ្លានពាន​ពី​កម្លាំងយោធា​ថៃ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ