

យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់លើក្រុងប៉ោយប៉ែត ទាំងកណ្ដាលថ្ងៃត្រង់ ខណៈមានពលរដ្ឋស៊ីវិលជាច្រើនរស់នៅ និងប្រកបអាជីវកម្មដូចសព្វដង។ យោធាថៃយកលេសចោទកម្ពុជាថា ចល័តទ័ពនិងសព្វាវុធចង់ឈ្លានពានថៃ។
កាសែតថៃខៅសុត រាយការណ៍ដោយស្រង់សំណេរពីហ្វេសប៊ុកកងទ័ពជើងគោកថៃ នៅរសៀលថ្ងៃទី១៨ ធ្នូ ថា យោធាថៃបានទម្លាក់គ្រាប់ពីលើអាកាសបំផ្លាញទីតាំងមួយកន្លែងនៅតំបន់ភូមិភាគ៥របស់កម្ពុជា។
ក្រសួងការពារជាតិកម្ពុជាអះអាងថា នៅម៉ោង ១១:០៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រសួងការពារជាតិកម្ពុជាមិនទាន់ចេញប្រតិកម្មនឹងចោទប្រកាន់នេះទេ។ ប៉ុន្តែ យ៉ាងណាក៏ដោយ កម្ពុជាតែងតែបញ្ជាក់ថា ខ្លួនពុំឈ្លានពានទឹកដីថៃឡើយ ដោយរក្សាជំហវាយបកការពារខ្លួនពីការឈ្លានពានប៉ុណ្ណោះ។

តាមរយៈការបង្ហោះលើហ្វេសប៊ុករបស់ពលរដ្ឋនៅទីនោះបានអះអាងថា ទីតាំងដែលរងការវាយប្រហារនៅចំណុចរង្វង់មូល៥៨ ខណៈមានពលរដ្ឋជាច្រើននៅមិនឆ្ងាយពីទីនោះឡើយ។ វីដេអូនេះបង្ហាញថា ពលរដ្ឋខ្លះកំពុងធ្វើដំណើរ និងនៅប្រកបមុខរបរអាជីវកម្មធម្មតា។ ពលរដ្ឋបង្ហាញការព្រួយបារម្ភជាខ្លាំង ក្រោយសំឡេងគ្រាប់បានលាន់លឺកងរំពង និងផ្សែងហុយទ្រលោម។

នៅរសៀលថ្ងៃដដែលនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ សរសេរលើហ្វេសប៊ុកបញ្ជាក់ថា យោធាថៃបានទម្លាក់គ្រាប់បែកចំនួន ៣គ្រាប់ ចូលតំបន់ទីប្រជុំជនស៊ីវិល ដែលជាឃ្លាំងរបស់ឧកញ៉ា វង្ស ដួង នៅចំណុចភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។ ហេតុការណ៍នេះបណ្តាលឱ្យខូចខាតអគារ ១ខ្នង សម្ភារៈមួយចំនួន និងអ្នករងរបួសស្រាល ២នាក់៕









