

ក្រុមអង្គការសង្គមស៊ីវិល ជំរុញឲ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានរៀបចំកម្មវិធីដើរដើម្បីសន្តិភាព (March for Peace) មានមហាជនចូលរួមប្រមាណជាង ៣ម៉ឺននាក់ គួរកៀរគរក្រុមយុវជនទាំងអស់នោះចូលរួម ធ្វើសកម្មភាពស្ម័គ្រចិត្តជួយទៅដល់ពលរដ្ឋជនភៀសសឹក រាប់ម៉ឺនគ្រួសារ ដែលចាក់ចេញពីលំនៅឋាន កំពុងប្រឈមបញ្ហាជាច្រើន និងនាំគ្នាដាក់បណ្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ រឺសហគមន៍អន្តរជាតិ ដើម្បីបង្ហាញពីការចង់បានយុត្តិធម៌ដែលកម្ពុជារងគ្រោះដោយសារថៃបានឈ្លានពានទឹកដីកម្ពុជាយ៉ាងកម្រោល ជាជាងដឹកនាំមនុស្សមកស្រែកទាមទារចង់បានសន្តិភាពដែលបានត្រឹមតែរូបភាព។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីលោក សឹង សែនករុណា បានអះអាងថា ការរួបរួមគ្នាឈឺឆ្អាលរឿងជាតិ នេះជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបចង់បាននិងចង់ឃើញ ហើយនេះគឺជាសកម្មភាពមួយល្អ ជាពិសេសក្នុងគោលបំណងសុខសន្តិភាព។ ប៉ុន្តែលោកចង់ឃើញក្រុមយុវជនទាំងនោះគួរកៀរគរគ្នាបន្ថែមទៀតធ្វើ សកម្មភាពមនុស្សធម៌ជួយទៅដល់ជនភៀសសឹកដែលកំពុងរងគ្រោះ ដូចជាណែនាំអំពីការថែទាំសុខភាព ការការពារខ្លួនដើម្បីសុវត្ថិភាពនៅពេលការវាយប្រហារមកដល់ និងអនាម័យជាដើម ជាជាងគ្រាន់តែនាំគ្នាមកសម្ដែងមតិ។
លោក សឹង សែនករុណា៖ «ក្រុមយុវជនរឺមេដឹកនាំទាំងអស់ហ្នឹង គប្បីធ្វើការប្រមូលផ្តុំគ្នាសាមគ្គីគ្នាចូលរួមដាក់ញត្តិ ទាមទារទៅស្ថាប័នសំខាន់ៗរបស់សហគមន៍អន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ ដាក់ទៅដល់ខាងតុលាការព្រហ្មទណ្ឌអន្តរជាតិ ដាក់ទៅដល់តុលាការយុត្តិធម៌អន្តរជាតិជាដើម ដើម្បីបង្ហាញអំពីការចង់បានយុត្តិធម៌ ហើយត្រឹមតែយើងធ្វើយុទ្ធនាការបែបហ្នឹង ខ្ញុំគិតថាវាគ្រាន់តែជារូបភាពមួយប៉ុណ្ណោះ ប៉ុន្តែអ្វីដែលឆ្លើយតបពីសហគមន៍អន្តរជាតិហាក់ដូចជាអត់មានបន្ទុកអ្វី»។
ទាក់ទងទៅនឹងសង្គ្រាមនេះ សម្ដេចព្រះមហាអរិយវង្ស យ៉ន សេងយៀត ព្រះចៅអធិការវត្តឧណ្ណាលោម មានថេរដីកានៅក្នុងពិធីសច្ចកិរិយានៅរាត្រីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ កន្លងមកថា ពេលនេះទឹកដីកម្ពុជាកំពុងរងការវាយប្រហារយ៉ាងខ្លាំងពីប្រទេសថៃ ដូច្នេះសូមព្រះសង្ឃគ្រប់ព្រះអង្គ និមន្តចេញពីវត្ត ទៅជួយបរិស័ទដែលកំពុងរងទុក្ខ។

ព្រះតេជព្រះគុណ យ៉ន សេងយៀត៖ «ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ព្រះករុណាជាម្ចាស់ គ្រប់ព្រះអង្គទូទាំងប្រទេស ពេលនេះទឹកដីរបស់យើងកំពុងរងនូការវាយប្រហារយ៉ាងខ្លាំងអំពីប្រទេសថៃ។ ព្រះសង្ឃគ្រប់ព្រះអង្គទូទាំងប្រទេស សូមព្រះតេជគុណនិមន្តចាកចេញពីវត្ត ហើយចូលទៅជួយបរិស័ទរបស់យើងដែលកំពុងតែរងទុក្ខ និងជម្លៀសនៅតាមទល់ដែន។ អ្វីគ្រប់យ៉ាង ដែលព្រះអង្គអាចធ្វើបានព្រះអង្គត្រូវតែធ្វើ ពីព្រោះញោមកំពុងតែរងទុក្ខវេទនា»។
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៦:០០នាទីរសៀល សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំកម្មវិធីដើរដើម្បីសន្តិភាព (March for Peace) ក្នុងគោលបំណងបង្ហាញស្មារតីស្រលាញ់សន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសជំរុញឱ្យមានការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព សំដៅសម្រេចបានសន្តិភាព រវាងកម្ពុជា និងប្រទេសថៃ ដោយធ្វើការជួបជុំនៅមុខផ្សាររាត្រី រួចធ្វើដំណើរថ្មើរជើងឆ្ពោះទៅ វិមានឯករាជ្យ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕









