ចលនា​ខ្មែរ​អំពាវនាវ​ដល់​អាមេរិក អ៊ីស្រាអែល និង​ស៊ុយអែត ផ្អាក​គាំទ្រ​ផ្នែក​យោធា​ជាបន្ទាន់​ដល់​ថៃ

0
142
យុទ្ធនាការ​តាមអនឡាញ​អំពាវនាវ​ដល់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក អ៊ីស្រាអែល និង​ស៊ុយអែត ផ្អាក​ការ​គាំទ្រ​ផ្នែក​យោធា​ជាបន្ទាន់​ដល់​ប្រទេស​ថៃ។ Screenshot
យុទ្ធនាការ​តាមអនឡាញ​អំពាវនាវ​ដល់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក អ៊ីស្រាអែល និង​ស៊ុយអែត ផ្អាក​ការ​គាំទ្រ​ផ្នែក​យោធា​ជាបន្ទាន់​ដល់​ប្រទេស​ថៃ។ Screenshot

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ អំពាវនាវ​ដល់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក អ៊ីស្រាអែល និង​ស៊ុយអែត ផ្អាក​ការ​គាំទ្រ​ផ្នែក​យោធា​ជាបន្ទាន់​ដល់​ប្រទេស​ថៃ ដើម្បី​ទប់ស្កាត់ គ្រោះថ្នាក់​បន្ថែម​ទៀត​ដល់​ជន​ស៊ីវិល​ស្លូតត្រង់​ក្នុង​ពេល​យោធា​ថៃ​កំពុង​វាយប្រហារ​ឈ្លានពាន​កម្ពុជា។ ពួកគេ​ក៏ ជំរុញ​ឱ្យ​ប្រទេស​ទាំងនេះ​គាំទ្រ​ការស៊ើបអង្កេត​អន្តរជាតិ​ឯករាជ្យ​លើ​ការវាយប្រហារ​របស់​ថៃ​ដែល​បាន​បណ្តាល​ឱ្យ​ពលរដ្ឋ​ខ្មែរ​បាត់បង់​ជីវិត រង​របួស និង​ខូចខាត​ទ្រព្យសម្បត្តិ​ជាច្រើន។

ញត្តិ​របស់​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២៤ ខែធ្នូ នេះ អំពាវនាវ​ដល់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក អ៊ីស្រាអែល និង​ស៊ុយអែត ដែល​បាន​ផ្គត់ផ្គង់​គ្រឿង​សព្វាវុធ​សំខាន់ៗ​ដល់​ប្រទេស​ថៃ​នា​ពេល​ថ្មីៗ​នេះ ឱ្យ​ចាត់វិធានការ ជាបន្ទាន់​ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​បន្ថែម​ទៀត​ដល់​ជន​ស៊ីវិល​ស្លូតត្រង់ ដែល​កើត​ចេញពី​ការ​ទម្លាក់​គ្រាប់បែក​ពី​យន្តហោះ​ចម្បាំង​របស់​កង​យោធា​ថៃ។

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ បាន​លើកឡើង​ថា រដ្ឋ​អ៊ីស្រាអែល​ក្នុង​ឆ្នាំ​២០២៥ បាន​ផ្គត់ផ្គង់​ប្រព័ន្ធ​ការពារ​ដែនអាកាស និង​មីស៊ីល Barak MX មានតម្លៃ​ប្រហែល​១០៧​លាន​ដុល្លារ​អាមេរិក​ដល់​ប្រទេស​ថៃ ខណៈ​ប្រទេស​ស៊ុយអែត ក្នុង​ឆ្នាំ​២០២៤ បាន​ផ្គត់ផ្គង់​យន្តហោះ​ចម្បាំង Saab Gripen E/F ចំនួន​បួន​គ្រឿង ដែល​មាន​តម្លៃ​ប្រមាណ ៦០០​លាន​ដុល្លារ​អាមេរិក។ រីឯ​សហរដ្ឋអាមេរិក ចាប់ពី​ឆ្នាំ​២០០០​មក បាន​អនុញ្ញាត​ឲ្យ​ប្រទេស​ថៃ​ធ្វើ​ប្រតិបត្តិការ​យន្តហោះ ចម្បាំង F-16 ក្រោម​កម្មវិធី​លក់​សព្វាវុធ​ដល់​យោធា​បរទេស រួម​ទាំង​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​ចំនួន​១៦ គ្រឿង​មានតម្លៃ​១៣៦​លាន​ដុល្លារ​អាមេរិក បូក​រួម​ទាំង​ការ​ធ្វើ​បច្ចុប្បន្ន​កម្ម និង​ការ​គាំទ្រ​ជាប្រចាំ​រាប់ ទសវត្សរ៍​ត​ទៅ​មុខ​ទៀត។

នៅក្នុង​ញត្តិ​ដដែល​បាន​លើកឡើង​ថា ចំពោះ​កាតព្វកិច្ច​របស់​ប្រទេស​ផ្គត់ផ្គង់​គ្រឿង​សព្វាវុធ រដ្ឋ​អ៊ីស្រាអែល ប្រទេស​ស៊ុយអែត និង សហរដ្ឋអាមេរិក រួម​នឹង​ប្រទេស​ផ្គត់ផ្គង់​គ្រឿង​សព្វាវុធ​ផ្សេងៗ​ទៀត ត្រូវ​មាន​ការទទួលខុសត្រូវ​យ៉ាង ច្បាស់លាស់​ក្រោម​ច្បាប់​អន្តរជាតិ​ក៏ដូចជា​ច្បាប់​ក្នុង​ប្រទេស​របស់​ខ្លួន​ក្នុង​ការ​បង្ការ​ការប្រើប្រាស់​គ្រឿង សព្វាវុធ​ដែល​ខ្លួន​បាន​ផ្គត់ផ្គង់​ដើម្បី​ប្រព្រឹត្ត ឬ​សម្របសម្រួល​ដល់​ការ​រំលោភបំពាន​យ៉ាង​ស្រួចស្រាល់​នានា។

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​ទាំងនេះ​ផ្អាក​ជាបន្ទាន់​នូវ​ការ​គាំទ្រ​ផ្នែក​យោធា​នៅ​តាម​បណ្ដា​ប្រទេស​ដែល​បង្ក​គ្រោះថ្នាក់​ជាក់ ស្ដែង​ដល់​ជន​ស៊ីវិល​ដោយ​ពង្រឹង​ការអនុវត្ត​យ៉ាង​តឹងរ៉ឹង​ទៅលើ​ការប្រើប្រាស់​ចុងក្រោយ និង​ការ​ការពារ​សិទ្ធិមនុស្ស ពី​ការប្រើប្រាស់​សព្វាវុធ​ទាំងអស់​ដែល​ប្រទេស​របស់​ខ្លួន​បាន​ផ្គត់ផ្គង់។ លើស​ពី​នេះ ពួកគេ​ត្រូវ​ចេញ​ការ​ព្រមាន​យ៉ាង​ច្បាស់​ថា គ្រឿង​សព្វាវុធ​ដែល​ប្រទេស​របស់​ខ្លួន​បាន​ផ្គត់ផ្គង់​មិន ត្រូវ​ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ​យោធា​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ជន​ស៊ីវិល​ឡើយ​ព្រមទាំង​គាំទ្រ​ការស៊ើបអង្កេត​អន្តរជាតិ​ឯករាជ្យ​លើ​ការវាយប្រហារ​ដែល​បាន​រាយការណ៍​និង​ជំរុញ​ឱ្យ​មាន​ការ​បន្ធូរបន្ថយ​ភាព​តានតឹង​ជាបន្ទាន់ និង​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​តាម​មធ្យោបាយ​ការទូត។

ញត្តិ​ដដែល លើកឡើង​ថា «​ការ​ខកខាន​មិន​ធ្វើ​សកម្មភាព​ដើម្បី​ទប់ស្កាត់​ស្ថានភាព​ដ៏​អាក្រក់​នេះ​នឹង​ប្រឈម​ជាមួយនឹង​ហានិភ័យ​នៃ​ការ​រង​ទុក្ខវេទនា​របស់​មនុស្ស​ជា​បន្តបន្ទាប់ បង្ក​ឲ្យ​មាន​អស្ថិរភាព​ក្នុង​តំបន់ និង​ជា​ការ​គប់គិត​គ្នា​រំលោភច្បាប់​អន្តរជាតិ»។

តំណាង​ពលរដ្ឋ​លោក អ៊ុង សេរីវុទ្ធ (មុខគេ) និង​ពលរដ្ឋ​ផ្សេង​ទៀត​យក​ញត្តិ​ដាក់​នៅ​ស្ថានទូត​
អាមេរិក នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥។

ក្រៅពី​សកម្មភាព​របស់​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​នៅ​ក្រៅ​ប្រទេស ក្រុម​យុវជន​ខ្មែរ​នៅក្នុង​ស្រុក កាលពី​ថ្ងៃទី​២២ ធ្នូ បាន​ប្រមូលគ្នា​ដាក់​ញត្តិ​ទៅកាន់​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​ទាមទារ​ឱ្យ​អាមេរិក​រឹត​បន្តឹង​ការប្រើប្រាស់​សព្វាវុធ​របស់​អាមេរិក​ដោយ​យោធា​ថៃ។ យុវជន​ម្នាក់​គឺ​លោក អ៊ុង សេរីវុទ្ធ ដែល​បាន​ចូលរួម​ដាក់​ញត្តិ​ទៅ​ស្ថានទូត​អាមេរិក​បាន​ឲ្យ​ទូរទស្សន៍​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃទី​២៤ ធ្នូ ថា មន្ត្រី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ផ្ដល់​ដំណឹង​មក​លោក នៅ​ថ្ងៃ​នេះ​ថា មន្ត្រី​ទូត​បាន​ទទួល​ញត្តិ​ជា​ផ្លូវការ​ហើយ ព្រមទាំង​បាន​ផ្ញើ​ញត្តិ​នេះ​ដល់​រដ្ឋបាល​សហរដ្ឋអាមេរិក នៅ​រដ្ឋធានីវ៉ាស៊ីនតោន ផង​ដែរ​។ លោក​សង្ឃឹមថា សំណើ​របស់​ពួក​លោក​នឹង​បាន​ដល់ដៃ​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ។

លោក អ៊ុង សេរីវុទ្ធ៖ «យើង​ចង់​ផ្ញើរ​សារ​ទាំងអស់​នោះ​ទៅកាន់​ពិភពលោក ទៅកាន់​អន្តរជាតិ​ឲ្យ​ដឹង​ថា ការពិត​កម្ពុជា​គឺជា​ប្រទេស​រងគ្រោះ​ពី​ការឈ្លានពាន ពី​ការ​ទម្លាក់​គ្រាប់​ដោយ​មិន​រើស​ទីតាំង សម្លាប់​ពលរដ្ឋ​ស៊ីវិល​ខ្មែរ»។

ទាក់ទង​នឹង​ការឈ្លានពាន​របស់​ថៃ​មក​លើ​កម្ពុជា​នេះ​ដែរ ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​នេះ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា រដ្ឋាភិបាល​អូស្ត្រាលី​នៅតែ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប៉ះទង្គិច​យោធា​រវាង​កម្ពុជា​និង​ថៃ ដែល​កំពុង​បន្ត​កើតឡើង រួម​ទាំង​ការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ទំហំ​និង​ភាព​តានតឹង​នៃ​ជម្លោះ ការប្រើប្រាស់​អាវុធ​បំផ្លិចបំផ្លាញ​ធុន​ធ្ងន់ និង​ផល​ប៉ះពាល់​ផ្នែក​មនុស្សធម៌​ដែល​កំពុង​កើនឡើង​ចំពោះ​ភាគី​ទាំងពីរ។

សារ​ស្ថានទូត​អូស្ត្រាលី៖ «រដ្ឋាភិបាល​អូស្ត្រាលី​ជំរុញ​ឱ្យ​ភាគី​ទាំងពីរ​គោរព​យ៉ាង​ម៉ឺងម៉ាត់​នូវ​កាតព្វកិច្ច​របស់​ខ្លួន​ស្របតាម​ច្បាប់​អន្តរជាតិ កាត់បន្ថយ​ភាព​តានតឹង ចាត់វិធានការ​ឱ្យ​បាន​ឆាប់រហ័ស​និង​មាន​ប្រសិទ្ធភាព​ដើម្បី​បញ្ឈប់​អរិភាព រួម​ទាំង​អនុវត្ត​សេចក្តី​ថ្លែងការណ៍​រួម​ទីក្រុង​កូឡាឡាំពួរ។ យើង​សូម​លើកទឹកចិត្ត​ឱ្យ​ភាគី​ទាំងពីរ​ចូលរួម​ក្នុង​ការចរចា​ដោយ​ស្មារតី​ស្មោះត្រង់​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ដើម្បី​សម្រេច​បាន​នូវ​ដំណោះស្រាយ​យូរអង្វែង​និង​សន្តិភាព»។

ក្រសួងការពារជាតិ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​២៤ ខែធ្នូ​នេះ យោធា​ថៃ បន្ត​ចូល​ឈ្លានពាន​កាន់តែ​ជ្រៅ ក្នុង​ដែន​អធិបតេយ្យភាព​កម្ពុជា ដោយ​ប្រើ​យន្តហោះ​ចម្បាំង​ប្រភេទ T-50 ផលិត​នៅ​ប្រទេស​កូរ៉េខាងត្បូង (South Korea) ទម្លាក់​គ្រាប់បែក សរុប​៩​គ្រាប់ និង​ទម្លាក់​គ្រាប់បែក​ចង្កោម នៅ​ភូមិសាស្ត្រ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប និង​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ដែល មាន​ប្រជាជន​ស៊ីវិល​កំពុង​រស់នៅ​។ ចំណែក​នៅ​ភូមិសាស្ត្រ​ឃុំ​សំពៅ​លូន ស្រុក​សំពៅលូន រង​ការ​បាញ់​ផ្លោង​ប្រមាណ ២៦​គ្រាប់​ផង​ដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ