

កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមនៅម៉ោង៤កន្លះរសៀលនេះ នៅច្រកអន្តរជាតិព្រំ-ផាកកាត ក្នុងទឹកដីខេត្តច័ន្ទបុរី (Chanthaburi) ប្រទេសថៃទល់នឹងខេត្តប៉ៃលិនរបស់កម្ពុជា។
អ្នកនាំពាក្យក្រសួងការពារជាតិអ្នកស្រី ម៉ាលី សុជាតា បានលើកឡើងថា នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរនឹងពិភាក្សាលើខ្លឹមសារ និងផ្លាស់ប្ដូរឯកសារគ្នាទៅវិញទៅមក សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងរដ្ឋមន្ត្រីការពារប្រទេសទាំងពីរ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែធ្នូ ដើម្បីជំរុញឱ្យមានការបញ្ចប់សង្គ្រាម និងវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។
កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ធ្វើឡើងពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែធ្នូ ក្រោមការឃ្លាំមើលពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ខណៈប្រតិភូកម្ពុជា ដឹកនាំដោយឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន និងភាគីថៃដឹកនាំដោយនាយឧត្តមសេនីយ៍ ណាត់ថាផុង ប្រាវកែវ។
កាលពីថ្ងៃទី២៣ ខែធ្នូ មន្ត្រីក្រសួងការពារជាតិថៃបានលើកឡើងថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងធ្វើឡើងក្នុងខេត្តច័ន្ទបុរី ដោយគ្មានការប្ដូរទីតាំងទៅប្រទេសទី៣ឡើយ៕









