

យោធាថៃវាយប្រហារកាន់តែខ្លាំងឡើងៗ ដោយប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់ពីលើអាកាស ចំនួន ៤០គ្រាប់លើភូមិជោគជ័យ នៅព្រឹកថ្ងៃទី២៦ ធ្នូ បន្ទាប់ពីកម្ពុជាពុំព្រមតាមសំណើលក្ខខណ្ឌ ទាំង៣ ក្នុងកិច្ចប្រជុំនៃក្រុមលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រយៈពេល២ថ្ងៃនេះ។
ក្រសួងការពារជាតិអះអាងថា នៅម៉ោង ៦ និង ៧ព្រឹកថ្ងៃនេះ យោធាថៃប្រើយន្តហោះចម្បាំង F-16 ទម្លាក់ ៤០គ្រាប់កម្ទេចផ្ទះពលរដ្ឋនៅភូមិជោគជ័យ។ ក្រៅពីនេះយោធាថៃបានបាញ់ផ្លោងកាំភ្លើងប្រភេទ ១៥៥ម.ម ចូលភូមិសាស្ត្រភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចំណែកតំបន់ផ្សេងទៀត យោធាថៃបន្តវាយប្រហារកាន់តែខ្លាំងថែមទៀត។
យ៉ាងណាក៏ដោយ ក្រសួងការពារជាតិពុំទាន់បង្ហាញលទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ឡើយ ខណៈភាគីថៃនៅតែអះអាងថា កម្ពុជាពុំព្រមលើលក្ខខណ្ឌ ៣ចំណុចដែលថៃចង់បាន ដូចជាឱ្យកម្ពុជាប្រកាសបទឈប់បាញ់មុន ដែលប្រៀបដូចឱ្យកម្ពុជាប្រកាសចុះចាញ់ជាដើម។
នៅព្រឹកនេះ កិច្ចប្រជុំនៃក្រុមលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ឈានចូលថ្ងៃទី៣ នៅច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ទល់នឹងច្រកផាកកាត ខេត្តចន្ទបុរី ប្រទេសថៃ។
ក្រសួងការពារជាតិអះអាងថា កិច្ចប្រជុំនេះបន្តពិភាក្សាបន្ថែមទៀត ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕









