ក្រុម​យុវជន​ប្រឆាំង​សង្គ្រាម​ឈ្លានពាន​ថៃ​គ្រោង​ប្រមូលផ្ដុំ​ដាក់​ញត្តិ​តាម​ស្ថានទូត​បរទេស​នានា​នៅ​ភ្នំពេញ

0
89
តំណាង​ពលរដ្ឋ​លោក អ៊ុង សេរីវុទ្ធ (មុខគេ) និង​ពលរដ្ឋ​ផ្សេង​ទៀត​យក​ញត្តិ​ដាក់​នៅ​មុខស្ថានទូត​អាមេរិក ​នារាជធានី​ភ្នំពេញ កាលពីថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥។
តំណាង​ពលរដ្ឋ​លោក អ៊ុង សេរីវុទ្ធ (មុខគេ) និង​ពលរដ្ឋ​ផ្សេង​ទៀត​យក​ញត្តិ​ដាក់​នៅ​មុខស្ថានទូត​អាមេរិក ​នារាជធានី​ភ្នំពេញ កាលពីថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥។

ក្រោយ​ពី​ដាក់​ញត្តិ​នៅ​ស្ថានទូត​អាមេរិក​ដើម្បី​ទាមទារ​ឱ្យ​ប្រទេស​មហាអំណាច​នាំ​ចេញ​អាវុធ​មួយ​នេះ​បញ្ឈប់​ការ​ឈ្លានពាន​របស់​ថៃ​មកលើ​ប្រទេស​កម្ពុជា ក្រុមយុវជន​ប្រឆាំង​សង្គ្រាម​ឈ្លានពាន​ថៃ ប្រកាស​ប្រមូលផ្ដុំ​ដើរ​ដាក់​ញត្តិ​សាជាថ្មី នៅតាម​ស្ថានទូត​បរទេស​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​អន្តរាគមន៍​បញ្ឈប់​ការ​ឈ្លានពាន​យ៉ាង​កម្រោល និង​អមនុស្សធម៌​របស់​ថៃ​មកលើ​កម្ពុជា។

សកម្មជន​ប្រឆាំង​ការឈ្លានពាន​របស់​ថៃ លោក អ៊ុង សេរីវុទ្ធ សរសេរ​លើ​ហ្វេ​ស​ប៊ុ​កដោយ​ភ្ជាប់​លិខិត​ជូនដំណឹង​នៅ​ថ្ងៃទី​២៦ ធ្នូ ថា បណ្ដាញ​ពលរដ្ឋ​ប្រឆាំង​ការឈ្លានពាន​របស់​ថៃ នឹង​ប្រមូលផ្ដុំ​តវ៉ា​ដាក់​ញត្តិ​នៅ​តាម​ស្ថានទូត​បរទេស​ទាំងអស់ និង​ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ដើម្បី​ស្នើសុំ​អន្តរាគមន៍​ជា​បន្ទាន់​ឱ្យមាន​ការដាក់​សម្ពាធ​ជាក់ស្ដែង និង​ថ្កោលទោស​លើ​រដ្ឋាភិបាល​ថៃ ដើម្បីឱ្យ​វិល​ចូល​តុ​ចរចា គោរព​បទ​ឈប់​បាញ់ និង​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​ប្រទេស​ម៉ាឡេស៊ី។

លោក អ៊ុង សេរីវុទ្ធ បញ្ជាក់​ថា ការ​ដាក់​ញត្តិ​សាជាថ្មី​ទៀត នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​៣០ ធ្នូ។ លោក​បន្តថា នេះ​ជា​សកម្មភាព​ដែល​ពួកគេ​រួមគ្នា​ការពារ​ជីវិត​ជន​ស៊ីវិល​កម្ពុជា​ដែល​យោធា​ថៃ​កំពុង​វាយប្រហារ​ឈ្លានពាន និង​បង្ក​ការខូចខាត​ដល់​លំនៅឋាន​ពលរដ្ឋ ស្ពាន ថ្នល់ វត្ត​អារាម សាលារៀន និង​ប្រាសាទបុរាណ ព្រមទាំង​បណ្ដាលឱ្យ​ពលរដ្ឋ​ខ្មែរ​ស្លាប់ និង​របួស ជាង ១០០​នាក់ និង​ភៀស​សឹក​ជាង ៦០​ម៉ឺន​នាក់។

ទោះយ៉ាងណា លោក អ៊ុង សេរីវុទ្ធ ក៏​ស្នើ​ដល់​ពលរដ្ឋ​ឱុ្យ​បន្ត​គាំទ្រ​ញត្តិ​តាម​អនឡាញ​របស់​ពួកគេ ដើម្បី​ឱ្យ​មាន​សំឡេង​កាន់តែ​ច្រើន មុន​ដាក់​ជូន​ទៅ​ស្ថាប័ន​ទាំងនោះ។

ញត្តិរួមគ្នាស្នើអន្តរជាតិអន្តរាគមន៍បន្ទាន់ បញ្ឈប់ការឈ្លានពានរបស់ថៃលើកម្ពជា។ រូប៖ ហ្វេសប៊ុកលោក អ៊ុង សេរីវុទ្ធ

កាលពី​ថ្ងៃទី​២២ ខែ​ធ្នូ ក្រុមយុវជន​ទាំងនេះ ធ្លាប់​ប្រមូល​ផ្តុំគ្នា​លើក​បដា និង​ដាក់​ញត្តិ​ទៅ​កាន់​ប្រធានាធិបតី​អាមេរិក​នៅមុខ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ម្ដង​រួចហើយ។ ពេលនោះ​ពួកគេ​បានស្នើ​អាមេរិក​ឱ្យ​ចាត់វិធានការ​ជាក់ស្ដែង និង​មាន​ប្រសិទ្ធភាព​ដើម្បី​បញ្ឈប់​ការឈ្លានពាន​របស់​ថៃ និង​យន្តហោះ​ចម្បាំង F-16 ដែល​យោធា​ថៃ​ប្រើប្រាស់​ទម្លាក់​គ្រាប់បែក​លើ​កម្ពុជា។ គិត​ត្រឹម​ថ្ងៃទី​២៦ ធ្នូ យោធា​ថៃ​នៅតែ​បង្កើន​ការវាយប្រហារ​កាន់តែ​ខ្លាំង តាម​គ្រប់​រូបភាព ពិសេស​ការប្រើប្រាស់​យន្តហោះ F-16 ទម្លាក់​គ្រាប់បែក​ចូល​ជ្រៅ​ក្នុង​ដី​កម្ពុជា និង​បំផ្លាញ​ផ្ទះ​សម្បែង​នៅ​ភូមិ​ជោគជ័យ​ជាដើម ទោះ​មាន​ការ​អន្តរាគមន៍​ដោយផ្ទាល់​អាមេរិក ចិន និង​សហភាព​អឺរ៉ុប​ឱ្យមាន​បទ​ឈប់​បាញ់​យ៉ាងណាក្ដី៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ