

ប្រមុខការទូតសហរដ្ឋអាមេរិកអំពាវនាវឱ្យកម្ពុជា និងថៃ គោរពការប្ដេជ្ញាចិត្តនូវបទឈប់បាញ់ភ្លាមៗ និងអនុវត្តពេញលេញតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនៅប្រទេសម៉ាឡេស៊ី។ ទន្ទឹមនឹងការអំពាវនាវរបស់អាមេរិក ប្រមុខការទូតចិនក៏បានហៅប្រមុខការទូតកម្ពុជា និងថៃ ទៅកាន់ទឹកដីរបស់ខ្លួន ហាក់ចង់បង្ហាញការយកចិត្តទុកដាក់ថា ចិនជាអ្នកសម្រេចឱ្យមានបទឈប់បាញ់លើកទី២នេះ រវាងប្រទេសប្រទេសទាំងពីរ។
តាមរយៈការចុះផ្សាយរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី២៨ ធ្នូ បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) ស្វាគមន៍ចំពោះសេចក្តីប្រកាសរបស់កម្ពុជា និងថៃ ស្ដីពីការឈានដល់បទឈប់បាញ់ ដែលបញ្ឈប់អំពើអរិភាពតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC)។
មុនមានបទឈប់បាញ់ លោក ម៉ាកូ រ៉ូប៊ីអូ បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ដើម្បីបង្ហាញការព្រួយបារម្ភ អំពីអំពើហិង្សាដែលកំពុងបន្តកើតមានរវាងប្រទេសកម្ពុជា និងថៃ។ ការជជែកតាមទូរស័ព្ទនៅយប់ថ្ងៃទី២៥ ធ្នូ នោះ លោក រ៉ូប៊ីអូ បានបញ្ជាក់ឡើងវិញអំពីបំណងប្រាថ្នារបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) សម្រាប់សន្តិភាព និងតម្រូវឲ្យអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ។

ប្រមុខការទូតអាមេរិករូបនេះក៏បានបញ្ជាក់ឡើងវិញថា សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចក្នុងការជួយសម្របសម្រួលការពិភាក្សា ដើម្បីធានានូវសន្តិភាព និងស្ថិរភាពរវាងប្រទេសកម្ពុជា និងថៃ។
កម្ពុជា និងថៃបានសម្រេចឯកភាពជាទ្វេភាគីនូវបទឈប់បាញ់បណ្ដោះអាសន្ន រយៈពេល ៧២ម៉ោង ចាប់ពីម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៧ ធ្នូ។ កិច្ចព្រមព្រៀងនោះបានបញ្ជាក់ថា ភាគីថៃនឹងព្រមដោះលែងយោធិនកម្ពុជា ១៨នាក់វិញ បើកិច្ចព្រមព្រៀងបទឈប់បាញ់នេះ មានប្រសិទ្ធភាពតាមរយៈពេលកំណត់។

នៅរសៀលថ្ងៃដដែលនេះរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានជួបរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ផ្ទាល់នៅខេត្តយូណាន (Yunan) ប្រទេសចិន។
ក្រសួងការបរទេសកម្ពុជាអះអាងថា លោក ប្រាក់ សុខុន បានប្រាប់ភាគីចិនថា កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់ចំពោះសាមគ្គីភាពជាប្រពៃណី មិត្តភាពដែកថែបដ៏យូរអង្វែង និងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងរវាងកម្ពុជា-ចិន និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជាចិន ជាពិសេសការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធសម្រាប់គ្រប់កម្រិត និងគ្រប់វិស័យ។ លោក ប្រាក់ សុខុន ក៏បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះតួនាទីសកម្ម និងស្ថាបនារបស់ប្រទេសចិន ក្នុងការគាំទ្រឱ្យមានបទឈប់បាញ់រវាងជម្លោះកម្ពុជា-ថៃ។

លើសពីនេះភាគីកម្ពុជាបង្ហាញថា កិច្ចគាំទ្រជាបន្តបន្ទាប់របស់មិត្តចិនក្នុងការជំរុញការដោះស្រាយជម្លោះដោយប្រើប្រាស់កិច្ចសន្ទនា វិធីការទូត និងការគោរពគ្នាទៅវិញទៅមក ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអនុវត្តបទឈប់បាញ់ពេញលេញ និងឆ្ពោះទៅរកសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង។
កាលពីថ្ងៃទី២៨ ខែកក្កដា កម្ពុជានិងថៃទទួលបទឈប់បាញ់ម្ដងរួចមកហើយ ក្រោមការអន្តរាគមន៍ដោយផ្ទាល់ពីសហរដ្ឋអាមេរិក ដែលសម្របសម្រួលពីប្រធានអាស៊ានប្ដូរវេន គឺនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ី (Anwar Ibrahim) រហូតសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព កាលពីថ្ងៃទី២៦ ខែតុលា មុននឹងភាគីថៃបើកការវាយប្រហារឈ្លានពានកម្ពុជាសាជាថ្មី នៅថ្ងៃទី៧ ធ្នូ ២០២៥។
ការវាយប្រហារឈ្លានពានរបស់យោធាថៃរយៈពេល ២១ថ្ងៃនេះ បានសម្លាប់ពលរដ្ឋស្លូតត្រង់កម្ពុជា ៣១នាក់ និងរងរបួសជិត ១០០នាក់ ហើយបណ្ដាលឱ្យពលរដ្ឋភៀសខ្លួនជិត ៧០ម៉ឺន ព្រមទាំងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើន មានផ្ទះ វត្តអារាម សាលារៀន កាស៊ីណូ ស្ពានថ្នល់ និង ប្រាសាទបុរាណ ជាដើម៕









