មន្ត្រី​បក្ស​ប្រឆាំង​ថា មេដឹកនាំ​កម្ពុជា​កំពុង​ស្អំ​ចិត្ត​ពលរដ្ឋ ក្រោយ​ទឹកដី​មួយ​ចំនួន​នៅ​តាម​ព្រំដែន ត្រូវ​យោធា​ថៃ​កាន់កាប់

0
139
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បង្ហោះរូប​លើ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បង្ហោះរូប​លើ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

មន្ត្រី​បក្ស​ប្រឆាំង​យល់ឃើញ​ថា មេដឹកនាំ​កម្ពុជា​កំពុង​រក​លេស ដើម្បី​ស្អំ​ចិត្ត​ប្រជាពលរដ្ឋ រក្សា​មុខមាត់ ក្រោយពេល​យោធា​ថៃ​បាន​កាន់កាប់​នៅក្នុង​តំបន់ ដែល​ពួកគេ​ដណ្ដើម​បាន​ពី​កម្ពុជា ក្រោយ​សង្គ្រាម​រយៈ ២១​ថ្ងៃ​។ ការរិះគន់​នេះ ធ្វើឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បាន​អះអាង​ថា រដ្ឋាភិបាល​របស់​លោក មិនបាន​ចុះចាញ់ ឬ​កាត់​ដី​ឱ្យ​ប្រទេស​ថៃ​នោះ​ទេ ទោះបីជា​កម្ពុជា​កំពុង​អនុវត្ត​បទ​ឈប់​បាញ់ ដោយមាន​ការ​ឃ្លាំមើល​ពី​យោធា​ថៃ ក្នុង​រយៈពេល​៧២​ម៉ោង​ក៏ដោយ។

បើទោះបីជា​ទាហាន​ថៃ បាន​ដោត​ទង់ជាតិ​របស់​ពពួក​គេ​ស្ទើរតែ​គ្រប់​ទីតាំង នៅ​តាម​បណ្ដោយ​ព្រំដែន ដែល​វាយ​ដណ្ដើម​បាន​ពី​កម្ពុជា យ៉ាងណាក្ដី ក៏​រដ្ឋាភិបាល​កម្ពុជា នៅតែ​អះអាង​ថា កម្ពុជា​មិនបាន​ចាញ់​សង្គ្រាម រហូតដល់​ថ្នាក់​បាត់បង់​ទឹកដី​នោះ​ឡើយ និង​ថា ការ​ចរចា​បទ​ឈប់​បាញ់​នេះ គឺជា​វិធី​ចរចា​ដើម្បី​ទទួល​បាន​សន្តិភាព។

ប្រមុខ​ដឹកនាំ​ស្ថាប័ន អធិបតេយ្យ​ជាតិ ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៩ ខែ​ធ្នូ ថា ការបកស្រាយ​របស់​លោក ហ៊ុន ម៉ាណែត គឺជា​ការ​ស្អំ​ចិត្ត​ប្រជាពលរដ្ឋ តាមរយៈ​ការ​យក​សន្តិភាព​មក​ធ្វើជា​លេស ដើម្បី​បិទបាំង​ពី​កំហុស និង​ភាព​កម្សោយ​ក្នុង​ការ​ដឹក​នាំ​របស់​លោក។ លោក អ៊ុំ សំអាន បន្ត​ថា ក្នុង​ករណី​ដែល​ទឹកដី​កម្ពុជា នៅ​ផ្នែក​ណាមួយ​ត្រូវ​បាត់បង់​ក្រោយ​ការ​ចុះ​កិច្ច​ព​ព្រមព្រៀង​នេះ មេដឹកនាំ​កម្ពុជា គួរតែ​ចុះ​ចេញពី​តំណែង ដោយសារ​ការ​ធ្វើ​ឱ្យ​បាត់បង់​នូវ​ផ្នែក​ណាមួយ នៃ​បូរណភាព​ទឹកដី​ឱ្យ​ទៅ​បរទេស គឺ​មាន​ទោស​ក្បត់ជាតិ។

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​សរសេរ​សា​រលើ​បណ្ដាញ​សង្គម​របស់​លោក នៅ​ថ្ងៃទី​២៩ ខែធ្នូ ថា ការ​ជ្រើសរើស​យក​បទ​ឈប់​បាញ់​នេះ មិនមែន​មានន័យថា កម្ពុជា​ចុះចាញ់ ឬ សុខចិត្ត​យក​បូរណភាព​ទឹកដី ទៅ​ដូរ​យក​សន្តិភាព​ឡើយ ហើយក៏​មិនមែន​ដោយសារ​កម្ពុជា​អស់​សមត្ថភាព ឬ បោះបង់​សិទ្ធិ​ស្វ័យការពារ​ខ្លួន​នោះ​ដែរ។ លោក​បន្ត​ថា ការ​សម្រេចចិត្ត​នេះ គឺ​ដោយសារ​កម្ពុជា​បាន​ជ្រើសរើស​យក​មាគ៌ា​សន្តិភាព និង​គិត​ពី​អាយុជីវិត របស់​ប្រជាពលរដ្ឋ​ជាធំ ទោះជា​ត្រូវ​ប្រឈមមុខ​នឹង​សម្ពាធ ឬ​ការ​លំបាក​យ៉ាងណាក្ដី​។ លោក ហ៊ុន ម៉ាណែត អះអាង​ថា សង្គ្រាម​មិនអាច​បញ្ចប់​បាន​ដោយ​សង្គ្រាម​នោះ​ទេ ហើយ​មានតែ​ការ​ដោះស្រាយ ដែល​ផ្អែកលើ​ច្បាប់​ដោយ​សន្តិវិធី និង ការយោគយល់​គ្នា​ប៉ុណ្ណោះ ទើប​អាច​បញ្ចប់សង្គ្រាម​បាន។

កម្ពុជា​-​ថៃ បាន​ឯកភាព​លើ​បទ​ឈប់​បាញ់​បណ្ដោះអាសន្ន កាលពី​ថ្ងៃទី​២៧ ខែធ្នូ នៅ​ព្រំដែន​ខេត្ត​ចន្ទបុរី ប្រទេស​ថៃ ដោយមាន​ការ​ឃ្លាំ​មើល​រយៈ​ពេល ៧២​ម៉ោង ក្រោយ​កងទ័ព​របស់​ភាគី​ទាំង​២ បាន​ប្រយុទ្ធ​គ្នា​តាម​បណ្ដោយ​ព្រំដែន ជា​លើក​ទី​២ ចំនួន​២១​ថ្ងៃ​។ នេះ​ជា​បទ​ឈប់​បាញ់​លើក​ទី​២ ហើយ ដែល​ភាគី​ទាំង​២ ធ្លាប់​បាន​ព្រមព្រៀងគ្នា។

ទោះជា​យ៉ាងណា បទ​ឈប់​បាញ់​ដ៏​ផុយ​ស្រួយ​នេះ បាន​ចុះ​ហត្ថលេខា ក្រោយ​យោធា​ថៃ បាន​អះអាង​ពី​ការវាយប្រហារ​ដណ្ដើម​បាន​ទឹកដី​ខ្មែរ​ជាច្រើន​ទីតាំង នៅ​តាម​បណ្ដោយ​ព្រំដែន មាន​ដូចជា​ប្រាសាទខ្នា តំបន់​ប្រាសាទ​តាក្របី នៅ​ខេត្ត​ឧត្តរមានជ័យ ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃចាន់ បឹង​ត្រកួន ក្នុង​ខេត្ត​បន្ទាយមានជ័យ តំបន់​អានសេះ​ក្នុង​ខេត្តព្រះវិហារ តំបន់​ថ្មដា ស្ថិត​ក្នុង​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ និង​ទីតាំង​ជ័យភូមិ ជាច្រើន​កន្លែង​ទៀត។

បច្ចុប្បន្ន​ទីតាំង​ក្នុង​ទឹកដី​កម្ពុជា​ដែល​យោធា​ថៃ​កំពុង​ឈរជើង​ទាំងនេះ ត្រូវ​បាន​រាយ​បន្លា​លួស​អស់​ទៅ​ហើយ។ ក៏ប៉ុន្តែ គណៈកម្មាធិការ​ចម្រុះ​ព្រំដែន​កម្ពុជា (JBC) បាន​ប្រកាស​មិន​ទទួលស្គាល់​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ​កើត​ចេញពី​ការប្រើប្រាស់​កម្លាំង​នោះ​ឡើយ។

ទោះជា​យ៉ាងនេះ​ក្ដី មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល និង​យោធា​ថៃ បាន​អះអាង​ថា តំបន់​ដែល​ដណ្ដើម​បាន​ពី​កម្ពុជា​ទាំងនេះ ភាគី​ថៃ នឹង​មិន​ប្រគល់​ឱ្យ​កម្ពុជា​វិញ​នោះ​ទេ ហើយ​ទីតាំង​ដែល​មាន​ផ្ទះ​ប្រជាពលរដ្ឋ​ខ្មែរ ដូចជា​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃចាន់ ក៏​យោធា​ថៃ មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូល​រស់នៅ​វិញ​នោះ​ឡើយ​។ ទន្ទឹម​គ្នា​នេះ ក្រសួង​វប្បធម៌​របស់​ថៃ ក៏បាន​ប្រកាស​អំពី​គម្រោង​ជួសជុល​ប្រាសាទ​បុរាណ ដែល​ទទួល​ការខូចខាត ពី​ការវាយប្រហារ​របស់​យោធា​ថៃ នៅ​ពេល​ស្ថានភាព​វិលត្រឡប់​ទៅ​រក​ស្ងប់ស្ងាត់​ផង​ដែរ។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា យល់​ឃើញ​ថា កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​បណ្ដោះអាសន្ន ដែល​ធ្វើ​ឡើងជា​លក្ខណៈ​ទ្វេភាគី រវាង​កម្ពុជា​-​ថៃ នេះ ទំនងជា​មិនអាច​ធានា​បាន​នូវ​សន្តិភាព​យូរអង្វែង​ដល់​កម្ពុជា​នោះ​ឡើយ ដោយសារ​ថៃ កំពុង​មាន​ប្រៀប​ប​លើ​កម្ពុជា​។ លោក​បន្ត​ថា មានតែ​ការប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ​ប៉ុណ្ណោះ ទើប​អាច​ធានា​សន្តិភាព​យូរអង្វែង​សម្រាប់​កម្ពុជា​បាន។

ក្រៅ​តែ​ពី​បង្ហោះ​សំណេរ ដើម្បី​ស្អំ​ចិត្ត​ពលរដ្ឋ រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ចេញ​សេចក្ដីប្រកាស​គំរាម​ប្រជាពលរដ្ឋ មិន​ឱ្យ​បញ្ចេញមតិ ឬ​ចែករំលែក​ព័ត៌មាន ដែល​ពាក់ព័ន្ធ​នឹង​ការ​ចូល​កាន់​កាប់​ទឹកដី​កម្ពុជា របស់​យោធា​ថៃ​នោះ​ឡើយ ដោយ​រដ្ឋាភិបាល​បាន​អះអាង​ថា ដើម្បី​ថ្នម​ស្ថានការណ៍ ក្នុង​ពេល​កម្ពុជា​អនុវត្ត​បទ​ឈប់​បាញ់។

យ៉ាងណា​ក៏​ដោយ​ចុះ មន្ត្រី​បក្ស​ប្រឆាំង​លើកឡើង​ថា ការ​អនុវត្ត​បទ​ឈប់​បាញ់ មេដឹកនាំ​កម្ពុជា គួរ​ប្រញាប់​ដោះស្រាយ​ករណី​ឈ្លានពាន​របស់​យោធា​ថៃ​នេះ ដោយ​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ បើ​មិន​ដូច្នេះ​ទេ កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​នេះ និង​ក្លាយ​ជា​បណ្ដាសា ដែល​បាន​មក​ពី​ការ​កាត់​ដី​ឱ្យ​បរទេស ដើម្បី​រក្សា​អំណាច ក្រោម​លេស​ពាក្យ​ថា​សន្តិភាព៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ