

បទឈប់បាញ់បណ្ដោះអាសន្ន ៧២ម៉ោង ដែលភាគីកម្ពុជា និងថៃបានព្រមព្រៀងគ្នា បានបញ្ចប់ហើយ គិតត្រឹមម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី៣០ ធ្នូ ខណៈយោធាថៃនៅមិនទាន់ដោះលែងយោធិនកម្ពុជា ១៨នាក់ ដូចការសន្យានៅឡើយ។
ភាគីកម្ពុជាកំពុងទន្ទឹងរង់ចាំការបញ្ជូនយោធិនកម្ពុជា ១៨នាក់ត្រឡប់មកជួបជុំគ្រួសារវិញ។ ពួកគាត់ត្រូវបានយោធាថៃប្រើល្បិចចាប់ខ្លួន ពេលចាប់ដៃស្វាគមន៍គ្នានៅសមរភូមិ កាលពីថ្ងៃទី២៩ ខែកក្កដា ប៉ុន្មានម៉ោងក្រោយបទឈប់បាញ់លើកទី១ ចូលជាធរមាន។
អ្នកកាសែតជាន់ខ្ពស់របស់សារព័ត៌មានខៅសុតថៃ (Khaosod) លោក ប្រាវីត រ៉ូចនាព្រុក (Pravit Rojanaphruk) សរសេរលើហ្វេសប៊ុករបស់លោកថា ដល់ពេលវេលាដែលថៃត្រូវបញ្ជូនយោធិនកម្ពុជា ត្រឡប់ទៅស្រុកខ្មែរវិញ តាមសន្យាហើយ។ លោកជំរុញឱ្យរដ្ឋាភិបាលថៃកុំលេបសម្ដី នាំឱ្យបាត់បង់កិត្តិយស។
នេះមិនមែនជាលើកទី១ទេ ដែលភាគីថៃសន្យាដោះលែងយោធិនកម្ពុជាក្រោមកិច្ចព្រមព្រៀងរវាងកម្ពុជា-ថៃ ដោយមានម៉ាឡេស៊ី និងសហរដ្ឋអាមេរិកជាសាក្សី ប៉ុន្តែថៃមិនដែលបានគោរពការសន្យានោះឡើយ ផ្ទុយទៅវិញ ពួកគេតែងយកលេសជាបន្តបន្ទាប់ ដើម្បីបន្តឃុំខ្លួនយោធិនខ្មែរទាំង ១៨រូបនោះ៕








