យោធា​ថៃ​ដោះលែង​យោធិន​កម្ពុជា​ទាំង​១៨​នាក់​ ក្រោយ​ឃុំឃាំង​រយៈពេល ១៥៥​ថ្ងៃ

0
193
ទិដ្ឋភាពយោធិនកម្ពុជា ១៨រូប​ត្រឡប់មកដល់កម្ពុជា តាមច្រកទ្វារព្រំដែន ខេត្តប៉ៃលិន នៅថ្ងៃទី៣១ ធ្នូ ២០២៥។ រូបភាព៖ AKP/មន្ទីរព័ត៌មានខេត្តបាត់ដំបង
ទិដ្ឋភាពយោធិនកម្ពុជា ១៨រូប​ត្រឡប់មកដល់កម្ពុជា តាមច្រកទ្វារព្រំដែន ខេត្តប៉ៃលិន នៅថ្ងៃទី៣១ ធ្នូ ២០២៥។ រូបភាព៖ AKP/មន្ទីរព័ត៌មានខេត្តបាត់ដំបង

យោធា​ថៃ​​ដោះលែង​យោធិន​កម្ពុជា​ទាំង​១៨​នាក់​ហើយ ក្រោយ​ពួកគាត់​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ខុស​ច្បាប់ និង​ឃុំឃាំង​អស់​រយៈពេល ១៥៥​ថ្ងៃ។

យោធិន​កម្ពុជាទាំង ១៨រូប ត្រូវ​បាន​ដោះលែង​នៅ​ព្រឹក​ថ្ងៃ​ទី៣១ ធ្នូ តាម​ច្រកព្រំដែន​ខេត្ត​ប៉ៃលិន និង​ត្រូវ​បាន​ដឹក​​តាម​ឧទ្ធម្ភាគចក្រ​ចេញ​ពី​ខេត្ត​បាត់ដំបង​មក​កាន់​ព្រលាន​យន្តហោះ​ពោធិចិនតុង នៅ​វេលាម៉ោង១១.៣០ ព្រឹក​នេះ។

ក្រសួងការពារជាតិ​កម្ពុជា​បាន​បញ្ជាក់​ថា ការ​ដោះលែង​នេះ ធ្វើឡើង​ស្របតាម​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ប្រទេស​ទាំងពីរ កាលពី​ថ្ងៃទី​២៧ ខែធ្នូ និង​បន្ទាប់ពី​មានការ​គោរព​យ៉ាង​ពេញលេញ​បទ​ឈប់​បាញ់​រយៈពេល​៧២​ម៉ោង​។

កន្លងមក ភាគី​ថៃ​មិនបាន​គោរព​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​កូឡាឡាំពួរ (Kuala Lumpur) ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​២៦ តុលា ក្រោម​ការ​ផ្ដួចផ្ដើម និង​ធ្វើជា​សាក្សី​ដោយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump) និង​ប្រធាន​ប្ដូរ​វេន​អាស៊ាន​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់​វ៉ា អ៊ីប្រាហ៊ីម ឡើយ ខណៈ​កិច្ចព្រមព្រៀង​នេះ​បាន​កំណត់​ឱ្យ​កងទ័ព​ថៃ​ត្រូវ​ដោះលែង​កងទ័ព​កម្ពុជា​ទាំង​១៨​នាក់​ភ្លាមៗ បន្ទាប់​ពី​ចុះហត្ថលេខា។

ក្រោយ​មិន​គោរព​កិច្ចព្រមព្រៀង​នេះ និង​ពន្យារពេល​ដោះលែង​កងទ័ព​ខ្មែរ​ទាំង​១៨​នាក់ កងទ័ព​ថៃ​បាន​ប្រើ​លេស​ទាហាន​ខ្លួន «​ដើរ​ជាន់​មីន​» ដើម្បី​ប្រើ​កម្លាំង​ទ័ព​វាយ​ឈ្លានពាន​ទ្រង់ទ្រាយ​ធំ​ជា​លើក​ទី​២​មក​លើ​ប្រទេស​កម្ពុជា អស់​រយៈពេល​២១​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៧​ដល់​ថ្ងៃទី​២៧​ខែធ្នូ ដើម្បី​ដណ្ដើមយក​ទឹកដី​កម្ពុជា។

ទោះជា​យ៉ាងណាក្ដី ការសម្រេច​ចុងក្រោយ​ដោះលែង​កងទ័ព​ខ្មែរ​ទាំង​១៨​នាក់​នៅ​ពេល​នេះ ហាក់​ធ្វើឡើង​បន្ទាប់ពី​កងទ័ព​ថៃ​សម្រេច​បាន​មហិច្ឆតា​ឈ្លានពាន​របស់​ខ្លួន ដោយ​បាន​ចូល​គ្រង់​គ្រង​ទឹកដី​ក្នុង​តំបន់​មួយចំនួន​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ និង​បន្ទាប់ពី​ប្រើ​យន្តហោះ​ចម្បាំង​ទម្លាក់​គ្រាប់បែក​បំផ្លាញ​ទីតាំង​យោធា​កម្ពុជា​អស់​ជាច្រើន​កន្លែង រួម​ទាំង​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ​ផ្ទះសម្បែង​ពលរដ្ឋ​ខ្មែរ និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​រាប់​មិន​អស់​ជាច្រើន​ទៀត ដូចជា​ស្ពាន ថ្នល់ សាលារៀន វត្ត​អារាម និង​មន្ទីរពេទ្យ​ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ