កម្ពុជា​ប្រកាស​ទទួលស្គាល់​ថា យោធា​ថៃ​បាន​កាន់កាប់​ទឹកដី​ខ្មែរ​ជាច្រើន​កន្លែង​ដោយ​ខុសច្បាប់​អន្តរជាតិ​

0
151
រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន។ រូប៖ ​ក្រសួងការបរទេស
រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន។ រូប៖ ​ក្រសួងការបរទេស

​ក្រសួងការបរទេស​កម្ពុជា​ប្រកាស​ទទួលស្គាល់​ជា​លើកដំបូង​នៅ​ថ្ងៃទី​៣ មករា ថា យោធា​ថៃ​បាន​កាន់កាប់​ទឹកដី​ខ្មែរ​ជាច្រើន​កន្លែង​ដោយ​ខុសច្បាប់​អន្តរជាតិ បន្ទាប់ពី​រក្សា​ភាព​ស្ងៀមស្ងាត់​ក្រោយ​យល់ព្រម​ទទួលយក​បទ​ឈប់​បាញ់​ជា​លើក​ទី​២ កាលពី​ថ្ងៃទី​២៧ ធ្នូ។

លិខិត​របស់​ក្រសួង​ការបរទេស​កម្ពុជា បាន​អះអាង​ថា យោធា​ថៃ​បាន​វាយ​សម្រុក​ដោយ​គិតទុក​ជាមុន​ចូល​ទន្ទ្រាន កាន់កាប់ និង​ឈរជើង គ្រប់គ្រង​ជាក់ស្តែង​លើ​តំបន់​នានា ដែល​ស្ថិត​យ៉ាង​ជាក់ច្បាស់ ក្នុង​ទឹកដី​កម្ពុជា ក្នុង​ខេត្ត​ចំនួន ៤ រួមមាន​ខេត្តបន្ទាយមានជ័យ មាន​ភូមិ​ព្រៃ​ចាន់ ភូមិ​ជោគជ័យ ភូមិ​បឹង​ត្រកួន​។ ខេត្តពោធិ៍សាត់ មាន​តំបន់​ភ្លុក​ដំរី ច្រក​អន្តរជាតិ​ថ្មដា (​ច្រក​ជ័យជំនះ​)​។ ខេត្តព្រះវិហារ មាន​តំបន់​អានសេះ តំបន់​តាថាវ និង​តំបន់ភ្នំ​ទ្រព្យ​។ ចំណែក​ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​តំបន់​អូរ​ស្មាច់ ប្រាសាទខ្នា ប្រាសាទ​តា​ក្របី ប្រាសាទតាមាន់ធំ តំបន់​ជប់​អង្គញ និង​តំបន់​ចូក​គ្រួស​។​

កម្ពុជា​ចាត់ទុក​ទង្វើ​របស់​យោធា​ថៃ​ថា ជា​សកម្មភាព​គឃ្លើន​រំលោភ​ដែន​អធិបតេយ្យភាព​កម្ពុជា និង​បំពាន​ច្បាប់​អន្តរជាតិ ជាពិសេស​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ជា​លើក​ទី​២ កាលពី​ថ្ងៃទី​២៧ ធ្នូ ២០២៥។

​ទោះយ៉ាងណា កម្ពុជា​បញ្ជាក់​ជំហរ​ថា ខ្លួន​នឹង​មិន​ទទួល​យក​ខ្សែ​កំណត់ព្រំដែន​ណាមួយ​ដែល​យោធា​ថៃ ឈ្លានពាន​រំលោភ​យក​ដោយ​ខុសច្បាប់​នោះ​ទេ​។ លើស​ពី​នេះ កម្ពុជា​ក៏​បង្ហាញ​ជំហរ​ថា បាន​ប្ដេជ្ញាចិត្ត​យ៉ាង​ខ្ជាប់ខ្ជួន ស្វែងរក​ដំណោះស្រាយ​ជាមួយ​ភាគី​ថៃ​ដោយ​សន្តិវិធី និង​ស្នើ​ឱ្យ​យោធា​ថៃ​ដក​កម្លាំង​ចេញពី​ដែន​អធិបតេយ្យ​កម្ពុជា ដែល​ទទួលស្គាល់​ដោយ​ច្បាប់​អន្តរជាតិ​។​

ក្រោយ​បទ​ឈប់​បាញ់​ទាំង​ពីរ​លើក ភាគី​ថៃ​បាន​យក​លេស​ឈរជើង​លើទឹក​ដី​ខ្មែរ​ដែល​ពួកគេ​បាន​ឈ្លានពាន​យ៉ាង​កម្រោល​ដោយ​ខុសច្បាប់​។ លើស​ពី​នេះ​យោធា​ថៃ តែង​ថត​បង្ហោះ​រាល់​សកម្មភាព​នានា​របស់​ខ្លួន ដូចជា ព័ទ្ធ​បន្លា​លួស ដាក់កុង​ទឺន័​រ លួច​ទ្រព្យសម្បត្តិ និង​ដី​ភូមិ ផ្ទះ​ពលរដ្ឋ និង​ឈូស​ឆាយ​ដុត​បំផ្លាញ​សម្ភារៈ​មួយចំនួន និង​គំរាម​បាញ់​ពលរដ្ឋ​ដែល​ចង់​ចូល​ទៅ​ផ្ទះ​របស់​ពួកគេ​ថែម​ទៀត​ផង។

សង្គ្រាម​ឈ្លានពាន​របស់​យោធា​ថៃ​ទាំង​ពីរ​លើក​រយៈពេល ២៦​ថ្ងៃ បាន​សម្លាប់​ពលរដ្ឋ​ស៊ីវិល​កម្ពុ​ជា​ជាង ៣០​នាក់ និង​របួស​ជិត ១០០​នាក់ និង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​ជាច្រើន​កន្លែង និង​ប្រាសាទ​បុរាណ​ជាដើម៕

ផែនទីដែលក្រសួងការបរទេស​បានបង្ហាញពីទីតាំងដែលយោធា​ថៃ​បាន​កាន់កាប់ដោយខុសច្បាប់លើដីខ្មែរ៖

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ