
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) ប្រកាសបង្កើតគណៈកម្មការបោះឆ្នោតមួយនៅក្រៅប្រទេស ដើម្បីឲ្យស្ថាប័ននេះ ជួយរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅក្រៅប្រទេស ដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋខ្មែរ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អង្គការចលនាខ្មែរដើម្បីប្រជាធិបតេយ្យដែលទូរទស្សន៍អាស៊ីសេរី ទទួលបាននៅថ្ងៃទី២ មករា។
សេចក្តីជូនដំណឹង បង្ហាញថា ចលនាខ្មែរដើម្បីប្រជាធិបតេយ្យកំពុងប្រកាសជ្រើសរើសបេក្ខជន ៤រូប ដើម្បីដឹកនាំស្ថាប័នរៀបចំការបោះឆ្នោតនៅក្រៅប្រទេសនេះ ក្នុងនោះមានមុខតំណែងជាប្រធាន១រូប អនុប្រធាន២រូប និងអគ្គលេខាធិការ១រូប។ ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ បញ្ជាក់ថា លក្ខណៈសម្បត្តិរបស់បេក្ខជន គឺតម្រូវឲ្យមានសញ្ជាតិខ្មែរពីកំណើត ឬមានឪពុកម្ដាយមានដើមកំណើតខ្មែរ មានអាយុចាប់ពី ២៥ឆ្នាំ មានសញ្ញាប័ត្រចាប់ពីឧត្តមសិក្សា និងមានបទពិសោធន៍យ៉ាងតិច ៣ឆ្នាំពាក់ព័ន្ធនឹងវិស័យច្បាប់ សិទ្ធិមនុស្ស ប្រជាធិបតេយ្យ សង្គមកិច្ច សេដ្ឋកិច្ច និងនយោបាយ។ ក្រៅពីនេះ បេក្ខជនត្រូវជាមនុស្សឯករាជ្យពីគណបក្សនយោបាយ មានលទ្ធភាពធ្វើដំណើរទូទាំងសកលលោក ដើម្បីបំពេញតួនាទីរបស់ខ្លួន ព្រមទាំងមានលក្ខខណ្ឌសំខាន់ៗមួយចំនួនទៀត។
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ គូសបញ្ជាក់ថា គណៈកម្មការបោះឆ្នោតក្រៅប្រទេសនេះនឹងរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រដោយសេរី និងយុត្តិធម៌។ ការបង្កើតគណៈកម្មការបោះឆ្នោត និងសភាក្រៅប្រទេសនេះ គឺដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋខ្មែរ បន្ទាប់ពីរដ្ឋសភានៅក្នុងប្រទេសកម្ពុជា បានក្លាយជាសភាបម្រើផលប្រយោជន៍គណបក្សកាន់អំណាច និងលែងតំណាងឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតទៀត។
សូមទស្សនាបទសម្ភាសន៍ជាមួយប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ បន្ថែមទៀត ដូចតទៅ។










