ពលរដ្ឋ​រងគ្រោះ​ដោយសារ​យោធា​ថៃ​រំលោភ​យក​ដីធ្លី​និង​ផ្ទះសម្បែង ពុំ​ទាន់​ទទួល​បាន​ដំណោះស្រាយពី​រដ្ឋាភិបាល

0
72
ទិដ្ឋភាព​​យោធា​ថៃ​ប្រើ​គ្រឿង​ចក្រ​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ខ្មែរ នៅ​ភូមិ​ជោគជ័យ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី៣១ ធ្នូ ២០២៥។ រូប៖ កាសែត The Nation Thailand
ទិដ្ឋភាព​​យោធា​ថៃ​ប្រើ​គ្រឿង​ចក្រ​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ខ្មែរ នៅ​ភូមិ​ជោគជ័យ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី៣១ ធ្នូ ២០២៥។ រូប៖ កាសែត The Nation Thailand

ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​យោធា​ថៃ​រំលោភ​យក​ដីធ្លី និង​ផ្ទះសម្បែង នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​ទាន់​ទទួល​បាន​ដំណោះស្រាយ​ណាមួយ ពី​រដ្ឋាភិបាល​កម្ពុជា​នៅឡើយ ខណៈ​អាជ្ញាធរ​បាន​ត្រឹម​ជូនដំណឹង​ឱ្យ​ពលរដ្ឋ​រក្សា​ភាព​អត់ធ្មត់​។ អ្នកឃ្លាំមើល​ថា រដ្ឋាភិបាល​ត្រូវ​យក​ករណី​នេះ​ប្ដឹង​ទៅ​ស្ថាប័ន​អន្តរជាតិ និង​បង្កើន​សកម្មភាព​ការទូត​ឱ្យ​ខ្លាំង។

មក​ទល់​ពេល​នេះ​ផ្ទះសម្បែង​រាប់ពាន់​ខ្នង​របស់​អ្នកភូមិ នៅ​ស្រុក​អូរជ្រៅ និង​នៅ​តំបន់​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​យោធា​ថៃ វាយកម្ទេច​ចោល និង​ប្លន់​យក​ទ្រព្យសម្បត្តិ​មាន​តម្លៃ។ ពលរដ្ឋ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា គួរតែ​ដោះស្រាយ​បញ្ហា​នេះ ជូន​ពលរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ និង​ឆាប់រហ័ស។

ពលរដ្ឋ​រស់នៅ​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ លោកស្រី យ៉ូវ វិញ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​៥ ខែ​មករា​ថា អ្នកភូមិ​ជោគជ័យ​ស្ទើរតែ ៩៩%​ហើយ ដែល​ត្រូវ​បាន​យោធា​ថៃ វាយកម្ទេច និង​ដុត​ចោល​រួម​ទាំង​វត្ត​អារាម​ផង។ លោកស្រី​បន្ត​ថា ផ្ទះ​សម្បែង របស់​អ្នកភូមិ​ព្រៃចាន់ នៅ​តាម​តំបន់​ខ្លះ ដែល​ថៃ​កាន់កាប់ ក៏​ត្រូវ​បាន​យោធា​វាយកម្ទេច​ដែរ។ ឥឡូវ​នេះ ពលរដ្ឋ​នៅ​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃចាន់ បាន​ភៀស​មក​នៅ​វត្ត​ចាន់ស៊ី ឃុំ​កូប ស្រុក​អូរជ្រៅ បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ដំណោះស្រាយ​ពី​រដ្ឋាភិបាល ប៉ុន្តែ​មក​ទល់​ពេល​នេះ អ្នកភូមិ នៅ​ពុំ​ទាន់​ទទួល​បាន​ដំណោះស្រាយ​នៅ​ឡើយ។

លោកស្រី យ៉ូវ វិញ៖ «អត់​ទាន់​បាន​និយាយ​អី​ទេ។ គេ​ឱ្យ​ទ្រាំ ជឿជាក់​លើ​រដ្ឋាភិបាល ព្រោះ​គេ​កំពុង​តែ​ដោះស្រាយ តែ​ចង់​ឱ្យ​ដោះស្រាយ បើ​ទោះ​បី​យើង​អស់ទ្រព្យ​ក៏ដោយ​យើង​ចង់​ឱ្យ​បាន​ដី​យើង​មកវិញ។ យើង​អត់​ទៅ​រស់នៅ​កន្លែង​ផ្សេង។ កន្លែង​ដែល​យើង​រស់នៅ​ពី​ដើម​មក​ហើយ។ វា​នៅ​ជិត​រោងចក្រ អ៊ីចឹង​ទៅ​យើង​មាន​បាន​រកស៊ី»។

ចាប់តាំងពី​កម្ពុជា​បាន​យល់​ព្រម​បទ​ឈប់​បាញ់ ជាមួយ​យោធា​ថៃ កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៥​មក ប្រជា​ពលរដ្ឋ​ខ្មែរ ជាច្រើន​គ្រួសារ​រស់នៅ​ជាប់​ព្រំដែន​ថៃ ក្នុង​ខេត្ត​បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និង​ខេត្ត​ពោធិ៍សាត់ ជាដើម បាន​កើត​ទុក្ខ ព្រោះ​មិនដឹង​ត្រូវធ្វើ​អ្វី​បន្ត​ទៀត ខណៈ​ដីធ្លី និង​ផ្ទះ​ត្រូវ​បាន​យោធា​ថៃ​ប្លន់​យក​អស់ ហើយ​រដ្ឋាភិបាល​ក៏​គ្មាន​វិធានការ​ជាក់លាក់​មក​លើ​សកម្មភាព យ៉ាង​គឃ្លើន​របស់​យោធា​ថៃ ទាំង​នោះ​ដែរ។

ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា យោធា​ថៃ មិន​ត្រឹមតែ​ព័ន្ធ​បន្លា​លួស យក​ដី​ពលរដ្ឋ​ខ្មែរ​នោះ​​ទេ ពួកគេ​ថែមទាំង​ហាម​អ្នកភូមិ មិន​ឱ្យ​ចូល​ទៅ​យក​អីវ៉ាន់ និង​សម្ភារៈ​មាន​តម្លៃ ចេញ​ពី​ផ្ទះ​ទៀត។ ទន្ទឹម​គ្នា​នោះ យោធា​ថៃ បាន​លួច​ទ្រព្យសម្បត្តិ​របស់​អ្នកភូមិ មាន​ដូចជា​ម៉ូតូ ឡាន និង​វត្ថុ​ប្រើប្រាស់​ជាច្រើន ប្រមូល​ទៅ​ប្រទេស​ថៃ​អស់ ហើយ​ថែម​ទាំង​បង្ហោះ​វីដេអូ​សកម្មភាព​របស់​ពួកគេ ឌឺដង​មក​លើ​ពលរដ្ឋ​ខ្មែរ តាម​បណ្ដាញ​សង្គម ដែល​បង្ហាញ​ពី​ភាព​ព្រៃផ្សៃ និង​ទង្វើ​អមនុស្សធម៌។

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត នៅ​ភូមិ​ត្រពាំង​សំរោង ស្រុក​ថ្មពួក ស្ថិត​ក្នុង​តំបន់​បឹង​ត្រកួន បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ពលរដ្ឋ​រស់នៅ​តំបន់​បឹង​ត្រកួន ដែល​រង​ផល​ប៉ះពាល់ ចំនួន​៤​គឺ ភូមិ​បន្ទាយមានរិទ្ធ ភូមិ​ថ្នល់បំបែក ភូមិ​សាមគ្គី និង​ភូមិ ត្រពាំង​សំរោង អាជ្ញាធរ​តម្រូវ​ឱ្យមក​រស់នៅ​ក្នុង​ជំរំ​ភៀស​សឹក​តែមួយ ដែល​អាជ្ញាធរ​បាន​រៀបចំ​តង់​កៅស៊ូ ជា​ជួរៗ កាល​ពី​ពេល​ថ្មីៗ​នេះ។

លោកស្រី​សង្ឃឹមថា​រដ្ឋាភិបាល​នឹង​ពន្លឿន ដោះស្រាយ​បញ្ហា​នេះ ជូន​ដល់​ពលរដ្ឋ​ឱ្យ​បាន​ឆាប់ ហើយ ពលរដ្ឋ​ដែល​បាត់បង់​ដីធ្លី និង​ផ្ទះ រដ្ឋាភិបាល​គួរតែ ផ្ដល់​ដី​កន្លែង​ណាមួយ សមរម្យ​ដល់​អ្នកភូមិ​ជំនួស​វិញ ដើម្បី​ឱ្យ​ពួកគាត់ ឆាប់​បាន​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត ព្រោះថា លោកស្រី​ពុំ​មាន​សង្ឃឹម​សោះ​ថា ថៃ​នឹង​ប្រគល់​ដី​ដែល​ពួកគេ​ដណ្ដើម​ពី​កម្ពុជា មក​ឱ្យ​កម្ពុជា​វិញ ក្នុង​ពេល​ឆាប់ៗ។

ពលរដ្ឋ​ថ្លែង​លាក់​ឈ្មោះ៖ «បើ​ថាឱ្យ​ចូល​យក​អីវ៉ាន់​វិញ​ក៏​ហួសហើយ​។ លែង​ចង់​ទៅ​ហើយ បើ​នៅ​ដី​បាន​ទៅ​វិញ តែបើ​ថាឱ្យ​ទៅ​យក​អីវ៉ាន់​ហួសពេល​ហើយ ព្រោះ​សៀម​វា​កម្ទេច​អស់​ហើយ​។ វា​ដឹក​យក​សព្វគ្រប់​សូម្បីតែ​កង​បី​មនុស្ស​ចាស់ជរា​នៅ​ផ្ទាល់​មុខ​ផ្ទះ​ខ្ញុំ ក៏​វា​ចូល​ជិះ​ពេញ​ហ្នឹង។ ខ្ញុំ​ឃើញ​ទៅ​វា​ឈឺចាប់​ណាស់ ថា វា​បាញ់​យើង​ទៅ​ហើយ តែ​ពេល​ដែល​វា​ទន្ទ្រាន​របស់​យើង​ផ្ទាល់​នេះ​វា​កាន់តែ​ឈឺចាប់»។

ជុំវិញ​រឿង​នេះ​ទូរទស្សន៍ អាស៊ីសេរី​ពុំ​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​៥ ខែ​មករា។

ទោះជា​យ៉ាងណា លោក ប៉ែន ប៉ូណា បាន​លើកឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា​ពុំ​ទាន់​បាត់បង់​ដី​ផ្នែក​ណាមួយ​បាន​ទៅ​ថៃ​នោះ​ឡើយ។ លោក​សំអាង​ថា ទឹកដី​របស់​កម្ពុជា មាន​មូលដ្ឋាន​ច្បាស់លាស់ និង​រឹងមាំ ដែល​ការពារ​ដោយ​ច្បាប់​អន្តរជាតិ និង​គ្មាន​អ្នកណា​អាច​រំលោភបំពាន​បាន​ឡើយ ពីព្រោះ​ខ្សែ​ព្រំដែន​កម្ពុជា​-​ថៃ គឺជា​ខ្សែ​ព្រំដែន​អន្តរជាតិ ដែល​បន្សល់ទុក​ដោយ​គណៈកម្មាធិការ​ព្រំដែន​ឥណ្ឌូចិន​-​សៀម ស្របតាម គោលការណ៍​អន្តរជាតិ និង​ឯកសារ​និង​កិច្ចព្រមព្រៀង​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា។

បើ​ទោះ​ជា​មាន​ការ​អះអាង បែប​នេះ​ក្ដី ប្រជាពលរដ្ឋ​រស់នៅ​ជាប់​ព្រំដែន លើកឡើង​ថា អ្នកខ្លះ បាន​ត្រឹមតែ​ឈរ​សម្រក់​ទឹកភ្នែក និង​ឈឺ​អួល​ណែន​ពេញ​ទ្រូង ពេល​មើលឃើញ​យោធា​ថៃ រាយ​បន្លា​លួស ដាក់​កុងទ័រន័រ​ធំៗ ព័ទ្ធ​យក​ដី និង​ដុត​ផ្ទះ របស់​អ្នកភូមិ​ចោល យ៉ាង​អនាធិបតេយ្យ ហើយ​ពួកគាត់​មិន​អាច​ទៅ​ហាម​យោធា​ថៃ​បាន​នោះ​ឡើយ ខណៈ​រដ្ឋាភិបាល​កម្ពុជា​ពុំ​ទាន់​បាន​ប្ដឹង​ករណី​នេះ​ទៅ​តុលាការ​អន្តរជាតិ ណាមួយ​នោះ​ឡើយ។

ចំណែក​ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ប្រចាំ​សង្កាត់​អូរស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ លោក ញាន សារ៉ុម លើកឡើង​ថា បច្ចុប្បន្ន​នេះ​ស្ថានភាព​ពលរដ្ឋ​នៅ​តាម​ព្រំដែន ដែល​បាន​ជម្លៀស​ទៅកាន់​ទី​សុវត្ថិភាព កំពុងតែ​ជួប​ការ​លំបាក​ជា​ខ្លាំង ជាពិសេស​បញ្ហា​ជីវភាព និង​ការរស់នៅ​ដោយ​ពុំ​ដឹង​ពី​អនាគត​ច្បាស់លាស់​។ ជាមួយគ្នា​នោះ​លោក​ថា ផ្ទះសម្បែង​របស់​អ្នកភូមិ​ខ្លះ នៅ​តំបន់​អូរ​ស្មាច់ ត្រូវ​ខូចខាត​ជាច្រើន ដែល​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ប្ដឹងតវ៉ា​ទៅកាន់​ភាគី​ថៃ​ឱ្យ​ទទួល​ខុសត្រូវ។

លោក ញាន សារ៉ុម៖ «ឱ្យ​តែ​នៅ​ជាយដែន បងប្អូន​គាត់​ខ្លះ ឈរ​ត្អូញ ពី​ការបាត់បង់​ការងារ និង​អាជីព​របស់​គាត់​ទទួលទាន​ប្រចាំថ្ងៃ គឺ​គាត់​បាត់បង់។ អ៊ីចឹង​គាត់​មានការ​សោកស្ដាយ​ណាស់ សម្រាប់​បងប្អូន យើង​គាត់​នៅ​ជាយដែន ហើយក៏​ដូចជា​សម្រាប់​ខ្ញុំ​ផ្ទាល់​ក៏​វា​ពិបាក​ដែរ​។ អ៊ីចឹង​យើង​វា​មិន​ស្រួល​ទេ»។

ទាក់ទិន​រឿង​នេះ អ្នក​ជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី ប្រាប់​អាស៊ីសេរី​ថា ករណី ពលរដ្ឋ​រងគ្រោះ​នេះ គឺជា​រឿង​ដ៏​ស្មុគស្មាញ ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​មាន​វិធានការ​ច្បាស់លាស់ ទាំង​ផ្នែក​នយោបាយ ច្បាប់ និង​សង្គមកិច្ច​។ ក្នុង​នោះ រដ្ឋាភិបាល​គួរតែ​ធ្វើ​កិច្ចការ​អន្តរាគមន៍ ផ្នែក​ការទូត និង​សន្តិសុខ​ព្រំដែន ហើយ​រដ្ឋាភិបាយ​ត្រូវតែ​ដើរ​តួនាទី ជា​អ្នកការពារ​អធិបតេយ្យភាព និង សុវត្ថិភាព​ជូន​ប្រជាជន យ៉ាង​សកម្ម តាមរយៈ​ការចរចា​តាម​ផ្លូវ​ការទូត ដោយ​ប្រើប្រាស់​យន្តការ​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន (JBC) និង​ត្រូវ​ជំរុញ​ឱ្យ​ភាគី​ថៃ បោះបង្គោល​ព្រំដែន ដោយ​ផ្អែកលើ​ផែនទី​ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ។

ទន្ទឹមគ្នា​នោះ លោក​ថា រដ្ឋាភិបាល គួរតែ​ផ្ដល់​ជំនួយ​សង្គ្រោះ​បន្ទាន់ និង​ជម្រក​ថ្មី​សម្រាប់​ពលរដ្ឋ​ដែល​បាត់បង់​ផ្ទះ​សម្បែង និង​មិនអាច​ត្រឡប់​ទៅ​រស់នៅ​កន្លែង​ដើម​បាន​ភ្លាមៗ ដូចជា ការរៀបចំ​ដី​សម្បទាន​សង្គមកិច្ច ក្នុង​ការ​បែងចែក​ដីធ្លី​ថ្មី​ដែល​មាន​សុវត្ថិភាព ឆ្ងាយ​ពី​តំបន់​មាន​ជម្លោះ។ លោក​ថា ការ​ធ្វើ​បែប​នេះ ចំពោះ​គ្រួសារ​ដែល​រងគ្រោះ ដើម្បី​ឱ្យ​ពួកគាត់​មាន​កន្លែង​សង់ផ្ទះ និង​បង្កបង្កើនផល​ឡើងវិញ។ បន្ថែម​ពី​នោះ រដ្ឋាភិបាល​ត្រូវ​មាន​ការ​គាំទ្រ​ផ្នែក​ជីវភាព និង​ហិរញ្ញវត្ថុ ដូចជា ផ្ដល់​ជា​កញ្ចប់​ថវិកា​ជួយ​ដល់​ការ​សាងសង់​ផ្ទះ​ឡើងវិញ ឬ​ការទិញ​សម្ភារៈ​ប្រើប្រាស់​ដែល​បាន​បាត់បង់។ រួម​នឹង​ការ​ផ្ដល់​ពូជ​ដំណាំ និង​បច្ចេកទេស​កសិកម្ម ដើម្បី​ជួយ​ឱ្យ​ពួកគាត់​អាច​ចាប់ផ្ដើម មុខរបរ​កសិកម្ម​ឡើងវិញ​បាន​ឆាប់រហ័ស​នៅ​លើ​ដី​ថ្មី៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ