សមត្ថកិច្ច​ចុះ​បង្ក្រាប​អគារ​អនឡាញ​នៅ​ខេត្ត​បាត់ដំបង​បណ្ដាល​ឱ្យ​ជនបរទេស​រាប់​រយ​នាក់​សម្រុក​ចេញ​ពី​អគារ

0
152
បរទេស​ចម្រុះ​ជាតិសាសន៍​រាប់រយ​នាក់​រត់​គេច​ចេញ​ពី​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ដ៏​ធំ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង នៅ​យប់​រំលង​អាធ្រាត្រ​ចូល​ថ្ងៃ​ទី១៥ មករា ២០២៦។ រូប៖ បណ្ដាញ​សង្គម
បរទេស​ចម្រុះ​ជាតិសាសន៍​រាប់រយ​នាក់​រត់​គេច​ចេញ​ពី​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ដ៏​ធំ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង នៅ​យប់​រំលង​អាធ្រាត្រ​ចូល​ថ្ងៃ​ទី១៥ មករា ២០២៦។ រូប៖ បណ្ដាញ​សង្គម

កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​បាញ់រះ​ជាច្រើន​គ្រាប់​កាលពី​យប់​រំលង​អធ្រាត្រ​ថ្ងៃទី​១៥ ខែ​មករា នៅក្នុង​ប្រតិបត្តិការ​បង្ក្រាប​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ដ៏​ធំ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង ដែល​បណ្ដាល​ឱ្យ​មាន​មនុស្ស​រង​របួស។ ក្នុង​ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរៗ​នេះ​ភ័យខ្លាច ហើយ​ជនបរទេស​ដែល​រង​ការ​បង្ខាំង​ខាងក្នុង​អគារ​រាប់​រយ​នាក់​ក៏​នាំគ្នា​សម្រុក​ចេញ​ទាំង​កណ្ដាល​យប់។

ស្នូរ​គ្រាប់កាំភ្លើង​របស់​កម្លាំង​សមត្ថកិច្ច​កាលពី​យប់​រំលង​អធ្រាត្រ​ចូល​ដល់​ថ្ងៃទី​១៥ ខែ​មករា ក្នុង​ការ​ឆ្មក់​ចូល​បង្ក្រាប​អគារ​ឆបោក​តាម​អនឡាញ​ស្ថិតនៅ​ស្រុក​កំរៀង បានធ្វើឱ្យ​មេការ​ជន​ជាតិចិន​មួយចំនួន​ភ័យ​ស្លន់ស្លោ​បើកឡាន​ទម្លុះ​របង​អគារ​ដើម្បី​រត់គេច​។ ទន្ទឹម​គ្នា​នេះ ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ដែល​រង​ការ​បង្ខាំង​ក្នុង​អគារ​រាប់​សិប​នាក់​ក៏​នាំគ្នា​ទម្លុះ​ទ្វារ និង​សម្រុក​ចេញពី​ទីតាំង​នៃ​មជ្ឈមណ្ឌល​អគារ​អនឡាញ​ទាំង​កណ្ដាលអធ្រាត្រ។

ពលរដ្ឋ​ម្នាក់​ដែល​លក់ដូរ​នៅ​ទល់មុខ​អគារ​អនឡាញ​ចិន​គឺ​លោកស្រី ផាត ណាង ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៥ ខែមករា​ថា ពេល​មាន​ស្នូរ​គ្រាប់កាំភ្លើង​ផ្ទុះ​ភ្លាមៗ​នោះ ជនបរទេស​រាប់​រយ​នាក់​នាំគ្នា​សម្រុក​ចេញពី​អគារ​ទាំង​ទឹកមុខ​ភ័យខ្លាច ហើយ​ជនជាតិ​វៀតណាម​ខ្លះ​រត់​ចេញ​មក​ទាំង​ក្នុង​ដៃ​កាន់ដំបង និង​ដុំ​ថ្ម។ ពលរដ្ឋ​រូប​នេះ​បញ្ជក់​ថា មជ្ឈមណ្ឌល​ដែល​សមត្ថកិច្ច​ចុះ​បង្ក្រាប​នេះ​គឺជា​អគារ​ឆបោក​តាម​អន​ឡាញ​ដែល​មាន​ជនបរទេស​ជាច្រើន​ធ្វើការ​នៅ​ខាង​អគារ​ដោយមាន​ការ​យាមកាម​យ៉ាង​រ៉ឹង​តឹង​ពី​សន្តិសុខ ហើយ​របង​នៅ​ជុំវិញ​នៃ​អគារ​ហ៊ុមព័ទ្ធ​ដោយ​លួស​បន្លា។

លោកស្រី ផាត ណាង៖ «គេ​បាញ់ ៣​ដង​យប់មិញ​បាន​ពួកគេ​សម្រុក​ចេញ​មក មាន​វៀតណាម មាន​ចិន វា​រត់​នៅ​តាម​ព្រៃ​ខ្លះ ផ្លូវ​តូច​ខ្លះ រត់​តាម​ផ្លូវ​ធំ​ខ្លះ រត់​ប្រសាច​ហ្នឹងឯង​។ ខ្លះ​ភ័យ​ខ្លះ​ដើរ ប៉ុន្តែ​អ្នកខ្លះ​ដូច​កាច​កាន់​ដុំ​ថ្ម តែ​អ្នកខ្លះ​ភ័យ​លើកដៃ​ទូល​ក្បាល​។ ខ្ញុំ​វិញ​ភ័យ​ហ្នឹងឯង​ឃើញ​វៀតណាម​មាន​ស្រែក វៀតណាមៗ​កាន់​ដុំថ្ម ខ្ញុំ​ភ័យខ្លាច​មាន​បញ្ហា​ដល់​យើង​នៅ​ជាប់​ផ្លូវ​។ អ្នកខ្លះ​ភ័យ​អ្នកខ្លះ​ខ្លាច​កាន់​ដៃ​គ្នា​រត់ ឃើញ​គ្នា​គាត់​ច្រើនពេក​ភ័យ​ហ្នឹងឯង»។

ពលរដ្ឋ​ឱ្យ​ដឹង​ទៀត​ថា កាលពី​អំឡុង​សង្គ្រាម​ថៃ​ប្រហារ​វាយ​ឈ្លានពាន​កម្ពុជា​ជនបរទេស​ទាំងនោះ​ត្រូវ​បាន​គេ​ដឹក​ចេញ​តាម​រថយន្តក្រុង​ទៅ​ទីកន្លែង​ថ្មី ប៉ុន្តែ​ក្រោយ​ស្ថានការណ៍​ស្ងប់ស្ងាត់​ពួកគេ​ក៏​ត្រូវ​បាន​បញ្ជូន​មក​បង្ខាំង​នៅ​ខាងក្នុង​អគារ​វិញ​។ ពលរដ្ឋ​បញ្ជាក់​ទៀត​ថា ក្នុង​ប្រតិបត្តិការ​នេះ​គឺ​អាច​បណ្ដាល​ឱ្យ​មាន​មនុស្ស​ជាច្រើន​រង​របួស​ដែរ ហើយ​នៅ​រសៀល​ថ្ងៃទី​១៥ ខែមករា​នេះ កម្លាំង​សមត្ថកិច្ច​ក៏បាន​បញ្ជូន​រថយន្ត​សង្គ្រោះ​បន្ទន់​ចំនួន ៤​គ្រឿង​ចូលក្នុង​បរិវេណ​នៃ​អគារ​អនឡាញ។

មជ្ឈមណ្ឌល​អគារ​ឆបោក​តាម​អន​ឡាញ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុក​កំរៀង ខេត្តបាត់ដំបង គឺ​មាន​ទំហំ​ផ្ទៃដី​ជាច្រើន​ហិកតារ​ដែល​គេ​ដឹង​ថា ជា​កម្មសិទ្ធិ​របស់​ជន​ជាតិចិន​ដែល​បាន​ទិញ​ដី​ពី​អ្នកស្រុក​។ ពលរដ្ឋ​ឱ្យ​ដឹង​ទៀត​ថា អគារ​នៅ​តំបន់​នោះ​ចាប់ផ្ដើម​សាងសង់​ជា​បន្តបន្ទាប់​ដែល​មាន​កម្ពស់​ខ្ពស់ៗ មាន​បន្លា​លួស​ព័ទ្ធជុំវិញ ហើយ​ថៅកែ​ចិន​បាន​បញ្ជូន​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ឱ្យមក​ធ្វើការ​នៅ​ខាងក្នុង​អគារ​តាំងពី​ដើមឆ្នាំ​២០២៥។

ទាក់ទង​នឹង​រឿង​នេះ ស្នងការ​នគរបាល​ខេត្តបាត់ដំបង​លោក ដាញ់ អេងប៊ុនចាន់ បដិសេធ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ ដោយ​លោក​អះអាង​ថា សមត្ថកិច្ច​កំពុង​បន្ត​ស៊ើបអង្កេត និង​ប្រមូល​ព័ត៌មាន។

ជុំវិញ​រឿង​នេះ អ្នកឃ្លាំមើល​លើកឡើង​ថា ជនបរទេស​ដែល​សម្រុក​ចេញពី​អគារ​អនឡាញ​នៅ​ខេត្ត​បាត់ដំបង​នេះ គឺ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា កម្ពុជា​បាន​ក្លាយ​ជា​ជម្រក​ឧក្រិដ្ឋជន​ដែល​ពួកគេ​បាន​ពង្រីក​ការ​កសាង​អគារ​សម្រាប់​បង្ខាំង​មនុស្ស ដើម្បី​បង្ខំ​ឱ្យធ្វើ​ការ​ខុស​ច្បាប់​ស្ទើរតែ​ទូទាំង​ប្រទេស​កម្ពុជា។

អ្នកគ្រប់គ្រង​ប្រចាំ​ការិយាល័យ​អង្គការ​លីកាដូ (LICADHO) នៅ​ខេត្តបន្ទាយមានជ័យ​លោក អ៊ិន គង់ជិត លើកឡើង​ថា ជនបរទេស​ដែល​រត់​ចេញពី​ការ​បង្ខាំង​ក្នុង​អគារ​អាច​ជា​ជនរងគ្រោះ​នៃ​អំពើ​ឆបោក​តាម​អនឡាញ ដោយសារតែ​ឧក្រិដ្ឋជន​បាន​លក់​ពួកគេ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង។ លោក​ក៏​ស្នើ​ដល់​សមត្ថកិច្ច​ជួយសង្គ្រោះ​ជនរងគ្រោះ​ពិតប្រាកដ​ដោយសារ​ឧក្រិដ្ឋកម្ម​នេះ និង​ទាមទារ​ឱ្យ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​លើ​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ។

លោក អ៊ិន គង់ជិត៖ «យើង​សុំ​ឱ្យ​រាជរដ្ឋាភិបាល និង​សមត្ថកិច្ច​អនុវត្ត​តាម​ការ​ប្ដេជ្ញាចិត្ត​ដោយ​ត្រូវ​បង្ក្រាប​អំពើ​ឆបោក​តាម​អនឡាញ (Scam Online) ឱ្យ​អស់ហើយ​ត្រូវ​ចាប់​មេខ្លោង​ដែល​ជា​អ្នកបង្កើត​មជ្ឈមណ្ឌល ដែល​ជា​អ្នក​បង្ក​ហ្នឹង​ចាប់​យក​មក​ផ្ដន្ទាទោស​តាមច្បាប់ ហើយ​ប្រសិនជា​មិនបាន​ធ្វើ​ឱ្យ​ម៉ឺងម៉ាត់ និង​ម៉ត់ចត់​ទេ បញ្ហា​អំពើ​ឆបោក​តាម​អនឡាញ (Scam Online) វា​នៅតែ​កើតមាន​ហើយ​វា​អត់​បាត់​ទេ»។

រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត អះអាង​ថា នឹង​សម្អាត​ឧក្រិដ្ឋកម្ម​អនឡាញ​ក្រោយ​ពេល​ចាប់​បញ្ជូន​ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​កាល​ពី​ពេល​ថ្មីៗ​នេះ​។ យុទ្ធនាការ​នេះ​បាន​ធ្វើ​ឱ្យ​ជនបរទេស​ជាច្រើន​បាន​នាំគ្នា​ចាកចេញ​ពី​តំបន់​អគារ​អនឡាញ​ជា​បន្តបន្ទាប់​ដូចជា​នៅ​តាម​តំបន់​អគារ ជ្រៃ​ធំ​ខេត្ត​កណ្ដាល ក្រុង​ព្រះសីហនុ រាជធានី​ភ្នំពេញ និង​ក្រុង​ប៉ោយប៉ែត​ជាដើម។ ទោះជា​យ៉ាងណា អ្នកធ្វើការ​អនឡាញ​ឱ្យ​ដឹង​ថា ជនបរទេស​នៅ​តំបន់​ខ្លះ​ត្រូវ​បាន​ថៅកែ​ចិន​ជម្លៀស​ឱ្យទៅ​ធ្វើការ​នៅ​កន្លែង​ផ្សេង​ដូចជា​នៅ​តាម​ព្រំដែន​កម្ពុជា​វៀតណាម និង​នៅ​ក្រុង​បាវិត​ជាដើម។

យុទ្ធនាការ​សម្អាត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​របស់​លោក ហ៊ុន ម៉ាណែត ក៏​​ត្រូវ​បាន​អ្នកឃ្លាំមើល​រិះគន់​ថា ធ្វើឡើង​មិន​ខុសពី​ឪពុក​របស់​លោក​គឺ​លោក ហ៊ុន សែន នោះ​ទេ​ដែល​បញ្ជូន​សមត្ថកិច្ច​ទៅ​បង្ក្រាប​នៅ​តាម​ទីតាំង​អគារ​អនឡាញ និង​ចាប់​ជនល្មើស​តូចតាច ប៉ុន្តែ​បុគ្គល​អ្នក​មាន​អំណាច​ធំៗ​ដែល​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​នេះ​គឺ​នៅតែ​បន្ត​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​ដដែល ដែល​អាច​ឱ្យ​ពួកគេ​មានឱកាស​ពង្រីក​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​បន្ត​ទៀត​នៅ​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ