

អ្នកឃ្លាំមើលលើកឡើងថា រដ្ឋាភិបាលក្រុមគ្រួសារត្រកូល «ហ៊ុន» កំពុងសម្ដែងក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ដើម្បីបញ្ចៀសពីការដាក់សម្ពាធពីសហគមន៍អន្តរជាតិ។ ទន្ទឹមគ្នានេះ ស្ថានទូតចិនប្រចាំកម្ពុជាក៏បានរិះគន់ពីចំណាត់ការបង្ក្រាបគ្មានប្រសិទ្ធភាពលើឧក្រិដ្ឋកម្មនេះ និងបានលើកឡើងពីក្ដីកង្វល់ពាក់ព័ន្ធជនជាតិចិនជាច្រើនករណី បានបាត់ខ្លួនដោយសារតែរងការបង្ខាំងធ្វើទារុណកម្មក្នុងឧស្សាហកម្មឆបោកតាមអនឡាញ។
ឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជា នៅតែត្រូវបានរងការចោទពាក់ព័ន្ធការបង្ខាំងមនុស្សធ្វើទារុណកម្ម និងបង្កឱ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ ខណៈសហគមន៍អន្តរជាតិរួមទាំងចិនផង កំពុងបង្កើនការដាក់សម្ពាធឱ្យរដ្ឋាភិបាលត្រកូល ហ៊ុន ចាត់វិធានការប្រឆាំងឧក្រិដ្ឋកម្មនេះឱ្យមានប្រសិទ្ធភាព។
អ្នកអត្ថាធិប្បាយនយោបាយ និងជាអ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ លើកឡើងថា រដ្ឋាភិបាលត្រកូល «ហ៊ុន» បានពឹងផ្អែកលើទំនាក់ទំនងការទូតជាមួយចិន និងក្បត់ទំនុកចិត្តចិនក្នុងការអនុញ្ញាតឱ្យឧក្រិដ្ឋជនចិនមួយចំនួនមកប្រព្រឹត្តអំពើឧក្រិដ្ឋកម្មនៅកម្ពុជានាពេលកន្លងមក។ លោកថា ភាគីចិនទំនងចង់ដាក់សម្ពាធឱ្យរដ្ឋាភិបាលត្រកូល ហ៊ុន ចាប់អ្នកពាក់ព័ន្ធបន្ថែមព្រោះការពង្រីកឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជានេះក៏បានបង្កផលប៉ះពាល់ដល់ប្រយោជន៍ចិនជាច្រើន។

ជាមួយគ្នានេះ លោក គឹម សុខ ហៅចំណាត់ការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ថា គ្រាន់តែជាយុទ្ធនាការ ដើម្បីគេចចេញពីការរិះគន់ និងការដាក់សម្ពាធពីសហគមន៍អន្តរជាតិតែប៉ុណ្ណោះ ដោយមិនបានបង្ហាញពីឆន្ទៈពិតប្រាកដ ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មនេះឱ្យមានប្រសិទ្ធភាពឡើយ។
លោក គឹម សុខ៖ «ប្រសិនបើក្រុមគ្រួសារ ហ៊ុន កម្ចាត់ឧក្រិដ្ឋកម្មឆ្លងដែនមែន មិនមែនចាប់ ចេន ហ្ស៊ី ហើយបញ្ជូនទៅស្រុកចិនទេ កាលណាគេកម្ចាត់ឧក្រិដ្ឋកម្មឆ្លងដែន ចេន ហ្ស៊ី ត្រូវប្រឈមនឹងតុលាការកម្ពុជាសិន ជាពិសេសបណ្ដាញធំៗត្រូវសួរ ចេន ហ្ស៊ី បណ្ដាញនៅឯណាខ្លះ? ជាប់ពាក់ព័ន្ធជាមួយអ្នកណាខ្លះ ក្រុមគ្រួសារ ហ៊ុន ប៉ុន្មាននាក់ មន្ត្រីរដ្ឋាភិបាលប៉ុន្មាននាក់? ហើយចាត់ការទៅលើពួកមេបណ្ដាញធំៗហ្នឹងទើបអាចកម្ចាត់ឧក្រិដ្ឋកម្មឆ្លងដែនអន្តរជាតិបាន»។
រដ្ឋាភិបាលប្រទេសចិនថ្មីៗនេះជំរុញឱ្យរដ្ឋាភិបាលកម្ពុជាពង្រឹងការការពារពលរដ្ឋរបស់ខ្លួន បន្ទាប់ពីរកឃើញថា មានជនជាតិចិនច្រើននាក់បាត់ខ្លួននៅកម្ពុជា។ យោងតាមសេចក្ដីថ្លែងការណ៍របស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនពីន (Wang Wenbin) ក្រោយជំនួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា កាលពីថ្ងៃទី១៧ ខែមករា ឱ្យដឹងថា រដ្ឋាភិបាលចិនមានក្ដីកង្វល់យ៉ាងខ្លាំងចំពោះករណីជនជាតិចិនជាច្រើននាក់ដែលបានបាត់ខ្លួន ឬមិនអាចទាក់ទងបាន ហើយករណីជនជាតិចិនដែលបាត់ខ្លួនភាគច្រើនគឺពួកគាត់ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញនៅកម្ពុជា។ ឯកអគ្គរដ្ឋទូតចិនរូបនេះបានសង្កត់ធ្ងន់ថា បញ្ហានេះបានបង្កជាឧបសគ្គ និងផលប៉ះពាល់ធ្ងន់ធ្ងរសម្រាប់កិច្ចសហប្រតិបត្តិការលើទំនាក់ទំនងកម្ពុជា និងចិន។

ឯកអគ្គរដ្ឋទូតចិនលោក វ៉ាង វិនពីន ចង់ឃើញអាជ្ញាធរកម្ពុជាចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការបង្កើនប្រសិទ្ធភាពក្នុងការជួយសង្គ្រោះជនរងគ្រោះពីការបង្ខាំងធ្វើទារុណកម្ម និងការក្លែងបន្លំតាមអ៊ីនធឺណិតដែលកំណត់គោលដៅលើជនជាតិចិន ដើម្បីជួយសង្គ្រោះ និងធានាសុវត្ថិភាពរបស់ពួកគេនៅកម្ពុជា។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត យល់ថា ការជំរុញរបស់ភាគីចិនបង្ហាញឱ្យឃើញថា ចំណាត់ការបង្ក្រាប និងស៊ើបអង្កេតរបស់អាជ្ញាធរនៅមានចន្លោះប្រហោងច្រើនក្នុងការប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។
លោក អំ សំអាត៖ «ជនបរទេសទាំងចិន និងជនបរទេសផ្សេងៗមានការរត់ចេញពីតំបន់ផ្សេងៗគ្នាដែលចំណុចនេះហើយដែលទាមទារឱ្យអាជ្ញាធរមានការយកចិត្តទុកដាក់បន្ថែមទៀត។ ប្រសិនបើឧក្រិដ្ឋជន ឬអ្នកដែលប្រព្រឹត្តបទល្មើសអំពើឆបោកតាមប្រព័ន្ធអនឡាញត្រូវធានាថា នឹងចាប់យកមកអនុវត្តតាមផ្លូវច្បាប់ ហើយចំពោះជនរងគ្រោះក៏យើងត្រូវធានាពីសុវត្ថិភាពរបស់ពួកគេ និងជួយសង្គ្រោះពួកគេផងដែរ»។
ទន្ទឹមនឹងការរិះគន់របស់អន្តរជាតិចំពោះចំណាត់ការបង្ក្រាបគ្មានប្រសិទ្ធភាព និងតម្លាភាពលើឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជា ជនបរទេសរាប់សិបនាក់នៅតាមបណ្ដាខេត្តមួយចំនួនដូចជា ព្រះសីហនុ ក្រុងបាវិត ខេត្តស្វាយរៀង ត្បូងឃ្មុំ និងភ្នំបូកគោខេត្តកំពត នៅតែនាំគ្នាសម្រុកចេញពីអគារឆបោកតាមអនឡាញយ៉ាងណាអនាធិបតេយ្យ។ រូបភាពនៃជនបរទេសសម្រុកចេញពីអគារទាំងនោះក៏ត្រូវបានអ្នកឃ្លាំមើលរិះគន់ថា កន្លងមករដ្ឋាភិបាលកម្ពុជាមិនបានអើពើក្នុងការស៊ើបអង្កេត និងបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញនោះទេ។
អ្នកអត្ថាធិប្បាយនយោបាយលោក គឹម សុខ លើកឡើងថា សហគមន៍អន្តរជាតិនឹងមិនដកថយក្នុងការដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាក្នុងការប្រឆាំងនឹងឧក្រិដ្ឋកម្មអនឡាញឡើយ។ លោកយល់ថា ការមិនដកថយរបស់អន្តរជាតិក្នុងការដាក់សម្ពាធរដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុន នេះក៏ជាសញ្ញារាំងខ្ទប់ចរន្តសេដ្ឋកិច្ចកម្ពុជាដែលធ្វើឱ្យរដ្ឋាភិបាលត្រកូល ហ៊ុន ប្រឈមបាត់បង់អំណាចដែរព្រោះលោកថា ឧក្រិដ្ឋជនដែលតែងផ្ដល់លុយកាក់ដល់រដ្ឋាភិបាលត្រកូល ហ៊ុន នោះនឹងគ្មានស្ថិរភាពធានាដល់អំណាចរដ្ឋាភិបាលត្រកូល ហ៊ុន ទៀតឡើយ៕









