តុលាការ​ឃុំខ្លួន​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ជិត ២​ឆ្នាំ ទើប​បន្ត​បើក​សវនាការ

0
70
(ពី​ស្ដាំ​ទីពីរ) សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លោក សាន សិទ្ធិ លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា កាល​ពី​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន។ រូប៖ បណ្ដាញ​សង្គម
(ពី​ស្ដាំ​ទីពីរ) សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លោក សាន សិទ្ធិ លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា កាល​ពី​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន។ រូប៖ បណ្ដាញ​សង្គម

សង្គម​ស៊ីវិល ពលរដ្ឋ ព្រះសង្ឃ និង​មេធាវី ទទូច​ឱ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពន្លឿន​សវនាការ​លើ​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឲ្យ​ឆាប់​ចប់ ពីព្រោះ​គិត​ចាប់​ពី​ថ្ងៃ​ចាប់ខ្លួន​មក​ដល់​ពេល​នេះ ពួកគាត់​ជាប់​ពន្ធនាគារ ប្រមាណ ១៨​ខែ ទៅ​ហើយ ខណៈ​ស្ថាន​ទម្ងន់ទោស ដែល​ពួកគាត់​ត្រូវ​ជាប់ពន្ធនាគារ មាន​រយៈពេល ២៤​ខែ ឬ ២​ឆ្នាំ។ ការ​ជំរុញ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​សំណុំរឿង​សកម្មជន កញ្ញា ភឹង សោភា លោក សាន សិទ្ធ និង​លោក ស្រ៊ុន ស្រ៊ន នៅ​ថ្ងៃទី​២១ ខែ​មករា ក្រោម​បទ ចោទប្រកាន់​«​ញុះញង់​បង្ក​ឲ្យ​មាន ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។

នៅក្នុង​សវនាការ​សំណុំរឿង​សកម្មជន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មករា​នេះ ចៅក្រម​សាលា​ដំ​បួង​រាជធានី​ភ្នំពេញ​បាន​ដាក់​បង្ហាញ​ឃ្លីប​វីដេអូ ជាង ១១​នាទី ដែល​លោក ស្រ៊ុន ស្រ៊ន និយាយ​លើ​បណ្ដាញ​សង្គម និង​សាកសួរ​សាក្សី ដោះ​បន្ទុក រួម​ទាំង អាន​សក្ខីកម្ម​កោសល្យវិច័យ ដែល​ប៉ូលិស​ស្រង់​យក​ពី​ទូរស័ព្ទ របស់​ជន​ជាប់ចោទ។

ក្រៅពី​ការ​ចាក់​បង្ហាញ​វីដេអូ​ជាង ១១​នាទី អំពី​ក្រុមការងារ​របស់​លោក ស្រ៊ុន ស្រ៊ន នោះ លោក​មេធាវី អែម ចន្ថា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២១ ខែ​មករា ថា តុលាការ​បាន​កាត់​សង្ខេប​ចម្លើយ​លោក ស្រ៊ុន ស្រ៊ន ដែល​ឆ្លើយតប​នឹង​សំណួរ អ្នកចូលរួម ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​ជាមួយ​ប្រទេស​ឡាវ និង​វៀតណាម​(CLV-DTA) អំឡុង​ពេល​លោក​ផ្សាយ​ផ្ទាល់​លើ​បណ្ដាញ​សង្គម។ លោក​ថា នៅក្នុង​វីដេអូ កូនក្ដី​របស់​លោក​និយាយ​ទាក់ទង​នឹង​គុណវិបត្តិ គុណសម្បត្តិ និង​ដំណោះស្រាយ CLV-DTA។

លោក​មេធាវី​លើកឡើង​ថា កូនក្ដី​របស់​លោក​នៅតែ​រក្សា​ជំហរ​មិន​បាន ប្រព្រឹត្ត​បទល្មើស ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ ហើយ​លោក​បាន​ស្នើ​ឲ្យ​ចៅក្រម​ពន្លឿន​សវនាការ​ឲ្យ​បាន​ឆាប់​។ លោក​ថា តុលាការ​បាន​ឃុំខ្លួន​កូនក្ដី របស់​លោក រយៈពេល ១៨​ខែ​ហើយ ខណៈ​ស្ថាន​ទម្ងន់ទោស ដែល​ពួកគាត់​ត្រូវ​ជាប់​ពន្ធនាគារ មាន​រយៈពេល ២៤​ខែ ឬ​ស្មើនឹង ២​ឆ្នាំ ហើយ​លោក​អះអាង​ថា ការ​ឃុំខ្លួន​កម្រិត​ទោស​ខ្ពស់​បំផុត​នេះ គឺ​ដូច​សន្មត​ទុកជាមុន​ថា កូនក្ដី​របស់​លោក​មានទោស​ដែល​នេះ​ខុសពី​គោលការណ៍​ច្បាប់។

លោក អែម ចន្ថា៖ «គាត់​មិនបាន​ធ្វើការ​ញុះញង់ ហើយ​បង្កើត​ជា​ក្រុម​ឲ្យ​ចាំ​ទទួល​បញ្ជា​ពី​គាត់ ដើម្បី​ញុះញង់​ឬក៏​បំផុសបំផុល​អី​ទេ​។ អ្វី​ដែល​នៅ​អង្គហេតុ គឺ​គាត់​ឆ្លើយ សំណួរ​គេ​សួរ ហើយ​គាត់​គ្មាន​គម្រោង​អី​ទេ​គឺ​គាត់​ឆ្លើយ​នឹង​គាត់​ឲ្យ​មានការ ពិចារណា​ថា​ការ​ចូល​តំបន់ គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ​វា​មាន​ផ្ដល់​ផលប្រយោជន៍ វា​មាន​ផ្ដល់​គុណសម្បត្តិ គុណវិបត្តិ ហើយ​គាត់​ក៏​ផ្ដល់​ដំណោះស្រាយ ចំពោះ​គុណវិបត្តិ​ដែរ​។ គាត់​បាន​បដិសេធ​ថា ទាំងអស់​នេះ​គាត់​មិន​បាន​ពាក់ព័ន្ធ ទេ»។

អំឡុង​ពេល​សវនាការ នៅ​ខាង​ក្រៅរបង​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ មាន​ពលរដ្ឋ និង​ព្រះសង្ឃ បាន​ទៅ​ប្រមូល​ផ្តុំគ្នា​គាំទ្រ និង​លើកទឹកចិត្ត​ដល់​សកម្មជន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស កញ្ញា ភឹង សោភា លោក សាន សិទ្ធ និង លោក ស្រ៊ុន ស្រ៊ន។

ព្រះតេជព្រះគុណ លោក រ៉ុន ជីវ៉ា ដែល​បាន​ចូល​ស្ដាប់​សវនាការ មាន​ថេរដីកា​ថា លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង លោក សាន សិទ្ធិ មិន​បាន​ធ្វើ​ខុសច្បាប់ ដូច​តុលាការ​ចោទប្រកាន់​ឡើយ ពីព្រោះ​ពួកគាត់ គឺជា​អ្នក​បង្រៀន​ពលរដ្ឋ​ឲ្យ​យល់​ដឹង​ពី​ច្បាប់ ជាពិសេស​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។ ព្រះតេជព្រះគុណ សំណូមពរ​ឲ្យតុលាការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់ និង​ដោះលែង​ពួកគាត់ ឲ្យ​មាន​សេរីភាព​ឡើងវិញ។

ព្រះតេជព្រះគុណ លោក រ៉ុន ជីវ៉ា៖ «សូម​ឲ្យ​ចៅក្រម​លើកលែង​ការចោទប្រកាន់​គាត់ គាត់​មិន​មានទោស​មិន​មាន​អី​ទេ ក្នុង​ច្បាប់ គាត់​ពន្យល់​ទាក់ទង​ពី​ច្បាប់ ដំណោះស្រាយ ទាក់ទង​នឹង​គុណសម្បត្តិ គុណវិបត្តិ។ ទាក់ទង​នឹង​ការបាត់បង់​របស់​លោក​គ្រូ អ្នកគ្រូ វា​មាន​ផល​ប៉ះពាល់ ដើម្បី​គាត់​បាន​ចេញ​មក ដើម្បី​គាត់​បាន​បង្រៀនច្បាប់ បន្ត​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាព​សកម្ម​ទាំង​សកម្ម​សកម្មភាព ទាំង​ភូមិ​ឃុំ​ពាណិជ្ជកម្ម​ជាដើម»។

ពលរដ្ឋ លោក សៀប សែនរ៉ុង រៀបរាប់​ថា ការ​ឃុំខ្លួន​សកម្មជន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ធ្វើ​ឲ្យ​ពួកគាត់​ជា​ពលរដ្ឋ មិន​បាន​ស្រូប​យក​ចំណេះដឹង ដែល​ធ្លាប់​បាន​រៀនសូត្រ​ពី​ការ​បង្រៀន​របស់​ក្រុម​លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា ភឹង សោភា។

លោក សៀប សែនរ៉ុង៖ «កាល​នៅ​គាត់ គាត់​បាន​ចែករំលែក​ខ្ញុំ​បាន​សិក្សា​បន្ថែម ការផ្សាយ​របស់​គាត់​គឺ​មួយថ្ងៃ ៣​ដង ព្រឹក​ម៉ោង ៧​កន្លះ ៨ កន្លះ ថ្ងៃត្រង់​ម៉ោង ១១ ដល់​ម៉ោង ១២ ដល់​ម៉ោង ១​កន្លះ ពេល​ល្ងាច​ចាប់ពី​ម៉ោង​៥ ទៅដល់​ម៉ោង ៧ ។ អ៊ីចឹង​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ខ្ញុំ​ព្យាយាម​តាមដាន​នៅ​ការផ្សាយ​របស់​គាត់។ ផ្សាយ​ជា ចេតនា​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​សិក្សា​ឆ្វេងយល់​អំពី​ច្បាប់​ធ្វើជា​ពលរដ្ឋ​ឯកត្តនាម ពលរដ្ឋ នីតិរដ្ឋ ពលរដ្ឋ​សកម្ម ការ​ធ្វើ​ភូមិ​ឃុំ​ពាណិជ្ជកម្ម ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​គ្រួសារ នឹង​ដែល​ខ្ញុំ​បាន​ឆ្វេងយល់​សិក្សា​ពី​គាត់»។

សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ចំនួន ៣​នាក់​រួមមាន លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង លោក សាន សិទ្ធិ ត្រូវ​បាន​សមត្ថកិច្ច​នៃ​ស្នង​ការដ្ឋាន​នគរបាល ខេត្តសៀមរាប ចាប់​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៤​។ ការ​ចាប់ខ្លួន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ពួកគាត់​បាន​និយាយ​អំពី​ការ​បញ្ចូល​ខេត្ត​ចំនួន ៤ របស់​ប្រទេស​កម្ពុជា ដូចជា ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និង ខេត្តស្ទឹងត្រែង ទៅក្នុង​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ ជាមួយ​ប្រទេស​ឡាវ និង វៀតណាម (CLV-DTA)​។ ទោះបីជា​អាជ្ញាធរ ចាប់ខ្លួន​សកម្មជន​ទាំង ៣​នាក់ ទាក់ទង​នឹង​ការ​អត្ថាធិប្បាយ​អំពី​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ​នេះ​ក៏ដោយ ក្រោយ​ការ​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ ទាំង​ក្នុង​និង​ក្រៅប្រទេស រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បានសម្រេច​លុបចោល​គម្រោង​អភិវឌ្ឍន៍​ត្រីភាគី​នេះ​វិញ។

មន្ត្រី​អង្កេត​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក គឹម ពិសិដ្ឋ ដែល​ឃ្លាំមើល​សវនាការ បាន​ជំរុញ​ឲ្យ​តុលាការ​ពន្លឿន​សវនាការ​ផ្ដល់​យុត្តិធម៌​ដល់​ជនជាប់ចោទ ខណៈ​ពួកគាត់​កំពុង​ជាប់​ពន្ធនាគារ​អស់​រយៈពេល ១៨​ខែ​ហើយ។

លោក គឹម ពិសិដ្ឋ៖ «យើង​ក៏​ព្រួយបារម្ភ​ដែរ រយៈពេល​នៃ​ការ​ឃុំខ្លួន​គាត់​ដល់ ១៨​ខែ​ទៅ​ហើយ ហើយ​សេចក្ដីសម្រេច​ស្ថាន​ទម្ងន់ទោស​របស់​គាត់​មានតែ ២៤ ខែ។ អ៊ីចឹង​វា​អាច​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​។ យើង​ក៏​កំពុង​ពិចារណា​ថា តើ​ការ​ជំនុំជម្រះ​របស់​គាត់ ពិតជា​បាន​ទទួល​យុត្តិធម៌​សម្រាប់​គាត់​មែន​អត់ ពីព្រោះ ១៨ ខែ និង​២៤​ខែ​គឺ​វា​កៀក​គ្នា​មែនទែន»។

អ្នកឃ្លាំមើល​លើកឡើង​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​ចាប់ខ្លួន​ពលរដ្ឋ សកម្មជន​សង្គម និង​សកម្មជន​គណបក្សប្រឆាំង ដែល​មាន​មតិផ្ទុយ​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌។

ពួកគាត់​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នក​ដែល​បញ្ចេញមតិ​ពី​បញ្ហា​សង្គម នយោបាយ និង បូរណភាព​ទឹកដី ហើយ​ដោះលែង ពួកគេ​ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​បង្ហាញ​ពី​ឯកភាព​ជាតិ ដើម្បី​ទប់ទល់​នឹង​បរទេស​កំពុង​ឈ្លានពាន​ទឹកដី​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ