ចលនា​មាតា​ធម្មជាតិ​ចោទ​អាជ្ញាធរ​ថា បិទបាំង​ព័ត៌មាន​អំពី​អាជីវកម្ម​រ៉ែ​មាស​នៅ​ឧទ្យាន​ជាតិ​វិរៈជ័យ

0
57
រូបត្លុកបង្ហាញពីសកម្មភាព​កាប់បំផ្លាញព្រៃឈើរបស់ កូន​របស់​លោក ទ្រី ភាព (ឆ្វេង) សកម្មភាពជីករ៉ៃ របស់លោក ទ្រី ដាលុច។ រូប៖ ចលនាមាតាធម្មជាតិ
រូបត្លុកបង្ហាញពីសកម្មភាព​កាប់បំផ្លាញព្រៃឈើរបស់ កូន​របស់​លោក ទ្រី ភាព (ឆ្វេង) សកម្មភាពជីករ៉ៃ របស់លោក ទ្រី ដាលុច។ រូប៖ ចលនាមាតាធម្មជាតិ

ចលនា​មាតា​ធម្មជាតិ បាន​ចោទ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ខេត្តរតនគិរី​ថា កំពុង​បិទបាំង​ព័ត៌មាន​ពលរដ្ឋ អំពី​អាជីវកម្ម​រ៉ែ​មាស​របស់​កូនលោក ទ្រី ភាព គឺ​លោក ទ្រី ដាលុច នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​វិរៈជ័យ​។ ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​ខេត្ត​រតនគិរី បាន​ចេញ​លិខិត​បដិសេធ ដោយ​អះអាង​ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ក្រុម​ចលនា​មាតា​ធម្មជាតិ ជា​ព័ត៌មាន​មិន​ពិត ដោយសារ​រដ្ឋាភិបាល​មិន​បាន​ចេញ​ប័ណ្ណកម្មសិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​នេះ​ឡើយ។

ក្រុម​ចលនា​មាតា​ធម្មជាតិ អះអាង​ថា អាជ្ញាធរ​ខេត្តរតនគិរី កំពុង​កុហក​បោកប្រាស់ និង​លាក់បាំង​ព័ត៌មាន ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​របស់​ក្រុមហ៊ុន លោក ទ្រី ដាលុច ដែល​កំពុង​ធ្វើ​អាជីវកម្ម​ក្នុង​តំបន់​ឧទ្យានជាតិ​វិរៈជ័យ ស្ថិតនៅ​ស្រុក​តាវែង ខេត្តរតនគិរី។

អង្គការ​ចលនា​មាតា​ធម្មជាតិ បាន​បង្ហោះ​សារ​ឆ្លើយតប​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាលពី​ថ្ងៃទី២០ ខែមករា​ថា អាជ្ញាធរ​ថ្នាក់​ជាតិ និង​អាជ្ញាធរ​មូលដ្ឋាន​និយាយ​ខុសគ្នា​ទាំងស្រុង ពាក់ព័ន្ធ​អាជីវកម្ម​រ៉ែ​មាស​នៅក្នុង​ឧទ្យាន​ជាតិ​វិរៈជ័យ។ ចលនា​មាតា​ធម្មជាតិ ចាត់ទុក​ការ​ឆ្លើយ​តប​បដិសេធ របស់​អាជ្ញាធរ​ខេត្ត​រតនគិរី មាន​ភាព​លឿន​ជ្រុល និង​មិន​បាន​បញ្ជូន​មន្ត្រី​ទៅ​ចុះ​សិក្សា និង​ជជែក​ពិភាក្សា​ជាមួយ​ពលរដ្ឋ​នៅ​មូលដ្ឋាន​ឲ្យ​បាន​ច្បាស់លាស់​ជាមុន ហើយ​របៀប​ធ្វើ​ការងារ​របស់​មន្ត្រី​ទាំង​នោះ ជា​រឿង​អាម៉ាស់​បំផុត សម្រាប់​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត។

កាលពី​ថ្ងៃទី​២០ ខែ​មករា អាជ្ញាធរ​ខេត្តរតនគិរី បាន​ចេញ​លិខិត​ច្រានចោល​ព័ត៌មាន ដែល​ចលនា​មាតា​ធម្មជាតិ បាន​ផ្សព្វផ្សាយ​ថា ក្រុមហ៊ុន​របស់​កូនលោក ទ្រី ភាព កំពុង​អនុវត្ត​សកម្មភាព​ជីក​យក​រ៉ែ​មាស​នៅក្នុង​ឧទ្យាន​ជាតិ​វិរៈជ័យ ហើយ​បាន​បំពុល​ប្រភព​ទឹក​សំខាន់ៗ និង​គំរាមកំហែង​ដល់​ជីវិត​សហគមន៍​មូលដ្ឋាន ជាពិសេស​ប្រជាពលរដ្ឋ ជនជាតិ​ដើម​ភាគតិច​ព្រៅ ក្នុងភូមិ​តា​បូក ស្រុក​តា​វែង ឃុំ​តាវែងលើ ខេត្តរតនគិរី ។ ដោយ​អាជ្ញាធរ​ខេត្តរតនគិរី​ចាត់ទុកថា ជា​ព័ត៌មាន​មិន​ពិត។

ទោះជា​បែបនេះ​ក្ដី ក្រុម​ចលនា​មាតា​ធម្មជាតិ បាន​បញ្ជាក់​ថា កូន​របស់​លោក ទ្រី ភាព ចំនួន​៣​នាក់ គឺ​លោក ទ្រី ដាលុច ទ្រី ដាភ័ស្ស និង​កញ្ញា ទ្រី ដាលីន ធ្លាប់​ជា​នាយក​ក្រុមហ៊ុន​ឈ្មោះ គ្លូប៊ល ហ្គ្រីន (​ខេមបូឌា​) អេនើជី ឌីវេឡុបមេន (Global Green (Cambodia) Energy Development) ក្រោយ​មក​នៅ​ឆ្នាំ​២០២១ ទើប​ដូរ​ឲ្យ​ឈ្មោះ ហាក់ ស៊ីណាត ចូល​កាន់​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​វិញ។

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង អភិបាលខេត្ត​រតនគិរី លោក ញ៉ែម សំអឿន និង​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តរតនគិរី លោក អ៊ុង ហួរ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ​នៅ​ថ្ងៃទី​២០ ខែ​មករា។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក យិន ម៉េងលី មាន​ប្រសាសន៍ថា អាជ្ញាធរ​គួរតែ​ចុះ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់ និង​បើកទូលាយ​ឲ្យ​អ្នក​ពាក់ព័ន្ធ​បាន​ចូលរួម ដើម្បី​ប្រមូល​ព័ត៌មាន​បង្ហាញ​ជា​សាធារណៈ កុំ​ឲ្យ​មាន​មន្ទិលសង្ស័យ និង​កុំ​ឲ្យ​ចោទ​គ្នា​ទៅវិញ​ទៅមក​ពាក់ព័ន្ធ​បញ្ហា​ទាំងអស់​នេះ​តទៅទៀត។

លោក យិន ម៉េងលី៖ «ជា​រឿង​មួយ​ដ៏​ល្អ​ដែល​ជួយ​អាជ្ញាធរ ជួយ​ទៅដល់​រដ្ឋាភិបាល​ថា អ្វី​ទៅ​ដែល​សារព័ត៌មាន អ្វី​ដែល​ពលរដ្ឋ​ផ្ដល់​ឲ្យ​នោះ​ជា​ព័ត៌មាន​ពិត វា​ជា​ការ​លើកមុខ​មាត់​របស់​អាជ្ញាធរ​ទៅវិញ ក្នុង​ការ​គ្រប់គ្រង​ថា​នៅ​តំបន់​នោះ​ហើយ​មាន​បញ្ហា​កើតឡើង ការគ្រប់គ្រង​យើង​ខ្វះចន្លោះ​ហើយ​ចេះតែ​ឆ្លើយ​ដោះសា ហើយ​អត់​ព្រម​ស្វែងរក​ដោះស្រាយ​បញ្ហា​នេះ»។

កាលពី​ថ្ងៃទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ កាសែត​ម៉ុងហ្កាបេ (Mongabay) បាន​ចុះផ្សាយ​ព័ត៌មាន ដោយ​បាន​សម្ភាសន៍​ពល​រដ្ឋ និង​មន្ត្រី​មូលដ្ឋាន​នៅ​ស្រុក​តា​វែង​ថា ការ​ជីក​យក​រ៉ែ​មាស​នៅ​ឧទ្យាន​ជាតិ​វិរៈជ័យ បាន​ចាប់ផ្ដើម​តាំងពី​ពាក់កណ្ដាល​ឆ្នាំ​២០២៣ ហើយ​ធ្វើ​ឲ្យ​ទឹកអូរ​តាបូក និង​ទន្លេ​សេសាន​ប្រែ​ពណ៌ និង​មាន​សារធាតុពុល​។ លើស​ពី​នេះ មន្ត្រី​មូលដ្ឋាន​ក៏បាន​បញ្ជាក់​ថា ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន ដែល​មាន​សន្តិសុខ​ឯកជន រារាំង​មិន​ឲ្យ​ប៉ូលិស និង​មន្ត្រី​ឧទ្យានុរក្ស ចូល​ទៅ​ត្រួតពិនិត្យ​ទីតាំង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នោះ​ឡើយ។

កាលពី​ឆ្នាំ​២០១១ ក្រុមហ៊ុន​របស់​លោក ទ្រី ភាព ចំនួន​២ គឺ​ក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អិចផត (Try Pheab Import Export) និង​ក្រុមហ៊ុន អ៊ឹម ដី អេស (MDS) ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ដើម្បី​ធ្វើការ​វិនិយោគ​ដាំ​ដំណាំ​កៅស៊ូ លើ​ផ្ទៃដី​ជិត​២​ម៉ឺន (១៨.៧៣៥)​ហិកតារ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ក្រុមហ៊ុន​ទាំងនេះ មិនបាន​ដាំ​ដុះ​តាម​ការសន្យា​នោះ​ទេ ក្រៅពី​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​លក់​ទៅ​ក្រៅប្រទេស និង​កំពុង​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ដោយ​ខុសច្បាប់​ក្នុង​តំបន់​ការពារ​ធម្មជាតិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ