ក្រសួង​ការបរទេស​រង​ការរិះគន់​ថា ជា​ស្ថាប័ន​អសមត្ថភាព​ដោះស្រាយ​បញ្ហា​ថៃ​ឈ្លាន​ពាន​ទឹកដី

0
60
រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន។ រូប៖ ​ក្រសួងការបរទេស
រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន។ រូប៖ ​ក្រសួងការបរទេស

អ្នកឃ្លាំមើល​រិះគន់​ថា ក្រសួង​ការបរទេស​អសកម្ម និង​ជួយ​បិទបាំង​ភាព​កម្សោយ​របស់​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក្នុង​ការ​ដោះស្រាយ​បញ្ហា​យោធា ថៃ​ឈ្លានពាន​ទឹកដី​ខ្មែរ​។ ការ​លើកឡើង​នេះ ក្រោយពី​ក្រសួង​ការបរទេស មិន​បាន​ដាក់ពាក្យ​ប្ដឹង​យោធា​ថៃ​នោះ​ទេ ដោយ​គ្រាន់តែ ចេញ​លិខិត​ប្រឆាំង​នឹង​យោធា​ថៃ ដែល​បាន​បំផ្លិចបំផ្លាញ​រូប​សំណាក់ ព្រះវិស្ណុ ដាក់​ពង្រាយ​កុងតឺន័រ​រារាំង​អ្នកភូមិ​មិន​​​ឱ្យ​ត្រឡប់​ទៅ​ភូមិកំណើត​វិញ និង​ការសាងសង់ លេណដ្ឋាន​ច្រើន​នៅក្នុង​តំបន់​បឹង​ត្រកួន។

អ្នក​ឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​ថា ចាប់​តាំង​ពី​យោធា​ថៃ បើក​ការ​ឈ្លានពាន​កម្ពុជា អស់​ចំនួន​២ លើក​មក​ក្រសួង​ការបរទេស​កម្ពុជា ហាក់​គ្មាន​វិធានការ​អ្វី​សោះ ក្រៅ​តែ​ពី​ការ​ចេញ​លិខិត​ថ្កោលទោស​ប្រឆាំង និង​អំពាវនាវ​ឱ្យ​យោធា​ថៃ បញ្ឈប់​ការឈ្លានពាន និង​ការ​បំផ្លិចបំផ្លាញ មក​លើ​ផ្ទះសម្បែង​របស់​អ្នកភូមិ បើ​ទោះ​ជា​កម្ពុជា មាន​ភស្តុតាង​គ្រប់គ្រាន់ ប្ដឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ​ក្ដី។

ករណី​នេះ​ហើយ បាន​ជា​អ្នកឃ្លាំមើល​សង្គម និង​នយោបាយ រិះគន់​ថា ក្រសួង​ការបរទេស​កម្ពុជា ដែល​នាំ​ដោយ លោក ប្រាក់ សុខុន គឺ គ្រាន់តែ​ជា​ស្ថាប័ន​គម្រប​កិច្ច​ចាំតែ​ចេញ​លិខិត​ប្រឆាំង និង​ថ្កោលទោស​ថៃ ដើម្បី​លួងលោម​ចិត្ត​ពលរដ្ឋ​ខ្មែរ កុំឱ្យ​ខឹងសម្បា នឹង​រដ្ឋាភិបាល​បក្ស​កាន់អំណាច ខណៈ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រង​ការ​រិះគន់​ថា ជា​មេដឹកនាំ «​អសមត្ថភាព»។

អ្នកច្បាប់ និង​ជា​អ្នកវិភាគ​ឯករាជ្យ លោក វ៉ន់ ចាន់ឡូត ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​២២ ខែ​មករា ថា​ការដែល​ភាគី​កម្ពុជា ចេញ​លិខិត​ប្រឆាំង​នឹង​ទង្វើ​ឈ្លានពាន​របស់​ថៃ​មក​លើ​កម្ពុជា​ជាថ្មី​នេះ គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ព្រោះថា​យោធា​ថៃ បាន​ចាត់ទុក​ពួកគេ​ថា ជា​អ្នកឈ្នះ​សង្គ្រាម​ឈ្លានពាន​កម្ពុជា រីឯ កម្ពុជា​គឺជា​អ្នក​ចាញ់​សង្គ្រាម។ ដូច្នេះ​លោក​ថា គ្មាន​ហេតុផល​អ្វី ដែល​ថៃ​ត្រូវ​មក​ស្ដាប់​កម្ពុជា នោះ​ឡើយ​។ លោក​ចាត់ទុក ការ​តវ៉ា​ទៅ​ថៃ​នេះ​ថា គឺ​គ្រាន់តែ​ជា​របៀប​ស្អំ​ចិត្ត​ពលរដ្ឋ កុំ​ឱ្យ​បន្ត​ចោទ រដ្ឋាភិបាល​ថា មិន​បាន​ធ្វើ​អ្វី​សោះ។

លោក វ៉ន់ ចាន់ឡូត៖ «ការ​ចេញ​លិខិត​នេះ​គ្រាន់តែ​ជា​ការ​ស្អំ​ចិត្ត​ប្រជាជន ប៉ុណ្ណោះ ដើម្បី​កុំឱ្យ​ខឹង​ខ្លាំងពេក​ចំពោះ​ភាព​បរាជ័យ​របស់​លោក ហ៊ុន ម៉ាណែត ចំពោះ​កិច្ចការពារ​ដែន​អធិបតេយ្យ និង​បូរណភាព​ទឹកដី ពី​ការឈ្លានពាន​របស់​ភាគី​ថៃ​។ វា​ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ​បំផុត​ដែល លោក ហ៊ុន ម៉ាណែត មិន​បាន​បង្ហាញ​ពី​ឥរិយាបថ​ពី​ការទទួលខុសត្រូវ​ចំពោះ​មុខ​ប្រជាជាតិ​របស់​ខ្លួន​សូម្បីតែ​ដាក់ ពាក្យ​ប្ដឹង​ទៅ​កាន់​តុលាការ​អន្តរជាតិ»។

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ​កម្ពុជា នៅ​ថ្ងៃទី​២១ ខែមករា បាន​ចេញ​សេចក្ដីប្រកាស​តវ៉ា​ប្រឆាំង​នឹង​យោធា​ថៃ ចំពោះ ទង្វើ​ដែល​ដើរ​ផ្ទុយ​ទៅ​នឹង​វិធានការ​កាត់បន្ថយ​ភាព​តានតឹង ដែល​មាន​ចែង​ក្នុង​ចំណុច​ទី​១ នៃ​សេចក្ដីប្រកាស​រួម​របស់​គណៈកម្មាធិការ​ព្រំដែន ទូទៅ (GBC) កាល​ពី​ខែធ្នូ ឆ្នាំ​២០២៥។

ក្នុង​នោះ យោធា​ថៃ បាន​ធ្វើ សកម្មភាព​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា កាលពី​ថ្ងៃទី​១៩ ខែមករា រួមមាន ការ​តម្កល់ រូបសំណាក​ព្រះពុទ្ធ​នៅ​លើ​ទីតាំង​រូបសំណាក​បដិមា ព្រះ​វិស្ណុ ដែល​ត្រូវ បាន​បំផ្លាញ​ដោយ​យោធា​ថៃ នៅ​តំបន់​អានសេះ ខេត្តព្រះវិហារ ហើយ​ការ​ដាក់​ពង្រាយ​កុងតឺន័រ​រាំងផ្លូវ​អ្នកភូមិ នៅ​តំបន់​បឹង​ត្រកួន ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ មិន​ឱ្យ ត្រឡប់​ចូល​ទៅ​រស់នៅ​ក្នុង​ភូមិកំណើត​វិញ។ មួយវិញទៀត យោធា​ថៃ​បាន​សាងសង់​លេណដ្ឋាន ដោយ​ប្រើប្រាស់​គ្រឿងចក្រ​ធុន​ធ្ងន់ នៅ​តំបន់​បឹង​ត្រកួន​ផង​ដែរ។

ទន្ទឹមគ្នា​នោះ កម្ពុជា​អំពាវនាវ​ឱ្យ​ប្រទេស​ថៃ អនុវត្ត​ឱ្យ​បាន​ពេញលេញ និង​ស្មោះត្រង់​ចំពោះ​សេចក្ដីប្រកាស​រួម របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី កាត់បន្ថយ​ភាព​តានតឹង កសាង​ទំនុកចិត្ត និង​ការ​ជឿជាក់​ព្រមទាំង​ស្ដារ​សន្តិភាព​រវាង​ប្រទេស​ទាំងពីរ។ បន្ថែម​ពី​នោះ​កម្ពុជា​ប្ដេជ្ញាចិត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ភាគី​ថៃ ដោយ​សន្តិវិធី ស្របតាម​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀងទ្វេភាគី ដែល​មាន​ស្រាប់ ហើយ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ថា «​ព្រំដែន​មិន​ត្រូវ​បាន​កែប្រែ​ដោយ​ប្រើ​កម្លាំង​ឡើយ»។

អ្នកភូមិ រស់នៅ​តំបន់​បឹង​ត្រកួន ពួកគាត់​បាន​ត្រឹម​ដេក​កើតទុក្ខ នៅ​ពេល​ឃើញ​យោធា​ថៃ​បន្ត ជួស​ឆាយ និង​ដុតបំផ្លាញ ផ្ទះសម្បែង​ជា​បន្ទាប់​បន្ទាប់។ ក្នុង​នោះ អ្នកភូមិ​ត្រពាំង​សំរោង ឃុំ​គោក​រមៀត កញ្ញា ល សុខប៉ាវ បាន​លើកឡើង​ថា ចាប់តាំងពី​ថៃ​បាន​កាន់កាប់​តំបន់​បឹង​ត្រកួន មក​យោធា​ថៃ បាន​បន្ត​ដុត​ផ្ទះ​អ្នកភូមិ​ចោល ដោយ​គ្មាន​ការ​ខ្លាច​រអា អ្វី​នោះ​ទេ ខណៈ​អ្នកភូមិ​បាន​ត្រឹមតែ​ដេក​យំ តូចចិត្ត ព្រោះ​មិនដឹង​ត្រូវធ្វើ​បែប​ណា ចំណែក​រដ្ឋាភិបាល ក៏​គ្មាន​វិធានការ​អ្វី​ជា​ដុំកំភួន​សោះ។

កញ្ញា ល សុខប៉ាវ៖ «ឃើញ​អ៊ីចឹង​ទៅ​វា​ណែន ហើយ​ធ្វើ​អី​អត់​បាន​!។ ឃើញ​ស្ងាត់​ទៅៗ អត់​មាន​ដំណោះស្រាយ។ ដំណោះស្រាយ​ថា​មាន​ឱ្យ​ពួក​ខ្ញុំ តែ​មិនទាន់​ឮដំណឹង​អី​មក វា​ស្ងាត់​ជ្រាប បណ្ដោយ​។ ដល់ពេល​អ៊ីចឹង​ទៅ ខ្ញុំ​ទ្រាំ​អត់​បាន ខ្ញុំ​ក៏​ផុស​ទៅ បើទោះ​ជា​សារ​នោះ​បានឮ​ដល់​គាត់ ឬ​អ្នក​កាន់​ហ្វេសប៊ុក របស់​សម្ដេច​គាត់​បានឃើញ ឬ​រាយ​ការ​ទៅ​ស្ដេច​ឬ​អត់​នោះ​ជា​រឿង​របស់​គាត់។ ប៉ុន្តែ សំខាន់​ខ្ញុំ​ចង់ឱ្យ​គាត់​ឃើញ​ពី​ការ​លំបាក​របស់ខ្ញុំ។ ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ផ្ទាល់​នៅ​តំបន់​បឹង​ត្រកួន​ហ្នឹង»។

ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន លើកឡើង​ថា ការ​តវ៉ា​ប្រឆាំង​ថៃ​របស់​ក្រសួង​ការបរទេស គ្មាន​ប្រយោជន៍​ឡើយ ហើយ​ករណីនេះ គឺ​ធ្វើ​ឡើង​គ្រាន់តែ​ដើម្បី​លាក់បាំង​ភាព​កម្សោយ របស់​មេដឹកនាំ ត្រកូល​«​ហ៊ុន»។ លោក​ហ៊ាន​ភ្នាល់​ដាក់​ជីវិត​ថា ក្រោម​ដឹកនាំ​របស់ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ទឹកដី​ចំនួន​៤១​តាំង ដែល​លោក​អះអាង​ថា បាន​បាត់បង់ ក្រោយ​ចប់​សង្គ្រាម​២១​ថ្ងៃ នឹង​ពុំ​ទទួល​បាន មក​កម្ពុជា​វិញ​នោះ​ទេ ដរាប​ណា កម្ពុជា​មិន​ប្ដឹង​ថៃ ទៅ​​​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ។ លោក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ឈប់​ជឿ​នយោបាយ​បោកប្រាស់ ហើយ​នាំគ្នា​តវ៉ា​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ប្ដឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ នោះ​ជា​ជម្រើស​ដ៏​ល្អ​បំផុត។

លោក អ៊ុំ សំអាន៖ «ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត នឹង​រក​ដី​ផ្សេង កន្លែង​ផ្សេង ធ្វើ​ផ្ទះ​ធ្វើ​សម្បែង​នៅ​ទៅនោះ​វា ល្អ​ជាង ព្រោះ​ខ្ញុំ​ហ៊ាន​ភ្នាល់​ដាក់​ជីវិត ដី​៤០​ទីតាំង បើ​ត្រកូល​ហ៊ុន កាន់អំណាច គឺ​១០០​ភាគរយ​មិនអាច​ទាមទារ​បាន​នោះ​ទេ។ ទល់​តែ​មាន​មេដឹកនាំ​ថ្មី​ដែល​គេ​មាន​សមត្ថភាព​ដើម្បី​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ ICJ នោះ​ទើប​បាន​ទទួល​ដី​នោះ​មកវិញ​។ បើសិន​ត្រកូល​ហ៊ុន កុំ​ថា​ឡើយ ១​ឆ្នាំ ២​ឆ្នាំ ១០​ឆ្នាំ ២០​ឆ្នាំ​ទៀត ក៏​មិនអាច​ទាមទារ​ដី​នោះ​បាន​មកវិញ​ដែរ»។

ទោះជា​យ៉ាងណា ចាប់តាំងពី​យោធា​ថៃ​បាន​ឈ្លានពាន​កម្ពុជា​មក គេ​ឃើញ​ថា ទាំង​មន្ត្រី​បក្ស​ប្រឆាំង នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក ហើយ​និង​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ នៅ​តាម​បណ្ដា​ប្រទេស​នានា ដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង និង ប្រជាពលរដ្ឋ​នៅ​ប្រទេស​បារាំង ជាដើម បាន​នាំគ្នា​តវ៉ា​ប្រឆាំង​នឹង​អំពើ​ឈ្លានពាន របស់​យោធា​មក​លើ​កម្ពុជា។

ទន្ទឹមគ្នា​នោះ ពួកគាត់​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ប្ដឹង​ថៃ ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC រួម​និង​ប្ដឹង​ទៅកាន់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ព្រោះ​យល់​ថា មានតែ​ជម្រើស​មួយ​នេះ​គត់ ដែល​កម្ពុជា​អាច​ឈ្នះ​ភាគី​ថៃ ដោយ​សន្តិវិធី ប៉ុន្តែ ទោះជា​យ៉ាងណា មក​ទល់​ពេល​នេះ​រដ្ឋាភិបាល​កម្ពុជា ហាក់​គ្មាន​ជំហរ​ច្បាស់លាស់​សោះ ក្នុង​ការ​ប្ដឹង​ថៃ​ទៅ​តុលាការអន្តរជាតិ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ ខកចិត្ត​ជា​ខ្លាំង ហើយ​បន្ត​រិះគន់ រដ្ឋាភិបាល​ថា ជា​ជន​កំសាក គិតតែ​អំណាច ជាង​ផលប្រយោជន៍​ជាតិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ