

មន្ត្រីអង្គការសង្គមស៊ីវិល ដែលធ្វើការលើវិស័យការងារ និងសិទ្ធិមនុស្ស ស្នើឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបញ្ឈប់ការភូតកុហកទាក់ទងទៅនឹងការផ្តល់ការងាររ៉ាប់ម៉ឺនកន្លែងទៅដល់អតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ។ ពួកគាត់លើកឡើងថា មកទល់ពេលនេះ មានពលករជាច្រើន នៅតែខ្វះការងារធ្វើ ហើយអ្នកខ្លះបានបង្ខំចិត្តវិលត្រឡប់ទៅប្រទេសថៃវិញទាំងប្រថុយប្រថាន។
មន្ត្រីអង្គការសង្គមស៊ីវិលសង្កេតឃើញថា ពលករខ្មែររាប់សិបម៉ឺននាក់ ដែលបានវិលត្រឡប់មកវិញ តាមការអំពាវនាវរបស់រដ្ឋាភិបាល ដោយសារជម្លោះព្រំដែននោះ ភាគច្រើនពួកគេនៅមិនទាន់ទទួល បានការងារធ្វើ ដូចការប្រកាសរបស់ក្រសួងការងារនោះឡើយ។
ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់លោក ឌី ថេហូយ៉ា មើលឃើញថា បើទោះជាក្រសួងការងារបានប្រកាសផ្តល់ការងារជាង១០ម៉ឺនកន្លែងសម្រាប់ពលករដែលមកពីប្រទេសថៃក៏ដោយក៏កន្លែងការងារនេះមិនគ្រប់គ្រាន់សម្រាប់ពលករដែលមានជាង ១លាននាក់ដែរ។ លោកថា ការងារដែលផ្តល់ឲ្យទៀតសោតគឺប្រាក់កម្រៃថោក ហើយការងារលំបាកជាងការងារដែលគេធ្វើនៅស្រុកគេ ដែលធ្វើឲ្យពួកគាត់មិនអាចផ្គត់ផ្គង់ជីវភាពគ្រប់គ្រាន់។
លោក ឌី ថេហូយ៉ា បានបន្ថែមទៀតថា ការផ្តល់ការងារទៅដល់ពលករមកពីប្រទេសថៃមានភាពស្មុគស្មាញ ដោយសារតម្រូវការឯកសារ និងធ្វើតាមប្រព័ន្ធឌីជីថល ដែលធ្វើឲ្យពួកគាត់ពិបាករកឯកសារនិងពិបាកដាក់ពាក្យរកងារងារធ្វើ។
ការលើកឡើងនេះ គឺបន្ទាប់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានប្រាប់ប្រព័ន្ធឃោសនារបស់រដ្ឋាភិបាល កាលពីថ្ងៃទី២២ មករា ថា ក្រសួងការងារកំពុងរៀបចំវេទិកាការងារក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលនឹងប្រព្រឹត្តទៅនៅ៤ទីតាំងផ្សេងគ្នាក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤-២៥ ខែមករា ក្នុងគោលបំណងនាំយកឱកាសការងារដែលមាននៅក្នុងស្រុកចំនួនប្រមាណ ៨ម៉ឺន ៧ពាន់កន្លែងជូនដល់អតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃវិញដែលមិនទាន់មានការងារធ្វើ។ លោក អំពាវនាវឲ្យពលករចូលរួមវេទិកាការងារនេះ ព្រោះមានការងាររាប់ម៉ឺនកន្លែងកំពុងរង់ចាំ។
ផ្ទុយពីការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការងារនេះ ពលករខ្មែរដែលទើបមកពីប្រទេសថៃ តែងតែត្អូញត្អែរថា ពួកគាត់ ពិបាករកការងារធ្វើ ហើយការងារដែលរដ្ឋាភិបាលសន្យាផ្តល់ឱ្យខ្លះ គឺនៅឆ្ងាយពីផ្ទះរបស់ពួកគាត់។
ទាក់ទងនឹងករណីនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានលើកឡើងថា លោកហួសចិត្តដែលក្រសួងការងារនៅតែបន្តកុហកប្រជាពលរដ្ឋខ្លួនឯងទាក់ទងទៅនឹងការផ្តល់ការងារទៅដល់ពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃវិញ ពីព្រោះមន្ត្រីរបស់ក្រសួងបានត្រឹមតែស្រែកតាមក្បាលមេក្រូតែប៉ុណ្ណោះ។ លោកថា ប្រសិនបើមានការងារធ្វើនៅក្នុងប្រទេសនោះ ពួកគាត់នឹងមិនត្រឡប់ទៅរកការងារធ្វើនៅប្រទេសថៃនោះទេ ពីព្រោះពួកគាត់បានដឹងថា ពួកគាត់ប្រឈមនិងការប្រមាថមើលងាយក្រោយពីសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា។
លោក ស៊ឹង សែនករុណា អះអាងថា ពួកគាត់លួចឆ្លងដែនខុសច្បាប់បែបនេះ គឺដោយសារកត្តាជីវភាពខ្វះខាត ក្នុងការរស់នៅ នៅឯស្រុកកំណើត ឱកាសការងារមានភាពចង្អៀត ដូច្នេះទើបពួកគាត់ប្រថុយប្រថានទៅរកការងារធ្វើដើម្បីបានលុយដោះស្រាយជីវភាពនិងសងបំណុលធនាគារ។
លោក ស៊ឹង សែនករុណា៖ «អ៊ីចឹងសបញ្ជាក់ថា គ្នាលំបាកខ្លាំងណាស់ទើបដាច់ចិត្តទៅរកការងារនៅប្រទេសថៃ ក្នុងខណៈគេកំពុងតែរើសអើង គេកំពុងតែប៉ះទង្គិច គេប្រមាថមកលើពលរដ្ឋខ្មែរជាដើម អ៊ីចឹងដោយសារតែពួកគាត់ពួកពិបាកខ្លាំងក្នុងការរកការងារធ្វើទប់ទល់ជីវភាព ខ្ញុំជឿជាក់ថាបើសិនជាពួកគាត់មានការងារធ្វើអាចមានកម្រៃក្នុងការផ្គត់ផ្គង់ទប់ទល់ជីវភាពគ្រួសារបានគ្មានអ្នកណាម្នាក់ចង់ឃ្លាតចាកឆ្ងាយពីផ្ទះសម្បែងបែកបាក់ ព្រាត់ប្រាសគ្រួសារទៅរកការងារធ្វើបើគ្រាន់តែដើម្បីក្រពះប៉ុណ្ណឹងទេ»។
កាលពីថ្ងៃទី១៣ ខែមករា ថា កងកម្លាំងការពារព្រំដែនខេត្តចន្ទបុរី (Chanthaburi) និងត្រាត (Trat) បានចាប់ខ្លួនពលករចំណាកស្រុកកម្ពុជាចំនួន ៧១នាក់ ក្នុងនោះមានទាំងបុរស ស្ត្រី និងកុមារ ដែលបានឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់តាមច្រករបៀងនៅពេលយប់ តាមបណ្តោយព្រំដែនក្នុងស្រុកពោងណាមរ៉ន (Pong Nam Ron) ខេត្តចន្ទបុរី (Chanthaburi)។ ហើយនៅ ថ្ងៃទី១១ ខែមករា ទាហានជើងទឹកថៃរបស់ខេត្តចន្ទបុរី ក៏បានចាប់ខ្លួនពលករខ្មែរ ដែលមានទាំងមនុស្សចាស់ និងកុមារ ចំនួន៣០នាក់ដែរ ។ អាជ្ញាធរថៃ អះអាងថា ពួកគេបានលួចឆ្លងដែនចូលប្រទេសថៃ ដើម្បីរកការងារធ្វើ ដោយសារជួបការលំបាក នៅឯស្រុកកំណើត។
កាលពីថ្ងៃទី២៥ ខែវិច្ឆិកា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញរបាយការណ៍មួយដោយបង្ហាញថា រដ្ឋាភិបាលកម្ពុជាបានបរាជ័យជាយូរមកហើយ ក្នុងការធានានូវកម្រិតជីវភាពសមរម្យ ការអប់រំ និងការថែទាំសុខភាព ចំពោះពលករ និងប្រជាពលរដ្ឋ ដែលធ្វើឱ្យគ្រួសាររបស់ពួកគេ បានទទួលរងសម្ពាធដោយសារបំណុលធនាគារ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សមួយនេះ បានបន្ថែមថា ពលករខ្មែររាប់សិបម៉ឺននាក់ ដែលបានវិលត្រឡប់មកវិញ តាមការអំពាវនាវរបស់រដ្ឋាភិបាល ដោយសារជម្លោះព្រំដែននោះ ភាគច្រើនពួកគេនៅមិនទាន់ទទួលបានការងារធ្វើ និងការជួយសម្រួលឥណទានធនាគារ ដូចតាមការសន្យារបស់រដ្ឋាភិបាលនោះឡើយ ខណៈកន្លែងការងារ ដែលរដ្ឋាភិបាលបានសន្យាផ្ដល់ឱ្យនោះ មានចំនួនតិចជាងការប្រកាស និងស្ថិតនៅកន្លែងឆ្ងាយពីផ្ទះសម្បែងពលរដ្ឋ៕









