

មន្ត្រីបក្សប្រឆាំង និងប្រជាពលរដ្ឋរិះគន់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ថា ជាមេដឹកនាំដែល ខ្វល់តែពីរឿងគ្រួសារ កំប៉ិកកំប៉ុក របស់ខ្លួន ជាជាងទុក្ខលំបាករបស់ពលរដ្ឋដែលកំពុង រងគ្រោះ បាត់បង់ដីធ្លី និងផ្ទះសម្បែង ក្រោយពីយោធាថៃរំលោភយក ព្រមទាំងក្រុមគ្រួសារអ្នករិះគន់និងអ្នកប្រឆាំងដែលកំពុងរងគ្រោះពីការធ្វើទុក្ខបុកម្នេញក្រោមស្នាដៃរបស់រដ្ឋាភិបាលត្រកូល’«ហ៊ុន» ។ ការលើកឡើងនេះ ក្រោយពី លោក ហ៊ុន សែន បានបង្ហោះសាររៀបរាប់អំពីកូនប្រុសរបស់លោកដែលបានស្លាប់កាលពី៥០ឆ្នាំមុខ ហើយថ្មីៗ នេះមានអ្នកបន្លំថា បានចាប់កំណើតថ្មី ដោយទទូចចង់ជួប លោក ហ៊ុន សែន។
នេះពុំមែនជារឿងថ្មី ទេ ដែលលោក ហ៊ុន សែន យករឿងគ្រួសាររបស់លោកមកបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុករៀបរាប់ ពីអារម្មណ៍ឈឺចាប់ និងអារម្មណ៍អណ្ដែតអណ្ដូង ដ្រាម៉ា (Drama) ជាសាធារណៈ បើទោះបី ជាពេលនេះ ប្រជាពលរដ្ឋរាប់ពាន់គ្រួសារកំពុងតែកើតទុក្ខ យំសោក ព្រោះអ្នកខ្លះ បានបាត់បង់ដីធ្លី ផ្ទះសម្បែង ហើយគ្រួសារកងទ័ពខ្លះ នៅមិនទាន់ឈប់កាន់ទុក្ខ ក្រោយពីប្ដីឪពុក ឬកូនបានពលីក្នុងសមរភូមិសង្គ្រាម ជាមួយយោធាថៃ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា លោក គឹម សុខ ប្រាប់ទូរទស្សន៍ អាស៊ីសេរីនៅថ្ងៃទី២៣ ខែ មករា ថា លោក ហ៊ុន សែន កំពុងតែឈ្លក់អង្វែង នឹងអំណាច ហើយរាល់ថ្ងៃ លោកគិតថា ប្រជាពលរដ្ឋល្ងង់ ងាយបោកប្រាស់ និងងាយក្លែងបន្លំស្ថានការណ៍ប្រទេសជាតិ ដូច្នេះហើយ លោក តែងតែបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកបែបស៊ីអារម្មណ៍ និងអណ្ដែតអណ្ដូង អំពីគ្រួសារ។ លោកថា ករណីនេះ គ្មានបានប្រយោជន៍អ្វីសោះដល់ប្រជាជាតិ។
លោក គឹម សុខ៖ «មិនត្រូវលេងល្បែងស៊ីអារម្មណ៍លើទុក្ខសោក កំប៉ិកកំប៉ុកក្នុងគ្រួសាររបស់ខ្លួនអ៊ីចឹងទេ ពីព្រោះជាមេដឹកនាំរបស់ប្រទេសជាតិ។ បញ្ហាជាតិគឺជារឿងសំខាន់អាទិភាពជាងអ្វីទាំងអស់។ ពេលខ្លះ គ្រួសាររបស់ខ្លួនបើទោះបីជាធំប៉ុណ្ណា ក៏គេមិននិយាយដែរ ប៉ុន្តែលោក ហ៊ុន សែន បែរទៅនិយាយរឿងកំប៉ិកកំប៉ុក ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ»។
ការលើកឡើងនេះ ក្រោយពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅថ្ងៃទី២២ ខែមករា បានបង្ហោះសារដោយ រៀបរាប់ និងស្នើឱ្យជនដែលបន្លំថា ជាកូនចាប់កំណើត ឱ្យបញ្ឈប់ជាបន្ទាន់ ហើយកុំយកការឈឺចាប់របស់លោក កាលពី៥០ឆ្នាំមុន បោកបោសប្រាស់លោកបន្តទៀត។ លោករៀបរាប់ថា ក្រោយពីការរំដោះ ចេញពីរបប ប៉ុល ពត ឆ្នាំ១៩៧៩ មក លោកបាននិយាយអំពីរឿងកូនប្រុសម្នាក់បានស្លាប់ ដោយមានរឿងនិទាន និងភាពយន្តរឿង ដែលមានចំណងជើងថា «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»។
លោក ហ៊ុន សែន ថា ក្រោយរឿងនេះ ត្រូវបានចាក់ផ្សាយព្រោងព្រាតមក មានមនុស្សមិនតិចជាង២០នាក់ទេ ដែលបន្លំខ្លួនធ្វើជាកូនប្រុសរបស់លោក ដែលមានឈ្មោះ «កម្សត់» ដោយអះអាងថាបានមកមកចាប់ជាតិថ្មី ហើយទទូចចង់ជួបលោក។ លោកហ៊ុន សែន ថា មនុស្សទាំងនោះអ្នកខ្លះសរសេរជាសំបុត្របញ្ជូនឱ្យលោក និងខ្លះទៀត បានចុះតាមផ្សាយតាមទស្សនាវដ្ដី ហើយ ចុងក្រោយនេះ បានបង្ហោះតាម បណ្ដាញសង្គមហ្វេសប៊ុក ដូចករណី ម្ចាស់គណនីហ្វេសប៊ុក សាវ៉ាត់ វណ្ណដា ដែលបានអះអាងថា ជា កូនចាប់កំណើត របស់លោក ហ៊ុន សែន ហើយ ក្រោយមក ក៏មានអ្នកផ្ដល់ដំណឹងនេះមក ឱ្យលោកតាមប្រព័ន្ធតេឡេក្រាម។
ស្របពេល លោក ហ៊ុន សែន បង្ហោះសារអណ្ដែតអណ្ដូង និងរៀបរាប់ រឿងគ្រួសារនេះ ពលរដ្ឋ រស់នៅតំបន់ភូមិជោគជ័យ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ លោកស្រី យ៊ូវ វិញ បានត្អូញត្អែរពីទុក្ខលំបាក ក្រោយពីផ្ទះលោកស្រី ត្រូវបានពួកយោធាថៃដុតកម្ទេចចោល រួមនឹងរាយព័ន្ធបន្លាលួស និង កុងតឺន័រ រារាំងអ្នកភូមិមិនឱ្យទៅរស់នៅវិញ។ បញ្ហានេះធ្វើឱ្យលោកស្រីដេកពុំសូវលក់ ហើយ ហូបបាយមិនសូវបាន ព្រោះបារម្ភពីអនាគត មិនដឹងត្រូវធ្វើអ្វីបន្ត។ លោកស្រីថា ចាប់តាំងពីមានបញ្ហាមក មិនដែលឃើញរដ្ឋាភិបាល ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន ចុះមកសួរសុខទុក្ខអ្នកភូមិនោះទេ។ លោកស្រីថា ប្រសិនបើរដ្ឋាភិបាលចុះមកផ្ទាល់គឺជារឿងល្អ ដើម្បីបានដឹងពីទុក្ខលំបាកពលរដ្ឋ។
លោកស្រី យ៊ូវ វិញ៖ «ខ្ញុំសំណូមពរឱ្យសម្ដេចជួយមើលប្រជាពលរដ្ឋ ដូចថាគេអត់មានកន្លែងរស់នៅអ៊ីចឹង ហើយអស់រលីងគ្នាអត់មានសល់អីបន្តិច ឱ្យសម្ដេចគាត់ជួយ។ សុទ្ធតែអ្នកខ្សត់ខ្សោយ សុទ្ធតែអ្នករកស៊ី អ្នកខ្លះកាប់អំពៅ ដកដំឡូងឱ្យគេ និងស៊ីឈ្នួល។ អ្នកខ្លះមិនទាំងមានដីនៅផង»។
ទាក់ទិនរឿងនេះ អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត មើលឃើញថា ការដែលលោក ហ៊ុន សែន ខ្វល់ខ្វាយតែពីរឿងគ្រួសាររបស់លោក ជាងផលប្រយោជន៍ជាតិនេះគឺជារឿងធម្មតាទៅហើយ បើទោះបីជាពេលនេះ ប្រជាពលរដ្ឋកំពុងជួបទុក្ខលំបាក ហើយកងទ័ព ជាច្រើន បានពលីជីវិតដើម្បីការពារបូរាណភាពទឹកដីក្ដី ក៏លោកហ៊ុន សែន ពុំបានអើពើនោះដែរ។ លោកថា របៀបដឹកនាំ គិតតែពីផលប្រយោជន៍គ្រួសារជាធំ របស់ លោក ហ៊ុន សែននេះហើយ ទើបធ្វើឱ្យប្រទេសជាតិ បន្តដុនដាប មកដល់បច្ចុប្បន្ន។
លោក វ៉ន ចាន់ឡូត៖ «ក្រៅពីចំណាយពេលទៅលើប្រតិកម្មរឿងផ្ទាល់ខ្លួន លោក ហ៊ុន សែន តែងតែចំណាយពេលទៅលើរឿងឥតប្រយោជន៍ជាច្រើនផ្សេងទៀត ដូចជាការរិះរកវិធីកម្ទេចខ្មែរ ដែលមាននិន្នាការផ្ទុយ។ អ្នកមានរិះគន់ខ្លួន ហើយនឹងចំណាយធនធានរបស់ជាតិ ដើម្បីទិញមនុស្សឱ្យមកចុះញ៉មក្នុងផ្នែកនយោបាយរបស់ខ្លួនហើយ ប្រើធនធានទាំងអស់នោះទៅធ្វើសកម្មភាព ដើម្បីការពារនូវផលប្រយោជន៍គ្រួសារខ្លួន និងបក្សពួកខ្លួន»។
ក្រៅតែពីការបង្ហោះសាររៀបរាប់អំពីរឿងគ្រួសារ លោក ហ៊ុន សែន ក៏ជាមេដឹកនាំចូលចិត្តបង្ហោះបទច្រៀងដែលមិនចេះនឿយណាយ ហើយអ្នកដែលនិពន្ធបទចម្រៀង សរសើរលើកជើងត្រកូល «ហ៊ុន» គឺតែងតែ ទទួលបានងារជា«ឧកញ៉ា» និង ងារជា«ឯកឧត្ដម» ប្រសិនបើ សរសេរសៀវភៅ ឬនិពន្ធបទចម្រៀង ធ្វើឱ្យលោក ហ៊ុន សែន សប្បាយចិត្ត។ ប៉ុន្តែ បើទោះជាបែបនេះក្ដី អ្នកឃ្លាំមើលលើកឡើងថា ក្រោមដឹកនាំរបស់លោក ហ៊ុន សែន អស់ជាច្រើនទសវត្សរ៍ មកកម្ពុជាបានក្លាយជា ឋានសួគ៌នៃឧក្រិដ្ឋកម្មអនឡាញ អំពើពុករលួយ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ទន្ទឹមគ្នានោះ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ក៏ត្រូវបានគេរិះគន់ថា ជាមេដឹកនាំ «អសមត្ថភាព» ក្នុងការការពារដែនអធិបតេយ្យ ទើបធ្វើឱ្យទឹកដីមួយចំនួននៅតាមព្រំដែនថៃ និងវៀតណាម បន្តបាត់បង់៕









