

គ្រួសាររបស់យោធិនមួយចំនួន បានអះអាងថា គ្រួសារពួកគាត់បានបាត់ខ្លួនដោយមិនបានទទួលដំណឹងថា ស្លាប់ ឬក៏នៅរស់នោះទេ និងខ្លះទៀតអះអាងថា បានទទួលដំណឹងថា បានពលីហើយ ក៏ប៉ុន្តែនៅមិនទាន់រកសពឃើញ។ បញ្ហានេះ បានធ្វើឱ្យគ្រួសារយោធិន រស់នៅទាំងមិនស្ងប់ចិត្ត ដោយបារម្ភពីសមាជិកគ្រួសារដែលបាត់ដំណឹង និងស្វែងរកសពមិនទាន់ឃើញ។
សំឡេងផ្ទុះកាំភ្លើងតូចធំ និងគ្រាប់បែក បានស្ងាត់ជិតមួយខែទៅហើយ នៅឯសមរភូមិព្រំដែនកម្ពុជា-ថៃ។ យោធិនខ្មែរដែលរួចរស់ពីសង្គ្រាម បានត្រឡប់ទៅជួបជុំគ្រួសារវិញដោយក្ដីរំភើប ចំណែកអ្នកដែលបានពលីខ្លះ សាកសពបានដេកក្នុងមឈូស និងបញ្ជូនទៅឱ្យគ្រួសារ។ ក៏ប៉ុន្តែ មានទាហានមួយចំនួនទៀតបានបាត់ខ្លួន និងខ្លះទៀតមិនទាន់រកសពឃើញនៅឡើយ ដែលធ្វើឱ្យគ្រួសារពួកគេ រង់ចាំដោយក្ដីសោកសៅ។
កូនស្រីបង្កើតរបស់យោធិន ឈ្មោះ នូវ ណារ៉ុង គឺកញ្ញា ម៉ុន សុផា ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៣ ខែមករា ថា ឪពុករបស់កញ្ញាបានបាត់ខ្លួនអស់រយៈពេលជាង ១ខែមកហើយ នៅតំបន់សមរភូមិប្រាសាទតាក្របី ក្នុងកំលុងប្រយុទ្ធគ្នា ជាមួយកងទ័ពថៃ។ កញ្ញាបញ្ជាក់ថា មកដល់ពេលនេះ កញ្ញានៅមិនទាន់ដឹងថា ឪពុករបស់កញ្ញាបានពលី ឬក៏នៅរស់យ៉ាងណានោះទេ ខណៈទាហាន ដែលនៅក្នុងអង្គភាពជាមួយគ្នា បានស្វែងរកយ៉ាងណា ក៏មិនឃើញ។ កញ្ញាបន្តថា ការបាត់ដំណឹងនេះ បានធ្វើឱ្យគ្រួសារកញ្ញាកើតក្ដីបារម្ភផង និងទុក្ខព្រួយផង។
កញ្ញា ម៉ុន សុផា៖ «មួយខែជាងហើយ ក្រុមគ្រួសារអស់សង្ឃឹមហើយ ព្រោះអត់ឃើញសាកសព ហើយគ្រួសារ របៀបថា ៥០រស់ និង៥០ស្លាប់ មិនដឹងថា គាត់ពលី ឬក៏មានជីវិតនៅក្នុងព្រៃនោះទេ។ ខ្ញុំអត់ចង់បង្ហោះហ្វេសប៊ុកទេ មួយរយៈពេលនេះ ដោយសារវាប៉ះពាល់ផ្លូវចិត្តខ្ញុំពេក ព្រោះកាត់តវីដេអូយំម្ដង សរសេរអក្សរបង្ហោះ យំម្ដងទៀត ហើយគេបញ្ចេញមតិសួរច្រើន»។
ដូចគ្នានេះដែរ យោធិនម្នាក់ទៀត ដែលបានបាត់ខ្លួននៅតំបន់ប្រាសាទតាក្របី គឺលោក អ៊ុំ សារិន ក៏មិនទាន់បានរកឃើញ ឬទទួលបានដំណឹងនៅឡើយ។ កូនៗរបស់លោក អ៊ុំ សារិន បានសរសេរនៅលើបណ្ដាញសង្គមថា មកដល់ពេលនេះ ពួកគេមិនទាន់ច្បាស់ថា ឪពុករបស់ពួកគេ បានពលី ឬក៏នៅរស់ យ៉ាងណានោះឡើយ។
យោធិនទាំងពីររូប គឺលោក នូវ ណារ៉ុង និងលោក អ៊ុំ សារិន បានបាត់ខ្លួនកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីកងទ័ពថៃ បានវាយកម្ទេចលេណដ្ឋាន ហើយកងទ័ពខ្មែរ បានដកថយចុះពីលើប្រាសាទ។
ទាហានម្នាក់ ដែលស្ថិតនៅក្នុងកងពលជាមួយយោធិនទាំងពីររូប បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា គិតមកដល់ពេលនេះ ក្រុមការងារនៅមិនទាន់រកឃើញយោធិនទាំងពីររូបនៅឡើយ ហើយអង្គភាពបានសន្និដ្ឋានថា ពួកគេបានពលីទៅហើយ។
ទាហានទី១៖ «តាមការសន្និដ្ឋាន យើងគិតថាគាត់ពលីហើយ ព្រោះតាំងពីថ្ងៃដែលគាត់បានបាត់ខ្លួន អត់ទាន់បានទទួលដំណឹងគាត់ផង»។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីសុំការបកស្រាយអំពីចំនួនកងទ័ពដែលបានពលី និងបាត់ខ្លួននៅក្នុងសង្គ្រាមបាននោះទេ នៅថ្ងៃទី២៣ ខែមករា។
ទាហានម្នាក់ ឈរជើងនៅតំបន់ប្រាសាទតាក្របី ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ថា ក្នុងសមរភូមិប្រយុទ្ធគ្នានៅតំបន់ប្រាសាទតាក្របី មានទាហានខ្មែរមួយចំនួន ត្រូវទាហានថៃបាញ់ផ្លោងគ្រាប់កាំភ្លើងធំចំ បណ្ដាលឱ្យខ្ទេចរាងកាយ និងខ្លះទៀត បានកប់នៅក្នុងបន្ទាយលេណដ្ឋាន(Bunker) ដោយសារគ្រាប់បែក ដែលយោធាថៃទម្លាក់ពីលើយន្តហោះ។ លោកបន្តថា លទ្ធភាពស្វែងរកសពទាហានដែលពលី គឺអាស្រ័យលើការយកចិត្តទុកដាក់ របស់មេបញ្ជាការនៅក្នុងអង្គភាពនីមួយៗ។
ទាហានទី២៖ «យើងត្រូវទទួលស្គាល់។ ព្រោះសព្វថ្ងៃ គ្រួសារកងទ័ពខ្លះ បានបាត់សមាជិក។ អ៊ីចឹងគេប្រាប់យើង មិនឱ្យបង្ហោះព័ត៌មាននោះទេ។ នៅពេលគ្រួសារធ្វើវីដេអូ ស្វែងរកសមាជិកគ្រួសារ នឹងត្រូវគេកាក់ទុកហើយ»។
កន្លងទៅថ្មីៗនេះ មានការបង្ហោះវីដេអូនៅលើបណ្ដាញសង្គម ដោយបង្ហាញពីបំណែកសាកសព និងឯកសណ្ឋានទាហានខ្មែរ ដែលរហែកដាច់ដោច រាយប៉ាយនៅលើដី ក្នុងតំបន់ប្រាសាទតាក្របី និងសពដែលគេអះអាងថា បានកប់នៅក្រោមបេតុងក្នុងលេណដ្ឋាន ដែលបានជះក្លិនស្អុយ។ ទន្ទឹមគ្នានេះ ព្រះសង្ឃថៃ ដែលចូលរួមកសាងរូបបដិមា និងចាក់ផ្លូវបេតុង នៅលើប្រាសាទតាក្របី ក៏បានបង្ហោះវីដេអូនៅលើបណ្ដាញសង្គមផងដែរ ដោយបង្ហាញពីការរើសឆ្អឹង ដែលពួកគេអះអាងថា ជាបំណែកសពទាហានខ្មែរ យកទៅបូជាផងដែរ។
មេបញ្ជាការកងទ័ពថៃម្នាក់ ប្រចាំនៅតំបន់ប្រាសាទតាក្របី បានអះអាងថា ក្រោយវាយកាន់កាប់តំបន់ប្រាសាទរួចមក ក្រុមទាហានថៃ បានធ្វើការកំណត់អំពីចំនួនសពទាហានខ្មែរចំនួន ១៦នាក់ ដែលបានកប់នៅក្នុងតួប្រាសាទ ក្រោមគំនរថ្មបាក់បែក ដែលយោធាថៃបានបាញ់ផ្លោងដាក់។
ជុំវិញរឿងនេះ ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជាលោកវេជ្ជបណ្ឌិត អ៊ូច វឌ្ឍី មានប្រសាសន៍ថា ជាទូទៅគេអាចកំណត់អត្តសញ្ញាណទាហានដែលពលីបាន តាមរយៈឈ្មោះរបស់យោធិន ដែលប៉ាក់នៅជាប់ឯកសណ្ឋាន ឬរូបថត និងសម្ភារៈ ដែលជាប់នឹងខ្លួន។ លោកបន្តថា ចំពោះសពដែលរលួយ ឬបែកទៅជាបំណែក គេអាចកំណត់ពីអត្តសញ្ញាណបាន តាមរយៈការធ្វើកោសលវិច័យ ឬពិនិត្យDNA។ ទោះយ៉ាងណា លោកបន្តថា ចំពោះការបាត់ដំណឹងរបស់យោធិនមួយចំនួន បញ្ហានេះ នឹងធ្វើឱ្យគ្រួសារពួកគេ មានវិបត្តិផ្លូវចិត្តរយៈពេលយូរអង្វែង។
លោក អ៊ូច វុឌ្ឍី៖ «ដើម្បីយកសាកសពដែលស្លាប់នៅក្នុងសមរភូមិទាំងអស់ហ្នឹង ទៅធ្វើកោសលវិច័យ លុះត្រាតែសាកសពទាំងអស់ហ្នឹង យើងបានទាំងមូល ឬថ្មីថ្មោង វាមិនលើសពី ៤៨ម៉ោង ឬមួយក៏២យប់ ឬមួយក៏សាកសពហ្នឹង មិនខ្ទេច មិនបំបែកបំណែកសាកសពអត់បែកខ្ទេចខ្ទីទេ»។
ថៃបានធ្វើសង្គ្រាមឈ្លានពានកម្ពុជានៅតាមព្រំដែន ចំនួន២លើកមកហើយ។ ក្នុងការប្រយុទ្ធគ្នានេះ យោធាថៃ បានអះអាងពីចំនួនទាហានពលីរបស់ខ្លួនថា មានចំនួនសរុប ៤៣នាក់ ខណៈភាគីកម្ពុជា មិនបានបង្ហាញពីចំនួនទាហានដែលពលី និងបាត់ខ្លួនជាសាធារណៈនោះឡើយ។ ទោះជាយ៉ាងណា ទាហានជួរមុខកម្ពុជា ធ្លាប់អះអាងថា ទាហានខ្មែរ ដែលបានពលីនៅក្នុងសមរភូមិ មានយ៉ាងហោចណាស់ជាង ១៤០នាក់។
យោធិនខ្មែរលើកឡើងថា ការទុកសពទាហាន ដែលបានពលីចោលនៅក្នុងសមរភូមិ ដូចសត្វធាតុបែបនេះ គឺជារឿងដែលអគុណធម៌របស់ថ្នាក់លើ និងមេដឹកនាំ ដែលមិនឱ្យតម្លៃ ចំពោះការលះបង់សាច់ស្រស់ឈាមស្រស់ របស់ទាហាន ហើយកត្តានេះ នឹងធ្វើឱ្យទាហានបាក់ទឹកចិត្ត និងធ្វើឱ្យវិស័យការពារជាតិ បាត់បង់កិត្យានុភាព៕









