អ្នកឃ្លាំមើល​ថា ការ​ចូល​ចត​នាវាចម្បាំង​អាមេរិក​គឺជា​ការ​ទប់ទល់​ឥទ្ធិពល​ចិន និង​បង្ហាញ​ពី​សមត្ថភាព​យោធា​អាមេរិក​ក្នុង​តំបន់

0
39
​មន្ត្រីជាន់ខ្ពស់កម្ពុជា​ទៅទទួលនា​វាចម្បាំង​អាមេរិក​ឈ្មោះ យូអេសអេស ស៊ីនស៊ីណាទី (USS Cincinnati) ឬ​អិលស៊ីអេស​២០ (LCS-20) បាន​ចូល​ចត​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម កាលពីថ្ងៃទី២៤ មករា ២០២៦។ រូប​​៖ ក្រសួងការពារជាតិ
​មន្ត្រីជាន់ខ្ពស់កម្ពុជា​ទៅទទួលនា​វាចម្បាំង​អាមេរិក​ឈ្មោះ យូអេសអេស ស៊ីនស៊ីណាទី (USS Cincinnati) ឬ​អិលស៊ីអេស​២០ (LCS-20) បាន​ចូល​ចត​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម កាលពីថ្ងៃទី២៤ មករា ២០២៦។ រូប​​៖ ក្រសួងការពារជាតិ

អ្នកឃ្លាំមើល​លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​រយៈ​ពេល ៥​ថ្ងៃ របស់​មេ​ទ័ពជើងទឹក​អាមេរិក​ប្រចាំ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​មក​កម្ពុជា និង​ការ​ចូល​ចត​នាវាចម្បាំង​អាមេរិក​នៅ​មូលដ្ឋាន​ទ័ពជើងទឹក​រា​ម គឺជា​សារ​បង្ហាញ​អនុភាព​យោធា​អាមេរិក និង​ជា​យុទ្ធសាស្ត្រ​ទប់ទល់​នឹង​ឥទ្ធិពល​ចិន​ក្នុង​តំបន់​។ ​នា​វាចម្បាំង​អាមេរិក​ឈ្មោះ យូអេសអេស ស៊ីនស៊ីណាទី (USS Cincinnati) ឬ​អិលស៊ីអេស​២០ (LCS-20) បាន​ចូល​ចត​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ជា​លើកដំបូង បន្ទាប់ពី​កម្ពុជា​សម្ពោធ​មូលដ្ឋាន​ទ័ពជើងទឹក​នេះ​ជា​ផ្លូវការ កាល​ពី​ខែ​មេសា ឆ្នាំ​២០២៥ ក្រោម​ជំនួយ​កសាង​ពី​ចិន​កុម្មុយនិស្ត។

អ្នក​តាមដាន​បញ្ហា​នយោបាយ​លើកឡើង​ថា ការ​ចូល​ចត​នាវាចម្បាំង​អាមេរិក យូអេសអេស ស៊ីនស៊ីណាទី នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ដែល​កសាង​ក្រោម​ជំនួយ​ចិន​នោះ គឺជា​យុទ្ធសាស្ត្រ​ស៊ីជម្រៅ​របស់​អាមេរិក​ក្នុង​ការ​ប្រកួតប្រជែង​ដណ្ដើម​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ និង​ជា​សារ​ព្រមាន​ដល់​ភាគី​ចិន​ដែល​មាន​មហិច្ឆតា​ប្រើប្រាស់​មូលដ្ឋានទ័ព​រាម​ផ្ដាច់មុខ ធ្វើជា​ឈ្នាន់​ពង្រីក​ឥទ្ធិពល​យោធា ដើម្បី​គ្រប់គ្រង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក។

អ្នក​អត្ថាធិប្បាយ​នយោបាយ និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២៦ ខែមករា ថា វត្តមាន​នាវាចម្បាំង​អាមេរិក​កំពុង​ចូល​ចត​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​គឺ​មិន​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​ស៊ីជម្រៅ​ផ្នែក​យោធា​រវាង​កម្ពុជា និង​អាមេរិក​ឡើយ ប៉ុន្តែ​អាមេរិក​ចង់​បង្ហាញ​ពី​ឥទ្ធិពល​យោធា​របស់​ខ្លួន បើទោះបីជា​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ស្ថិត​ក្រោម​ឥទ្ធិពល និង​ការ​កសាង​ដោយ​ភាគី​ចិន​ក្ដី។

លោក គឹម សុខ បន្ត​ថា ចិន​និង​សម្ពន្ធមិត្ត​របស់​ខ្លួន​ដូចជា​រុស្ស៊ី​នឹង​មិន​អាច​សម្រេច​មហិច្ឆតា​គ្រប់គ្រង​ផ្ដាច់មុខ​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​បាន​ឡើយ ព្រោះ​ការ​ចូល​ចត​នាវាចម្បាំង​អាមេរិក​នៅ​កំពង់ផែ​មូលដ្ឋាន​រាម​នេះ​គឺជា​សារ​ព្រមាន​ចិន​ថា អាមេរិក​មានលទ្ធភាព​គ្រប់គ្រាន់ ដើម្បី​អន្តរាគមន៍​យោធា​បាន​គ្រប់​កាលៈទេសៈ។

លោក គឹម សុខ៖ «កប៉ាល់ចម្បាំង​របស់​សហរដ្ឋ​អាមេរិក​ឆ្លងកាត់​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក និង​ដែនសមុទ្រ​កម្ពុជា​នេះ​គឺជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​កំញើញ​របស់​ចិន ដែល​ប៉ង​ប្រើ​កម្លាំងយោធា​ត្រួតត្រា​កោះ​តៃវ៉ាន់​។ ប្រសិនបើ​ចិន​អាច​ប្រើ​កម្លាំងយោធា​គ្រប់គ្រង​កោះ​តៃវ៉ាន់​បាន នោះ​មានន័យថា ចិន​មាន​ឥទ្ធិពល​យ៉ាង​ធំ​ក្នុង​ការ​គ្រប់គ្រង​តំបន់​សមុទ្រ​ចិន​ខាងត្បូង និង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ទាំងមូល​។ ម្ល៉ោះហើយ​ទើប​សហរដ្ឋអាមេរិក​បញ្ជូន​កប៉ាល់​ដ៏​ធំ​បង្ហាញ​សញ្ញា​ប្រាប់​ចិន​ថា អាមេរិក​អាច​ធ្វើ​អន្តរាគមន៍​យោធា​គ្រប់​ពេលវេលា​បាន ទោះបីជា​អាមេរិក​ជាប់រវល់​ក្នុង​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​នៅ​តំបន់​ផ្សេង​ក្នុង​ពិភពលោក​ក៏ដោយ»។

មេបញ្ជាការ​នៃ​នាវាចម្បាំង យូអេសអេស ស៊ីនស៊ីណាទី លោក អង់ដ្រូ រេកាមី (Andrew Recame) បាន​ដឹកនាំ​កង​នាវិក​អាមេរិក និង​បាន​ចូល​សំចត​នាវាចម្បាំង​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​កាល​ថ្ងៃទី​២៤ ខែ​មករា ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៥​ថ្ងៃ​។ នាវាចម្បាំង យូអេសអេស ស៊ីនស៊ីណាទី មាន​ប្រវែង​ជាង ១២៧​ម៉ែត្រ ទទឹង​ជាង ៣១​ម៉ែត្រ អាច​ចូល​ចត​ក្នុង​ជម្រៅ​ទឹក​ជាង ៤​ម៉ែត្រ និង​ជា​ប្រភេទ​នាវាចម្បាំង​ដែល​មាន​សមត្ថភាព​ក្នុង​ប្រតិបត្តិ​ការ​ប្រយុទ្ធ​នៅ​តាម​ឆ្នេរសមុទ្រ​វាយប្រហារ​យន្តហោះ​ចម្បាំង បាញ់​មី​ស៊ី​ល អាច​ផ្ទុក​ឧទ្ធម្ភាគចក្រ និង​កង​នាវិក​បាន​ជិត ១​រយ​នាក់។

មេបញ្ជាការ​រង​មូលដ្ឋាន​សមុទ្រ​រាម លោក អ៊ិន សុខេមរា ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ការ​ចូល​ចត​នាវាចម្បាំង​អាមេរិក​នៅ​មូលដ្ឋាន​រាម​គឺជា​ការ​​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​យោធា​រវាង​កងទ័ពជើងទឹក​កម្ពុជា និង​អាមេរិក​។ លោក​អះអាង​ថា ការ​ខកខាន​ចូល​សំចត​នាវាចម្បាំង​អាមេរិក​កន្លងទៅ ដោយសារ​តែ​បញ្ហា​ជំងឺ​រាតត្បាត​កូវីដ​-១៩ (Covid-19) ហើយ​កម្ពុជា​បាន​ខិតខំ​កសាង​កំពង់ផែ​ថ្មី​នៅ​មូលដ្ឋាន​រាម ដើម្បី​អាច​ឱ្យ​វា​នា​ចម្បាំង​បរទេស​ទាំងអស់​ចូល​ចត​បាន។

លោក អ៊ិន សុខេមរា៖ «នៅ​ទីនេះ​គឺ​រាជរដ្ឋាភិបាល​ខំ​ប្រឹងប្រែង​ណាស់ ពុះពារ​ធ្វើ​ផែ​នេះ​ឱ្យ​បាន​មួយ ដើម្បី​ឱ្យ​នាវា​បរទេស​ទាំងឡាយ​ដែល​ចង់​ចូល​ចត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​យើង អ៊ីចឹង​យើង​ធ្វើ​បាន​ហើយ យើង​បើកចំហ​ចាប់​ពី​ពេល​នេះ​តទៅ​ឱ្យ​ចូល​ទាំងអស់​មិន​ថា នាវា​អាមេរិក មិន​ថា អូស្ត្រាលី ជប៉ុន ឬ​នាវា​ណា​ទេ​ដែល​ចង់​ចូល​ចត​នៅ​ប្រទេស​កម្ពុជា​គឺ​កំពង់ផែ​រាម​បើកចំហ​ឱ្យ​ចូល ក៏ប៉ុន្តែ​សមស្រប​លើ​នាវា​ដែរ​បើ​នាវា​ស៊ីទឹកជ្រៅ​ពេក ពិបាក​ឱ្យ​ចូល​ដែរ គឺ​សមស្រប​នឹង​ឃ្លោង​ចូល ផ្លូវ​ចូល និង​ផែ​យើង​សម្រាប់​ការ​ចត​នេះ»។

ទន្ទឹម​នឹង​ការ​ចូល​សំចត​នាវាចម្បាំង​អាមេរិក​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម មេបញ្ជាការ​ប្រចាំ​បញ្ជាការដ្ឋាន​របស់​សហ​រដ្ឋ​អាមេរិក​នៅ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​លោក សាំមូអែល ប៉ាប៉ារ៉ូ (Samuel Paparo) ក៏​មាន​ជំនួប​ទ្វេភាគី​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ សីហា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា​នៅ​ថ្ងៃទី​២៦ ខែ​មករា​។ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ឱ្យដឹង​ថា ក្នុង​ជំនួប​ទ្វេភាគី​រវាង​លោក សាំមូអែល ប៉ាប៉ារ៉ូ និង​លោក ហ៊ុន ម៉ាណែត ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​ទំនាក់ទំនង​កម្ពុជា​-​អាមេរិក​ក្នុង​វិស័យ​ការពារ​ជាតិ វិធីសាស្ត្រ​ក្នុង​ការ​ពង្រឹង​មិត្តភាព និង​ការ​គាំទ្រ​ស្ថិរភាព​តំបន់​។ ក្រៅ​ពី​នេះ ក៏​មាន​កិច្ចពិភាក្សា​លើ​ការ​បង្កើន​ទំនុកចិត្ត​ជាមួយគ្នា និង​សហប្រតិបត្តិការ​ដើម្បី​លើកស្ទួយ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ឱ្យ​មាន​សេរីភាព និង​បើកចំហ។

នេះ​ជា​លើកទីមួយ​ហើយ​ដែល​អាមេរិក​បាន​បញ្ជូន​ក្រុម​នាវិក និង​នាវាចម្បាំង​ប្រភេទ​ទំនើប​ចូល​សំចត​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ដែល​កសាង​ក្រោម​ជំនួយ​របស់​ចិន បន្ទាប់​កម្ពុជា​បាន​សម្ពោធ​ជា​ផ្លូវការ​កាលពី​ខែ​មេសា ឆ្នាំ​២០២៥​។ លោក ហ៊ុន ម៉ាណែត ប្រកាស​ក្នុង​ពិធី​សម្ពោធ​ថា ទោះបីជា​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​កសាង​ក្រោម​ជំនួយ​របស់​ចិន កម្ពុជា​ស្វាគមន៍​ការ​ចត​នាវាចម្បាំង​របស់​អន្តរជាតិ​ទាំងអស់​សម្រាប់​កិច្ច​សហប្រតិបត្តិការ និង​សមយុទ្ធ​យោធា​រួមគ្នា និង​មិនបាន​ផ្ដល់​ឱ្យ​ភាគី​ចិន​ប្រើប្រាស់​ផ្ដាច់មុខ​ដូច​ការ​ចោទប្រកាន់​ឡើយ។

ទោះជា​យ៉ាងណា ការ​បិទ​បញ្ចប់​ទំនើបកម្ម​កំពង់ផែ​កងទ័ពជើងទឹក​រាម​ដែល​កសាង​ដោយ​ប្រទេស​ចិន​នៅតែ​ជា​កង្វល់ និង​ការសង្ស័យ​ពី​សហរដ្ឋអាមេរិក​ថា អាច​ក្លាយជា​មូលដ្ឋានទ័ព​នៅ ក្រៅ​ប្រទេស​របស់​ចិន​។ ឯកសារ​យោធា​សម្ងាត់​របស់​មន្ទីរ​បញ្ច​កោណ​អាមេរិក​ដែល​បែកធ្លាយ និង​ត្រូវ​បាន​កាសែត ឌឹ វ៉ាស៊ីនតោន ប៉ុស្តិ៍ (The Washington Post) យក​មក​ចុះផ្សាយ​កាលពី​ឆ្នាំ​២០២៣ បង្ហាញថា ផ្នែក​មួយ​នៃ​កំពង់ផែ​កងទ័ពជើងទឹក​រាម ត្រូវ​បាន​កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA) កំណត់ទុក​សម្រាប់​ប្រើប្រាស់​ធ្វើជា​មូលដ្ឋានទ័ព​នៃ «​កងពល​» របស់​ខ្លួន និង​ជា​ផ្នែក​មួយ​នៃ​បណ្ដាញ​គាំទ្រ​ភស្តុភារ​យោធា​របស់​ចិន​នៅ​លើ​ពិភពលោក៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ