

កម្មកររោងចក្រ ត្រាយអាំហ្វិន ដ្រេហ្គន (Triumphant Dragon Cambodia) នៅខេត្តតាកែវ និងកំពង់ស្ពឺ ជាង២ពាន់នាក់ ប្រមូលផ្ដុំគ្នាតវ៉ាបិទកំណាត់ផ្លូវជាតិលេខ៣ ដើម្បីទាមទារឲ្យម្ចាស់រោងចក្រទូទាត់ប្រាក់ប្រចាំឆ្នាំ។ ប៉ុន្តែក្រសួងការងារ អះអាងថា មន្ត្រីជំនាញបានរកដំណោះស្រាយឲ្យកម្មកររួចហើយ និងចាត់ទុកការតវ៉ាបិទផ្លូវសាធារណៈបែបនេះ គឺជាទង្វើខុសច្បាប់។
នៅថ្ងៃទី២៦ ខែមករា កម្មកររោងចក្រ ត្រាយអាំហ្វិន ដ្រេហ្គន ស្ថិតនៅឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងស្រុកបាទី ខេត្តតាកែវ ប្រមាណជាង ២ពាន់នាក់ បានប្រមូលនាំគ្នាតវ៉ាបិទកំណាត់ផ្លូវជាតិលេខ៣ ដើម្បីទាមទារឱ្យម្ចាស់រោងចក្រ ទូទាត់ប្រាក់ប្រចាំឆ្នាំឲ្យពួកគាត់។
កម្មការិនី រោងចក្រ ត្រាយអាំហ្វិន ដ្រេហ្គន ថ្លែងក្នុងពេលកំពុងផ្សាយផ្ទាល់ចេញពីកន្លែងតវ៉ា អះអាងថា ម្ចាស់រោងចក្រមិនបានគោរពតាមពាក្យសន្យាថា នឹងបើកប្រាក់ប្រចាំឆ្នាំឲ្យកម្មករនៅក្នុងខែមករានេះនោះទេ ដោយក្រុមហ៊ុនពន្យារពេលបើកប្រាក់ប្រចាំឆ្នាំឲ្យកម្មករនៅក្នុងខែមេសាវិញ ។ កម្មការិនីរូបនេះ បន្ថែមថា ម្ចាស់រោងចក្រ ត្រាយអាំហ្វិន ដ្រេហ្គន តែងតែកុហកកម្មករ និងពន្យារពេល ដូច្នេះទើបកម្មករ នាំគ្នាតវ៉ាបិទផ្លូវបែបនេះ។
«សន្យាជាមួយយើងថាបើកឲ្យយើងខែ១ តែឥឡូវអត់បើកឲ្យយើងទេ ថាអត់មានកិច្ចសន្យា ហើយឥឡូវថាកិច្ចសន្យាខែ៤»។
កម្មករ បាននាំគ្នាតវ៉ាបិទផ្លូវជាតិលេខ៣ អស់រយៈពេលជិត១ម៉ោង ដើម្បីស្វែងរកដំណោះស្រាយ ប៉ុន្តែភ្លាមៗនោះ មន្ត្រីរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះទៅសម្របសម្រួល និងហៅតំណាងកម្មករជជែកពិភាក្សាក្នុងការស្វែងរកដំណោះស្រាយ ក្រោយមកកម្មករបានបើកផ្លូវនោះវិញ ហើយពួកគាត់បានរំសាយការជួបជុំនៅវេលាម៉ោង៣រសៀល។
នៅរសៀលថ្ងៃទី២៦ ខែមករា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយអះអាងថា កម្មករ-កម្មការិនី នៅរោងចក្រ ត្រាយអាំហ្វិន ដ្រេហ្គន តវ៉ាឲ្យម្ចាស់រោងចក្រ អនុវត្តនូវលក្ខខណ្ឌការងារមួយចំនួន និងទូទាត់ការឈប់សម្រាកប្រចាំឆ្នាំរបស់ខ្លួនជាប្រាក់ជំនួសវិញ។ ក្នុងលិខិតដដែល បន្ថែមថា ការឈប់សម្រាកប្រចាំឆ្នាំ មិនអាចទូទាត់ជាសាច់ប្រាក់បាននោះទេ ប្រសិនបើកម្មករនិយោជិកមិនទាន់ឈប់ធ្វើការងារ ហើយការឈប់សម្រាកប្រចាំឆ្នាំ រយៈពេល១៨ថ្ងៃក្នុង១ឆ្នាំ គឺជាការឈប់សម្រាកដើម្បីថែទាំសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ លើសពីនោះ ក្រសួងការងារ ចាត់ទុកការតវ៉ារបស់កម្មកររហូតដល់បិទផ្លូវសាធារណៈបែបនេះ គឺជាទង្វើខុសច្បាប់ស្ដីពីការងារ និងច្បាប់ព្រហ្មទណ្ឌ។
ទោះជាយ៉ាងណាក្ដី មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា មានកម្មករធ្វើការក្នុងរោងចក្រជាច្រើន បាននាំគ្នាចេញតវ៉ារហូតឈានដល់បិទផ្លូវ ដោយកម្មករអះអាងថា ដោយសារតែម្ចាស់រោងចក្ររំលោភបំពាន និងមិនគោរពតាមកិច្ចសន្យា និងលក្ខខណ្ឌការងារ។
ជាក់ស្ដែងកាលពីថ្ងៃទី២៣ ខែមករា កម្មកររោងចក្រ ត្រូភីខល ហ្វ្រ៊ូត អេស៊ា (Tropical Fruit Asia) បានប្រមូលផ្តុំគ្នាតវ៉ាបិទផ្លូវនៅមុខរោងចក្រ ស្ថិតនៅលើផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយសារតែម្ចាស់រោងចក្រផ្លាស់ប្ដូរថ្ងៃឈប់សម្រាកប្រចាំឆ្នាំរបស់កម្មករ និងមិនគោរពទៅតាមច្បាប់ការងារ៕









