អ្នកវិភាគ​រិះគន់​ថា កម្ពុជា​ខ្វះ​ជំហរ ក្នុង​ការ​ជំរុញឱ្យ​អាស៊ាន​ដោះស្រាយ​រឿង​ថៃ​ឈ្លានពាន

0
85
គណៈប្រតិភូក្រសួងការបរទេសកម្ពុជា ចូលរួមកិច្ចប្រជុំ​អាស៊ាន នៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៧ មករា ២០២៦។ រូប៖ ក្រសួងការបរទេស
គណៈប្រតិភូក្រសួងការបរទេសកម្ពុជា ចូលរួមកិច្ចប្រជុំ​អាស៊ាន នៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៧ មករា ២០២៦។ រូប៖ ក្រសួងការបរទេស

អ្នកវិភាគ​បញ្ហា​ភូមិសាស្ត្រ​នយោបាយ និង​សង្គម រិះគន់ រដ្ឋមន្ត្រី​ការបទេស លោក ប្រាក់ សុខុន ថា ខ្វះ​គោលជំហរ​ច្បាស់លាស់​និង​ភាព​ម៉ឺងមាត់ ក្នុង​ការ​ជំរុញ​ឱ្យ​អាស៊ាន ជួយ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ថៃ បង្ក​សង្គ្រាម​ឈ្លានពាន​កម្ពុជា និង​សម្លាប់​ជន​ស៊ីវិល​ខ្មែរ​ទើប​ធ្វើ ឱ្យ​ករណីនេះ មិនសូវ​ទទួល​បាន ការ​ចាប់អារម្មណ៍​ខ្លាំង ពី​អ្នកសារព័ត៌មាន​បរទេស និង​សមាជិក​អាស៊ាន​នៅក្នុង​កិច្ចប្រជុំ​ចង្អៀត នាទី​ក្រុង​សេប៊ូ ប្រទេស​ហ្វីលីពីន។

កិច្ចប្រជុំ​អាស៊ាន ដែល​ធ្វើ​ឡើងជា​លើក​ទី​ដំបូង ក្នុងនាម​ប្រទេស​ហ្វីលីពីន​ជា​ប្រធាន​ប្ដូរ​វេន បន្ត​ពី​ប្រទេស ម៉ាឡេស៊ី អស់​រយៈពេល​២​ថ្ងៃ​មក គឺ​បាន​ផ្ដោត​សំខាន់​ទៅលើ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​បញ្ហា​នៅ​ប្រទេស មីយ៉ាន់ម៉ា។ ទន្ទឹមគ្នា​នោះ គេ​ក៏​ឃើញ​ខ្លះៗ​ដែរ ពី​ការ​លើកឡើង​ជុំវិញ ជម្លោះព្រំដែន រវាង​កម្ពុជា​-​ថៃ ប៉ុន្តែ ពុំ​សូវ​មាន​ការ​ជជែក​ឱ្យ​ទូលំទូលាយ​នោះ​ទេ ។ ជាក់ស្ដែង ក្រោយពី​បិទ​បញ្ចប់​កិច្ចប្រជុំ​នេះ ប្រធាន​អាស៊ាន​បាន​អះអាង​ថា ជម្លោះ​កម្ពុជា​-​ថៃ​ពុំបាន​សម្រេច លទ្ធផល​អ្វី​នោះ​ឡើយ ហើយ​អ្នកសារព័ត៌មាន ក៏​មិន​សូវ​មាន​សួរនាំ​លើ​ករណី​រឿង​នេះ​ដែរ។

អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម បណ្ឌិត មាស នី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​៣០ ខែ មករា​ថា ការ​ដែល​អាស៊ាន​មិនសូវ​លើក​យក​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ជជែក​ឱ្យ​ជម្រៅ​ក្នុង​កិច្ចប្រជុំ​នេះ​ព្រោះថា​អាស៊ាន​គ្មាន​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​របស់​សមាជិក​ខ្លួន​នោះ​ទេ​។ ប៉ុន្តែ យ៉ាងណា លោក​ថា ក្នុងករណី​ដែល​កម្ពុជា ចង់ឱ្យ​អាស៊ាន ជួយ​រក​ដំណោះស្រាយ គឺ​តម្រូវ​ឱ្យ​កម្ពុជា ត្រូវតែ​សកម្ម និង បង្ហាញ​គោលជំហរ​ម៉ឺងម៉ាត់ ជំរុញ​ឱ្យ​អាស៊ាន​លើកយក​ជម្លោះព្រំដែន​ជាមួយ​ថៃ​នេះ ដាក់​ក្នុង​របៀបវារៈ ហើយ​បង្ហាញ​ថា កម្ពុជា​ជា​ប្រទេស​រងគ្រោះ​ពិតប្រាកដ។

បណ្ឌិត មាស នី៖ «ខ្ញុំ​គិតថា​ពេលនេះ​មានតែ​កម្ពុជា​ខ្លួនឯង​ទេ​ដែល ត្រូវតែ​ដុតដៃដុតជើង​។ ក្នុង​កិច្ចប្រជុំ​របស់​អាស៊ាន​នេះ ខាង​តំណាង​ខ្មែរ​យើង​ត្រូវតែ​យក​រឿង​នេះ​ទៅ​លើក បើ​ទោះ​បី​ជា​គេ​ដោះស្រាយ គេ​ជជែក ឬ​មិន​ជជែក យើង​ត្រូវ​ស្នើសុំ​ដាក់​របៀបវារៈ​។ នេះ​ជា​រឿង​បន្ទាន់​មួយ​សម្រាប់​កម្ពុជា ក្នុងនាម​សមាជិក​អាស៊ាន​ម្នាក់​ដែរ។ បើ​កម្ពុជា​យើង​មិន​លើក​មក​និយាយ​ឱ្យ​ក្ដៅ ខ្ញុំ​គិតថា​អាស៊ាន​ក៏​គេ​មិនសូវ​ចង់​មានរឿង​រ៉ាវ​អី​ច្រើន ជជែក​ដោះស្រាយ​នោះ​ដែរ»។

ប្រតិកម្ម​នេះ ធ្វើ​ឡើយ​ក្រោយពី​កិច្ចប្រជុំ​ចង្អៀត​របស់​អាស៊ាន បាន​ធ្វើ​ឡើង​អស់​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី ២៨ ដល់​២៩ ខែ​មករា នៅ​ប្រទេស​ហ្វីលីពីន​។ កិច្ចប្រជុំ​នេះ គេ​ឃើញថា សមាជិក​អាស៊ាន ជជែក​ដេញដោល​គ្នា​យ៉ាង​ក្ដៅ​គគុក ជុំវិញ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង និង​បញ្ហា​នៅ​ប្រទេស​មីយ៉ាន់ម៉ា​។ ក្នុង​នោះ​សមាជិក​អាស៊ាន បាន​ប្រកាស​មិន​ទទួលស្គាល់​ការបោះឆ្នោត​កាលពី​ថ្មីៗ នៅ​ប្រទេស​មីយ៉ាន់​ម៉ា ដោយ​ថា​ធ្វើ​ឡើង ដោយ​មិន​ស្រប​នឹង​ច្បាប់​អន្តរជាតិ។

បន្ថែម​ពី​នោះ បើ​តាម​សារព័ត៌មាន​ក្នុងស្រុក និង​សារព័ត៌មាន​បរទេស​ខ្លះ​បាន​លើកឡើង​ពី​ទិដ្ឋភាព​នៅក្នុង កិច្ចប្រជុំ ហើយ​ក្នុង​នោះ​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន អ្នកស្រី ដៀរេហ្សា ឡាហ្សារ៉ូ (Theresa Lazaro) បាន​ផ្ដល់​ឱកាស​ឱ្យ​រដ្ឋមន្ត្រី​ការបទេស​កម្ពុជា លោក ប្រាក់ សុខុន លើកឡើង​ពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ដោយ​រៀបរាប់​ពី​ស្ថានភាព​ទុក្ខ​លំបាក របស់​ជនភៀសសឹក​ខ្មែរ ដែល​បាន​ចាកចេញ​ពី​លំនៅឋាន ក្រោយពី​យោធា​ថៃ បាន​ដុត​បំផ្លាញ​ផ្ទះសម្បែង និង​ដាក់​ពង្រាយ កុងតឺន័រ រារាំង មិន​ឱ្យ​អ្នកភូមិ​ចូល​ទៅ​រស់នៅ​វិញ​បាន ។ ចុងបញ្ចប់ លោក​បាន​បញ្ជាក់​ថា កម្ពុជា ប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា​ដោយ​សន្តិវិធី ស្របតាម​ច្បាប់​អន្តរជាតិ សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ ដើម្បី​ធានា​នូវ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់។

ទោះជា​បែបនេះ​ក្ដី រដ្ឋមន្ត្រីការបរទេស​ថៃ លោក ស៊ី​ហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បាន​ឆ្លើយតប​ភ្លាមៗ នៅក្នុង​អង្គប្រជុំ​នោះ​ថា ការ​ផ្ទុះអាវុធ​រវាង​ក​ម្ពុ​ជា​ថៃ គឺ​ភាគី​ថៃ ធ្វើឡើង​ក្នុង​គោលដៅ ដើម្បី​បង្ក្រាប​បទល្មើស​ឆបោក​តាម​អនឡាញ ដែល​មាន​មូលដ្ឋាន​លើ​ទឹកដី​កម្ពុជា។ ទន្ទឹមគ្នា​នោះ​លោក​ថា ជា​រឿង​ធម្មតា នៅ​ពេល​មាន​ជម្លោះ គឺ​តែងតែមាន ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ និង​សហគមន៍។ ក្រោយ​មក​ទៀត សមាជិក​អាស៊ាន​ខ្លះ​ក៏បាន​លើកឡើង​បន្ត ដោយ​ជំរុញ​ឱ្យ​កម្ពុជា​និង​ថៃ ងាក​ទៅ​អនុវត្ត​ឱ្យ​ពេញលេញ​តាម​ស្មារតី នៃ​សេចក្ដីថ្លែងការណ៍​នាទី​ក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី និង​បន្ត​ដោះស្រាយ​ដោយ​សន្តិវិធី។

ក្រោយ​កិច្ចប្រជុំ​អាស៊ាន​បាន​បិទ​បញ្ចប់ រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន អ្នកស្រី ដៀរេហ្សា ឡាហ្សារ៉ូ (Theresa Lazaro) បាន​ធ្វើ​សន្និសីទ​ព័ត៌មាន ជិត​កន្លះ​ម៉ោង​។ ក្នុង​នោះ​អ្នកស្រី​បាន​ឆ្លើយតប នឹង​អ្នកសារព័ត៌មាន​ម្នាក់​ដែល​បាន​សួរនាំ​ជុំវិញ​ជម្លោះ​កម្ពុជា​-​ថៃ ហើយ​អ្នកស្រី​បាន​ឆ្លើយតប​ថា មិន​មាន​ការសម្រេច​អ្វី​ណាមួយ​នោះ​ទេ ហើយ​អ្នកស្រី​ភ្ញាស់​ផ្អើល​នៅពេល ពុំ​សូវ​មាន​អ្នក​សារព័ត៌មាន សួរនាំ​អំពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ។

ទូរទស្សន៍​អាស៊ីសេរី ពុំ​អាច​ទាក់ទង​រដ្ឋមន្ត្រី​ការបទេស​កម្ពុជា លោក ប្រាក់ សុខុន និង​អ្នកនាំពាក្យ​បណ្ដោះអាសន្ន ក្រសួង​ការបរទេស លោក កែវ រតនៈ ដើម្បី​បញ្ជាក់​បន្ថែម ជុំវិញ​រឿង​នេះ​បាន​នៅឡើយ នៅ​ថ្ងៃទី​៣០ ខែ​មករា។

ជុំវិញ​រឿង​នេះ អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី លើកឡើង​ថា បញ្ហា​ដែល​ធ្វើ​ឱ្យ​សមាជិក​អាស៊ាន មិនសូវ​ចាប់អារម្មណ៍​លើ​រឿង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ គឺ​បណ្ដាលមកពី កម្ពុជា មានរឿង​អាស្រូវ​នៅ​លើ​ឆាក​អន្តរជាតិ​ច្រើន ដូចជា ការរំលោភ​សិទ្ធិមនុស្ស និង​ការបំផ្លាញ ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ទន្ទឹមគ្នា​នោះ លោក​ថា រដ្ឋាភិបាល​កម្ពុជា តែងតែ​រឹតត្បិត​សេរីភាព​សារព័ត៌មាន​ឯករាជ្យ និង​ការ​រាំង​អ្នកសារព័ត៌មាន​បរទេស​មិន​ឱ្យ​រាយការណ៍ ឱ្យ​បាន​ទូលំទូលាយ នៅក្នុង​ប្រទេស​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកសារព័ត៌មាន​បរទេស មិនសូវ​ចាប់អារម្មណ៍ រឿង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ការ​ជួយ​ពន្លឺ​សំឡេង កម្ពុជា បើ​ទោះ​ជា​កម្ពុជា​ជា​ប្រទេស ត្រូវ​បាន​ថៃ ឈ្លានពាន​ក្ដី។

កាន់តែ​ធ្ងន់ធ្ងរ​ទៀត​នោះ លោក​មើល​ឃើញ​ថា កម្ពុជា​ក៏​មាន​រឿងអាស្រូវ​សម្បើម​ណាស់ ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម ឆបោក​តាម​អនឡាញ និង​ការជួញដូរ​មនុស្ស ដែល​ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​លើ​ពិភពលោក មើល​មក​កម្ពុជា​ក្នុង​ផ្លូវ​មិនល្អ។ ជាមួយគ្នា នោះ​លោក​ថា ចរិត​មេដឹកនាំ​កម្ពុជា ក្នុង​ការ​​​​​​​​​​​​ធ្វើ​កិច្ចការទូត​ទៀតសោត គឺ​មាន​លក្ខណៈ​របៀប «​ឆ្អិន​ក្បាល​ស៊ី​ក្បាល ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ​» ដើម្បី​តែ​អំណាច​របស់​ខ្លួន ជាង​ផលប្រយោជន៍​រួម។ ដូច្នេះ លោក​ថា សហគមន៍​អន្តរជាតិ​ខ្លះ វាយតម្លៃ​ថា ជម្លោះព្រំដែន​នេះ ហាក់​មិនមែន​ជា​ជម្លោះ នៃ​ការ​ឈ្លានពាន​ទឹកដី​នោះ​ទេ គឺ​ជា​ជម្លោះ​នយោបាយ​រវាង​បុគ្គល និង​បុគ្គល។

លោក សេង វណ្ណលី៖ «ចរិតលក្ខណៈ​នៃ​ការ​ធ្វើ​ការទូត​របស់​មេ​ដឹកនាំ​កម្ពុជា ដែល​អន្តរជាតិ​ភាគី​ច្រើន​វាយតម្លៃ​ថា ជា​អ្នកនយោបាយ​ពូកែ​ឆ្លៀត​ឧកាស និង​មាន​ចរិត​ឆ្អិន​ក្បាល​ស៊ី​ក្បាល ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ តាមរយៈ​ការផ្លាស់ប្ដូរ​ជំហរ ដើម្បី​រស់រាន​នៃ អំណាច​ផ្ទាល់ខ្លួន»។

ទោះជា​យ៉ាងណា អ្នកវិភាគ និង​ប្រជាពលរដ្ឋ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក នៅតែ​បន្ត​ជំរុញ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្ដឹង​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ជុំវិញ​ទង្វើ​ឈ្លានពាន និង​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​យោធា​ថៃ បាន​បំពាន​មក​លើ​កម្ពុជា ដើម្បី​បន្ថែម​ពីលើ យន្តការ​ការទូត​របស់អាស៊ាន ព្រោះថា ករណីនេះ​តម្រូវ​ឱ្យ​រដ្ឋាភិបាល​ប្រឹងប្រែង​ធ្វើ​សកម្មភាព ឱ្យ​ភាព​ម៉ឺងម៉ាត់ និង​ច្បាស់លាស់ ក្នុង​ការ​ពន្លឿន នៃ​ការ​ស្ដារ​មុខ​មាត់​ប្រទេសជាតិ​ឡើងវិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ